អន្តរជាតិរត់ប្រណាំងដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា
(VOVWORLD) - ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបន្តឡើងជណ្តើរក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ជាមួយនឹងសកម្មភាពយោធា និងសង្គ្រាមពាក្យសម្តីការទូតរវាងភាគីនានា ដែលបង្ខំឱ្យសហគមន៍អន្តរជាតិត្រូវរត់ប្រណាំងនឹងពេលវេលាដើម្បីដោះស្រាយជម្លោះ។
កាលពីថ្ងៃទី១២ ខែសីហា ប្រមុខរដ្ឋនៃសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ដែលអំពាវនាវឱ្យអ៊ីរ៉ង់ដកការគម្រាមកំហែងអំពីវាយប្រហារយោធាមួយលើអ៊ីស្រាអែល ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីការគាំទ្រការការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ។ ទាំងនេះត្រូវបានគេចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងការទូតចុងក្រោយដើម្បីរាំងស្កាត់មិនឲ្យជម្លោះផ្ទុះឡើង។
សាលារៀនមួយកន្លែងត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ហានិភ័យនៃជម្លោះខិតជិតមកដល់ហើយ
ទន្ទឹមនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំប្រទេសលោកខាងលិចចំនួនប្រាំមក នៅថ្ងៃទី ១២ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីថ្មីអ៊ីរ៉ង់ Masoud Pezeshkian អំពីស្ថានភាពនៅមជ្ឈិមបូព៌ា។ យោងតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជូនទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់នូវសាររបស់លោកខាងលិចអំពីតម្រូវការដើម្បីបន្ថយកំដៅនៃភាពតានតឹង និងបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខមជ្ឈិមបូព៌ាប្រសិនបើមានការផ្ទុះឡើងនូវជម្លោះទ្រង់ទ្រាយធំជាមួយអ៊ីស្រាអែល។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បណ្តាសកម្មភាពការទូត និងយោធាដ៏ឆាប់រហ័សពីប្រទេសផ្សេងៗក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បង្ហាញថា ហានិភ័យនៃជម្លោះជិតមកដល់ហើយ ហើយភាគីនានាមិនមានពេលច្រើនទេដើម្បីដោះគីប "គ្រាប់បែក" នោះទេ។ សារព័ត៌មានលោកខាងលិចកាលពីដើមសប្តាហ៍នេះក៏បានដកស្រង់ប្រភពការទូតលោកខាងលិច និងអ៊ីស្រាអែលជាច្រើនដែលឲ្យដឹងថា មេដឹកនាំអ៊ីរ៉ង់ហាក់ដូចជាបានសម្រេចចិត្តវាយប្រហារសងសឹកអ៊ីស្រាអែលបន្ទាប់ពីការធ្វើឃាតមេដឹកនាំនយោបាយនៃចលនាហាម៉ាស Ismail Haniyeh ដែលលោករូបនេះត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ទីក្រុង Tehran កាលពីថ្ងៃទី ៣១ ខែកក្កដា និងការសម្លាប់មេដឹកនាំកងកម្លាំង Hezbollah នៅលីបង់មួយថ្ងៃមុននេះ (ថ្ងៃទី ៣០ ខែកក្កដា) ដែលភាគីអ៊ីស្រាអែលបានទទួលខុសត្រូវជាផ្លូវការរួចជាស្រេច។ ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ក៏បានឲ្យដឹងថា អាមេរិកនិងអ៊ីស្រាអែលមានមតិថា ជម្លោះអាចផ្ទុះឡើងភ្លាមៗក្នុងសប្តាហ៍នេះ ហើយក្នុងពេលជាមួយគ្នានោះ បានរៀបចំសេណារីយ៉ូសម្រាប់ឆ្លើយតប៖ “ខ្ញុំចង់បញ្ជាក់ម្តងទៀតថា យើងចែករំលែកការព្រួយបារម្ភ និងការវាយតម្លៃរបស់ដៃគូអ៊ីស្រាអែលរបស់យើងអំពីពេលវេលាដែលអាចកើតមាននៃការវាយប្រហារ គឺនៅសប្តាហ៍នេះតែម្តង។ យើងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ ពិបាកក្នុងការប្រាកដក្នុងចំណុចនេះ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនដើម្បីឆ្លើយតបចំពោះលទ្ធភាពកើតមានឡើងការវាយប្រហារជាបន្តបន្ទាប់”។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby។ រូបថត៖ AP |
យោងតាមក្រុមអ្នកសង្កេតការណ៍ រាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីរាំងស្កាត់ហានិភ័យនៃការវាយប្រហារសងសឹកពីអ៊ីរ៉ង់ និងកងកម្លាំងសម្ព័ន្ធមិត្តហាក់ដូចជាបរាជ័យ ហើយគោលបំណងសំខាន់នាពេលបច្ចុប្បន្នរបស់ភាគីទាំងអស់គឺដើម្បីកាត់បន្ថយទំហំនៃការវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជារារាំងការសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដែលជាសកម្មភាពដើម្បីជៀសវាងការរុញច្រានមជ្ឈិមបូព៌ាទៅជាជម្លោះទ្រង់ទ្រាយធំ។ Ismat Mansour អ្នកជំនាញអ៊ីស្រាអែលនៅវិទ្យាស្ថានសិក្សាប៉ាឡេស្ទីនបានអធិប្បាយថា៖ “គោលដៅចម្បងរបស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្ននេះគឺដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យឡើងជណ្តើរ និងរាំងស្កាត់កុំឱ្យសង្គ្រាមកើតមានឡើង។ គ្រោះថ្នាក់ដ៏ធំបំផុតនោះគឺថា ការសងសឹកទៅវិញទៅមកអាចនាំឱ្យមានសង្គ្រាមក្នុងតំបន់ ដែលបង្កឱ្យមានផលប៉ះពាល់ជាសកល និងគំរាមកំហែងដល់ស្ថិរភាពទាំងមូលរបស់មជ្ឈិមបូព៌ា”។
ការចរចាត្រូវជាប់គាំង
ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់និងអ៊ីស្រាអែល ឱ្យកំណត់ការវាយប្រហារសងសឹកគ្នាទៅវិញទៅមក សហគមន៍អន្តរជាតិក៏កំពុងព្យាយាមជំរុញការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា ដោយចាត់ទុកថា នោះជាមូលដ្ឋានគ្រឹះដើម្បីនាំភាគីទាំងអស់អង្គុយពិភាក្សាអំពីដំណោះស្រាយនយោបាយរយៈពេលវែងសម្រាប់ហ្គាហ្សានិងតំបន់ទាំងមូល។ យោងតាមផែនការ អ្នកការទូតមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងតំណាងក្រុមហាម៉ាសនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋធានីគែររបស់អេហ្ស៊ីប ដើម្បីចរចាបន្ថែមលើបទឈប់បាញ់និងការដោះដូរចំណាប់ខ្មាំងថ្មី។ ទោះបីជាមានភាពតានតឹងនាពេលនេះក៏ដោយ ភាគីអាមេរិកបានឲ្យដឹងថា ខ្លួននៅតែរៀបចំផែនការកិច្ចប្រជុំនេះ ហើយបានអំពាវនាវឱ្យតំណាងចលនាហាម៉ាសចូលរួម។ យ៉ាងណាមិញ លោក Saad Nimr សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ Birzeit នៅ West Bank (ប៉ាឡេស្ទីន) បានចាត់ទុកថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពអ៊ីស្រាអែលបាននិងកំពុងបង្កើនការវាយប្រហារនៅតំបន់ហ្គាហ្សា ភាគខាងត្បូងលីបង់ និងស៊ីរី ក្នុងនោះមានការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី ១០ ខែសីហា ទៅលើសាលារៀនមួយ នៅហ្គាហ្សាបណ្តាលឲ្យមនុស្សចំនួន ១០០ នាក់ត្រូវស្លាប់។ យោងតាមលោក Saad Nimr ទង្វើទាំងនេះធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងការទូតសំដៅបន្ថួស្រាលភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឬបង្កើតបទឈប់បាញ់នៅតំបន់ហ្គាហ្សាកាន់តែពិបាកទៅទៀត៖ “រាល់កិច្ចខិតខំប្រឹងប្រែងការទូតនាពេលបច្ចុប្បន្នគឺផ្តោតលើការបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យកាត់បន្ថយការវាយប្រហារសងសឹករបស់ខ្លួនយ៉ាងខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល ជាថ្នូរនឹងកិច្ចព្រមព្រៀងឈប់បាញ់ពីអ៊ីស្រាអែល ពីនោះ លើកកម្ពស់កិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ប្រសិនបើអ៊ីស្រាអែលយល់ព្រម។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពពីអ៊ីស្រាអែល ក៏ដូចជាការខូចខាតដ៏ធំធេងពីការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងតំបន់ហ្គាហ្សា បង្ហាញថា មិនមានការផ្លាស់ប្តូរទេបើប្រៀបធៀបទៅនឹងកាលពីមុននោះសោះ”។
ឆ្លើយតបទៅនឹងសកម្មភាពយោធាពីអ៊ីស្រាអែល នៅថ្ងៃទី ១១ ខែសីហា ចលនាហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ខ្លួននឹងមិនចូលរួមក្នុងការចរចាថ្មីនេះទេ ដោយលើកឡើងថា ជុំចរចាបច្ចុប្បន្នគ្រាន់តែជាការបិទបាំងសម្រាប់ការកើនឡើងនៃអំពើហិង្សាប៉ុណ្ណោះ។ លើសពីនេះទៅទៀត ភាគីហាម៉ាស់ក៏បានស្នើឱ្យពិភាក្សាតែដោយផ្អែកលើសំណើរ៣ដំណាក់កាល ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដាក់ចេញ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ៣១ ឧសភា ហើយមិនពិភាក្សាលើសំណើថ្មីផ្សេងទៀតឡើយ។ ជាមួយគ្នានេះ កាលពីថ្ងៃទី១២ ខែសីហា លោក Farhan Haq អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានឲ្យដឹងថា អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារលើសាលារៀនមួយកន្លែងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី១០ ខែសីហា ដោយស្នើឱ្យភាគីទាំងអស់អនុវត្តជាបន្ទាន់នូវដំណោះស្រាយលេខ ២៧៣៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចុះថ្ងៃទី ១០ ខែមិថុនា ក្នុងនោះផ្តោតលើការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា៕