ស្តារសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស រៀនរស់ដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត កូវីដ-១៩
(VOVWORLD) - ឆ្នាំ ២០២២ គឺជាឆ្នាំមានអត្ថន័យសំខាន់ក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម បន្ទាប់ពីផលប៉ះពាល់អវិជ្ជមានបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩។ ការប្រើប្រាស់ឱ្យបានល្អនូវអត្ថប្រយោជន៍ដែលមានស្រាប់នឹងជួយឱ្យវៀតណាមវិលត្រឡប់ទៅរកសន្ទុះកំណើនយ៉ាងឆាប់រហ័ស។ នៅក្នុងសាលប្រជុំរដ្ឋសភា ប្រតិភូបានវិភាគនិងស្នើដំណោះស្រាយជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ quochoi.vn) |
ការរៀនរស់ជាមួយជំងឺរាតត្បាតកូវីដ-១៩ មិនត្រឹមតែជាបញ្ហាសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងដំណើរការសេដ្ឋកិច្ចនិងសកម្មភាពទាំងអស់របស់សង្គមផងដែរ។ សមាជិកសភាបានរួមវិភាគទាននូវគំនិតដើម្បីកំណត់រូបរាងនិងព្យាករណ៍អនាគត ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ និងមានយុទ្ធសាស្ត្រ ដំណោះស្រាយសមស្រប។
ស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ៗ
ក្នុងបរិបទដែលជំងឺរាត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ជាមួយនឹងការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាននោះ វៀតណាមនិងប្រទេសជាច្រើនទៀត បានជ្រើសរើសរៀនរស់នៅជាមួយជំងឺរាតត្បាត។ ដើម្បីឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍន៍ស្ថិរភាព និងងើបឡើងវិញយ៉ាងឆាប់ៗ គណៈប្រតិភូរដ្ឋសភាខេត្ត Dong Thap បានឲ្យដឹងថា ចាំបាច់ត្រូវគិតគូរអំពីស្វ័យភាពនៃសេដ្ឋកិច្ច និងមានគោលនយោបាយកែលម្អគំនិតផ្តួចផ្តើម, ភាពធន់ និងស្វ័យភាពនៃសេដ្ឋកិច្ច។
យោងតាមសមាជិកសភាលោក Nguyen Minh Son គណៈប្រតិភូរដ្ឋសភា ខេត្ត Tien Giang បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានកំណត់ចំណុចស្នូលនៃប្រតិបត្តិការសេដ្ឋកិច្ចចំនួនបីនាពេលខាងមុខ។ នោះគឺ ការស្តារនិងលើកកម្ពស់ផលិតកម្មនិងអាជីវកម្ម;ជំរុញការនាំចេញ; ពន្លឿនដំណើរការបើកចំណាយទុនវិនិយោគសាធារណៈ និងគៀរគរធនធានសង្គម និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ ការកំណត់ចំណុចសំខាន់ទាំង ៣ នេះគឺត្រឹមត្រូវណាស់ក្នុងស្ថានភាពលំបាកនាពេលបច្ចុប្បន្ន ប៉ុន្តែសំខាន់គឺវិធីធ្វើ និងការអនុវត្តឲ្យពិតជាមានប្រសិទ្ធភាពជាក់ស្តែង។
ចំណែកឯសមាជិកសភា Tran Van Lam មកពីខេត្ត Bac Giang បានសង្កត់ធ្ងន់លើគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យ៉ាងដូច្នេះថា៖ “សន្ទស្សន៍ជាមូលដ្ឋាននៃសេដ្ឋកិច្ចដែលយើងនៅតែរក្សាបានដដែល នោះគឺការស្ថិរភាពម៉ាក្រូ តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច និងចំណូលថវិកានៅតែលើសពីការរំពឹងទុក។ សញ្ញាមួយចំនួនស្តីពីការនាំចូល និងនាំចេញនៅតែកើនឡើង។ នេះជាបុព្វបទដ៏សំខាន់បំផុតសម្រាប់ការស្តារឡើងវិញ និងកំណើនសម្រាប់ដំណាក់កាលចុងឆ្នាំនេះ និងរយៈពេលបន្ទាប់។ នាពេលខាងមុខ របាយការណ៍របស់រដ្ឋាភិបាលបានស្នើដំណោះស្រាយចំនួន ១២ ដែលជាមូលដ្ឋានទូលំទូលាយ បរិយាប័ន្ន ត្រឹមត្រូវ និងសមស្របទៅនឹងបរិបទនៃស្ថានភាពក្នុងដំណាក់កាលបច្ចុប្បន្ន។ ខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថា អាទិភាពកំពូលគឺការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះគឺជាគោលដៅសំខាន់បំផុត។ មានតែការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះ ដែលយើងអាចរក្សាលទ្ធផលនៃដំណើរការរីកចម្រើននិងការអភិវឌ្ឍន៍”។
លោក Nguyen Minh Son គណៈប្រតិភូរដ្ឋសភាខេត្ត Tien Giang (រូបថត៖ tiengiang.gov.vn) |
យោងតាមប្រធានរដ្ឋសភា លោកស្រី Vuong Dinh Hue សមាជិករដ្ឋសភាទីក្រុង Hai Phong, បានមានប្រសាសន៍ថា អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសកំពុងទន្ទឹមរងចាំ នឹងមានសេចក្តីសម្រេចស្តីពីការបង្ការជំងឺរាតត្បាត ការស្តារឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទាក់ទងនឹងកម្មវិធីទាំងមូលនៃការស្តារសេដ្ឋកិច្ចឡើងវិញ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖ “រដ្ឋសភា និងរដ្ឋាភិបាលក៏បានពិភាក្សាថា៖ នៅខាងមុខនេះ នឹងមានកម្មវិធីមេស្តីពីការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ នៅក្នុងដំណើរការនៃការសម្របខ្លួនទៅនឹងជំងឺរាតត្បាត និងរយៈពេលក្រោយជំងឺរាតត្បាតផងដែរ ហើយបញ្ហាទាំងពីរនេះគឺមានសារៈសំខាន់ខ្លាំងណាស់។ រដ្ឋសភាពិតណាស់ថា នឹងចេញសេចក្តីសម្រេចមួយដើម្បីបំភ្លឺបញ្ហានេះ។ បញ្ហាសំខាន់គឺត្រូវកែសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុឱ្យសមស្រប បង្កើនតម្រូវការនិងការផ្គត់ផ្គង់ទូទៅ ដែលភ្ជាប់ជាមួយធនធានអនុវត្តន៍”។
រៀនរស់នៅប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត
នៅក្នុងអំឡុងពេលស្តារសេដ្ឋកិច្ចឡើងវិញ ការធានាសុវត្ថិភាពផ្នែកវេជ្ជសាស្រ្តនៅតែជាអាទិភាពកំពូល ដែលក្នុងនោះ ត្រូវធ្វើម្ចាស់នូវវ៉ាក់សាំង មានការវិនិយោគលើប្រព័ន្ធព្យាបាល និងស្តារនីតិសម្បទា។ ទាក់ទងនឹងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ចាំបាច់ត្រូវផ្តោតលើគោលនយោបាយនៃការសម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែន និងមានប្រសិទ្ធភាពចំពោះជំងឺរាតត្បាត តម្រូវការជាចម្បងគឺការគ្របដណ្តប់ការចាកវ៉ាក់សាំង។ លោក Hoang Van Cuong សមាជិករដ្ឋសភាទីក្រុងហាណូយបានមានប្រសាសន៍ថា៖
“ប្រសិនបើរក្សាបានល្អការប្រយុទ្ធប្រឆាំងប្រឆាំងនឹងជំងឺរាតត្បាត និងមានការស្ថារឡើងវិញយ៉ាងឆាប់រហ័ស។ ទាក់ទងនឹងដំណោះស្រាយឆ្នាំ ២០២២ បញ្ហាឈានមុខគេគឺការ ចាកគ្របដណ្តប់វ៉ាក់សាំង។ ចងរៀនរស់ដោយសុវត្ថិភាពជាមួយជំងឺកូវីដ ១៩ គឺត្រូវតែមានវ៉ាក់សាំង។ ក្រៅពីប្រភពវ៉ាក់សាំងដែលនាំចូល ខ្ញុំគិតថា ត្រូវម្ចាស់ការក្នុងការមានប្រភពវ៉ាក់សាំងក្នុងស្រុក។ ទី២ គឺដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងលក្ខណៈឯកភាព ពីមជ្ឈឹមដល់មូលដ្ឋាន។ ទី ៣ នៅឆ្នាំ ២០២២ ចាំបាច់ត្រូវបន្ថែមធនធាន សម្រាប់ធ្វើអាជីវកម្ម ជាដំបូងត្រូវមានដើមទុនសម្រាប់អាជីវកម្ម ដើម្បីទទួលបានដើមទុនថោក។ លើសពីនេះ រដ្ឋាភិបាលអាចបញ្ជាគម្រោងជាច្រើនលើសេវាភស្តុភារ ឬការផ្លាស់ប្តូរឌីជីថលជាដើម”។
វៀតណាមមិនអាចបិទទ្វារជារៀងរហូតទេ ហើយត្រូវបើកទ្វារដើម្បីបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នៅឆ្នាំ ២០២២នេះ ការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែមានច្រើន ប៉ុន្តែដោយការយល់ដឹងពីការលំបាក មានដំណោះស្រាយដែលអាចបត់បែនបាន និងការស្រុះចិត្តគំនិត ពិតណាស់ថា វៀតណាមនឹងស្តារឡើងវិញនូវចង្វាក់កំណើនជាបណ្តើរៗជាក់ជាពុំខាន៕