គ្រូបង្រៀនប្រជាជន Huynh Thanh Nha - អ្នកដែលបំផុសគំនិតក្នុងវិស័យអប់រំ
(VOVWORLD) - គ្រូបង្រៀនប្រជាជន Huynh Thanh Nha កើតនៅឆ្នាំ ១៩៦៥ នៅទីក្រុង Can Tho។ អស់រយៈពេលជាង ៣០ ធ្វើការក្នុងវិស័យអប់រំ សាស្ត្រាចារ្យរង បណ្ឌិត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា Can Tho រូបនេះ ជានិច្ចកាលប្រកាន់ខ្ជាប់នូវបទដ្ឋានសីលធម៌របស់គ្រូបង្រៀនម្នាក់ ដោយស្មោះអស់ពីចិត្ត និងលះបង់ដើម្បីវិជ្ជាជីវៈ ដើរតួនាទីឈានមុខគេក្នុងការថែទាំនិងបណ្តុះបណ្តាលជំនាន់វ័យក្មេង ហើយត្រូវបានសមូហភាពគោរព និងស្រឡាញ់រាប់អាន។
គ្រូបង្រៀនប្រជាជន Huynh Thanh Nha។ |
ចាប់តាំងពីឆ្នាំ ២០១៨ មក ក្នុងឋានៈជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា Can Tho គ្រូបង្រៀនប្រជាជន Huynh Thanh Nha បានដាក់ចេញគោលជំហរជាច្រើន កំណត់ស្ដង់ដារសម្រាប់គោលដៅ ខ្លឹមសារ និងកម្មវិធីបណ្តុះបណ្តាល; កែលម្អនិងអភិវឌ្ឍន៍សាលាដោយឥតឈប់ឈរ ហើយបើកមុខវិជ្ជាបណ្តុះបណ្តាលថ្មីចំនួន ១០ ដែលនាំចំនួនមុខវិជ្ជាបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាសរុបរបស់សាលាឡើងដល់ ២២។ លោកស្រីបណ្ឌិត Do Thi Tuyet Nhung ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា Can Tho បានឲ្យដឹងថា ក្នុងអំឡុងពេលជាង ២២ ឆ្នាំជាសហការីរបស់គ្រូបង្រៀនប្រជាជន Huynh Thanh Nha លោកស្រីបានរៀនសូត្រភាពអត់ធ្មត់និងភាពច្នៃប្រឌិតពីលោកគ្រូ Nha។
“លោកគ្រូជាមនុស្សម្នាក់ដែលមានទឹកចិត្ត មានសមត្ថភាព មានទំនួលខុសត្រូវ និងមានការតាំងចិត្តក្នុងការងារ។ ចំណុចដ៏ល្អមួយរបស់លោកគ្រូគឺ ជានិច្ចកាលធ្វើការដោយមានផែនការ ហើយមានផែនការត្រួតពិនិត្យនិងវាយតម្លៃវា។ បន្ទាប់ពីសម្រេចរួចរាល់កិច្ចការម្ដងៗ លោកគ្រូតែងតែរៀបចំកិច្ចប្រជុំដើម្បីវាយតម្លៃ ដកបទពិសោធន៍ និងកែលម្អសម្រាប់លើកក្រោយ។ បើទៅកាន់ទីកន្លែងខ្លះហើយរកឃើញបាននូវចំណុចល្អ និងចំណុចថ្មីរបស់គេ លោកគ្រូតែងតែនាំយកត្រឡប់ មកដាក់ពង្រាយនិងអនុវត្តន៍នៅសាលាវិញ”។
មិនត្រឹមតែយកចិត្តទុកដាក់ ផ្លាស់ប្ដូរថ្មីវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀនប៉ុណ្ណោះទេ គ្រូបង្រៀនប្រជាជន Huynh Thanh Nha ក៏បានបង្កើនការទាក់ទាញប្រភពហិរញ្ញប្បទាន រ៉ៃអង្គាសមូលនិធិលើកទឹកចិត្តការសិក្សា ហើយផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិតជាប់ថ្នាក់ឯក ជួយឧបត្ថម្ភនិស្សិតជាច្រើនជំនះពុះពារលើការលំបាកដើម្បីសិក្សារៀនសូត្រនិងហាត់ពត់លត់ដំបានយ៉ាងល្អ។ សាលាក៏ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគ្រាស ដើម្បីបង្កលក្ខខណ្ឌសម្រាប់និស្សិតក្នុងការអនុវត្តចំណេះដឹង និងចាប់ផ្តើមអាជីវកម្ម។ ជារៀងរាល់ឆ្នាំ និស្សិតចំនួនជាង ៩៥% របស់សាលាមានការងារស្ថេរភាពបន្ទាប់ពីបញ្ចប់ការសិក្សា ហើយត្រូវបាននិយោជកវាយតម្លៃខ្ពស់ទាំងខាងសីលធម៌ផង និងជំនាញវិជ្ជាជីវៈផង។ គ្រូបង្រៀនប្រជាជន Huynh Thanh Nha បានចែករំលែកថា៖
“អស់រយៈពេលជាង ៣២ ឆ្នាំធ្វើការក្នុងវិស័យអប់រំ ខ្ញុំមានសេចក្ដីរីករាយបំផុតចំនួន ២ ដែលអាចចែករំលែកបាន៖ ទីមួយ ខ្ញុំផ្ទាល់បានបណ្តុះបណ្តាលដោយផ្ទាល់ហើយដឹកនាំក្រុមគ្រូបង្រៀនទៅចូលរួមក្នុងការប្រឡងគ្រូបង្រៀនឆ្នើមថ្នាក់ជាតិ ហើយគ្រូបង្រៀនទាំង ៨ នាក់ សុទ្ធតែជាប់ចំណាត់ថ្នាក់ខ្ពស់ ដោយទទួលបានរង្វាន់លេខ ១ លេខ២ លេខ ៣; ទីពីរ ក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ ខ្ញុំរួមជាមួយសាលា បានបណ្តុះបណ្តាលសិស្សានុសិស្ស និងនិស្សិតចំនួនជាង ៣ ម៉ឺននាក់ ដែលបានបញ្ចប់ការសិក្សា ហើយមានការងារស្ថេរភាព មានប្អូនខ្លះដែលកាន់តំណែងដ៏សំខាន់ក្នុងប្រព័ន្ធនយោបាយ ហើយប្អូនជាច្រើនក្លាយទៅជាសហគ្រិនដ៏ជោគជ័យផងដែរ”។
ក្រោមការដឹកនាំរបស់សាកលវិទ្យាធិការ Huynh Thanh Nha សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្ររបស់សាលា បានប្រព្រឹត្តិទៅយ៉ាងសកម្ម ដោយឡែកក្នុងឆ្នាំ ២០២១ គំនិតផ្តួចផ្តើមថ្នាក់សាលាចំនួន ២៦ ត្រូវបានទទួលស្គាល់ ក្នុងនោះមានគំនិតផ្តួចផ្តើមថ្នាក់ទីក្រុងចំនួន ៣ គំនិតផ្តួចផ្តើមថ្នាក់ជាតិចំនួន ៤ ហើយបានអនុវត្តន៍របាយការណ៍វិទ្យាសាស្ត្រចំនួន ៦៦ ចូលក្នុងការបង្រៀននិងការ
រៀនសូត្រ។ សាលាក៏បានអនុវត្តន៍អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការចំនួន ១៤ ជាមួយដៃគូក្នុងស្រុកនិងបរទេសជាច្រើនផងដែរ។ លោកគ្រូ Nguyen Hoang Vien លេខាសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យបច្ចេកទេស និងបច្ចេកវិទ្យា Can Tho បានឲ្យដឹងថា៖
“លោកគ្រូជានិច្ចកាលបំផុសសេចក្ដីស្រឡាញ់អាជីព ស្មារតីទទួលខុសត្រូវចំពោះការងារ ស្មារតីលះបង់ដោយអស់ពីកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍរបស់សាលា។ លោកគ្រូ Nha តែងតែបង្កគ្រប់លក្ខខណ្ឌអំណោយផលបំផុតសម្រាប់កម្មាភិបាល គ្រូបង្រៀនដើម្បីសិក្សាស្រាវជ្រាវ លើកកំពស់ជំនាញវីជ្ជាជីវៈ បង្កើតបរិយាកាសការងារប្រកបដោយភាពរួសរាយរាក់ទាក់ ស៊ីវិល័យ និងវិជ្ជមានសម្រាប់កម្មាភិបាល និយោជិក និងគ្រូបង្រៀន ដើម្បីសម្រេចបានយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន”។
ក្នុងអំឡុងពេលលះបង់ដើម្បីបុព្វហេតុអប់រំ គ្រូបង្រៀនប្រជាជន Huynh Thanh Nha បានបោះពុម្ពផ្សាយសៀវភៅសិក្សាចំនួន ១០ ក្បាល ប្រកាសស្នាដៃវិទ្យាសាស្ត្រចំនួន ៤៦ នៅក្នុងនិងក្រៅប្រទេស គំនិតផ្តួចផ្តើមចំនួន ៧ ក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់លោកគ្រូត្រូវបានទទួលស្គាល់ថា ជាគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលក្នុងវិសាលភាពទីក្រុងនិងទូទាំងប្រទេស។ លោកគ្រូ Huynh Thanh Nha ចែករំលែកថា៖
“ខ្ញុំផ្ទាល់នឹងរួមជាមួយក្រុមប្រឹក្សាសាកលវិទ្យាល័យ ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាល បំប៉ន់ប្រភពធនធានមនុស្សសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្តនិងផ្ទេរប្រគល់បច្ចេកវិទ្យា បំពេញតាមតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមបេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃស្នូលរបស់សាលាដែលត្រូវបានគ្រោងទុក ជាមួយនឹង
បាវចនាអប់រំថា “អ្វីៗគ្រប់បែបយ៉ាងគឺដើម្បីនិស្សិតជាទីស្រឡាញ់”។
ទោះបីជាបានលះបង់រយៈពេលជាង ៣០ ឆ្នាំដើម្បីបុព្វហេតុ “បណ្ដុះមនុស្ស” ក៏ដោយ ប៉ុន្តែការជក់ចិត្តរបស់បស់លោកគ្រូ Huynh Thanh Nha មិនដែលឈប់ទេ។ គ្រូបង្រៀនប្រជាជន Huynh Thanh Nha បន្តបញ្ឆេះអណ្ដាតភ្លើងនៃជំនឿជាក់ បំភ្លឺឧត្តមគតិដ៏ថ្លៃថ្នូ ទៅកាន់គ្រូបង្រៀន និស្សិតជាច្រើន ហើយរួមចំណែកនាំវិស័យអប់រំនៃទីក្រុង Can Tho កាន់តែអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី៕