សារយ៉ាងខ្ជាប់ខ្ជួនស្តីពីការរក្សារឹងមាំស្ថេរភាពមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - វេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “ពង្រឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយ ចីរភាព” បានប្រព្រឹត្តទៅនាចុងសប្តាហ៍នៅទីក្រុងហាណូយ។

វៀតណាមកំពុងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អ

ក្នុងបរិបទកំណើនសេដ្ឋកិច្ចពិភពលោកទាប វៀតណាមនៅតែមានកំណើនខ្ពស់។ ខណៈដែលពិភពលោកមានអតិផរណាខ្ពស់ វៀតណាមអាចរក្សាបានអតិផរណាទាប។ ខឿនសេដ្ឋកិច្ច
វៀតណាមមានភាពបើកចំហដ៏ធំធេង ទំហំនាំចូលនាំចេញសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៧៥០ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង GDP ប្រហែលទ្វេដង។ សន្ទស្សន៍ស្ដីពីភាពធន់ សមត្ថភាពសម្របខ្លួន និងភាពខ្លួនទីពឹងខ្លួននៃខឿនសេដ្ឋកិច្ចវៀតណាម ស្ថិតក្នុងកម្រិតមធ្យមនិងល្អបង្គួរ។ វៀតណាមក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ។ សម្ពាធលើម៉ាក្រូសេដ្ឋកិច្ចគឺធំណាស់។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានគ្រប់គ្រងម៉ាក្រូបានយ៉ាងល្អ។ ទីភ្នាក់ងារវាយតម្លៃឥណទានបានលើកចំណាត់ថ្នាក់ឥណទានរបស់វៀតណាម។ អង្គការអន្តរជាតិដូចជា WB, IMF, ADB... ព្យាករថា កំណើន GDP របស់ វៀតណាមក្នុងឆ្នាំ ២០២២ នឹងសម្រេចបានក្នុងចន្លោះ ៦,៧-៧,៥% អតិផរណាទាបជាង ៤%... ក្នុងឆ្នាំ ២០២២ វៀតណាមមានគោលនយោបាយសារពើពន្ធត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។ ការជួយកាត់បន្ថយពន្ធ និងជំនួយសារពើពន្ធបានជួយធ្វើឲ្យស្ថានភាពម៉ាក្រូមានស្ថេរភាព; កញ្ចប់ជំនួយមួយចំនួនទាក់ទងនឹងការជួយទ្រទ្រង់អាជីវកម្ម ក៏ដូចជាជួយឧបត្ថម្ភពលករ បានរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចសង្គម ហើយដោះស្រាយការងារ។ ច្បាស់លាស់ថា វៀតណាមបានព្យាករណ៍ វិភាគ ដោះស្រាយដោយសមហេតុផល ហើយគោលនយោបាយម៉ាក្រូសុទ្ធតែស្ថិតក្រោមទិសដៅត្រឹមត្រូវ។ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានឲ្យដឹងថា៖

“ប្រការដ៏ពិសេសនោះគឺ ផ្ទុយនឹងខាងក្រៅ សេដ្ឋកិច្ចវៀតណាមបានឆ្លងផុតដំណាក់កាលដ៏លំបាកបំផុតដោយការរីករាលដាលយ៉ាងខ្លាំងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយរក្សាបាននូវសន្ទុះកំណើនវិជ្ជមានក្នុងរយៈពេលជិត ៩ ខែកន្លងមក រក្សារឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាប្រកបដោយប្រសិទ្ធភាព។ ជាមូលដ្ឋានធានាបាននូវតុល្យភាពធំ ហើយត្រូវបានគេព្យាករណ៍ថានឹងមានកំណើនសុទិដ្ឋិនិយមក្នុងឆ្នាំ២០២២”។

គន្លឹះសម្រាប់សេដ្ឋកិច្ចវៀតណាមបន្តរីកចម្រើនប្រកបដោយនិរន្តរភាព

យោងតាមនាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ការរំដោះប្រភពធនធាន ហើយពង្រីកកម្លាំងចលករសម្រាប់កំណើននៅក្នុងស្រុកចាំបាច់ត្រូវក្លាយជាវិធីអភិក្រមថ្មីដើម្បីពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះ ការផ្តោតសំខាន់ទៅលើការសុក្រិតក្របខ័ណ្ឌរបៀបរបប និងច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី និងទីផ្សារអចលនទ្រព្យ នឹងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Tran Hong Ha បានមានប្រសាសន៍ថា៖

“ការងារផែនការមេ ត្រូវតែផ្លាស់ប្ដូរថ្មីក្នុងទិសដៅ ខ្លឹមសារ និងទម្រង់ ដើម្បីបែងចែកធនធានដ៏ពិសេស មានតម្លៃ និងសំខាន់នេះ។ ខ្លឹមសារថ្មីៗ នឹងធានាបាននូវភាពយុត្តិធម៌ និងសមភាពសម្រាប់គ្រប់ភាគី ដោះស្រាយតម្រូវការប្រើប្រាស់ដីធ្លី ដោះស្រាយបញ្ហានានានៅក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត។ ទី២ គឺត្រូវស្វែងរកវិធីដើម្បីបង្រួញគម្លាតរវាងការវាយតម្លៃដីធ្លី និងហិរញ្ញវត្ថុដីធ្លី។ ការកំណត់តម្លៃត្រឹមត្រូវនឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយសង្គមកិច្ច។ ទីបី ចាំបាច់ត្រូវកសាងទិន្នន័យដីធ្លី ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យនេះ”។

ទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម មូលបត្របំណុលរដ្ឋាភិបាល រូបិយវត្ថុ អចលនទ្រព្យ... គឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច។ ដូច្នេះហើយ ចាំបាច់ត្រូវធានាចរន្តឈាមឲ្យមានសុខភាពល្អ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Nguyen Duc Chi អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ក្រសួងមានការតំរង់ទិស និងដំណោះស្រាយដើម្បីឲ្យមូលបត្របំណុលសាជីវកម្មក្លាយជាកាណាល់កៀងគរមូលធនរយៈពេលមធ្យមនិងវែងប្រកបដោយប្រសិទ្ធភាព។

“បន្តសុក្រិតក្របខ័ណ្ឌច្បាប់នៃទីផ្សារ ពិនិត្យច្បាប់ដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិចេញមូលបត្របំណុលសាជីវកម្ម និងការកៀរគរដើមទុន (ច្បាប់សហគ្រាស និងច្បាប់ស្តីពីមូលបត្រ)។ ក្នុងនោះមានបញ្ហា៣ក្រុមដែលត្រូវពិចារណានិងរាយការណ៍ជូនរដ្ឋសភារួមមាន៖ លក្ខខណ្ឌសម្រាប់សាជីវកម្មដែលសុំឲ្យដាក់លក់មូលបត្របំណុល; លក្ខខណ្ឌសម្រាប់វិនិយោគិនដែលត្រូវបានអនុញ្ញាតឲ្យវិនិយោគលើមូលបត្របំណុលសាជីវកម្ម; របៀបចេញផ្សាយមូលបត្របំណុលឯកជននិងចេញផ្សាយមូលបត្របំណុលសាធារណៈ; ទីពីរ ធ្វើពិពិធកម្ម និងកែលម្អតម្រូវការវិនិយោគលើមូលបត្របំណុលសាជីវកម្ម។ ទីបី គឺការកែលម្អគុណភាពនៃអន្តរការីហិរញ្ញវត្ថុដែលចូលរួមក្នុងដំណើរការចេញផ្សាយមូលបត្របំណុលសាជីវកម្ម”។

មេរៀនជាក់ស្តែងក្នុងរយៈពេលជាង ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី រួមទាំងក្នុងដំណាក់កាលលំបាក ពោរពេញទៅដោយបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដូចរយៈពេល២ឆ្នាំមុន បានបង្ហាញឲ្យឃើញថា ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគឺជាកត្តា “ឥតងាករេ” ដើម្បីទប់ទល់នឹងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ។ ការរក្សារឹងមាំនូវស្ថិរភាពមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច នឹងជួយវៀតណាមពង្រីកសក្ដានុពលសេដ្ឋកិច្ចដ៏ធំធេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ