សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

(VOVWORLD) - នាប៉ុន្មានថ្ងៃកន្លងទៅ អំពើហឹង្សាដ៏បង្ហូរឈាមបានបន្តកើតមានរវាងកងទ័ពអ៊ីស្រាអែល និងជនប៉ាឡេស្ទីននៅទាំងនៅតំបន់ Gaza  និងតំបន់ West Bank ព្រមទាំងរីករាលដាលដល់ទឹកដីលីបង់ និងតំបន់ខ្ពង់រាប Golan  ដែលកំពុងមានជម្លោះរវាងអ៊ីស្រាអែល និងស៊ីរី។ គ្រោះអាសន្នអំពើរលកហឹង្សាថ្មីអាចផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា ហើយនាំឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន បង្ខំឱ្យសហគមន៍អន្តរជាតិត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹង និងគ្រប់គ្រងស្ថានភាពផងដែរ។
សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែលត្រូវបានដាក់ពង្រាយបន្ទាប់ពីមានការប៉ះទង្គិចជាមួយប៉ាឡេស្ទីននៅប្រាសាទ Al-Aqsa (អ៊ីស្រាអែលហៅថា Temple Mount) ក្នុងក្រុងហ្សេរុយសាឡឹមខាងកើត។ រូបថត៖ AFP/VNA

អំពើហឹង្សាដ៏គ្រោះថ្នាក់

យោងតាមប្រភពព័ត៌មាន ក្នុងការវាយឆ្មក់លើប្រាសាទ Al-Aqsaនៅទីក្រុងហ្សេរុយសាឡឹមខាងកើត នាព្រឹកថ្ងៃទី៥ ខែមេសា កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនប៉ាឡេស្ទីនជាង ៣៥០នាក់។ គួរកត់សម្គាល់ថា រឿងនេះបានកើតមានឡើងនៅចំពេលវេលាដ៏រសើប៖ ជនជាតិជ្វីព (អ៊ីស្រាអែល) ចាប់ផ្តើមសប្តាហ៍បុណ្យរំលងដ៏សំខាន់បំផុតក្នុងឆ្នាំ ហើយប្រជាជនឥស្លាមប៉ាឡេស្ទីនកំពុងស្ថិតនៅពាក់កណ្ដាលខែរ៉ាម៉ាដានដ៏សក្តិសិទ្ធ។

មួយថ្ងៃក្រោយមក កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីប្រកាសឲ្យដឹងថា៖ នារសៀលថ្ងៃទី ៦ មេសា មីស៊ីលយ៉ាងហោចណាស់ចំនួន ៣៤ គ្រាប់ត្រូវបានបាញ់ចេញពីលីបង់  ភាគខាងត្បូងសំដៅទៅភាគខាងជើងអ៊ីស្រាអែល ហើយជនដៃដន់នៃការណីបាញ់មីស៊ីលនេះគឺក្រុមឥស្លាម ហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ Gaza។ មីស៊ីលទាំងនេះភាគច្រើនត្រូវបានប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលបាញ់ទម្លាក់ប៉ុន្តែនៅតែបណ្តាលឲ្យមនុស្សចំនួន ២ នាក់រងរបួសស្រាល និង

ខូចខាតខាងសម្ភារៈមួយចំនួន។ ប៉ុន្មានម៉ោងក្រោយមក នាព្រឹកថ្ងៃទី៧ ខែមេសា កងទ័ពអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមជើងអាកាសជា
បន្តបន្ទាប់ សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ នៅភាគខាងត្បូង លីបង់ និងតំបន់ Gaza។ នេះគឺជាលើកដំបូងហើយ ដែលអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារលើទឹកដីលីបង់ ចាប់ពីខែមេសា ឆ្នាំ ២០២២ មក។ នាថ្ងៃដដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចុះហត្ថលេខាលើក្រឹត្យកំណែនកងកម្លាំងប៉ូលិស និងកងទ័ពបម្រុង ដើម្បីត្រៀមខ្លួនស្រេចឆ្លើយតបនឹងគ្រោះអាសន្នហឹង្សាឡើងជណ្ដើរ។

គួរកត់សម្គាល់ថា កាលពីថ្ងៃទី ៨ ខែមេសា កងទ័ពអ៊ីស្រាអែលបានប្រកាសថា មានគ្រាប់រ៉ុកកែតចំនួន ៣ គ្រាប់ត្រូវបានបាញ់ពីស៊ីរី ឆ្ពោះទៅកាន់ខ្ពង់រាប Golan ដែលអ៊ីស្រាអែលកំពុងគ្រប់គ្រង។ ភ្លាមមួយរំពេច កាំភ្លើងធំអ៊ីស្រាអែលបានវាយប្រហារលើទឹកដីស៊ីរី ជាការឆ្លើយតប។

ទប់ស្កាត់គ្រោះអាសន្នជម្លោះឡើងជណ្ដើរ

ទូរទស្សន៍ជាភាសាអារ៉ាប់ Aljazeera រួមជាមួយប្រភពព័ត៌មានក្នុងតំបន់ជាច្រើនបានវាយតម្លៃថា ស្ថានភាពនាបច្ចុប្បន្នទាំងនៅតំបន់ West Bank និងតំបន់ Gaza ក៏ដូចជានៅតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ និងអ៊ីស្រាអែល-ស៊ីរីគឺមានគ្រោះថ្នាក់ខ្លាំង និងគួរឲ្យព្រួយបារម្ភណាស់។ ក្នុងពេលនោះ គួរឲ្យព្រួយបារម្ភបំផុតគឺ គ្រោះអាសន្នអំពីការវាយប្រហារទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅភាគខាងត្បូងលីបង់ អាចអូសទាញការចូលរួមរបស់ហេសបូឡា ដែលជាក្រុមអ៊ីស្លាមប្រដាប់អាវុធដ៏ធំបំផុតនៅលីបង់ ហើយធ្លាប់មានជម្លោះបង្ហូរឈាមជាមួយកងទ័ពអ៊ីស្រាអែលក្នុងអតីតកាល។ នៅក្នុងទឹកដីប៉ាឡេស្ទីនគឺតំបន់ Gaza Strip និងតំបន់ West Bank ប្រសិនបើមិនមានការគ្រប់គ្រងល្អនោះ ស្ថានភាពអាចឡើងជណ្ដើរទៅជាអំពើហឹង្សា បង្ហូរឈាមថ្មីស្រដៀង សូម្បីតែគ្រោះថ្នាក់ជាង បើប្រៀបធៀបនឹងការបះបោរIntifada របស់ជនប៉ាឡេស្ទីនកាលពីមុន។

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា - ảnh 2ផ្សែងហុយដោយសារការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល។ រូបថត៖ AP

នៅចំពោះតថភាពជាក់ស្ដែងនេះ សហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងជាច្រើន សំដៅបន្ធូរស្រាលស្ថានភាព ទប់ស្កាត់អំពើហង្សាឡើងជណ្ដើរ។ នាថ្ងៃទី ៨ មេសាប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Isaac Herzog ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant ដើម្បីដាស់តឿនដល់មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែលទប់ស្កាត់អំពើហិង្សា បន្ធូរស្រាលភាពតានតឹង។

នាថ្ងៃដដែល តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចសន្តិសុខ និងកិច្ចការបរទេស និងសហភាពអឺរ៉ុប (EU) លោក Josep Borrell បានអំពាវនាវដល់ភាគីទាំងអស់អត់ធ្មត់ និងស្ងប់ស្ងាត់ ក្នុងបរិបទដែលកំពុងប្រព្រឹត្តិទៅពិធីបុណ្យសាសនាដ៏សំខាន់ៗនានា។ លោក Borrell បានប្រកាសថា EU អំពាវនាវឲ្យបញ្ឈប់អំពើហឹង្សា ដែលកំពុងកើតមានភ្លាមមួយរំពេច ដោយសង្កត់ធ្ងន់ថារាល់ការខិតខំប្រឹងប្រែង ត្រូវបានអនុវត្តន៍ ដើម្បីទប់ស្កាត់ជម្លោះរីករាលដាល។

មុននេះ មជ្ឈដ្ឋានមន្ត្រីនៃបណ្ដាប្រទេស ចិន រុស្ស៊ី អង់គ្លេស និងបារាំងក៏បាន អំពាវនាវឱ្យភាគីពាក់ព័ន្ធអត់ធ្មត់ បន្ធូរស្រាលភាពតានតឹងព្រមទាំងដាស់តឿនដល់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធនានាស្វែងរកវិធានការសមស្របសម្រាប់បញ្ហាប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ