សាមគ្គីភាពសាសនារួមចំណែកបង្កើតកម្លាំងចលកររបស់វៀតណាម
(VOVWORLD) - ប៉ុន្មានថ្ងៃមកនេះ អ្នកកាន់សាសនាកាតូលិកនៅវៀតណាម កំពុងចូលរួមអបអរបុណ្យណូអែលយ៉ាងសប្បាយរីករាយ។ អញ្ជើញទៅជូនពរបុណ្យណូអែលនៅព្រះសហគមន៍កាតូលិក និងភូមិភាគនានាក្នុងឱកាសនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលមូលដ្ឋានតែងតែអះអាងនូវតួនាទី និងការរួមចំណែករបស់គ្រីស្តបរិស័ទក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការរួមវិភាគទានរបស់គ្រីស្តបរិស័ទ ជាមួយនឹងសាសនាផ្សេងទៀតបានរួមចំណែកពង្រឹងផែន មហាសាមគ្គីជន ជាតិទាំងមូល បង្កើតឡើងកម្លាំងចលកររបស់វៀតណាម។
ការរួមដំណើរជាមួយប្រទេសជាតិ គឺជាប្រពៃណីនៃបណ្តាសាសនានៅវៀតណាម។ ក្នុងបរិយាកាសផ្លូវច្បាប់សមភាព ប្រជាជនគ្រប់សាសនាមានការរួមវិភាគទានជាវិជ្ជមានក្នុងការងារកសាងប្រទេសជាតិ។
ជនរួមជាតិរៀបចំអបអរបុណ្យណូអែលយ៉ាងសប្បាយរីករាយ
ជិតដល់បុណ្យណូអែលឆ្នាំ ២០២៣ នៅតាមព្រះវិហារ ព្រះសហគមន៍ ក៏ដូចជាតាមដងផ្លូវនិងកន្លែងកម្សាន្តជាច្រើននៅខេត្ត Ninh Binh មានភាពមមាញឹកដោយប្រជាជន និងភ្ញៀវទេសចរមកទស្សនា និងថតរូបដើម្បីរក្សារូបភាពដ៏ស្រស់ស្អាតអំពីបុណ្យណូអែលដ៏សុខសាន្តត្រាន។ លំហនៃវិហារថ្ម Phat Diem មានពន្លឺភ្លឺឆើតឆាយនិងពោរពេញដោយពណ៌។ ប្រជាគ្រីស្តបរិស័ទនៅទីនេះរំភើបចិត្តក្នុងការតុបតែងព្រះវិហារ។
នៅទីក្រុងហាណូយ ព្រះវិហារជាច្រើនផ្សេងទៀតក្នុងទីក្រុងបានស្វាគមន៍ភ្ញៀវរាប់ពាន់នាក់ក្នុងឱកាសនេះ។ ផ្លូវ Hang Ma ដែលជាកន្លែងលក់គ្រឿងតុបតែងលម្អ បានស្វាគមន៍អតិថិជនយ៉ាងច្រើនកុះករមកទិញទំនិញ និងថតរូបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើទោះបីជាអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ។ ប្រដាប់ប្រដារសម្រាប់តុបតែងបុណ្យណូអែលត្រូវបានតាំងលក់នៅគ្រប់ទីកន្លែង។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ ទីកន្លែងដែលគេស្គាល់ដល់ច្រើន ដូចជាវិហារ Tan Dinh (ខ័ណ្ឌទី ៣) វិហារ Notre Dame និងមជ្ឈមណ្ឌលលក់ទំនិញធំៗបានតុបតែងយ៉ាងស្រស់ស្អាត ហើយទាក់ទាញមនុស្សជាច្រើនឱ្យមកកម្សាន្ត។ នៅមុខមជ្ឈមណ្ឌល Diamond Plaza ជិតមួយខែមកហើយដែលមានមនុស្សមកលេងនិងថតរូប។ អ្នកស្រី Ngoc Quyen រស់នៅខ័ណ្ឌទី ៧ ចែករំលែកថា៖ “ខ្ញុំបានយកកូនខ្ញុំទៅក្នុងទីក្រុង ដើម្បីទស្សនាបរិយាកាសបុណ្យណូអែល។ ខ្ញុំបានឃើញមនុស្សជាច្រើនមកលេងកម្សាន្តនៅទីនេះ។ នៅផ្ទះយើងក៏តុបតែងលំអរ និងមានដើមស្រល់លំអរឲ្យកូនសប្បាយផងដែរ”។
នៅទីក្រុង Da Nang ហាងលក់គ្រឿងតុបតែងបុណ្យណូអែល និងកាដូរបស់របរដ៏សម្បូរបែប។ លោក Ho Bao Phuc នៅស្រុក Son Tra ទីក្រុង Da Nang បានឲ្យដឹងថា៖
“ឆ្នាំនេះបរិយាកាសបុណ្យណូអែលមានភាពរស់រវើក ខ្ញុំបានទៅទិញដើមស្រល់ណូអែលដើម្បីតុបតែងក្នុងគ្រួសារ និងបានទិញគ្រឿងលម្អបន្ថែមដើម្បីតុបតែងដើមឈើដើម្បីឱ្យវាស្រស់ស្អាត។ ខ្ញុំទិញកាដូតូចៗ ជូនសមាជិកគ្រួសារ មានគ្រឿងតុបតែងស្អាតៗជាច្រើនក្នុងតម្លៃសមរម្យ”។
បញ្ជាក់ពីការរួមចំណែករបស់សាសនាក្នុងការអភិវឌ្ឍប្រទេសជាតិ
ក្នុងបណ្តាដំណើរទស្សនកិច្ច និងជូនពរបុណ្យណូអែលនៅតាមព្រះសហគមន៍ កាតូលិក និងភូមិភាគនានា ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋតែងតែទទួលស្គាល់ការចូលរួមយ៉ាងសកម្មរបស់គ្រីស្តបរិស័ទក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ; ចលនាផលិតកម្មក្នុងស្រុក។ ជាពិសេស ការងារលេចធ្លោគឺ កិច្ចគាំពារសង្គម សប្បុរសធម៌ មនុស្សធម៌ ការថែទាំសុខភាព ការអប់រំ...។ សកម្មភាពទាំងនោះបានបង្ហាញពីគុណតម្លៃដ៏ល្អរបស់ប្រជាជនកាតូលិក; ពិតជាតាមស្មារតីនៃ “ការបម្រើប្រជាពលរដ្ឋយើងក៏ជាការបម្រើព្រះ”។ ថ្លែងមតិក្នុងឱកាសអញ្ជើញទៅជូនពរព្រះសហគមន៍ Hue (ថ្ងៃទី១៤ ខែធ្នូ) ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃថា៖ “ខ្ញុំឃើញថា គ្រីស្តបរិស័ទនៃព្រះសហគន៍កាតូលិក Hue បានបំពេញការងារបានយ៉ាងល្អនាពេលថ្មីៗនេះ ក្នុងកិច្ចការគោរពព្រះ និងស្រលាញ់បងប្អូនជនរួមជាតិ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ និងប្រទេសជាតិ រួមចំណែកមួយផ្នែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង”។
ក្រៅពីវិស័យសេដ្ឋកិច្ច ដោយមានទំនួលខុសត្រូវក្នុងនាមប្រជាពលរដ្ឋ-គ្រីស្តបរិស័ទ ជាពិសេសប្រជាជនគ្រប់សាសនាទូទៅបានបង្កើតសមិទ្ធិផលក្នុងវិស័យសន្តិសុខសង្គម និងសប្បុរសធម៌មនុស្សធម៌។ ប្រទេសទាំងមូលមានសាលារៀនប្រហែល ៣០០កន្លែង និងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សាចំនួន ២.០០០ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២កន្លែង គ្រឹះស្ថានវេជ្ជសាស្ត្រជាង ៥០០ គ្លីនិក និងគ្រឹះស្ថានជំនួយសង្គមចំនួន ១១៣ កន្លែង ដោយអង្គការសាសនាបង្កើតឡើង។ គ្រឹះស្ថានទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសណ្តាប់ធ្នាប់សង្គម និងធានាសន្តិសុខ។
ក្នុងសន្និសីទលើកទី៨ (ខែតុលា ឆ្នាំ២០២៣) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្តមួយស្តីពីការបន្តលើកកម្ពស់ប្រពៃណី និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល កសាងប្រទេសឱ្យកាន់តែសម្បូររុងរឿងនិងសប្បាយរីករាយថែមទៀត។ សេចក្តីសម្រេចចិត្តនេះសង្កត់ធ្ងន់លើការលើកកម្ពស់ប្រពៃណីនៃសាមគ្គីភាពរវាងអ្នកកាន់សាសនា និងអ្នកមិនកាន់សាសនា និងរវាងអ្នកកាន់សាសនាផ្សេងគ្នា។ សាមគ្គីភាព និងការរួមចំណែករបស់គ្រិស្តបរិស័ទ ជាពិសេសនិងសាសនាជាទូទៅបាននិងកំពុងបង្កើតបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ បង្កើតកម្លាំងចលកររបស់វៀតណាម៕