អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សំដៅអនុវត្តន៍ជាក់ស្ដែងបំណងប្រាថ្នាអំពីប្រជាជាតិខ្លាំងមាំមួន
(VOVWORLD) - នាបច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចឌីជីថលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅលើពិភពលោក ដែលឆ្លុះបញ្ចាំងអំពីបរិមាណទិន្នន័យដ៏ធំធេងដែលត្រូវបានដាក់បញ្ជូលនៅលើប្រព័ន្ធអ៊ីនធឺណិតសកល ក្នុងនោះមានប្រទេសវៀតណាមផងដែរ។
(រូបថត៖ VNA) |
ទន្ទឹមនឹងនេះ ជំងឺរាតត្បាតកូវីដ ១៩ បានបង្កទាំងសម្ពាធ និងបង្កើតកម្លាំងចលករជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលយ៉ាងខ្លាំងក្លានៅវៀតណាមទាំងល្បឿន និងវិសាលភាព ដោយបង្កើតឱកាសសម្រាប់សហគ្រាសក្នុងការស្វែងរកទិសដៅថ្មី និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាង។ កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្ដូរឌីជីថលនៅវៀតណាមយ៉ាងខ្លាំងក្លាកំពុងរួមចំណែកអនុវត្តន៍ជាក់ស្ដែងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងមាំមួនផងដែរ។
ទំហំនៃទីផ្សារ IoT (Internet of Things) សកលលោកក្នុងឆ្នាំ ២០២០ សម្រេចបានទឹកប្រាក់ចំនួន ៣០៨,៩៧ ពាន់លានដុល្លរអាមេរិក។ តួរលេខនេះបានកើនឡើង ៣៨១,៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២១ និងគ្រោងនឹងកើនឡើង ១ ៨៥០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៨ ហើយកំណើនប្រចាំឆ្នាំនឹងសម្រេចបាន ២៥,៤% ក្នុងដំណាក់កាល ២០២១-២០២៨។ នៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់មានចំនួនប្រជាជនប្រមាណ ៦៧០ លាននាក់នោះសេដ្ឋកិច្ចអ៊ីនធឺណែតត្រូវបាន ព្យាករណ៍ថានឹងសម្រេចបានទឹកប្រាក់ចំនួន ១ លានលានដុល្លារអាមេរិកនាឆ្នាំ ២០៣០ ក្រោយពេលមានមនុស្សចំនួន ៦០ លាននាក់ថែមទៀតបានប្រើប្រាស់អ៊ីនធឺណេតចាប់តាំងពីពេលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង ដោយនាំចំនួនមនុស្សសរុបដែលកំពុងប្រើប្រាស់អ៊ីនធឺណិតឡើង ៤៤០ លាននាក់។ តួរលេខទាំងនេះបានសរឲ្យឃើញថាសេដ្ឋកិច្ចឌីជីថលលែងជានិយមន័យអរូបីទៀតហើយ ពោលគឺមានលក្ខណៈរស់រវើកនៅក្នុងតំបន់ និងនៅលើពិភពលោកក្នុងនោះមានវៀតណាមផងដែរ។
ទទួលយកឱកាសនោះ តាមស្មារតីនៃសេចក្ដីសម្រេចចិត្តលេខ ៥២-NQ/TW ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៩ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមស្តីពីគោលការណ៍និងគោលនយោបាយមួយចំនួនក្នុងការចូលរួមបដិវត្តន៍៤.០ ដោយម្ចាស់ការ។ ទន្ទឹមនឹងនេះ នាថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រីបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ៧៤៩ /QD-TTg ដោយបានអនុម័តលើ "កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០" ។ កម្មវិធីនេះបានបង្កើតមូលដ្ឋានគ្រឹះដើម្បីរៀបចំបណ្ដាកម្មវិធី ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ដោយផ្អែកលើស្ថានភាពជាក់លាក់ ក្រសួង ស្ថាប័ន និងខេត្ត ក្រុង អង្គភាព និងសហគ្រាសនានាបានសម្រេចចិត្តរៀបចំគម្រោង កម្មវិធីយុទ្ធសាស្ត្រ ស្ដីពីការផ្លាស់ប្ដូរឌីជីថលនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ខ្លឹមសារនៃការផ្លាស់ប្តូរឌីជីថលជាតិត្រូវបានឃ្លាំមើល វាយតម្លៃប្រចាំឆ្នាំ និងរយៈពេល ៥ ឆ្នាំម្ដង។
ចាប់តាំងពីឆ្នាំ ២០២០ មក ជំងឺរាតត្បាតកូវីដ ១៩ បានបង្កទាំងសម្ពាធ និងបង្កើតកម្លាំងចលករជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលយ៉ាងខ្លាំងក្លា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅវៀតណាមទាំងល្បឿន និងវិសាលភាព ដោយបានបង្កើតឱកាសសម្រាប់សហគ្រាសក្នុងការស្វែងរកទិសដៅថ្មី និងប្រតិបត្តិការរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពជាង។ ជាពិសេស ក្នុងឆ្នាំ ២០២១ ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានចាត់ទុកថាជា"កម្លាំងចលកររាប់រយឆ្នាំ" សម្រាប់ការផ្លាស់ប្តូរឌីជីថលចំពោះផ្នែកព័ត៌មាន និងផ្សព្វផ្សាយ។
យោងតាមតួរលេខស្ថិតិបានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ វៀតណាមមានសហគ្រាសបច្ចេកវិទ្យាឌីជីថលចំនួន ៦៤ ០០០ អង្គភាព ពោលគឺកើនឡើង ៥៦០០ អង្គភាពបើប្រៀបធៀបនឹងឆ្នាំ ២០២០។ សហគ្រាសបច្ចេកវិទ្យាឌីជីថលជាច្រើនបានប្តូរទៅជាផលិតកម្មផលិតផលបច្ចេកវិទ្យា ៤.០។ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានប្រកាសមូលដ្ឋានឌីជីថល “Make in Vietnam” ចំនួន ៣៤។ ក្នុងស្មារតី “Make in Vietnam” នោះ សហគ្រាសនានាបានឈានឡើងផលិតកម្ម បង្កើតផលិតផល មូលដ្ឋានបច្ចេកវិទ្យាផ្លាស់ប្ដូរឌីជីថលក្នុងប្រទេស។ ក្នុងឆ្នាំ ២០២១ ប្រាក់ចំណូលនៃផ្នែកព័ត៌មាន និងផ្សព្វផ្សាយសម្រេចបានទឹកប្រាក់ចំនួន ៣ ៤៦២ ១៧០ ពាន់លានដុង កើនឡើង ៩% បើធៀបនឹងឆ្នាំ ២០២០ ហើយសម្រេចបាន ១០០% នៃផែនការដែលបានដាក់ចេញ។
បំប៉ន និងលើកកំពស់គុណភាពធនធានមនុស្ស ដើម្បីទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម (រូបថត៖ thobaotaichinhvietnam.vn) |
គោលការណ៍កសាងខឿនសេដ្ឋកិច្ចឌីជីថល គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី ដើម្បីបំពេញភារកិច្ចផ្លាស់ប្ដូរឌីជីថលជាតិរបស់វៀតណាម រួមមានការកសាងរដ្ឋាភិបាលឌីជីថល ខឿនសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីល។ ប្រការនេះបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣។ កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ យុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរបស់វៀតណាម សុទ្ធតែបានកំណត់បទដ្ឋានចំនួន ៥៣ ដល់ឆ្នាំ ២០២៥។ ក្នុងនោះ នាឆ្នាំ ២០២២ មានបទដ្ឋានចំនួន ១៨ រួមមាន៖ ប្រជាជនទាំងមូលមាន ស្មាតហ្វូន និងបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតអុបទិក; អនុវត្តន៍អត្តសញ្ញាណឌីជីថលសម្រាប់ប្រជាជនទាំងមូល; អនុវត្តន៍ ព័ត៌មានអីនធឺណិតសុវត្ថិភាពដល់ប្រជាជនទាំងមូល; អនុវត្តន៍សំណុំឯកសារសុខាភិបាលអេឡិចត្រូនិចដល់ប្រជាជនទាំងមូល; អនុវត្តន៍ការបង្រៀនតាមអ៊ីនធឺណិត; អនុវត្តន៍ការផ្លាស់ប្ដូរឌីជីថលក្នុងសហគ្រាសធុនតូច និងមធ្យម; អនុវត្តន៍វិក័យប័ត្រអេឡិចត្រូនិច; ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់បដ្ដូរឌីជីថល និងផ្សព្វផ្សាយជំនាញឌីជីថល; ជំរុញការអនុវត្តន៍គ្រប់មធ្យោបាយទូទាត់ឌីជីថល; ជំរុញពាណិជ្ជកម្មអេឡិចត្រូនិក។ ទាំងនេះគឺជាមូលដ្ឋានដ៏សំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅវៀតណាមផងដែរ៕