សហគ្រាសវៀតណាមទទួលបានជោគជ័យនៅទីផ្សារបរទេស
(VOVWORLD) - យោងតាមតួរលេខរបស់នាយកដ្ឋានវិនិយោគបរទេស គិតត្រឹមថ្ងៃទី ២០ មករា វៀតណាមមានគម្រោងវិនិយោគក្រៅប្រទេសដែលមានសុពលភាពជាង ១៧០០ ជាមួយនឹងទុនវិនិយោគសរុបជាង ២២,១ ពាន់លានដុល្លារអាមេរិក។ ការដែលសហគ្រាសវៀតណាមទទួលបានជោគជ័យនៅទីផ្សារបរទេសគឺជាបេសកកម្មជួយវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។
Unitel - ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Viettel Global នៅក្នុងប្រទេសឡាវ។ រូបថត៖ laodongcongdoan.vn |
បច្ចុប្បន្ន សហគ្រាសវៀតណាមកំពុងវិនិយោគនៅប្រទេស និងដែនដីចំនួន ៧៩ ជុំវិញពិភពលោក ដោយផ្តោតសំខាន់លើវិស័យចំនួន ១៦។ ជោគជ័យដែលមិនអាចបដិសេធបានវិស័យដែលកត់សម្គាល់សមិទ្ធិផលសកម្មបំផុតក្នុងការវិនិយោគនៅបរទេសគឺបច្ចេកវិទ្យាព័ត៌មាន។ យោងតាមក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា មានសហគ្រាសបច្ចេកវិទ្យាឌីជីថលប្រហែល ១៥០០ អង្គភាព ដែលមានប្រាក់ចំណូលពីទីផ្សារបរទេស កើនប្រមាណ ៤% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះ មានសហគ្រាស ដែលមានប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក។ Viettel Global ចំណុះសម្ព័ន្ធក្រុមហ៊ុន Viettel គឺជាឧទាហរណ៍មួយ។ ប្រាក់ចំណូលរបស់ Viettel ពីទីផ្សារបរទេសបានឈានដល់ ៣,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលសម្រេចបាន ១០៥% នៃផែនការឆ្នាំ ពោលគឺខ្ពស់បំផុតតាំងពីមុនមក។ បច្ចុប្បន្ននេះ Viettel Global កំពុងដំណើរការប្រព័ន្ធទូរគមនាគមន៍ចំនួន ១០ តាមប្រទេសចំនួន ១០ ទំហំទីផ្សារសរុបចំនួន ២៧០ លាននាក់ ជាមួយនឹងអតិថិជនជិត ១០០ លាននាក់។ Viettel Global ជាប់ចំណាត់ថ្នាក់លេខ ១ អំពីចំណែកទីផ្សារតាមទីផ្សារចំនួន ៦។ ជោគជ័យនៃសកម្មភាពវិនិយោគនៅបរទេសបានរួមចំណែកនាំ Viettel ក្លាយទៅជាពាណិជ្ជសញ្ញាទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់ Global 500 របស់ Brand Finance ។ លោក Ha The Duong អគ្គនាយករង Viettel Global មានប្រសាសន៍ថា៖
“ក្នុងចំណោមទីផ្សារទាំង ១០ Viettel នាំមុខនៅទីផ្សារចំនួន ៦ ក្នុងនោះមានប្រទេសចំនួន ៤ នៅអាស៊ី ប្រទេសចំនួន ១ នៅអាហ្វ្រិក និងប្រទេសចំនួន ១ ទៀត នៅទ្វីបអាមេរិក។ កំណើនជាមធ្យមក្នុងមួយឆ្នាំគឺជាង ២០% ខណៈពេលដែលវិស័យទូរគមនាគមន៍របស់ពិភពលោកទាំងមូលមានកំណើនពី ៣ ទៅ ៤% ពោលគឺការកើនឡើង ៥ ដងបើធៀបនឹងវិស័យគមនាគមន៍ទាំងមូលផងដែរ”។
ក្រៅពីធ្វើអាជីវកម្មលើវិស័យទូរគមនាគមន៍ Viettel Global ក៏បានផ្តោតសំខាន់លើការអភិវឌ្ឍន៍កាបូបអេឡិចត្រូនិក ហើយភាគច្រើនគឺនៅអាហ្វ្រិក និងទ្វីបអាមេរិកផងដែរ។
លើវិស័យឧស្សាហកម្មកែច្នៃ ដោយមានតម្លៃពាណិជ្ជសញ្ញា ៣ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) ត្រូវបានវាយតម្លៃថាជាក្រុមហ៊ុនដែលមានតម្លៃធំទី ៦ លើវិស័យទឹកដោះគោពិភពលោក។ ស្របជាមួយនឹងការអភិវឌ្ឍទីផ្សារក្នុងស្រុក Vinamilk បានទាញយកយ៉ាងសកម្មនូវឱកាសដើម្បីពង្រីកអាជីវកម្មនៅទីផ្សារអន្តរជាតិ តាមរយៈការវិនិយោគតាមសាខាបរទេស និងនាំចេញ។ ផលិតផលរបស់ក្រុមហ៊ុនមានវត្តមាននៅតាមប្រទេស និងដែនដីជិត ៦០ រួមទាំងទីផ្សារដែលល្បីល្បាញដោយសារភាពតឹងរឹងនៃស្តង់ដារគុណភាពផលិតផល ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ ក្នុងដំណាក់កាល ២០២២ - ២០២៦ Vinamilk បន្តជំរុញការវិនិយោគនៅសាខាបរទេសដូចជា Driftwood ( សហរដ្ឋអាមេរិក), Lao-Jagro Development (ឡាវ), Angkormilk (កម្ពុជា) និង ក្រុមហ៊ុនសាជីវកម្ម Del Monte - Vinamilk (ហ្វីលីពីន)។
Vinamilk បានចុះហត្ថលេខាលើភាពជាដៃគូជាមួយសាជីវកម្មអាហារូបត្ថម្ភឈានមុខគេ។ រូបថត៖ sggp.org.vn |
នាពេលថ្មីៗនេះ Vinamilk បានសម្រេចចិត្តសហការជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខទាំង ៦ របស់ពិភពលោកលើវិស័យអាហារូបត្ថម្ភ (ខែមេសាឆ្នាំ មុន)។ នេះគឺជាលើកដំបូងហើយដែលសហគ្រាសទឹកដោះគោវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុនអាហារូបត្ថម្ភពិភពលោកជាច្រើនក្នុងពេលតែមួយ។ លោកស្រី Mai Kieu Lien អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) មានប្រសាសន៍ថា៖
“បើមានបំណងចង់បានគុណភាពអន្តរជាតិ យើងមិនត្រឹមតែមានគ្រឿងម៉ាស៊ីន ឧបករណ៍ និងមនុស្សប៉ុណ្ណោះទេ។ កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗទាំង ៦ របស់ពិភពលោកជួយ Vinamilk និងសម្ព័ន្ធក្រុមហ៊ុនទាំងនោះបង្កើតផលិតផល ដែលមានគុណភាពអន្តរជាតិខ្ពស់ជាង ហើយមានតម្លៃសមរម្យជាងផងដែរ”។
បន្តដំណើរ "ឆ្ពោះទៅកាន់មហាសមុទ្រ" ក្រៅពីសហគ្រាសដែលទទួលបានជោគជ័យក្នុងដំណើរ “ឆ្ពោះទៅកាន់មហាសមុទ្រធំ” ដូចជា៖ Viettel, TH, FPT ឬ Vinamilk គឺនៅតែមានសហគ្រាសដែលជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយគូប្រកួតអន្តរជាតិ។
ការពិតនោះទាមទារឲ្យសហគ្រាសវៀតណាមចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់អំពីមូលដ្ឋានគតិយុត្តិ។ ទន្ទឹមនឹងនោះ មានប្រភពពត៌មានល្អៗ បង្កើនកិច្ចសហប្រតិបត្តិការ និង ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក នៅពេលវិនិយោគ និងធ្វើអាជីវកម្មក្នុងភូមិសាស្ត្រតែមួយ។ ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវពន្លឿនល្បឿនវាយតម្លៃ និងផ្តល់អាជ្ញាប័ណ្ណគលើម្រោងវិនិយោគនៅបរទេស កាត់បន្ថយបែបបទរដ្ឋបាល កែសម្រួលបែបបទស្នើសុំអាជ្ញាប័ណ្ណវិនិយោគ ជាពិសេសគឺបង្កើនតួនាទីរបស់ឯកអគ្គរដ្ឋទូត និងទីប្រឹក្សាពាណិជ្ជកម្មនៅបរទេស ដោយកំណត់នេះគឺជាស្ពានតភ្ជាប់រវាងសហគ្រាសវៀតណាម ជាមួយប្រទេសសាមី។ លើសពីនេះ រដ្ឋាភិបាលចាំបាច់ត្រូវកសាង និងបំពេញបន្ថែមគោលនយោបាយទាក់ទាញបន្ថែមទៀត ដើម្បីជំរុញសហគ្រាសបង្កើនការវិនិយោគនៅបរទេស ក៏ដូចជាបង្កើនការត្រួតពិនិត្យគុណភាពលំហូរទុនផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការដែលសហគ្រាសវៀតណាមបង្កើនការវិនិយោគនៅបរទេសបានអះអាងពីសមត្ថភាពអាជីវកម្ម គ្រប់គ្រង ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់សហគ្រាសវៀតណាម។ ទន្ទឹមនឹងនោះ រួមវិភាគទានយ៉ាងសកម្មដល់សមិទ្ធិផលកំណើន ការអភិវឌ្ឍ សមាហរណកម្មសេដ្ឋកិច្ចពិភពលោក និងជំរុញការផ្លាស់ប្តូរជាមូលដ្ឋានខឿនសេដ្ឋកិច្ចផងដែរ៕