(VOVWORLD) -ក្រោយរយះពេលមួយខែធ្វើការ សម័យប្រជុំលើកទី ៤ នៃរដ្ឋសភាវៀតណាមនីតិកាលទី XIV បានបិទនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០១៧ នៅទីក្រុងហាណូយ។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានសំរេចការងារជាច្រើន អនុម័តលើច្បាប់និងសេច ក្ដីសម្រេចចិត្តសំខាន់ៗជាច្រើនដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិ។ សមាជិកសភាបានបង្ហាញពីស្មារតីច្នៃប្រឌិតថ្មី ប្រជាធិបតេយ្យនិងប្រសិទ្ធភាពនៃសកម្មភាពនៅក្នុងកិច្ចប្រជុំលើកនេះ។
សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ផ្លាស់ប្តូរថ្មី ប្រជាធិបតេយ្យនិងប្រសិទ្ធភាព |
នៅសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី XIV បានអនុវត្តភារកិច្ចរបស់រដ្ឋសភាលើវិស័យទាំងបី គឺនីតិប្បញ្ញត្តិ ឃ្លាំមើល និងសម្រេចទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ នៅក្នុងការងារនីតិប្បញ្ញត្តិ រដ្ឋសភាបានអនុម័ត គំរោងច្បាប់ចំនួន៦ សេចក្ដីសម្រេចចិត្តចំនួន១២ និងផ្តល់មតិទៅលើគំរោងច្បាប់ចំនួន៩ទៀត។
ស្មារតីច្នៃប្រឌិតប្រជាធិបតេយ្យ
ចំណុចសំខាន់នៃសម័យប្រជុំទាំងមូលគឺនៅក្នុងការងារប្រតិបត្តិ។ គណៈប្រតិភូនិងប្រតិភូបានផ្តល់ឱកាសក្នុងការថ្លែងមតិនិងពិភាក្សានៅកិច្ចប្រជុំ ជាពិសេសក្នុងសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោល។ ការជជែកពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយបើកទូលាយ ភាពស្មោះត្រង់និងប្រជាធិបតេយ្យ។ មតិរបស់សមាជិកសភាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់សមាជិកសភាចំពោះអ្នកបោះឆ្នោតនិងប្រជាជន។
នៅសម័យប្រជុំលើកទី៤នៃរដ្ឋសភានីតិកាលទី១៤ សភាបានចំណាយពេលចំនួនបីថ្ងៃដើម្បីសួរដេញដោលនិងឆ្លើយការសួរដេញដោល។ ប្រការនេះជាសក្ខីភាពច្បាស់លាស់អំពីប្រសិទ្ធិភាពកាន់តែខ្លាំងឡើងក្នុងការឃ្លាំមើលរបស់រដ្ឋសភា។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖
“ ជាទូទៅការសួរដេញដោលនិងឆ្លើយការសួរដេញដោលបានធ្វើឡើងនៅក្នុងបរិយាកាសប្រជាធិបតេយ្យ រស់រវើកនិងស្ថាបនា។ សមាជិកសភាបានសម្តែងនូវភាពក្លៀវក្លា ស្មារតីធ្វើការហ្មត់ចត់ មានការទទួលខុសត្រូវ ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សាមិនត្រឹមតែជជែកវែកញែកក្នុងចំណោមគណៈប្រតិភូប៉ុណ្ណោះទេ ថែមទាំងជជែកវែកញែកជាមួយសមាជិករដ្ឋាភិបាល ដើម្បីបំភ្លឺបញ្ហាផងដែរ។ នាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលបានឆ្លើយសំនួរយ៉ាងច្រើនប្រកបដោយគ្រប់គ្រាន់ និងស្មោះត្រង់។ប្តេជ្ញាចិត្តយកឈ្នះលើកង្វះខាត គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននាពេលខាងមុខ។”
ការងារព័ត៌មាននិងផ្សព្វផ្សាយអំពីសម័យប្រជុំនេះក៏មានភាពប្រសើរឡើងមួយជំហានផងដែរ។ រយៈពេលផ្សាយផ្ទាល់ សម័យប្រជុំរដ្ឋសភាតាមវិទ្យុនិងទូរទស្សន៍ ក៏បានបង្កើនឡើង។ ជាពិសេសរដ្ឋសភាបានចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងការឃ្លាំមើល។ លោក Vuong Xuan Hiep អ្នកបោះឆ្នោតនៅទីក្រុងហាណូយបានអោយដឹងថា៖
"នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានបង្កើនពេលវេលាផ្សាយផ្ទាល់តាមទូរទស្សន៍សំដៅបង្កើនការចាប់អារម្មណ៍របស់អ្នកបោះឆ្នោត។ ខ្ញុំឃើញថា៖ គុណភាពខ្ពស់ជាងសម័យប្រជុំមុន ៗ ។ ទេសាភិបាលធនាគារជាតិវៀតណាមលោក Le Minh Hung គឺអ្នកឆ្លើយការសួរដេញដោលល្អជាងគេ។"។
ពិភាក្សាអំពីដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដើម្បីជំរុញប្រទេសទៅមុខ
នៅក្នុងកិច្ចប្រជុំនេះ ស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគឺជាខ្លឹមសារមួយដែលបានបណ្ដាសមា ជិក សភាយកចិត្តទុកដាក់ ពិភាក្សាជាពិសេស។ សមាជិករដ្ឋសភាបានយល់ព្រមតាមសំណើរបស់រដ្ឋាភិ បាល ថា៖ ក្នុងរយៈពេលបច្ចុប្បន្ន វៀតណាមបន្តផ្តល់អាទិភាពឱ្យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងរក្សាកំណើនសេដ្ឋកិច្ច។ លោក Nguyen Ngoc Phuong អនុប្រធានគណៈប្រតិភូសមាជិកសភា មណ្ឌលខេត្ត Quang Binh បានអោយដឹងថា៖
"អាចនិយាយបានថាមិនមែនខ្ញុំទេ ថែមទាំងអ្នកបោះឆ្នោត ប្រជាជននៅក្នុងប្រទេសមានទំនុកទុកចិត្តយ៉ាងខ្លាំងទៅលើសម័យប្រជុំនេះ។ ដោយសារស្ថានភាពសេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍ ហើយ GDP ឆ្នាំ ២០១៧ អាចកើនឡើង ៦,៧%។ នេះគឺជាជំហានលោតផ្លោះ បង្កើតគ្រឹះដ្ឋានសំខាន់សំរាប់ឆ្នាំជាបន្ត។”
នៅសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី XIV បានលើកកម្ពស់ស្មារតីលទ្ធិប្រជាធិបតេយ្យ បញ្ញានិងភាពច្នៃប្រឌិត។ សម័យប្រជុំនេះបានសម្តែងការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា ឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកបោះឆ្នោតនិងប្រជាជននៅទូទាំងប្រទេស។ លទ្ធផលនៃសម័យប្រជុំបានរួមចំណែកដល់វឌ្ឍនភាពរបស់ប្រទេសជាតិ បន្តដំណើរធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ៕