សន្និសីទ COP28 និងបញ្ហាប្រឈម

(VOVWORLD) - សន្និសីទបណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP28 បានបើកជាផ្លូវការនៅថ្ងៃទី ៣០ ខែវិច្ឆិកានៅទីក្រុងឌូបៃ (UAE)។ សន្និសីទនេះធ្វើឡើងក្នុងបរិបទដែលពិភពលោកកំពុងមើលឃើញពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ ទន្ទឹមនឹងនោះក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមធំៗក្នុងការអនុវត្តការសន្យាអាកាសធាតុដែលបានធ្វើឡើងកាលពីមុន។

សន្និសីទ COP28 និងបញ្ហាប្រឈម - ảnh 1សន្និសីទអាកាសធាតុ COP28 បើកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។ (រូបថត៖ REUTERS)

ឆ្នាំនេះ ពិភពលោកបន្តមើលឃើញពីផលប៉ះពាល់យ៉ាងខ្លាំងនៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់អង្គការឧតុនិយមពិភពលោក (WMO) ដែលបានចេញផ្សាយនៅថ្ងៃបើកសន្និសីទ COP28 (ថ្ងៃទី ៣០ ខែវិច្ឆិកា) សីតុណ្ហភាពជាមធ្យមនៃភពផែនដីក្នុងឆ្នាំនេះគឺ ១,៤ អង្សាសេខ្ពស់ជាងកាលពីមុនសម័យឧស្សាហកម្ម ដែលធ្វើឱ្យ ឆ្នាំនេះក្លាយជាឆ្នាំក្តៅបំផុតចាប់តាំងពីឆ្នាំ ១៨៥០ មក។

ផលប៉ះពាល់កាន់តែកើនឡើងៗនៃការប្រែប្រួលអាកាសធាតុ

ជាមួយនឹងសីតុណ្ហភាពផែនដីកើនឡើងដល់កម្រិតកំណត់ត្រា បាតុភូតអាកាសធាតុជ្រុលនិយមក៏កើតឡើងកាន់តែញឹកញាប់ នៅគ្រប់ទ្វីបទាំងអស់ផងដែរ។ គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្របានកើតឡើងនៅអឺរ៉ុប និងអាមេរិកខាងត្បូង ខណៈដែលគ្រោះទឹកជំនន់បានបំផ្លិចបំផ្លាញប្រទេសជាច្រើននៅអាស៊ីខាងត្បូង និងអាហ្វ្រិក។ ការកើនឡើងសីតុណ្ហភាពក៏បណ្ដាលឱ្យភ្លើងឆេះព្រៃកាន់តែសាហាវ នៅសហរដ្ឋអាមេរិក កាណាដា អឺរ៉ុបខាងត្បូង ហើយពន្លឿនដំណើរការរលាយទឹកកកលើពិភពលោក។ នៅអង់តាក់ទិក បរិមាណសមុទ្រទឹកកកដែលបាត់បង់គិតត្រឹមចុងឆ្នាំនេះ បានកើនឡើងដល់ ១លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងផ្ទៃដីរបស់ប្រទេសបារាំង និងអាល្លឺម៉ង់រួមបញ្ចូលគ្នា។ យោងតាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ការប្រែប្រួលអាកាសធាតុគឺជាការពិតដែលមិនអាចប្រកែកបាន ហើយកំពុងបង្កឡើងការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតដល់មនុស្សជាតិ៖

“ភស្តុតាងគឺច្បាស់លាស់ហើយ។ បម្រែបម្រួលអាកាសធាតុ បង្កឡើង ហានិភ័យគ្រោះថ្នាក់បំផុតដល់ជីវភាព និងសេដ្ឋកិច្ចរបស់យើង។ ការគម្រាមកំហែងនេះកំពុងមានវត្តមាន ហើយមិនឃើញសញ្ញានៃការប្រសើរឡើងទេ។ សំណួរគឺថាតើវាកាន់តែអាក្រក់ទៅ ៗដែរឬទេ? យើងអាចការពារកុំឲ្យវាកាន់តែអាក្រក់ទៅ ប៉ុន្តែត្រូវស្តាប់អ្នកវិទ្យាសាស្ត្រ និងសេដ្ឋវិទូ។ ពួកគេទាំងអស់គ្នាបាននិយាយថា ស្ថានភាពស្ថិតក្នុងគ្រាសអាសន្នពណ៌ក្រហមហើយ អាមេរិក និងពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់”។

យោងតាមរបាយការណ៍នានាដែលបានអង្គការសហប្រជាជាតិចេញជាបន្តបន្ទាប់មុន COP28 មូលហេតុឫសគល់នៃស្ថានភាពបម្រែបម្រួលអាកាសធាតុដ៏គួរឱ្យព្រួយបារម្ភនាបច្ចុប្បន្នគឺថា ពិភពលោកមិនទាន់សម្រេចបាននូវវឌ្ឍនភាពសំខាន់ណាមួយក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នៅក្នុងរបាយការណ៍ "ចន្លោះប្រហោងនៃការបំភាយឧស្ម័ន" ដែលចេញផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា អង្គការសហប្រជាជាតិបាននិយាយថា បរិមាណឧស្ម័នបញ្ចេញចោលនៅឆ្នាំនេះនៅតែខ្ពស់ជាងឆ្នាំមុន ១,២% ហើយក្នុងអត្រានោះ នៅចុងសតវត្សន៍នេះ ផែនដីនឹងក្ដៅជាងជិត ៣ អង្សាសេបើធៀបនឹងមុនសម័យឧស្សាហកម្ម។

វិលត្រឡប់ទៅបញ្ហាស្នូល

នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សន្និសីទ COP28 បានចាប់ផ្តើមជាមួយនឹងព័ត៌មានសុទិដ្ឋិនិយមនៅថ្ងៃប្រជុំដំបូង នៅពេលដែលបណ្ដាភាគីសម្រេចបានកិច្ចព្រមព្រៀងជាផ្លូវការស្ដីពីការបើកដំណើរការ "មូលនិធិសម្រាប់ការបាត់បង់និងការខូចខាត” សំដៅផ្តល់សំណងដល់ប្រទេសដែលងាយរងគ្រោះដោយអាកាសធាតុ ជាមួយនឹងការរួមវិភាគទានដំបូងជាង ៥០០ លានដុល្លារអាមេរិក។ មូលនិធិនេះត្រូវបានគេរំពឹងថា នឹងប្រមូលវិភាគទានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមនោះផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសក្រីក្រដើម្បីជំនះពុះពារលើផលវិបាកនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផងដែរ។

សន្និសីទ COP28 និងបញ្ហាប្រឈម - ảnh 2 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

យោងតាមអ្នកជំនាញ នៅក្នុងសន្និសិទ COP ដែលធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីជាច្រើនបានគេចវេសដោយចេតនា ពីបញ្ហាលុបបំបាត់ឥន្ធនៈហ្វូស៊ីល ប៉ុន្តែទិន្នន័យវិទ្យាសាស្ត្របច្ចុប្បន្នបង្ហាញថា ពិភពលោកមិនមានជម្រើសផ្សេងទៀត ក្រៅពីការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាបណ្ដើរៗ ប្រសិនបើចង់អនុវត្តន៍គោលដៅរក្សាកំដៅផែនដីមិនឱ្យកើនឡើងលើសពី ១,៥ អង្សាសេត្រឹមចុងសតវត្សន៍ ដូចដែលបានសន្យាក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ ២០១៥។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖

"មេដឹកនាំពិភពលោកត្រូវតែធ្វើសកម្មភាពដើម្បីរក្សាកំដៅផែនដីមិនឲ្យកើនឡើងលើសពី ១,៥ អង្សាសេត្រឹមចុងសតវត្សនេះ ត្រូវតែធ្វើសកម្មភាពដើម្បីការពារប្រជាជនពីគ្រោះមហន្តរាយអាកាសធាតុ និងដើម្បីបញ្ចប់យុគសម័យនៃឥន្ធនៈហ្វូស៊ីល។ យើងត្រូវការការសន្យាសកលមួយស្ដីពីការបង្កើនបរិមាណថាមពលកកើតឡើងវិញ ៣ ដង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ទ្វេរដង ហើយនាំថាមពលស្អាតដល់មនុស្សទាំងអស់ នៅឆ្នាំ ២០៣០។ យើងត្រូវការការសន្យាដ៏ច្បាស់លាស់ និងគួរឱ្យទុកចិត្តចំពោះផែនទីបង្ហាញផ្លូវដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល ដែលស្របតាមគោលដៅ ១,៥ អង្សាសេ”។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានធ្វើអត្ថាធិប្បាយថា ការចរចាលើឥន្ធនៈហ្វូស៊ីលនៅ COP28 នឹងប្រព្រឹត្តទៅប្រកបដោយភាពតានតឹង និងស្មុគ្រស្មាញ ដោយសារផលប្រយោជន៍មិនចុះសម្រុងគ្នារវាងភាគីជាច្រើន។

បច្ចុប្បន្ននេះ សហភាពអឺរ៉ុប (EU) និងប្រទេសជាង ១០ ផ្សេងទៀតកំពុងដឹកនាំក្រុមចលនាបង្កើតសម្ព័ន្ធភាពសកល ដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល ដោយចាប់ផ្តើមជាមួយនឹងការលុបចោលឧបត្ថម្ភធនទាំងអស់សម្រាប់ប្រភេទឥន្ធនៈនេះ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ហើយក៏ជាប្រទេសបំភាយឧស្ម័នដ៏ធំបំផុត មិនទាន់បង្ហាញពីចេតនាចង់ចូលរួមសម្ព័ន្ធភាពនេះនៅឡើយ។ លើសពីនេះ ប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញផ្សេងទៀត ដូចជា ឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី... និងប្រទេសប្រេងនានា ក៏ចង់ផ្តល់អាទិភាពលើការពិភាក្សាអំពីការបង្កើនការវិនិយោគលើថាមពលបៃតង ជាជាងការលុបបំបាត់ឥន្ធនៈហ្វូស៊ីលនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ដូច្នេះ COP28 នឹងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំក្នុងគោលដៅ ចេញឯកសារសន្យាមួយទាក់ទងនឹងឥន្ធនៈហ្វូស៊ីលដែលទទួលបានការគាំទ្រពីភាគីចូលរួមទាំង ១៩៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ