ឱកាសធំដើម្បីស្ដារស្ថិរភាពទីផ្សារប្រេងរ៉ែពិភពលោក

(VOVWORLD) -  ក្រោយពីកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ភាគីទាក់ទិននានា កាលពីថ្ងៃទី១២ មេសា កន្លងទៅ អង្គការ ប្រទេសនាំចេញប្រេង(OPEC) និងប្រទេសផលិតប្រេងធំៗ (ហៅកាត់ថា OPEC+) បានសម្រេចកិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយទិន្នផលប្រេងឆៅដោយទ្រង់ទ្រាយធំតាមនោះបើកយថាទស្សន៍ថ្មីអំពីការស្ដារតម្លៃនិងស្ថិរភាពទីផ្សារ “មាសខ្មៅ” ពិភពលោកឡើងវិញ។

ឱកាសធំដើម្បីស្ដារស្ថិរភាពទីផ្សារប្រេងរ៉ែពិភពលោក - ảnh 1រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត Abdulaziz bin Salman Al-Saud ធ្វើជាប្រធានសន្និសីទតាមរយៈវីដេអូ(រូបថតៈ Reuters)

យោងតាមកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចប្រជុំ តាមរយៈវីដេអូ (Video Conference) កាលពីចុងសប្ដាហ៍កន្លងទៅ OPEC+ បានឯកភាពកាត់បន្ថយទិន្នផលប្រេងដោយកម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន៩,៧លាន បារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង១០%នៃការផលិតប្រេងទូទាំងសកលលោក ក្នុងខែឧសភានិងខែមិថុនាខាងមុខ។ នេះត្រូវបានចាត់ទុកថា ជាផែនការកាត់បន្ថយទិន្នផលប្រេងឆៅជាប្រវត្តិសាស្ត្រ សំដៅទប់ស្កាត់សន្ទុះធ្លាក់ចុះនៃតម្លៃប្រេងឆៅ ហើយស្ដារស្ថិរភាពទីផ្សារប្រេងរ៉ែពិភពលោកឡើងវិញ។ ដំបូងឡើយ កិច្ចព្រមព្រៀងនេះបានបញ្ចប់បិទបញ្ចប់សង្គ្រាមលើតម្លៃប្រេងដ៏កាចសាហាវរវាងរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតនាពេលកន្លងទៅ ព្រមទាំងសរឲ្យឃើញកិច្ចសហប្រតិបត្តិការរវាងភាគីនានាផងដែរ។ យ៉ាងណាមិញ លទ្ធភាពបង្កើនតម្លៃប្រេងឡើងខ្ពស់យ៉ាងឆាប់រហ័ស នៅតែជាចំណោទដែលមិនទាន់រកចម្លើយបានឡើយ ដោយសារតម្រូវការប្រេងទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយសារជំងឺឆ្លងកូវីដ-១៩។

ការសន្យាកាត់បន្ថយទិន្នផលយ៉ាងច្រើននិងប្រតិកម្មជាវិជ្ជមាននៃទីផ្សារប្រេងរ៉ែពិភពលោក

យោងតាមប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តបានឲ្យដឹងថា ក្រៅពីកិច្ចព្រមព្រៀងកាត់បន្ថយទិន្នផលចំនួន ៩,៧លាន បារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភានិងខែមិថុនាឆ្នាំ២០២០ OPEC+ ថែមទាំងមានផែនការបន្តកាត់បន្ថយទិន្នផលជាបណ្ដើរៗក្នុងរយៈពេល២ឆ្នាំខាងមុខទៀតរហូតដល់ខែមេសាឆ្នាំ២០២២។ ទន្ទឹមនឹងនោះ OPEC+ ក៏បានដាស់តឿនប្រទេសផលិតប្រេងផ្សេងៗដូចជា អាមេរិក កាណាដា ប្រេស៊ីលនិងន័រវេស កាត់បន្ថយការផលិតប្រេងចំនួន៥%បន្ថែមទៀត ស្មើនឹង៥លានបារ៉ែលក្នុងមួយថ្ងៃ។

បន្ទាប់ពីមានវិវឌ្ឍន៍ភាពមក ទីផ្សារប្រេងឆៅពិភពលោកមានប្រតិកម្មជាវិជ្ជមានភ្លាមមួយរំពិច។ ត្រឹមមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងពោលខាងលើ តម្លៃប្រេង WTI របស់អាមេរិកបានកើន៦,១% ឡើងដល់កម្រិត២៤,១៥ដុល្លាអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង Brent កើន៣,៩% ឡើងកម្រិត ៣២,៧១ ដុល្លាអាមេរិកក្នុងមួយបារ៉ែល។ អ្នកជំនាញជាច្រើនបានព្យាករណ៍ថា តម្លៃប្រេងឆៅអាចបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ប៉ុន្តែមិនសូវខ្ពស់ទេ។

តម្លៃប្រេងឆៅមិនអាចកើនខ្ពស់ឡើងវិញក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ

ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកជំនាញនៅតែចាត់ទុកថា តម្លៃប្រេងឆៅហាក់មិនអាចកើនខ្ពស់ឡើងវិញ (ជាង៥០ដុល្លាក្នុងមួយបារ៉ែល) ក្នុងរយៈពេលខ្លីបានឡើយ ដោយសារហេតុផលជាច្រើន។ក្នុងនោះ ហេតុផលស្នូល គឺតម្រូវការឥន្ធនៈទូទាំងសកលលោកបានធ្លាក់ចុះប្រមាណ៣០លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង៣០%នៃការផ្គត់ផ្គង់ជាសកល ដោយសារផលប៉ះពាល់នៃជំងឺឆ្លងកូវីដ-១៩។ ហេតុដូច្នេះ រួមទាំងពេលដែល OPEC សម្រេចបាននូវការកាត់បន្ថយទិន្នផលប្រេងចំនួន១៥លានបារ៉ែលក្នុងមួយថ្ងៃក៏ដោយ ក៏ប៉ុន្តែការផ្គត់ផ្គង់នៅតែលើសតម្រូវការ ដែលធ្វើឲ្យពិបាកស្ដារតម្លៃប្រេងឡើងវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ត្រូវគិតដល់ហានិភ័យផ្សេងៗទៀតដែលអាចធ្វើឲ្យការផ្គត់ផ្គង់ប្រេងឡើងវិញឬហានិភ័យបំបែកបំបាក់ការសន្យារបស់ប្រទេសចូលរួមកិច្ចព្រមព្រៀង ជាពិសេសគឺក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុននាបច្ចុប្បន្ន

ទោះជាប្រឈមនឹងហានិភ័យនិងការសាកល្បងយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែត្រូវអះអាងថា កិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយទិន្នផលប្រេងរ៉ែដែលទើបតែសម្រេចបាននោះ គឺជាវឌ្ឍនភាពដ៏សំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងស្ដារតម្លៃប្រេងពិភពលោកឡើងវិញ ជាពិសេសគឺក្នុងបរិបទដែលជំងឺឆ្លងកូវីដ-១៩កំពុងវិត្តន៍យ៉ាងស្មុគស្មាញ ហើយការប្រកួតប្រជែងលើទីផ្សារប្រេងពិភពលោកនៅតែប្រព្រឹត្តទៅយ៉ាងស្វិតស្វាញណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ