អស្ថិរភាពនយោបាយបានរុញច្រានប្រទេសបង់ក្លាដែសឲ្យធ្លាក់ចូលក្នុងអនាគតមិនច្បាស់លាស់

(VOVWORLD) -  នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី៥ ខែសីហា ហើយបានឡើងយន្តហោះចាកចេញពីប្រទេសនៅចំពោះមុខសម្ពាធពីបាតុកម្មដោយហិង្សាយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។ រឿងហេតុនេះ បានរុញច្រានឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះធ្លាក់ចូលទៅក្នុងអនាគតថ្មីដែលពោរពេញទៅដោយអសន្តិសុខនិងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។

អស្ថិរភាពនយោបាយបានរុញច្រានប្រទេសបង់ក្លាដែសឲ្យធ្លាក់ចូលក្នុងអនាគតមិនច្បាស់លាស់ - ảnh 1ក្រុមបាតុករទាមទារឲ្យនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina លាលែងពីតំណែងនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ (រូបថត៖ AP)

រលកបាតុកម្មបានចាប់ផ្តើមនៅក្នុងប្រទេសបង់ក្លាដែស នាដើមខែកក្កដា នៅពេលដែលរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានប្រកាសពីគោលនយោបាយបែងចែកកូតាមន្ត្រីរដ្ឋការ។ បាតុកម្មដោយអំពើហិង្សាឡើងជណ្តើរ បណ្តាលឲ្យមនុស្ស ជាង ៣០០ នាក់ត្រូវស្លាប់ក្នុងរយៈពេលជាងមួយខែ  ហើយបង្ខំឱ្យលោកស្រី Sheikh Hasina លាលែងពីតំណែង និងចាកចេញពីប្រទេស។

គោលនយោបាយចម្រូងចម្រាស

យោងតាមគោលនយោបាយបែងចែកកូតាមន្ត្រីរដ្ឋការ ដែលបានចាប់ផ្តើមនៅចុងខែមិថុនា រដ្ឋាភិបាលបង់ក្លាដែសបានបែងចែកចំនួនកូតាជ្រើសរើសបុគ្គលិកប្រចាំឆ្នាំជាងពាក់កណ្តាល ទៅឱ្យក្រុមពិសេស ដែលក្នុងនោះប្រហែល ៣០% គឺសម្រាប់កូនរបស់អតីតយុទ្ធជនក្នុងសម័យតស៊ូប្រយុទ្ធរំដោះជាតិចេញពីប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ ១៩៧១។ យោងតាមសាស្រ្តាចារ្យស្រាវជ្រាវនិងអភិវឌ្ឍន៍ Rashed Al Mahmud Titumir នៃសាកលវិទ្យាល័យ Dhakar (បង់ក្លាដែស) គោលនយោបាយនេះត្រូវបាននាំចេញក្នុងអំឡុងពេលមិនសមហេតុផល នៅពេលដែល ស្ថានភាពអត់ការងារធ្វើក្នុងចំណោមយុវជនបង់ក្លាដែសកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានប្រជាជនបង់ក្លាដែសជិត ២០% ដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំ គ្មានការងារធ្វើ ឬមិនបានទៅសាលារៀន។ លើសពីនេះ ជារៀងរាល់ឆ្នាំ បង់ក្លាដែសមានពលករជិត ២លាននាក់ ចូលរួមទីផ្សារការងារ ហើយអត្រា ក្លាយជាមន្ត្រីរដ្ឋការគឺស្ថិតក្នុងអាត្រា ១/១០០ កាលពីឆ្នាំមុន នៅពេលដែលបេក្ខជនចំនួន ៣៤៦.០០០ នាក់បានដាក់ពាក្យសូមប្រឡងចូលក្របខ័ណ្ឌមន្ត្រីរដ្ឋការចំនួន ៣.៣០០កន្លែង។  ដូច្នេះហើយ គោលនយោបាយកូតាមន្ត្រីរដ្ឋការ ភ្លាមៗបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងសង្គមបង់ក្លាដែស ហើយត្រូវក្រុមនិស្សិត និងយុវជន ប្រឆាំងជំទាស់យ៉ាងខ្លាំង ព្រោះពួកគេចាត់ទុកថា អយុត្តិធម៌ និងមានការរើសអើង។

អស្ថិរភាពនយោបាយបានរុញច្រានប្រទេសបង់ក្លាដែសឲ្យធ្លាក់ចូលក្នុងអនាគតមិនច្បាស់លាស់ - ảnh 2Nahid Islam មេដឹកនាំម្នាក់នៃអង្គការនិស្សិតប្រឆាំងការរើសអើង ត្រូវបានដោះលេងថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ (រូបថត៖ AFP/Munir Uz Zaman)

រហូតដល់ថ្ងៃទី ២១ ខែកក្កដា តុលាការកំពូលបង់ក្លាដែសបានសម្រេច កែសម្រួលគោលនយោបាយនេះ ដោយកាត់បន្ថយកូតាជ្រើសរើសសម្រាប់កូនចៅអតីតយុទ្ធជនពី ៣០% ចុះត្រឹម ៥%។ លើសពីនេះ តុលាការក៏តម្រូវឱ្យ ៩៣% នៃការជ្រើសរើស ត្រូវផ្អែកលើការវាយតម្លៃសមត្ថភាពជំនួសឱ្យសាវតា ហើយចំនួន ២% នៃកូតាដែលនៅសល់នឹងសម្រាប់ជនពិការ ជនជាតិភាគតិច និងមនុស្សកែភេទ។ បើទោះជាសាលក្រមរបស់តុលាការកំពូលបង់ក្លាដែសក៏ដោយ ក៏បាតុកម្មដឹកនាំដោយចលនានិស្សិតនៅតែមិនស្ងប់ឡើយ ខណៈដែលក្រុមបាតុករងាកទៅទាមទារឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែង។ បាតុកម្មបានកើនឡើងយ៉ាងឆាប់រហ័សទៅជាជម្លោះហិង្សារវាងក្រុមប្រឆាំង និងក្រុមគាំទ្រនាយករដ្ឋមន្ត្រី Sheikh Hasina ព្រមទាំងរវាងក្រុមបាតុករ និងកម្លាំងសន្តិសុខ។ ចំបើងចុងក្រោយបានឆាបឆេះនៅថ្ងៃទី ៤ ខែសីហានៅពេលដែលមនុស្ស ៩៤ នាក់បានស្លាប់នៅក្នុងកុបកម្មរួមទាំងមន្រ្តីប៉ូលីស ១៤ នាក់បានបង្ខំឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina ប្រកាសលាលែងពីតំណែងបន្ទាប់ពីកាន់អំណាច ១៥ ឆ្នាំហើយចាកចេញពីប្រទេស។

ដើម្បីរក្សាសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងបញ្ចប់រលកអំពើហឹង្សា មេបញ្ជាការកងទ័ពបង់ក្លាដែស ឧត្តមសេនីយ៍ Waker-Uz-Zaman បានប្រកាសថា កងទ័ពនឹងគ្រប់គ្រងប្រទេសជាបណ្តោះអាសន្នក្នុងអំឡុងពេលបង្កើតរដ្ឋាភិបាលអន្តរកាល។ នៅក្នុងសេចក្តីថ្លែងមួយកាលពីថ្ងៃទី ៥ ខែសីហា លោក Waker-Uz-Zaman បានឲ្យដឹងថា លោកបានពិភាក្សាជាមួយភាគីទាំងអស់ក្នុងប្រទេសបង់ក្លាដែសអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ហើយបានអំពាវនាវឱ្យប្រជាជនបង់ក្លាដែសជឿជាក់លើកងទ័ព ដើម្បីបង្កើតឡើងវិញនូវសណ្តាប់ធ្នាប់នៅក្នុងប្រទេស៖

“សូមរក្សាជំនឿ និងជឿជាក់លើយោធា។ ខ្ញុំទទួលយកការទទួលខុសត្រូវ និងសន្យាការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ យើងនឹងបំពេញតាមការទាមទាររបស់ប្រជាជន និងនាំសន្តិភាព និងសុខដុមរមនាមកប្រទេសជាតិវិញ។ ខ្ញុំសុំឲ្យអ្នករាល់គ្នា បញ្ឈប់រាល់អំពើហិង្សា ការបំផ្លិចបំផ្លាញ និងបាតុកម្ម”។

អនាគតមិនប្រាកដប្រជា

ដើម្បីឱ្យប្រទេសនេះវិលទៅរកភាពប្រក្រតីវិញបានឆាប់ៗ កងទ័ពបង់ក្លាដែសបានឲ្យដឹងថា បម្រាមគោចរដែលបានដាក់ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដើម្បីទប់ស្កាត់បាតុកម្ម ត្រូវបានដកចេញជាផ្លូវការនៅព្រឹកថ្ងៃទី ៦ ខែសីហា ម៉ោងក្នុងតំបន់។ ការិយាល័យ រោងចក្រ សាលារៀន... បើកដំណើរការវិញហើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បានវាយតម្លៃថា ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីរក្សាស្ថិរភាពសណ្តាប់ធ្នាប់របស់ប្រទេស បន្ទាប់មកកសាងដំណើការផ្ទេរអំណាចជាផ្លូវការតាមបែបប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសបង់ក្លាដែសក្នុងបរិបទនយោបាយមិនច្បាស់លាស់នាពេលបច្ចុប្បន្ននេះ។ ឥឡូវនេះ យោធាបង់ក្លាដែសមិនទាន់បានប្រកាសច្បាស់ពីចេតនារបស់ខ្លួនក្នុងការបន្តកាន់តំណែងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ននោះទេ ខណៈដែលកម្លាំងនិស្សិតដែលជាស្នូលនៃរលកបាតុកម្ម នាពេលថ្មីៗនេះបានប្រកាសថា ខ្លួនចង់កាន់តួនាទីសំខាន់នៅក្នុងរដ្ឋាភិបាលថ្មី។ Nahid Islam អ្នកសម្របសម្រួលនៃចលនានិស្សិតប្រឆាំងការរើសអើងបាននិយាយថា៖ “យើងនឹងដាក់សំណើលើការបង្កើតរដ្ឋាភិបាលរួបរួមជាតិបណ្ដោះអាសន្នមួយក្នុងពេលឆាប់ៗនេះ។ និស្សិត និងអ្នកធ្វើបាតុកម្មនាពេលថ្មីៗនេះ នឹងមានតួនាទីក្នុងរដ្ឋាភិបាលបណ្ដោះអាសន្ន ដូចនឹងតំណាងរបស់សង្គមស៊ីវិល និងអង្គការវិជ្ជាជីវៈដែរ។ យើងនឹងលើកសំណើរបុគ្គលិក និងទិសដៅរបស់រដ្ឋាភិបាលបណ្តោះអាសន្ន”។

ក្នុងពេលជាមួយគ្នានេះ អស្ថិរភាពនយោបាយនៅបង់ក្លាដែស កំពុងតែបង្កការព្រួយបារម្ភដល់សហគមន៍អន្តរជាតិ។ នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៦ ខែសីហា ធនាគារពិភពលោក (WB) បានឲ្យដឹងថា ខ្លួននឹងវាយតម្លៃពីផលប៉ះពាល់នៃចលាចលនយោបាយនាពេលថ្មីៗនេះនៅក្នុងប្រទេសបង់ក្លាដែសលើកម្មវិធីផ្តល់ប្រាក់កម្ចីរបស់ WB នៅក្នុងប្រទេស។ កាលពីខែមិថុនា ធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីថ្មីចំនួន ៩០០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសបង់ក្លាដែសបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍគោលនយោបាយពន្ធដារ និងហិរញ្ញវត្ថុ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះការប្រែប្រួលអាកាសធាតុ។ ជាសរុបក្នុងឆ្នាំសារពើពន្ធ ២០២៤ (បញ្ចប់ថ្ងៃទី ៣០ខែមិថុនា) WB បានផ្តល់ប្រាក់កម្ចីចំនួន ២,៨៥ ពាន់លានដុល្លារដល់ប្រទេសបង់ក្លាដែស។ ការដែល WB ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ធ្វើការកែសម្រួលគោលនយោបាយ អាចប៉ះពាល់ដល់ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ទោះបីជាមានមតិយោបល់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅដើមឆ្នាំនេះ ឬធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សុទ្ធតែបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែសនឹងកើនឡើងជាវិជ្ជមានក៏ដោយ ពោលគឺកើនឡើងប្រហែល ៦,១% នៅឆ្នាំនេះ និង៦,៥% នៅឆ្នាំក្រោយ។

អស្ថិរភាពនៅបង់ក្លាដែសក៏បង្កើនភាពតានតឹងផ្នែកសន្តិសុខនៅអាស៊ីខាងត្បូងដែរ។ បច្ចុប្បន្ន ឥណ្ឌាបានបង្កើនចំនួនយោធានៅជុំវិញព្រំដែនជាប់បង់ក្លាដែស ហើយបានដាក់អង្គភាពយោធាក្នុងស្ថានភាពអាសន្ន ខ្ពស់។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសបង់ក្លាដែសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ