សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល ដើម្បីបង្កើតការស្រុះចិត្តគំនិតគ្នាក្នុងការដឹកនាំប្រទេសជាតិ
(VOVWORLD) - សម័យសួរដេញដោលលើកដំបូងរបស់អាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី ១០ វិច្ឆិកា។ វិស័យចំនួន ៤ ដែលត្រូវបានសមាជិករដ្ឋសភាជ្រើសរើសយកមកធ្វើការសួរដេញដោលដល់សមាជិករដ្ឋាភិបាលក្នុងរយៈពេល ២ ថ្ងៃកន្លះនៃសម័យប្រជុំគឺមាន៖ សុខាភិបាល ; ការងារ - យុទ្ធជនពិការ និងសង្គមកិច្ច; ផែនការ និងវិនិយោគ; អប់រំ និងបណ្តុះបណ្តាល។ សម័យសួរដេញដោលត្រូវបានត្រៀមរៀបចំយ៉ាងល្អិតល្អន់ ដោយសង្ឃឹមថា បង្កើតកម្លាំងចលករជាវិជ្ជមានសម្រាប់អាណត្តិទាំងមូលផងដែរ។
សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល (រូបថត៖ VNA) |
សួរដេញដោលបញ្ហានានាពីតថភាពជាក់ស្ដែងនៃជីវភាពរស់នៅ
យោងតាមអគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong បានឲ្យដឹងថា ការងាត្រៀមរៀបចំសម្រាប់សម័យសួរដេញដោល និងឆ្លើយសំនួរដេញដោលត្រូវបានអនុវត្តន៍យ៉ាងជិតស្និទ្ធ ស្របតាមនីតិវិធី ដោយធានាតាមច្បាប់កំណត់។ លោកបានឲ្យដឹងថា៖ “ដោយផ្អែកលើមូលដ្ឋានបូកសរុបមតិយោបល់របស់សមាជិករដ្ឋសភា និង សំណើររបស់សមាជិករដ្ឋសភាអំពីខ្លឹមសារសួរដេញដោល និងកម្មាភិបាល ដែលត្រូវបានសួរដេញដោល ក៏ដូចជារបាយការណ៍អំពីមតិយោបល់ និងសំណើររបស់ម្ចាស់ឆ្នោត និងប្រជាជន ដែលបានផ្ញើជូនសម័យប្រជុំនោះ អគ្គលេខាធិការរដ្ឋសភាបានធ្វើការបូកសរុបក្រុមបញ្ហាដែលលេចធ្លោ ។ ក្រោយមករៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះមានសមាជិករដ្ឋសភា ដើម្បីជ្រើសរើសក្រុមបញ្ហាចំនួន ៣ សម្រាប់សួរដេញដោលនៅក្នុងសម័យប្រជុំនេះ រួមមាន៖ វិស័យសុខាភិបាល ; ការងារ យុទ្ធជនពិការ និងសង្គមកិច្ច; ផែនការនិងវិនិយោគ; អប់រំ និងបណ្តុះបណ្តាល”។
លោក Trinh Xuan An សមាជិករដ្ឋសភាមួយរូបមកពីខេត្ត Dong Nai បានសម្តែងថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់លោកអគ្គលេខាធិការ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងការដាក់ចេញខ្លឹមសារ និងក្រុមបញ្ហាសួរដេញដោល។ សមាជិករដ្ឋសភាមានក្ដីសង្ឈឹមថា តាមរយៈសម័យសួរដេញដោលនោះ បញ្ហា ដែលម្ចាស់ឆ្នោតចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបំភ្លឺផងដែរ”។
ដោយយល់ស្របចំពោះបញ្ហាទាំង ៤ ដែលត្រូវបានលើកយកមកសួរដេញដោលលើកនេះ លោកស្រី Nguyen Thi Suu សមាជិការដ្ឋសភាមកពីខេត្ត Thua Thien Hue បានចាត់ទុកថា៖ “គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការវិភាគយ៉ាងម៉ត់ចត់ ដោយឈរលើមូលដ្ឋានបូកសរុបមតិយោបល់ និងសំណើរសួរដេញដោលរបស់ខេត្ត ក្រុងនានា និងគណៈប្រតិភូសមាជិករដ្ឋសភា ដែលបានផ្ញើជូនរដ្ឋសភា។ នាងខ្ញុំចាប់អាម្មណ៍បំផុតលើការងារសុខាភិបាល ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ការងារពិនិត្យ និងព្យាបាលជំងឺ អ្នកឆ្លងជំងឺ និងការធានាសុខុមាលភាពសង្គមផងដែរ”។
ថ្នាក់ដឹកនាំអញ្ជើញចូលរួមសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល (រូបថត៖ VNA) |
សួរដេញដោល ដើម្បីបង្កើតការស្រុះចិត្តគំនិតគ្នាក្នុងសង្គម
គោលដៅចុងក្រោយនៃការសួរដេញដោលគឺដើម្បីកំណត់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ការសម្របស្រួលនិងការអនុវត្តច្បាប់របស់រដ្ឋាភិបាល ប្រមុខដឹកនាំផ្នែក វិស័យ ស្វែងរកចំណុចខ្វះខាត មិនសមហេតុផល រិះរកដំណោះស្រាយ ដើម្បីជំនះពុះពារ ឬជំរុញឱ្យអង្គភាពធ្វើការអនុវត្តន៍។ តាមរយៈការសួរដេញដោល និងការឆ្លើយសំណួរដេញដោលនោះ រដ្ឋសភា និងម្ចាស់ឆ្នោតបានវាយតម្លៃពីសមត្ថភាពរបស់ប្រមុខស្ថាប័នចំពោះវិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយតាមនោះវាយតម្លៃពីកម្រិតបំពេញភារកិច្ច។ ដូច្នេះអាចនិយាយបានថា ការសួរដេញដោលគឺជាទម្រង់នៃការឃ្លាំមើល ដោយផ្ទាល់ មានឥទ្ធិពលយ៉ាងខ្លាំងក្លា ដោយនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ជាក់ស្ដែងលើគ្រប់វិស័យ។
បន្តជោគជ័យនៃសកម្មភាពសួរដេញដោលនៃសម័យប្រជុំរដ្ឋសភាមុនៗនោះ សាធារណៈមតិមានជំនឿជាក់ថា សម័យសួរដេញដោលលើកដំបូងនៃអាណត្តិរដ្ឋសភានីតិកាលទី ១៥ នឹងបញ្ជូនយ៉ាងពេញលេញនូវរាល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់សមាជិករដ្ឋសភាក្នុងការតាមដាន និងឃ្លាំមើល។ ប្រការទាំងនេះឆ្ពោះទៅរកគោលដៅស្វែងរកសម្លេងជាធ្លុងមួយ ជួយសម្រួលការគ្រប់គ្រង និងប្រតិបត្តិការប្រទេសជាតិប្រកបដោយប្រសិទ្ធភាពជាងផងដែរ៕