អាស៊ានអះអាងនូវតួនាទីជាមជ្ឈភាពក្នុងពិភពលោកមួយ ដែលមានកាប្រែប្រួល
(VOVWORLD) - អស់រយៈពេលជាង ៥០ ឆ្នាំកន្លងទៅ អាស៊ានគឺជាគំរូមួយ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប្រកបដោយជោគជ័យ។ ពីតំបន់ក្រីក្រមានការបែងចែកគ្នា ក្លាយទៅជាតំបន់សាមគ្គីភាព ឯកភាពមួយ ជាមួយនឹងទីផ្សាររួម សហគមន៍អភិវឌ្ឍន៍ដ៏សស្រាក់សស្រាំ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ាន ២០២០ បានធ្វើជាប្រធានសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ hanoimoi.vn) |
កម្លាំងពលំរបស់អាស៊ានស្ថិតនៅលើគុណតម្លៃស្នូល ពោលគឺអាស៊ានជានិច្ចកាលបានចែករំលែកចក្ខុវិស័យរួម ការត្រេះរិះ និងសកម្មភាពសហគមន៍ រក្សាយ៉ាងរឹងមាំតួនាទីជាមជ្ឈភាពរបស់ខ្លួនក្នុងគ្រប់ស្ថានភាព។ ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ អាស៊ានបានបន្តអះអាងនូវឋានៈរបស់ខ្លួនក្នុងស្ថានភាព ដែលពិភពលោកមានការវិវឌ្ឍជាច្រើន។
ការត្រិះរិះ និងការធ្វើសកម្មភាពសហគមន៍
ពិភពលោកកំពុងជំនះពុះពារ ដើម្បីចាកផុតពីវិបត្តិសកលលោក ដែលមិនធ្លាប់មានតាំងពីមុនមក។ មូលហេតុគឺមកពីជំងឺរាតត្បាត COVID – 19 ដែលកំពុងឆ្លងរាលដាលនៅលើពិភពលោក ហើយគំរាមកំហែងដល់ការរស់រានមានជីវិតរបស់មនុស្សម្នាក់ៗ សហគមន៍នីមួយៗ និងអនាគតរបស់មនុស្សជាតិ។ រួមជាមួយយន្ដការក្នុងតំបន់ និងពិភពលោក អាស៊ានបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ។ ប្រទេសជាសមាជិកអាស៊ានបានសាមគ្គីគ្នា រួមគ្នាចាកផុតពីជំងឺរាតត្បាតសកល។ ស្មារតីជួយគ្នាទៅវិញទៅមក យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគ្នា បង្កលក្ខណៈងាយស្រួល ជួយពលរដ្ឋរបស់គ្នាទៅវិញទៅមក បានសរឲ្យឃើញនូវសាមគ្គីភាពរបស់អាស៊ាន ក្នុងគ្រាដ៏លំបាកបំផុត។
អាស៊ានបានបង្ហាញសមត្ថភាពប្រតិកម្មយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ចំពោះជំងឺរាតត្បាតសកល ក៏ដូចជាសមត្ថភាពតភ្ជាប់គ្នាក្នុងការសម្របសម្រួលគោលនយោបាយ និងការធ្វើសកម្មភាពរវាងបណ្ដាប្រទេសជាសមាជិក។ អាស៊ានបានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការឆ្លើយតបរួមរបស់អាស៊ានចំពោះជំងឺរាតត្បាត COVID – 19 ព្រមទាំងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់ៗ លើគ្រប់វិស័យ សំដៅធានាការសម្របសម្រួលគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះអាស៊ានក៏បានរៀបចំកិច្ចប្រជុំជាច្រើនជាមួយប្រទេសដៃគូសន្ទនា ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ជួយឧបត្ថម្ភគ្នា ឆ្លើយតបនឹងជំងឺរាតត្បាត។ ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាមលោក Viteslav Grepl បានវាយតម្លៃ៖
“ខ្ញុំគិតថា ប្រធានបទនៃឆ្នាំ អាស៊ាន ២០២០ គឺ ភាពស្អិតរមួត និងការឆ្លើយតប ត្រូវបានអនុវត្តន៍យ៉ាងល្អប្រសើរ។ បណ្ដាប្រទេសជាសមាជិកអាស៊ានបានប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ប្រកបដោយជោគជ័យ ក្រោមតួនាទីជាប្រធានអាស៊ានរបស់វៀតណាម។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ាន នឹងកាន់តែសាមគ្គីគ្នាថែមទៀត ហើយកិច្ចសហប្រតិបត្តិការរបស់អាស៊ាន នឹងកាន់តែទទួលបានជោគជ័យថែមទៀតផងដែរ“។
បន្តចូលរួមវិភាគទាន ដើម្បីធានាការធ្វើសមាហរណកម្ម អភិវឌ្ឍន៍ និងវិបុលភាព ក្រោយពីជំងឺរាតត្បាត
ពិតណាស់ថា តាមរយៈជំងឺរាតត្បាតនេះ ការត្រិះរិះរបស់សហគមន៍ និងការធ្វើសកម្មភាពរបស់សហគមន៍កាន់តែបញ្ជាក់នូវសារៈសំខាន់។ នេះគឺជាការទទួលខុសត្រូវរួម តួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការចូលរួមចំណែកក្នុងការធានាពិភពលោក និងតំបន់បន្តធ្វើសមាហរណកម្ម អភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងរឹងមាំថែមទៀត។
ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ក្រៅពីជំងឺរាតត្បាត អាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។ នោះគឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើវិស័យសេដ្ឋកិច្ច នយោបាយ យុគសម័យឌីជីថល លទ្ធិប្រជាជននិយម ការគាំពារ ពិសេសការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច។ អាស៊ានគឺជាតំបន់ដែលមានភាពប្រកួតប្រជែងដ៏ស្មុគស្មាញបំផុត បានជាអាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ ដើម្បីទទួលបានជោគជ័យ ដូចក្នុងដំណាក់កាល ៥០ ឆ្នាំកន្លងទៅ។ ឯកអគ្គរដ្ឋទូត ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋានអាស៊ានលោកស្រី Nguyen Nguyet Nga បានចាត់ទុកថា៖
“ខ្ញុំគិតថា អាស៊ានចាំបាច់ត្រូវអះអាងនូវអត្តសញ្ញាណអាស៊ាន។ នាបច្ចុប្បន្ននេះ យើងត្រូវក្លាយទៅជាសហគមន៍តែមួយ ដែលត្រូវមានអត្តសញ្ញាណរួម ដែលក្នុងនោះមានការតភ្ជាប់គ្នា ជឿទុកចិត្តលើគ្នាទៅវិញទៅមកអំពីយុទ្ធសាស្ត្ររយៈពេលវែង។ អាស៊ានត្រូវបញ្ជាក់នូវតួនាទីជាមជ្ឈភាពរបស់ខ្លួនក្នុងស្ថានភាពថ្មីផងដែរ“។
ក្នុងប្រវត្តិសាស្ត្រជាង ៥ ទសវត្សនៃការបង្កើតនិងអភិវឌ្ឍន៍ នោះ ក្រោយពីការលំបាកនិងបញ្ហាប្រឈមនីមួយៗ អាស៊ានកាន់តែមានភាពរឹងមាំជាងមុន។ បច្ចុប្បន្ននេះ គឺជាពេលវេលា ដែលអាស៊ានបន្តពង្រីកប្រពៃណីដ៏ថ្លៃថ្លានេះ ក៏ដូចជាបង្ហាញពីបេសកកម្មរបស់ខ្លួន ពោលគឺនាំអាស៊ានឆ្ពោះទៅដំណាក់កាលបន្តផងដែរ៕