(VOVWORLD) - ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវនឹងអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភព
លោក (WEF Davos ២០២៤) នៅប្រទេសស្វីស ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីបន្តអះអាងនូវការរួមវិភាគទានប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពរបស់វៀតណាមចំពោះសន្តិភាព ការអភិវឌ្ឍ និងបញ្ហាដែលជាកង្វល់សកលរួម។
សន្និសីទ WEF Davos លើកទី ៥៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ក្រោមប្រធានបទ "ស្ថាបនាទំនុកចិត្តឡើងវិញ"។ នេះគឺជាសន្និសីទ WEF Davos ដោយមានទ្រង់ទ្រាយធំបំផុតក្រោយពីជំងឺរាតត្បាត COVID-១៩។
ពេលវេលាដើម្បីផ្សព្វផ្សាយប្រទេសជាតិ និងទាក់ទាញធនធាន
ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជិត ១០០ រូបនៃបណ្ដាប្រទេសនិងអង្គការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសសកលប្រមាណ ៣០០០ នាក់ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានវាយតម្លៃថា៖
“សន្និសិទឆ្នាំនេះពិតជាព្រឹត្តិការណ៍ដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ដើម្បីចែករំលែកគំនិត និងពិភាក្សាពហុវិមាត្រអំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក និន្នាការថ្មី និងចក្ខុវិស័យអភិវឌ្ឍន៍សកល; ដើម្បីជំរុញ និងតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងទៀតរវាងបណ្ដាប្រទេសនិងសហគ្រាស; ទន្ទឹមនឹងនោះ កៀរគរកម្លាំងសរុបជាសកល ជាពិសេសកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីបង្កើតកម្លាំងចលករកំណើនថ្មី ដោះស្រាយបញ្ហាប្រឈមរួមក្នុងបរិបទនៃការលំបាក ហានិភ័យ និងភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន”។
ជាមួយនឹងទ្រង់ទ្រាយនិងអត្ថន័យនៃសន្និសីទយ៉ាងដូច្នេះ ការចូលរួមរបស់នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh នៅក្នុងសន្និសីទ WEF Davos ឆ្នាំនេះមានអត្ថន័យសំខាន់លើទិដ្ឋភាពជាច្រើន។ តាមលោកស្រី Nguyen Minh Hang នេះជាឱកាសដើម្បីចាប់យកនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក។ ពីនោះទាក់ទាញធនធានអតិបរមាបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
“ក្នុងបរិបទនាប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសយើងសម្រេចបានសមិទ្ធិផលលេចធ្លោក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតបាននូវប្រៀបកិច្ចការបរទេសអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍ។ ដូច្នេះនេះជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីឲ្យយើងចែករំលែក ជូនដំណឹង និងផ្សព្វផ្សាយសមិទ្ធិផល ទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ គោលជំហរ គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងបញ្ចេញសារដ៏ខ្លាំងក្លាអំពីប្រទេសវៀតណាមប្រកបដោយភាពស្វាហាប់ នវានុវត្តភាព ជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សម្ព័ន្ធក្រុមហ៊ុនសកល។ ពីនោះ ប្រែក្លាយបរិយាកាសកិច្ចការបរទេសអំណោយផលរបស់វៀតណាមនាបច្ចុប្បន្នទៅជាលទ្ធផលសហប្រតិបត្តិការសេដ្ឋកិច្ច គម្រោងវិនិយោគជាក់ស្តែង បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”។
វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិ។
(រូបថត៖ បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ) |
ការរួមវិភាគទានប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព និងការអភិវឌ្ឍ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh គ្រោងនឹងមានសកម្មភាពជាបន្តបន្ទាប់នៅថ្ងៃទី ១៦ និង ១៧ ខែមករានៅទីក្រុង Davos។ ប្រមុខរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាសំខាន់ៗ ក្នុងនោះមានសម័យប្រជុំពិសេសមួយចំនួនសម្រាប់វៀតណាម; ធ្វើជាប្រធានកិច្ចពិភាក្សាជាច្រើនជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេ។ ការដែលវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូទាំង ៩ ដែល WEF ស្នើសម្របសម្រួលរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិជាមួយ WEF និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំទាំង ៨ នៃបណ្តាប្រទេសដែលមានសម័យសន្ទនាដាច់ដោយឡែកជាមួយ WEF នោះ បានបង្ហាញពីការយកចិត្តទុកដាក់ ការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់ WEF ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ចំពោះតួនាទី ឋានៈអន្តរជាតិ សមិទ្ធផល និងចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាម។
នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងស្នើដំណោះស្រាយដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិ កសាងទំនុកចិត្តឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស រវាងរដ្ឋាភិបាល ជាមួយអង្គភាពអាជីវកម្ម និងដៃគូ ដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស។ លោកនាយករដ្ឋមន្ត្រីក៏នឹងបន្តសង្កត់ធ្ងន់ទៅលើការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា ជាពិសេសលើវិស័យដែលវៀតណាមមានប្រៀបខ្លាំងដូចជា៖ សន្តិសុខស្បៀងអាហារ កសិកម្មឆ្លាតវៃ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌...; ចែករំលែកការត្រៀមខ្លួនរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគ ជាពិសេសលើវិស័យអាទិភាពដូចជា បច្ចេកវិជ្ជាខ្ពស់ បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល សេដ្ឋកិច្ចវិលជុំ ... អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Minh Hang បានចាត់ទុកថា៖
“ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីនៅសន្និសីទ រួមជាមួយនឹងការចែករំលែក ការវាយតម្លៃ និងសំណើរបស់លោកនាយករដ្ឋមន្ត្រីអំពីស្ថានភាព ទស្សនៈ និងគំនិតអភិវឌ្ឍន៍កម្រិតសកលលោក ដំណោះស្រាយជំរុញកំណើន និងដោះស្រាយបញ្ហាប្រឈមដែលកំពុងលេចចេញ នឹងបន្តអះអាងនូវការរួមចំណែកប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពរបស់វៀតណាមចំពោះ សន្តិភាព ការអភិវឌ្ឍ និងបញ្ហាជាក្តីកង្វល់រួម តាមនោះលើកកម្ពស់ឋានៈ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ជាពិសេសចំពោះសហគមន៍ធុរកិច្ចសកល”។
ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើននៅទីក្រុង Davos សន្និសីទក៏ជាឱកាសដើម្បីវៀតណាមបង្កើនការផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការជាមួយស្វីស និងដៃគូ អង្គការអន្តរជាតិនានា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគបន្ត បន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ប្រកបដោយប្រសិទ្ធភាព៕