WEF ២០២៣៖ វៀតណាមរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសកល

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទើបបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ នៅទីក្រុង Davos ប្រទេសស្វីស ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ មករា តាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ 
WEF ២០២៣៖ វៀតណាមរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសកល - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu (រូបថត៖ Nguyen Hong)

សកម្មភាពជាច្រើនរបស់លោកឧបនាយករដ្ឋមន្ត្រីនៅ WEF ២០២៣ បានសរឲ្យឃើញពីរូបភាពអំពីប្រទេសវៀតណាមខិតខំប្រឹងប្រែងរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសកល បទពិសោធន៍របស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការទាក់ទាញប្រភពធនធានវិនិយោគ។

វៀតណាម-WEF៖ ទំនាក់ទំនងយ៉ាងជិតស្និទ្ធ

វៀតណាមបានគោរពទំនាក់ទំនងជាមួយ WEF ដោយចាត់ទុកថានេះគឺជាយន្តការសន្ទនាដ៏សំខាន់ ដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ ជំរុញគំនិតផ្ដួចផ្ដើមអំពីការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបើកឱកាសដ៏ធំធេងក្នុងការទាក់ទាញប្រភពទុនវិនិយោគបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាមបានម្ចាស់ការ ចូលរួមយ៉ាងសកម្ម រាល់កិច្ចប្រជុំរបស់ WEF ព្រមទាំងរួមចំណែកជាគំនិតផ្តួចផ្តើមដ៏ល្អជាច្រើននៅក្នុងវេទិកានេះក្នុងអំឡុងពេលជាង ៣០ ឆ្នាំនៃការចូលរួម។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានចូលរួមកិច្ចប្រជុំជាប្រចាំរបស់ WEF ជាប្រចាំដែលបានរៀបចំឡើងនៅទីក្រុង Davos ព្រមទាំងចូលរួមយ៉ាងសកម្ម និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការរៀបចំកិច្ចប្រជុំក្នុងតំបន់។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF ត្រូវបានពង្រីកលើគ្រប់វិស័យដូចជា៖ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាព័ត៌មាន។ ការដែលវៀតណាមបានចូលរួមយ៉ាងសកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ WEF បានរួមចំណែកអនុវត្តន៍ជាក់ស្ដែងគោលការណ៍លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារកិច្ចការបរទេសពហុភាគីរបស់បក្ស និងរដ្ឋ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu បានឲ្យដឹងថា៖ “វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមសកម្មភាពប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក Davos។ ភាគីទាំងពីរក៏មានផែនការសហប្រតិបត្តិការរយៈពេលវែង និងរៀបចំព្រឹត្តិការណ៍រួមមួយចំនួន លេចធ្លោគឺការរៀបចំវេទិកាសេដ្ឋកិច្ចរវាង WEF - អាស៊ានឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ។ យើងខ្ញុំយល់ដឹងយ៉ាងច្បាស់ថា វេទិកាសេដ្ឋកិច្ចពិភពលោកមិនត្រឹមតែជានិច្ចកាលលើកកម្ពស់វៀតណាមក្នុងនាមជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការប្តេជ្ញាចិត្តនវានុវត្តន៍ និងកំណែទម្រង់របស់រដ្ឋាភិបាលវៀតណាមទៀតផង។ ដូច្នេះទំនាក់ទំនងនេះគឺជាទំនាក់ទំនងដ៏ជិតស្និទ្ធបំផុត”។

WEF ២០២៣៖ វៀតណាមរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសកល - ảnh 2លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha  អញ្ជើញទទួលជួបលោក Axel van Trotsenburg អគ្គនាយកធនាគារពិភពលោក (រូបថត៖ VGP/Hai Minh)

ឱកាសសម្រាប់វៀតណាមចែករំលែកទស្សនៈវិស័យជាមួយសហគមន៍អន្តរជាតិ

ក្នុងបរិបទ ដែលនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានវិបត្តិ និងបញ្ហាប្រឈមជាច្រើន។ ពិភពលោកបានមើលឃើញថា វៀតណាមគឺជាចំណុចភ្លឺរបស់តំបន់ និងអន្តរជាតិ មិនត្រឹមតែចំពោះការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរឌីជីថល សំដៅស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ទៀតផង។

ដូច្នេះ WEF ២០២៣ គឺជាឱកាសសម្រាប់វៀតណាមចែករំលែកជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តល្អគោលនយោបាយ និងបទពិសោធន៍របស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជា៖ ការទាក់ទាញការវិនិយោគ ប្រភពធនធាន ជំរុញពាណិជ្ជកម្ម ជាមួយអង្គការអន្តរជាតិ សម្ព័ន្ធក្រុមហ៊ុន មូលនិធិវិនិយោគអន្តរជាតិ និងនៅស្វីស។

នៅក្នុងកិច្ចប្រជុំ WEF ២០២៣ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាដែលផ្តោតលើសន្តិសុខស្បៀងអាហារដូចជា៖ សម័យពិភាក្សារបស់សម្ព័ន្ធសកម្មភាពស្បៀងអាហារ "ការវិនិយោគលើការពង្រឹងភាពធន់" សម័យប្រជុំអំពី "ការតភ្ជាប់ស្បៀងអាហារ-ថាមពល-ប្រភពទឹក"។ នេះគឺជាជំហានដ៏ល្អមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិស្តីពីសន្តិសុខស្បៀងអាហារ មុនពេលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសកលលើកទី ៤ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅខែមេសា ឆ្នាំ ២០២៣។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu បានឲ្យដឹងថា៖ “វេទិកាសេដ្ឋកិច្ចពិភពលោកគឺជាដៃគូដ៏សំខាន់ ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការទាញយកប្រភពកម្លាំងពីខាងក្រៅ ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ក៏ដូចជាទាញយកប្រភពកម្លាំងទាំងនេះ ដើម្បីអនុវត្តន៍រាល់គោលដៅរយៈពេលវែង បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនរបស់វៀតណាម។ ប្រៀបខ្លាំងនៃវេទិកាសេដ្ឋកិច្ចពិភពលោកគឺថាពួកគេមានបណ្តាញសហគ្រាស វិនិយោគិនជួរមុខនៅលើពិភពលោក។ តាមរយៈបណ្តាញនោះ ជួយវៀតណាមមានទំនាក់ទំនងជាមួយវិនិយោគិន និងពាណិជ្ជករជួរមុខនៅលើពិភពលោក។ លើសពីនេះទៅទៀត រវាងវៀតណាម និង WEF មានកម្មវិធីសហប្រតិបត្តិការជាប្រចាំអំពីការពិគ្រោះយោបល់ និងផ្លាស់ប្តូរគោលនយោបាយ។ រដ្ឋាភិបាលវៀតណាមបានកំណត់ថាវេទិកាសេដ្ឋកិច្ចពិភពលោកគឺជាដៃគូជួរមុខមួយរបស់វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ក្រោយពីរយៈពេលជាង ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយ WEF វៀតណាមតែងតែបង្ហាញជាសមាជិកដ៏ស្វាហាប់ មានការទទួលខុសត្រូវ ព្រមទាំងជាដៃគូជឿទុកចិត្តរបស់វេទិកាទៀតផង។ រាល់ការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមនៅ WEF ២០២៣ មិនត្រឹមតែរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ