អនាគតភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេស

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-ចក្រភពអង់គ្លេស (UKVFTA) ទើបនឹងបានចុះហត្ថលេខានិងចូលជាធរមានជាផ្លូវការចាប់ពី ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។ កិច្ចព្រមព្រៀងនេះបានគូសសញ្ញានូវការចាប់ផ្ដើម ថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដែលបាន បង្កើតឡើងកាលពី១០ឆ្នាំមុននេះ ជាពិសេសគឺក្នុងបរិបទដែលអង់គ្លេសទើប នឹងបានចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការ។

របត់នៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស

        អាចនិយាយបានថា UKVFTA ជាសមិទ្ធិផលលោតផ្លោះក្នុង ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិង ចក្រភពអង់គ្លេសក្រោយរយៈពេល៤៧ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី ក៏ដូចជាក្រោយរយៈពេល១០ឆ្នាំនៃការលើកកម្រិតទំនាក់ទំនងឡើង ភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។ ការសម្រេចបាននូវ UKVFTA គឺនៅពេលនេះ មានអត្ថន័យដ៏សំខាន់និងជាក់ស្ដែងបំផុតសម្រាប់ប្រទេសទាំងពីរ ជា ពិសេសគឺក្នុងបរិបទដែលប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមាន បំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ដើម្បីឆាប់បានស្ដារ ខឿនសេដ្ឋកិច្ចឡើងវិញ ដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺ Covid-19។ ការ សម្រេចបាន UKVFTA ក៏បានសរឲ្យឃើញនូវសារសំខាន់នៃទីផ្សារនិងឋានៈ អន្តរជាតិរបស់វៀតណាម ចំពោះចក្រភពអង់គ្លេស ដែលជាមហាអំណាច សេដ្ឋកិច្ចមួយក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំបំផុតនៃអឺរ៉ុប ផងដែរ។

        អត្ថន័យដំបូងបង្អស់នៃ UKVFTA នោះគឺការធានាឲ្យសកម្មភាពដោះ ដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអង់គ្លេសមិនរងការរអាក់រអួល ក្រោយពីអង់គ្លេសបញ្ចប់រយៈពេលអន្តរកាល Brexit នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០នោះ ឡើយ។ បន្ទាប់ពីគ្រានោះ ដោយសារអង់គ្លេសមិនមែនជាសមាជិកនៃទីផ្សារ រួម EU និងសហភាពគយ EU ទៀត ហេតុដូច្នេះ រាល់អនុគ្រោះនានា មកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) ដែលមានសុពលភាពពីថ្ងៃទី៨ ខែសីហា កន្លងទៅ នឹងមិនអាច ត្រូវបានអនុវត្តនៅទីផ្សារអង់គ្លេសបានដែរ។ អត្ថន័យសំខាន់ទី២នោះ គឺ UKVFTA នឹងជួយបង្កើនការនាំចេញទំនិញនៃប្រទេសទាំងពីរទៅកាន់ទីផ្សារ របស់គ្នាទៅវិញទៅមកឲ្យកាន់តែច្រើនឡើងៗ ហើយបង្កើតបន្ថែមភាពស្អិតរមួតនិងការរួមបញ្ចូលសេដ្ឋកិច្ចរវាងដៃគូយុទ្ធសាស្ត្រទាំងពីរនេះផងដែរ។

        ដោយសារតែលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងខឿន សេដ្ឋកិច្ចទាំងពីរ កិច្ចព្រមព្រៀង UKVFTA នឹងជួយឲ្យទំហំពាណិជ្ជកម្ម ទ្វេភាគីកើនឡើងយ៉ាងខ្លាំងក្លានាពេលខាងមុខតាមស្មារតី “ឈ្នះ-ឈ្នះ”។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង់គ្លេស លោក Tran Ngoc An បានចាត់ទុកថា៖ “នៅពេលមិនទាន់មាន FTA ទ្វេភាគីគឺ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន ចន្លោះ ១៥ដល់២០%រួចហើយ ហេតុដូច្នេះ ប្រសិនបើមាន FTA ទ្វេភាគីវិញ គឺ ទំហំពាណិជ្ជកម្មនឹងកាន់តែកើនឡើងថែមទៀត ស្របតាមផល ប្រយោជន៍សម្រាប់ភាគីទាំងពីរ។ អង់គ្លេសជាទីផ្សារបើកចំហ ខណៈពេលដែលវៀតណាមក៏ អញ្ចឹងដែរ យើងមានការបំពេញបន្ថែមនិងការឧបត្ថម្ភគ្នាទៅវិញទៅមក។ នោះគឺជា បុព្វបទដ៏អំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំងក្លាថែមទៀត”។

       កាលានុវត្តភាពសម្រាប់ពាណិជ្ជកម្មទ្វេភាគី

        UKVFTA ត្រូវបានគេសន្មត់ថា នឹងបង្កើតកាលានុវត្តភាពសម្រាប់ សហគ្រាសអង់គ្លេស ពង្រីកអាជីវកម្មនៅវៀតណាម។ ពីព្រោះថា ទោះបីជា មានទំហំនាំចេញធំទី៥លើពិភពលោកក្នុងឆ្នាំ២០១៩ក៏ដោយ ប៉ុន្តែទំនិញ របស់អង់គ្លេសនាបច្ចុប្បន្នត្រឹមតែស្រូបយកមិនដល់៣%នៃទីផ្សារនាំចូល របស់វៀតណាមប៉ុណ្ណោះ។ បណ្ដាវិស័យដែលទទួលបានផលប្រយោជន៍ច្រើនបំផុត គឺមាន ថ្នាំឱសថ គ្រឿងម៉ាស៊ីន សម្ភារៈឧបករណ៍ សារធាតុគីមី រថយន្ត ធនាគារ និងធានារ៉ាប់រង។ លោកឯកអគ្គរដ្ឋទូត Tran Ngoc An បានអះអាងថា៖ “ក្នុងនាមជាខឿនសេដ្ឋកិច្ចធំទី២នៅអឺរ៉ុបនិង ទី៥លើពិភពលោក អង់គ្លេស ក៏យកចិត្តទុកដាក់ដល់វិស័យជាច្រើននៅវៀតណាមផងដែរ។ លើសពីនេះ ទៅទៀត អង់គ្លេសក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុជួរមុខលើពិភពលោក ហេតុដូ ច្នេះ វិស័យសេវាកម្ម ហិរញ្ញវត្ថុ ធានារ៉ាប់រងគឺជាប្រៀបខ្លាំងរបស់ប្រទេសនេះ ហើយមានសហគ្រាសអង់គ្លេសជាច្រើនទទួលបានជោគជ័យក្នុងវិស័យទាំងនេះហើយ”។

        ចំពោះវៀតណាមវិញ ការលុបបំបាត់ពន្ធគយ នឹងនាំមកនូវផល ប្រយោជន៍ជាច្រើនសម្រាប់មុខទំនិញនាំចេញសំខាន់ៗដូចជា ទូរស័ព្ទឆ្លាតវៃ ផលិតផលអេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង អង្ករ កាហ្វេ កៅស៊ូ ជលផល គ្រឿងឈើនិងគ្រឿងសេរ៉ាមិច ជាដើម។ UKVFTA នឹងនាំមកនូវ ឱកាសដ៏ធំធេងសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារអង់គ្លេស។

        អាចនិយាយបានថា កិច្ចព្រមព្រៀង UKVFTA បានចូលរួមចំណែកក្នុង ការបង្កើតឡើងមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អង់គ្លេសឲ្យកាន់តែរីកចម្រើនឡើងកំពស់ថ្មីនាពេល អនាគត ក៏ដូចជាឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ