៦ ខែនៃជម្លោះរវាងហាម៉ាស់ - អ៊ីស្រាអែល

(VOVWORLD) - នៅថ្ងៃទី ៧ ខែមេសា ជម្លោះរវាងហាម៉ាស់-អ៊ីស្រាអែល នៅហ្គាហ្សា នឹងគម្រប់ ៦ ខែ។ ក្រោយរយៈពេលកន្លះឆ្នាំចាប់ពីការផ្ទុះឡើង ជនរងគ្រោះទាំងសងខាងកាន់តែ កើនឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតដើម្បីបញ្ចប់ ជម្លោះធ្លាក់ចូលក្នុងភាពជាប់គាំង។
៦ ខែនៃជម្លោះរវាងហាម៉ាស់ - អ៊ីស្រាអែល - ảnh 1គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Deir el-Balah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤។ (រូបថត៖ Xinhua/VNA)

កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ កងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា សំដៅសងសឹកចំពោះការវាយប្រហារមុននោះរបស់កង កម្លាំងហាម៉ាស់លើទឹកដីអ៊ីស្រាអែល ដែលចាប់ផ្ដើមជម្លោះដ៏ធ្ងន់ធ្ងរបំផុតនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ

៦ ខែបន្ទាប់ពីជម្លោះបានផ្ទុះឡើង ការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិនៅក្នុងតំបន់ហ្គាហ្សា បានឈានដល់កម្រិតមួយដែលសហគមន៍អន្តរជាតិភាគច្រើនវាយតម្លៃ ថា "មិនអាចទទួលយកបាន"។ តួរលេខដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ (UN) និងស្ថាប័នសុខាភិបាល
ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បង្ហាញថា គិតត្រឹមដំណាច់ ខែមីនា ប្រជាជនប៉ាឡេស្ទីនជិត ៣៣ ពាន់នាក់បានស្លាប់ ដែលភាគច្រើនជាជន ស៊ីវិល។ ជាពិសេស យោងតាមតួរលេខពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កុមារជាង ១៣ ពាន់នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ច្រើនជាងជម្លោះទាំងអស់នៅលើពិភពលោកក្នុងមួយ ទសវត្សរ៍កន្លងទៅ។ លើសពីនេះទៀត មនុស្សជាង ៧៥ ពាន់នាក់បានរងរបួស ហើយ ជាង ៨៥% នៃចំនួនប្រជាជន ២,៣ លាននាក់នៅហ្គាហ្សា ត្រូវភៀសខ្លួនចេញពីផ្ទះ របស់ពួកគេ។ ចំណែកខាងអ៊ីស្រាអែលវិញ ទាហាន និងជនស៊ីវិលរាប់ពាន់នាក់ក៏បាន បាត់បង់ជីវិត ខណៈដែលចំណាប់ខ្មាំងរាប់រយនាក់នៅតែត្រូវកងកម្លាំងហាម៉ាសចាប់ ឃុំខ្លួនផងដែរ។

ទន្ទឹមនឹងការបាត់បង់អាយុជីវិត ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈនៅហ្គាហ្សាក៏ត្រូវបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដែរ។ របាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និងធនាគារពិភពលោក (WB) កាលពីថ្ងៃទី ២ ខែមេសា បានបង្ហាញថា ផ្ទះសម្បែង ៦២% នៅតំបន់ហ្គាហ្សាត្រូវបំផ្លាញ ដែលបណ្ដាលឱ្យមនុស្សជាង ១ លាន នាក់ក្លាយជាអ្នកបាត់បង់ផ្ទះសម្បែង។ ៨៤% នៃគ្រឹះស្ថានសុខាភិបាលត្រូវខូចខាត ឬ បំផ្លាញ។ ប្រព័ន្ធអប់រំនៅហ្គាហ្សាបានដួលរលំទាំងស្រុង សិស្សចំនួន ៦២៥ ពាន់នាក់ នៅហ្គាហ្សាមិនអាចទៅសាលារៀនបានទេ។ ធនាគារពិភពលោកប៉ាន់ប្រមាណថា ការខូចខាតខាងសម្ភារៈបរិក្ខារនៅតំបន់ហ្គាហ្សា មានចំនួនប្រហែល ១៨,៥ ពាន់លាន ដុល្លារអាមេរិក ស្មើនឹង ៩៧% នៃផលិតផលក្នុងស្រុកសរុប (GDP) នៃតំបន់ហ្គាហ្សា និងតំបន់ West Bank រួមបញ្ចូលគ្នាក្នុងឆ្នាំ ២០២២។ អ្នកនាំពាក្យទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) លោក Jeremy Laurence បានធ្វើអត្ថាធិប្បាយថា៖

“ស្ថានភាពបច្ចុប្បន្នពិតជាគួរឲ្យសោកសៅណាស់ ប៉ុន្តែវាអាចទប់ស្កាត់បាន ហើយត្រូវតែបញ្ឈប់។ ដូចដែលយើងបាននិយាយពីមុនមក អ្វីៗដែលប្រជាជននៅហ្គាហ្សាត្រូវស៊ូទ្រាំគឺមិនទទួលយកបានទេ”។
៦ ខែនៃជម្លោះរវាងហាម៉ាស់ - អ៊ីស្រាអែល - ảnh 2អ្នកនាំពាក្យអង្គការសហប្រជាជាតិ Stephane Dujarric។ (រូបថត៖ IRNA/VNA)

ក្នុងបរិបទនោះ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតែប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារភាពសាហាវនៃជម្លោះ ក៏ដូចជាការរំខានពីភាគីជាច្រើន។ យោងតាម កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) បរិមាណស្បៀងអាហារ ដែលនាំចូលទៅក្នុងហ្គាហ្សា បំពេញបានតែប្រហែល ២០% នៃតម្រូវការប្រជាជន ប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀត បុគ្គលិកជួយសង្គ្រោះ និងបុគ្គលិកនៃអង្គការអន្តរ ជាតិនានា ក៏ក្លាយជាជនរងគ្រោះដែរ។ បុគ្គលិកសង្គ្រោះមនុស្សធម៌ជាង ១៩០ នាក់ បានស្លាប់ នៅហ្គាហ្សាក្នុងរយៈពេល ៦ ខែកន្លងមក ដែលថ្មីបំផុតគឺឧប្បត្តិហេតុនៅថ្ងៃ ទី ២ ខែមេសា នៅពេលដែលបុគ្គលិក ៧ នាក់នៃអង្គការមិនមែនរដ្ឋាភិបាល "ផ្ទះបាយ ពិភពលោក" (WCK) បានស្លាប់ បន្ទាប់ពីការវាយប្រហារតាមជើងអាកាសដោយកង ទ័ពអ៊ីស្រាអែល។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាន និយាយថា៖

“ក្នុងរយៈពេលច្រើនខែកន្លងមកនេះ បុគ្គលិកសង្គ្រោះមនុស្សធម៌ តែងតែប្រឈម មុខនឹងហានិភ័យ។ ឧប្បត្តិហេតុជាមួយ WCK គឺជាសក្ខីភាពយ៉ាងច្បាស់បំផុតនៃបញ្ហា ប្រឈមដែលបណ្ដាលឲ្យស្លាប់ ដែលបុគ្គលិកទាំងនេះជួបប្រទះជារៀងរាល់ថ្ងៃនៅ ហ្គាហ្សា មិនថាពួកគេជាបុគ្គលិកអន្តរជាតិ ឬភាគច្រើនជាប្រជាជនប៉ាឡេស្ទីននោះទេ”។

ការជាប់គាំងផ្លូវការទូត

ទោះបីជាស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហគមន៍អន្តរជាតិដើម្បីសម្រេចបានបទឈប់បាញ់ដ៏យូរអង្វែងរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស់នៅតែ មិនទទួលបានលទ្ធផលនោះឡើយ។ វង់ចរចាថ្មីបំផុតដែលគាំពារដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបញ្ចប់នៅថ្ងៃទី ៣ ខែមេសា នៅទីក្រុងគែរ (អេហ្ស៊ីប) ដោយមិនទទួលបានវឌ្ឍនភាពអ្វីឡើយ។ ក្រោយរយៈពេលជិត ៦ ខែ និងបរាជ័យ ជាច្រើន ទើបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចអនុម័តបាននូវសេចក្ដី សម្រេចចិត្តលើកដំបូងនៅថ្ងៃទី ២៥ ខែមីនាកន្លងទៅ ដោយទាមទារឱ្យមានបទឈប់ បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ការដាក់សម្ពាធលើគ្រប់ភាគីដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តនេះនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។

យោងតាមអ្នកសង្កេតការណ៍ ថ្វីត្បិតតែបទឈប់បាញ់រយៈពេលវែង អមដោយការដោះលែងចំណាប់ខ្មាំងភ្លាមៗ គឺទំនងជាមិនអាចសម្រេចបានក្នុងរយៈពេលខ្លីក៏ ដោយ ប៉ុន្តែសម្ពាធនាពេលបច្ចុប្បន្នអាចជួយកែលម្អស្ថានភាពមនុស្សធម៌នៅហ្គាហ្សា។ ជាពិសេស ការដែលរដ្ឋាភិបាលអាមេរិកបង្កើនជំហរតឹងតែងទៅលើអ៊ីស្រាអែល អាច បង្ខំឱ្យអ៊ីស្រាអែលទទួលយកសម្បទានមួយចំនួន។ កាលពីថ្ងៃទី៤ ខែមេសា រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Antony Blinken បានចេញការព្រមានយ៉ាងច្បាស់ទៅកាន់ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu៖

"ទាក់ទងនឹងគោលនយោបាយរបស់យើងនៅហ្គាហ្សា ខ្ញុំចង់និយាយដូចច្នេះថា ប្រសិនបើយើងមិនឃើញការផ្លាស់ប្តូរដែលយើងចង់ឃើញទេ យើងនឹងផ្លាស់ប្តូរគោល នយោបាយរបស់ខ្លួន"។

ក្នុងពេលនេះ ទន្ទឹមនឹងការជាប់គាំងផ្នែកការទូត ហានិភ័យដែលជម្លោះកើនឡើង និងរីករាលដាលនៅតែមាន។ ចាប់តាំងពីចុងឆ្នាំមុនមក កងកម្លាំង Houthi ក្នុងប្រទេស យេម៉ែន បានធ្វើការវាយប្រហារលើនាវាយោធាលោកខាងលិច និងនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម ដើម្បឆ្លើយតបនឹងយុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលបង្កឱ្យ មានការបាក់ដាច់លំហូរពាណិជ្ជកម្មសកល។ នៅព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ជម្លោះរវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅតែបន្ត។ ធ្ងន់ធ្ងរជាងនេះ ទៅទៀត ការដែលអ៊ីស្រាអែលធ្វើការវាយប្រហារតាមជើងអាកាសទៅលើគោលដៅ របស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី នាពេលថ្មីៗនេះ បានបង្កាត់ភ្លើងហានិភ័យនៃការប្រឈមមុខ ដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចយោធាទាំងពីរនៅមជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ