សភាពការណ៍ថ្មីនៅអាហ្គានីស្ថាន

(VOVWORLD) - ក្រោយពីការវិវឌ្ឍន៍ដ៏ឆាប់រហ័សជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែសីហា កម្លាំងតាលីបង់បានប្រកាសបញ្ចប់សង្គ្រាមដោយដណ្ដើមបានការគ្រប់គ្រងប្រទេសអាហ្គានីស្ថានទាំងស្រុង។ ប្រធានា ធិបតីអាហ្គានីស្ថានលោក Ashraf Ghani ក៏បានទទួលស្គាល់បរាជ័យហើយបានចាកចេញពីប្រទេសផងដែរ។ ដូច្នេះ ក្រោយរយៈពេលជាង ២០ឆ្នាំត្រូវផ្ដួលរំលំដោយកងទ័ពអាមេរិកនោះ តាលីបង់បានវិលត្រឡប់ មកកាន់អំណាចប្រទេសឡើងវិញ ហើយបើកចេញសភាពការណ៍ថ្មីនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។
សភាពការណ៍ថ្មីនៅអាហ្គានីស្ថាន - ảnh 1ក្រុមអ្នកប្រយុទ្ធតាលីបង់នៅវិមានប្រធានាធិបតីអាហ្គានីស្ថាននៅថ្ងៃទី១៥ សីហា។ (រូបថត៖ AP)

ក្នុងសេចក្ដីប្រកាសមួយចេញនាថ្ងៃទី១៥ ខែសីហា អ្នកនាំពាក្យនយោបាយរបស់តាលីបង់លោក Mohammad Naeem បានសន្យាថា តាលីបង់នឹងប្រកាសទម្រង់រដ្ឋនិងរបបនយោបាយនៅអាហ្គានីស្ថានក្នុងពេលឆាប់ៗ។ ដោយសេចក្ដីប្រកាសនេះ តាលីបង់បានបញ្ជាក់ជាផ្លូវការនូវសិទ្ធិធ្វើជាម្ចាស់របស់ខ្លួននៅប្រទេសនេះ។

តាលីបង់ចូលកាន់អំណាចឡើងវិញ

សេចក្ដីប្រកាសរបស់អ្នកនាំពាក្យនយោបាយតាលីបង់ត្រូវបាននាំចេញត្រឹមប៉ុន្មានម៉ោងក្រោយពីកម្លាំងនេះចូលកាន់រដ្ឋធានីកាប៊ូល ហើយដណ្ដើមបានការគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់យ៉ាងឆាប់រហ័ស រួមទាំងវិមានប្រធានាធិបតី។ មុនពេលចូលទៅកាន់កាប៊ូល តាលីបង់បានដណ្ដើមកាន់កាប់ខេត្តក្រុងចំនួន៣៣/៣៤របស់អាហ្គានីស្ថានរួចទៅហើយ។ យុទ្ធនាការរបស់តាលីបង់ស្ទើរតែមិនជួបប្រទះនឹងការតតាំងធំដុំណាមួយពីកងទ័ពអាហ្គានីស្ថានឡើយ។

នៅថ្ងៃទី១៦ ខែសីហា ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានឡើងសម្លេងទទួលស្គាល់ជាផ្លូវការនូវការដួលរលំនៃរដ្ឋអំណាច ហើយប្រកាសថា ខ្លួនចាកចេញពីប្រទេសគឺដើម្បី ជៀសវាងការបង្ហូរឈាម។ លោក Ghani ក៏បានចោទប្រកាន់តាលីបង់ បានប្រើប្រាស់ហឹង្សាប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសផងដែរ។ តាមប្រភពព័ត៌មាននានាបានឲ្យដឹងថា លោក Ghani បានឡើងយន្តហោះចាកចេញពីអាហ្គានីស្ថានមុនពេលតាលីបង់ចូលកាន់ទីក្រុងកាប៊ូល។ ប៉ុន្តែ គោលដៅរបស់អ្នកដឹកនាំរូបនេះមិនទាន់បានប្រកាសនៅឡើយទេ។

ដូច្នេះ ត្រឹម៣ខែប៉ុណ្ណោះ ក្រោយពីអាមេរិកនិងសម្ព័ន្ធមិត្តចាប់ផ្ដើមដកកម្លាំងប្រយុទ្ធសឹងតែទាំងស្រុងចេញពីអាហ្គានីស្ថានតាមការសន្យា តាលីបង់បានដណ្ដើមសិទ្ធិគ្រប់គ្រងប្រទេស តាមសេណារីយ៉ូមួយគួរឲ្យភ្ញាក់ផ្អើលនោះ គឺការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋអំណាចកណ្ដាលអាហ្គានីស្ថាន។ សភាពការណ៍ថ្មីមួយត្រូវបានបើកចេញនៅអាហ្គានីស្ថាន ប៉ុន្តែសំណួរជាច្រើនបានចោទឡើងដោយគ្មានចម្លើយដ៏ពិតប្រាកដទាល់តែសោះ។

សភាពការណ៍ថ្មីនៅអាហ្គានីស្ថាន - ảnh 2កម្លាំងតាលីបង់ត្រៀមបង្ហូតទង់លើដំបូលវិធានប្រធានាធិបតី។ (រូបថត៖ Reuters)

សភាពការណ៍ថ្មីពិបាកទាយទុកជាមុន

ក្នុងសេចក្ដីប្រកាសបន្ទាប់ពីចូលកាន់កាប់កាប៊ូល អ្នកនាំពាក្យនយោបាយលោក Mohammad Naeem បានសង្កត់ធ្ងន់ថា តាលីបង់បានសម្រេចគោលដៅដែលគេប្រដេញតាមអស់រយៈពេលជាង២០ឆ្នាំកន្លងមក គឺ “សេរីភាពសម្រាប់ប្រទេសជាតិនិងឯករាជ្យភាពសម្រាប់ប្រជាជន”។ មន្ត្រីតាលីបង់រូបនេះក៏បានសន្យា ធានាសុវត្ថិភាពសម្រាប់អង្គទូតអន្តរជាតិទាំងអស់ ព្រមទាំងអំពាវនាវឲ្យថ្នាក់ដឹកនាំអាហ្គានីស្ថាននិងប្រព័ន្ធពាក់ព័ន្ធ ដំណើរការកិច្ចសន្ទនា ដើម្បីដោះស្រាយទំនាក់ទំនងទ្វេភាគីនិងតំបន់ផងដែរ។ ជាពិសេស តាលីបង់សន្យាថា រចនាសម្ព័ន្ធនៃរដ្ឋអំណាចថ្មី នឹងរួមមានឥស្សរជននៅខាងក្រៅអង្គការនេះ គោរពសិទ្ធិរបស់នារីនិងជនជាតិភាគតិច ក៏ដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ឥស្លាម Sharia។

ផ្អែកលើសេចក្ដីប្រកាសនេះ ហាក់ដូចជាតាលីបង់នាបច្ចុប្បន្ន មានភាពខុសប្លែកជាច្រើន បើធៀបនឹងដំណាក់កាលដែលកម្លាំងនេះដឹកនាំប្រទេសអាហ្គានីស្ថានកាលពី២០ឆ្នាំមុន (១៩៩៦- ២០០១)។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែតាមការវាយតម្លៃរបស់មជ្ឈដ្ឋានចារកម្មនិងអ្នកវិភាគអាមេរិកនិងអឺរ៉ុបថា គ្មានអ្វី ដែលអាចធានាអនាគតរបស់ប្រទេសនិងប្រជាជនអាហ្គានីស្ថានក្រោមការដឹកនាំរបស់តាលីបង់ឡើយ។ ការព្រួយបារម្ភនេះស្ដែងចេញពីហេតុផលជាច្រើន។ ដំបូងឡើយ ឧត្តមភាពរបស់តាលីបង់គឺប្រតិបត្តិការប្រដាប់អាវុធ មិនមែនជាអង្គការនយោ បាយស៊ីវិលដ៏សមស្របដើម្បីប្រតិបត្តិប្រទេសជាតិឡើយ។ ទន្ទឹមនឹងនោះ អាហ្គានីស្ថានកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុនិងស្ថានភាពសន្តិសុខ នយោបាយ សង្គម កាន់តែច្របូកច្របល់ក្រោយរយៈពេលច្រើនឆ្នាំនៃសង្គ្រាម។

ក្រៅពីនោះ ទោះជាសន្យានូវការគោរពសិទ្ធិរបស់នារីនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏ដោយ ប៉ុន្តែតាលីបង់នៅតែអះអាងថា ប្រការនោះត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ Sharia ជាច្បាប់ដ៏តឹងរឹងដែលកម្លាំងនេះបានអនុវត្តន៍ដើម្បីបង្ក្រាបប្រជាជនក្នុងដំណាក់កាលកាន់អំណាចមុននេះ។ បញ្ហាគួរឲ្យព្រួយបារម្ភមួយទៀត គឺតាលីបង់មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយអង្គការភេរវកម្មនិងជ្រុលនិយមជាច្រើន ក្នុងនោះមាន Al Qaeda និង IS។ តាលីបង់អាចគង់វង្សនិងរីកធំធាត់ដូចនាសព្វថ្ងៃ គឺអាស្រ័យដោយការជួយឧបត្ថម្ភរបស់អង្គការភេរវកម្មនិងជ្រុលនិយមជាច្រើនក្នុងតំបន់ ទន្ទឹមនឹងអានុភាពផ្សេងៗមួយចំនួនទៀត។ ហេតុដូច្នេះ ទំនងជាតាលីបង់នឹងបន្តថែរក្សាទំនាក់ទំនងទាំងនេះក្នុងដំណាក់កាលដឹកនាំប្រទេសនាពេលខាងមុខ។

ទោះជាយ៉ាងនេះក្ដី ក៏មានទស្សនៈជាច្រើនចាត់ទុកថា ក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិនិងមេរៀនជាក់ស្ដែងដែលគេទទួលបាន តាលីបង់អាចមានការកែតម្រូវជាវិជ្ជមានក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ។ ប្រជាជនអាហ្គានីស្ថាននឹងរស់នៅហើយកសាងប្រទេសជាតិក្រោមរបបប្រតិបត្តិដោយតាលីបង់យ៉ាងដូចម្ដ៉េច បញ្ហាទាំងអស់នេះនឹងត្រូវបានបង្ហាញនាពេលអនាគតខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ