WTO អនុម័តលើកញ្ចប់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ៖ បញ្ជាក់ពីតួនាទីរបស់អង្គការពាណិជ្ជកម្មពហុភាគី
(VOVWORLD) - អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបតែបានអនុម័តលើកិច្ចព្រមព្រៀងជា ប្រវត្តិសាស្ត្រមួយ ដែលត្រូវបានគេចាត់ទុកថា អាចជួយផ្លាស់ប្តូរជីវភាពរបស់មនុស្ស ជាច្រើនលើទូទាំងពិភព លោក។ កិច្ចព្រមព្រៀងដែលសម្រេចបានបន្ទាប់ពីការចរចាជា ច្រើនថ្ងៃ គឺជាជោគជ័យរួមសម្រាប់ប្រជាជននៅតាមប្រទេសនិងដែនដីទាំងអស់។ លទ្ធ ផលដែលសម្រេចបាននោះ ក៏ជាសក្ខីភាពនៃកំណែទម្រង់ដ៏ខ្លាំងក្លារបស់អង្គការ ពាណិជ្ជកម្មសកលមួយនេះក្នុងការដោះស្រាយបញ្ហាបន្ទាន់នៃសម័យកាលផងដែរ។
ទីស្នាក់ការអង្គការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ (រូបថត៖ Xinhua/TTXVN) |
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១២ របស់ WTO ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមិថុនា បានអូសបន្លាយបន្ថែមរយៈពេលពីរថ្ងៃជាងការគ្រោងទុកដំបូង។ នេះគឺជាកិច្ចប្រជុំដំបូងរបស់ WTO ក្នុងរយៈពេល ៤ ឆ្នាំ កន្លងមក ហើយត្រូវបានចាត់ទុកថាជា "ការសាកល្បង" សម្រាប់លទ្ធភាពឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ក្នុងបរិបទដែលភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើនលើពិភពលោក។
ខ្លឹមសារនៃកិច្ចព្រមព្រៀងគ្របដណ្តប់លើនៃបញ្ហាបន្ទាន់ជាច្រើន
ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានអនុម័តដោយ WTO បានគ្របដណ្តប់លើវិស័យជាច្រើន រួមមានៈ ការឆ្លើយតបជាបន្ទាន់ចំពោះសន្តិសុខស្បៀងអាហារ; ការលើកលែងបម្រាម ឬការរឹតត្បិតលើការនាំចេញ; ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ និងការត្រៀមរៀបចំសម្រាប់ជំងឺរាតត្បាតនាពេលអនាគត; កម្មសិទ្ធិបញ្ញា; ការឧបត្ថម្ភធនជនផល; ការប្រែប្រួលអាកាសធាតុ។ ល។
បញ្ហាដ៏ពិបាកបំផុតក្នុងកិច្ចប្រជុំនេះ គឺបញ្ហាការនេសាទ។ យោងតាម WTO ជារៀងរាល់ឆ្នាំ ប្រទេសនានាលើពិភពលោក ចំណាយទឹកប្រាក់ជាង ៣៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្ដល់ឧបត្ថម្ភធនដល់សកម្មភាពនេសាទ។ ប្រការនេះអនុញ្ញាតឲ្យក្រុមនាវានេសាទជាច្រើន អាចធ្វើប្រតិបត្តិការបានយូរ និងឆ្ងាយនៅសមុទ្រ ដែលបង្កឡើងការខូចខាតដល់សត្វសមុទ្រ។ រដ្ឋាភិបាលភាគច្រើនយល់ស្របថា ចាំបាច់ត្រូវការពារប្រភពត្រីបម្រុង ព្រោះវាជាធនធានដ៏សំខាន់ និងចាំបាច់សម្រាប់ប្រជាជនរាប់លាននាក់នៅតាមឆ្នេរសមុទ្រជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នេះជាបញ្ហាដែល WTO មិនអាចដោះស្រាយបានអស់រយៈពេល ២០ឆ្នាំមកហើយ។ ការចរចាលើបញ្ហានេះត្រូវបានជាប់គាំង ដោយសារតែប្រទេសមួយចំនួន ធ្វើការនេសាទយ៉ាងច្រើនបំផុតលើពិភពលោក គឺជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។
អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងចរចាជាច្រើន សមាជិក WTO បានឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីការហាមឃាត់ការផ្ដល់ឧបត្ថម្ភធនដល់ការនេសាទខុសច្បាប់ មិនបានរបាយការណ៍ និងគ្មានការគ្រប់គ្រង។ ប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានការលើកលែងពីការហាមឃាត់ពោលខាងលើក្នុងអំឡុងពេលអន្តរកាលរយៈពេលពីរឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ អានុភាពនេះអាចអនុវត្តបានតែនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសដែលត្រូវបានលើកលែងប៉ុណ្ណោះ។
ចំពោះសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះគឺជាបញ្ហាដែលបានបង្កឡើងការបែងចែកក្នុង WTO អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ដោយសារតែការប្រឆាំងជំទាស់យ៉ាងខ្លាំងពីប្រទេសដែលមានក្រុមហ៊ុនឱសថធំៗស្ថិតនៅ ដូចជាចក្រភពអង់គ្លេស និងស្វីស។ ក្រុមហ៊ុនឱសថធំៗលើពិភពលោកចាត់ទុកថា ការលុបបំបាត់ប័ណ្ណប៉ាតង់នឹងបង្កឡើងភាពជាប់គាំងលើសកម្មភាពវិនិយោគ និងនវានុវត្តភាព ព្រមទាំងធ្វើអត្ថិប្បាយថា ផែនការនេះគឺហួសសម័យហើយ ព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងមានវ៉ាក់សាំងលើស។ ដូច្នេះហើយ ការដែលរដ្ឋមន្ត្រីពាណិជ្ជកម្ម WTO បានសម្រេចចិត្តលុបបំបាត់សិទ្ធិកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងការពារកូវីដ ១៩ ដែលត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៥ ឆ្នាំ ត្រូវបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយនៅក្នុងកិច្ចប្រជុំនេះ។
អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala (ខាងឆ្វេង) នៅពិធីបិទកិច្ចប្រជុំថ្នាក់
រដ្ឋមន្ត្រីលើកទី ១២ របស់ WTO កាលពីថ្ងៃទី១៧ មិថុនា។ (រូបថត៖ AFP) |
សញ្ញាសម្គាល់ក្នុងការកែទម្រង់ WTO
ចាប់តាំងពីការបង្កើត WTO កាលពីឆ្នាំ១៩៩៥ មក ទំហំពាណិជ្ជកម្មសកលបានកើនឡើងជាងទ្វេដង ហើយពន្ធដារសកលជាមធ្យមបានធ្លាក់ចុះមកត្រឹម ៩% ជាមួយនឹងមនុស្សរាប់ពាន់លាននាក់ បានរួចផុតពីភាពក្រីក្រតាមរយៈការចូលរួមក្នុងសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ រយៈពេល ៥ ឆ្នាំកន្លងមក គឺជាពេលវេលាដែល WTO ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត ២៧ ឆ្នាំរបស់ខ្លួន។ ជំងឺរាតត្បាតកូវីដ-១៩ និងការបិទខ្ទប់ដោយសារជំងឺរាតត្បាត បានបណ្តាលឲ្យពាណិជ្ជកម្មសកលធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ ថ្មីៗនេះ ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែនបានប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារលើពិភពលោកហើយធ្វើឲ្យនិន្នាការគាំពារនិយមកាន់តែធ្ងន់ធ្ងរ។
រាល់ការប្រែប្រួលដ៏ខ្លាំងជាសកលក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម បានបង្កឡើងបញ្ហាជាច្រើនដែល WTO មិនទាន់អាចដោះស្រាយបានទេ។ សហរដ្ឋអាមេរិក និងចិន គឺជាសមាជិកដែលមានឥទ្ធិពលដ៏ធំក្នុង WTO ប៉ុន្តែជម្លោះពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋ អាមេរិក និងចិនមានភាពតានតឹង និងស្មុគស្មាញ ដែលហួសពីសមត្ថភាពដោះស្រាយរបស់ WTO។ ការរៀបចំកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ និងការសម្រេចបាននូវកិច្ចព្រមព្រៀង បានបង្ហាញពីការប្តេជ្ញាចិត្តសំដៅស្តារឡើងវិញនូវតួនាទី ឥទ្ធិពល និងឋានៈរបស់ WTO ចំពោះប្រព័ន្ធពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក ព្រមទាំងបញ្ជាក់ពីសមត្ថភាពរបស់ WTO ក្នុងការទទួលតួនាទីដែលមានសារសំខាន់បំផុត ក្នុងរឿងសេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងយុគសម័យសកលភាវូបនីយកម្មផងដែរ។
ចាប់ពីឆ្នាំ ២០១៣ ដល់មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី WTO លើកទី ១២ ប្រព្រឹត្តទៅ WTO មិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីថ្មីណាមួយទេ។ ដូច្នេះហើយ កិច្ចព្រមព្រៀងដែល WTO ទើបតែសម្រេចបាននេះ មានអត្ថន័យជាសាកល ហើយជាកម្លាំងចលករសម្រាប់អង្គការនេះបន្តការផ្លាស់ប្ដូរថ្មីនាពេលខាងមុខ៕