ជនវៀតណាមប្រើប្រាជ្ញាវៀតណាមដើម្បីនាំវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - សម្រាប់ជនវៀតណាមជំនាន់ទី ២ និងទី ៣ ដែលបានកើតនិងធំដឹងក្ដីនៅបរទេស គោលគំនិតអំពីវៀតណាមមិនទាន់ត្រូវបានកំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែបទពិសោធន៍បន្ទាប់ពីដំណើរវិលត្រឡប់មកស្រុកកំណើតវិញ បានធ្វើឲ្យមនុស្សជាច្រើនសម្រេចចិត្តស្នាក់នៅប្រទេសវៀតណាម ដើម្បីចាប់ផ្តើមអាជីវកម្ម ឬខិតខំប្រឹងប្រែងតភ្ជាប់វៀតណាមជាមួយប្រទេសនានាជុំវិញពិភពលោក។ ៧៨ ឆ្នាំក្រោយពីរដ្ឋវៀតណាមដាក់ឈ្មោះខ្លួនលើផែនទីពិភពលោក (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥) អាណិកជនវៀតណាមវ័យក្មេងកាន់តែច្រើន មានសេចក្ដីប្រាថ្នាចង់លះបង់និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍប្រទេសជាតិ និងប្រជាជាតិវៀតណាម នៅក្នុងលំហូរទូទៅនៃមនុស្សជាតិ។

ជនវៀតណាមប្រើប្រាជ្ញាវៀតណាមដើម្បីនាំវៀតណាមទៅកាន់ពិភពលោក - ảnh 1លោក Daniel Nguyen Hoai Tien។ (រូបថត៖ baoquocte.vn)

ក្រោយពីដំណើរត្រឡប់មកប្រទេសវៀតណាមវិញជាលើកដំបូងកាលពីឆ្នាំ ២០០៨ ជាមួយនឹងអារម្មណ៍ជាច្រើន លោក Daniel Nguyen ដែលមានឈ្មោះវៀតណាមថា Hoai Tien យុវជនម្នាក់មានសញ្ជាតិអាមេរិក មានបំណងចង់លះបង់ច្រើនថែមទៀតសម្រាប់ប្រទេសនេះ។ យុវជនអាយុ ២០ ឆ្នាំរូបនេះ បានឆ្លងកាត់ដំណើររាប់ពាន់គីឡូម៉ែត្រតាមតំបន់ព្រៃភ្នំភាគពាយ័ព្យ ដើម្បីស្វែងរកវិធីជួយជនរួមជាតិជាជនជាតិភាគតិចនៅទីនេះមានជីវភាពរស់នៅប្រកបដោយនិរន្តរភាពជាងមុន៖

“ពេលខ្ញុំស្វែងយល់អំពីជំនឿ របៀបរស់នៅ និងវប្បធម៌របស់សហគមន៍ជនជាតិភាគតិច ទើបយល់ឃើញថា កសិកម្មគឺជាសសៃឈាមរបស់ពួកគេ។ ដូច្នេះហើយ ខ្ញុំបានជ្រើសរើសការស្តារពូជដំណាំប្រចាំមូលដ្ឋាន ជាពិសេសពូជពោត និងធញ្ញជាតិ ដើម្បីបង្កើតធាតុចេញប្រកបដោយនិរន្តរភាពសម្រាប់កសិផលរបស់ប្រជាជន។ សំខាន់ជាងនេះទៅទៀត គឺការកសាងម៉ាកយីហោ និងរឿងមួយដើម្បីឧទ្ទេសនាមផលិតផលរបស់ប្រជាជនទៅកាន់បរទេស។ ផលិតផលដំបូងរបស់យើងខ្ញុំគឺស្រា Gin Song Cai”។

ស្រា Gin វៀតណាមផលិតពីពោត របស់ក្រុមហ៊ុន Song Cai Distillery បង្កើតឡើងដោយបុរសអាមេរិកដើមកំណើតវៀតណាម Daniel Nguyen ឬឈ្មោះវៀតណាមសាមញ្ញថា Hoai Tien ត្រូវបានលក់នៅទីផ្សារជាច្រើនដូចជាសិង្ហបុរី ហុងកុង (ចិន) អូស្ត្រាលី នូវែលសេឡង់។ ផលិតផលស្រាជាមួយនឹងវត្ថុធាតុដើមវៀតណាមសុទ្ធសាធនេះ ទទួលបានពានរង្វាន់ប្រាក់អន្តរជាតិផ្នែកភេសជ្ជៈ ហើយថ្មីៗនេះត្រូវបានទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បីល្បាញ Bloomberg វាយតម្លៃថាជាស្រាមួយក្នុងចំណោមស្រាឆ្ងាញ់បំផុតទាំង ១៦ នៅលើពិភពលោកក្នុងឆ្នាំ ២០២១។

“ខ្ញុំដាក់ឈ្មោះ Song Cai ព្រោះ Song Cai មានន័យថា ទន្លេមេ។ ខ្ញុំឃើញថា មិនថាជនជាតិ Kinh ឬជនជាតិភាគតិចទេ ប្រជាជនវៀតណាមគោរពមាតាធម្មជាតិច្រើនណាស់។ តាមរយៈម៉ាកយីហោ ខ្ញុំមិនត្រឹមតែចង់លើកតម្កើងសហគមន៍មួយប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរគំនិតរបស់មនុស្សទាំងក្នុង និងក្រៅប្រទេសអំពីរឿងរ៉ាវមួយរបស់ជនវៀតណាមផងដែរ”។

ជនវៀតណាមប្រើប្រាជ្ញាវៀតណាមដើម្បីនាំវៀតណាមទៅកាន់ពិភពលោក - ảnh 2 អ្នកស្រី Thao Griffiths ជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបរយៈពេល ២០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-អាមេរិក។

ដូចលោក Daniel Nguyen អ្នកស្រី Thao Griffiths ជនវៀតណាមម្នាក់នៅប្រទេសសិង្ហបុរី ក៏ចង់នាំយកឈ្មោះវៀតណាមមកដាក់នៅលើផែនទីពិភពលោកដែរ។ Thao Griffiths គឺជាឈ្មោះមួយដែលមិនប្លែកចំពោះសហគមន៍ធុរកិច្ចវៀតណាមនិងសហរដ្ឋអាមេរិកទេ។ នាងធ្លាប់ធ្វើការក្នុងរយៈពេលដ៏វែងមួយនៅសមាគមអតីតទាហានអាមេរិកនៅវៀតណាម។ Thao គឺជាអ្នកដែលបានដាក់គ្រឹះដំបូងសម្រាប់សកម្មភាពមនុស្សធម៌របស់សហរដ្ឋអាមេរិកនៅវៀតណាមក្រោយសង្គ្រាម ចាប់ពីការបោសសម្អាតគ្រាប់បែកមីន រហូតដល់ការដោះស្រាយបញ្ហាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតផងដែរ។ បច្ចុប្បន្ននេះ ក្នុងតួនាទីនាយិកាប្រចាំតំបន់នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់សហរដ្ឋអាមេរិក អ្នកស្រី Thao Griffiths បន្តបេសកកម្មរបស់ខ្លួនក្នុងការតភ្ជាប់ត្រីកោណសិង្ហបុរី-វៀតណាម-សហរដ្ឋអាមេរិក ក្នុងវិស័យផ្លាស់ប្ដូរឌីជីថល។

“ទំនួលខុសត្រូវរបស់ខ្ញុំគឺតភ្ជាប់សិង្ហបុរី - សហរដ្ឋអាមេរិក ដែលជាមជ្ឈមណ្ឌលចំនួនពីរនៃការផ្លាស់ប្តូរឌីជីថលជាមួយវៀតណាម ក្នុងវិស័យនវានុវត្តន៍។ យើងខ្ញុំកំពុងសហការជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ជាពិសេសមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ដើម្បីកសាងកម្មវិធីសាកល្បងនវានុវត្តន៍វៀតណាម។ នេះគឺជាកម្មវិធីរវាងក្រុមហ៊ុន Meta និងមជ្ឈមណ្ឌលផ្លាស់ប្ដូរឌីជីថលជាតិ ដែលចាប់ផ្តើមនៅឆ្នាំ ២០២២ ដើម្បីអំពាវនាវឱ្យមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សំដៅដោះស្រាយបញ្ហាសង្គម ឬគោលនយោបាយនៅក្នុងប្រទេសវៀតណាម”។

នៅចំពោះមុខនិន្នាការដែលការផ្លាស់ប្តូរឌីជីថលលើពិភពលោកកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់ ការទាក់ទាញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសអភិវឌ្ឍន៍នឹងបង្កើតកម្លាំងចលករសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម។ នោះក៏ជាវិធីដែលអ្នកស្រី Thao Griffiths កំពុងធ្វើដើម្បីធ្វើឲ្យតម្លៃរបស់វៀតណាមកាន់តែឈានទៅឆ្ងាយៗ៖

“តើយើងធ្វើយ៉ាងណាដើម្បីតភ្ជាប់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិដើម្បីនាំយកបច្ចេក
វិទ្យាឌីជីថល និងការអភិវឌ្ឍចូលមកប្រទេសវៀតណាម ហើយដាក់ទីស្នាក់ការរបស់គេនៅ
វៀតណាម ដូច្នេះអត្រានៃជាតិពណ៌ប្រផេះនៅក្នុងខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាការរួមចំណែករបស់ខ្លួនសម្រាប់សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ហើយធ្វើឱ្យតម្លៃវៀតណាមកើនឡើងផងដែរ”។

ដំណើររបស់មនុស្សដូចជា លោក Daniel Nguyen Hoai Tien ឬអ្នកស្រី Thao Griffiths មិនត្រឹមតែជាការវិលត្រឡប់ទៅរកប្រភពដើមរបស់មនុស្សម្នាក់ប៉ុណ្ណោះទេ។ វាពិតជាដំណើរនៃការបំផុសគំនិតអំពីបំណងប្រាថ្នាចង់លះបង់ដើម្បីកសាងប្រទេសវៀតណាមឱ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងវិបុលភាព របស់កុលបុត្រកុលធីតាវៀតណាមនៅទូទាំងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ