ដំណើរជំនះពុះពារលើការសិក្សារៀនសូត្ររបស់យុវជនពិការភ្នែក

(VOVWORLD) - ដោយប្រសូត្រ និងធំដឹងក្ដីក្នុងក្រុមគ្រួសារកសិករក្រីក្រ យុវជនពិការភ្នែក Tran Viet Hoang មកពីឃុំ Thuong Loc ស្រុក Can Loc ខេត្ត Ha Tinh បានជំនះពុះពារលើស្ថានភាពលំបាកដើម្បីឈានឡើង។ 
ដំណើរជំនះពុះពារលើការសិក្សារៀនសូត្ររបស់យុវជនពិការភ្នែក - ảnh 1លែងអាចមើលឃើញ Hoang (អាវស) នៅតែធ្វើជាម្ចាស់ឧបករណ៍បច្ចេកវិទ្យា។ រូបថត៖ VOV

Viet Hoang មិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាបើកអនាគតសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរួមដៃគ្នាបង្កើតគម្រោងដ៏មានអត្ថន័យជាច្រើនសម្រាប់សហគមន៍ជនពិការភ្នែកជាមួយគោលបំណងចង់ជួយមនុស្សដែលមានស្ថានភាពដូចគ្នាទៀតផង។

តាំងពីពេលមានអាយុ៥ឆ្នាំ Tran Viet Hoang បានឃើញថា ភ្នែករបស់ខ្លួនមានរោគសញ្ញាខុសពីធម្មតា ហើយមើលមិនឃើញច្បាស់ឡើយ។ នៅពេលមានអាយុ ១០ ឆ្នាំ ក្មេងប្រុសនេះមិនអាចមើលឃើញបានទៀតទេ ដោយសាររោគសញ្ញាដាច់សរសៃឈាមក្នុងភ្នែក។ ក្រៅពីភាពមិនងាយស្រួលក្នុងការមើលឃើញគាត់ក៏បាត់បង់ឱកាសជាច្រើនក្នុងការសិក្សា និងអភិវឌ្ឍន៍ខ្លួនឯង ហើយត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលកើតឡើងក្នុងជីវភាពរស់នៅ នៅពេលដែលស្ថានភាពគ្រួសារគាត់ក៏ជួបការលំបាកជាច្រើនទៀតផង។ ទោះជាយ៉ាងណាក៏ដោយTran Viet Hoang បានសិក្សារៀនសូត្រអក្សរស្ទាបbrailleយ៉ាងឆាប់រហ័ស។

“នៅពេលដែលខ្ញុំមើលមិនឃើញអ្វីទៀត ពូៗមកពីសមាគមជនពិការភ្នែកស្រុក Can Loc បានមកលើកទឹកចិត្តខ្ញុំ ដោយបំភ្លឺជំនឿទុកចិត្តអំពីចំណេះដឹងដល់ខ្ញុំ។ សមាគមបានបង្រៀនអក្សរbraille និងជួយខ្ញុំវិលត្រឡប់ទៅសាលារៀនវិញ”។

Hoang ត្រូវបានសិក្សារៀនសូត្រកម្មវិធីរួមបញ្ជូលជាមួយនឹងសិក្សានុសិស្សធម្មតា។ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ គាត់តែងតែជាសិស្សពូកែជួរមុខក្នុងថ្នាក់។ ជាពិសេសក្នុងឆ្នាំ ២០១៩ ខណៈពេលដែលជាសិស្សថ្នាក់ទី 12A2 នៅវិទ្យាល័យ Dong Loc Hoang ក៏ទទួលបានអាហារូបករណ៍ដែលមានតម្លៃ ២.២ ពាន់លានដុងពីសាកលវិទ្យាល័យ Fullbright វៀតណាម ហើយកាត់ក៏ជាសិក្ខាកាមពូកែបំផុតក្នុងថ្នាក់កុំព្យូទ័រការិយាល័យ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្មាភិបាល និងស្តារនីតិសម្បទាសម្រាប់មនុស្សពិការភ្នែក សហការជាមួយសមាគមជនពិការវៀតណាម។ នេះជាជំហានដំបូង ដែលជួយHoang មាននិស្ស័យជាមួយវិទ្យាសាស្ត្រកុំព្យូទ័រនាពេលខាងមុខ។

“ខ្ញុំជានិស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ ចាប់ពីឆ្នាំទី ២ ខ្ញុំបានធ្វើកម្មសិក្សា ហើយនៅឆ្នាំទី ៣ ខ្ញុំចាប់ផ្តើមទៅធ្វើការ។ បច្ចុប្បន្នខ្ញុំជាអ្នកសរសេរកម្មវិធី ហើយការងារភាគច្រើនគឺពាក់ព័ន្ធនឹងផលិតផលបច្ចេកវិទ្យាផងដែរ”។

ក្នុងនាមជាសិស្សពិការភ្នែកម្នាក់ប៉ុន្តែ Hoang នៅតែចូលរួមសកម្មភាពសង្គមយ៉ាងសកម្ម ហើយថែមទាំងប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រ ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ជីវភាពរស់នៅឆ្ងាយពីផ្ទះ។ ទន្ទឹមនឹងនោះ ដោយយល់ដឹងពីការលំបាក និងឧបសគ្គរបស់ជនពិការ ក្នុងឆ្នាំ ២០២១ Hoang បានបើកថ្នាក់រៀនសរសេរកម្មវិធីកុំព្យូទ័រសម្រាប់ជនពិការ។ ក្នុងនាមជាស្ថាបនិក និងជាអ្នកសម្របសម្រួលគម្រោង Innerlight Vietnam Hoang ក៏បានចែករំលែកនូវឧបករណ៍បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយឧបត្ថម្ភជនពិការភ្នែក។ ទោះបីជាជាប់រវល់ជាមួយការងារ និងការសិក្សា ប៉ុន្តែ Hoang នៅតែកាន់តំណែងជាប្រធានបណ្តាញនិស្សិតពិការភ្នែកវៀតណាមជាមួយនឹងសកម្មភាពជាច្រើនឆ្ពោះទៅជនពិការភ្នែក។

“ក្រៅពីសកម្មភាពរបស់បណ្តាញ ខ្ញុំក៏បានធ្វើកិច្ចការផ្ទាល់ខ្លួនមួយចំនួន ដូចជាបង្រៀនសរសេរកម្មវិធីកុំព្យូទ័រដល់ជនពិការភ្នែកនៅទីក្រុងហូជីមិញ។ ខ្ញុំក៏បានរៀបចំបង្រៀនតាមអនឡាញនូវវគ្គសិក្សាស្រដៀងគ្នាសម្រាប់អ្នកពិការភ្នែកផងដែរ”។

ដំណើរជំនះពុះពារលើការសិក្សារៀនសូត្ររបស់យុវជនពិការភ្នែក - ảnh 2ដើម្បីលើកទឹកចិត្តជនពិការ Hoang (អាវខ្មៅ) បានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន។ រូបថត៖ VOV

ក្រឡេកមើលដំណើរការជំនះពុះពារលើការលំបាក ជាមួយនឹងសមិទ្ធិផលដែល Tran Viet Hoang សម្រេចបាន មិត្តភក្ដិ មិងមិត្តរួមការងារទាំងអស់សុទ្ធតែបានកោតសរសើរ។ កញ្ញា Le Thao Nguyen មិត្តរួមថ្នាក់សាកលវិទ្យាល័យរបស់Viet Hoang បាននិយាយថា៖

“នាងខ្ញុំបានឃើញថា Hoang ជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែគាត់តែងតែមានអាកប្បកិរិយាវិជ្ជមាន ហើយខិតខំព្យាយាមឥតឈប់ឈរក្នុងការសិក្សា និងការងារ។ Hoang បានត្រិះរិះដើម្បីជំនះពុះពារលើការលំបាកទាំងអស់។ ប្រការនេះគឺជាកម្លាំងចលករសម្រាប់ខ្ញុំសិក្សារៀនសូទ្រ និងធ្វើការឲ្យបានល្អជាងផងដែរ”។

Tran Viet Hoang បាននិយាយថា ដើម្បីជំនះពុះពារលើរាល់ការលំបាក និងឧបសគ្គ គាត់តែងតែចាត់ទុកទំនុកចិត្តគឺជាកូនសោរដើម្បីបើកទ្វារជោគជ័យ។

“ខ្ញុំតែងតែនិយាយទៅកាន់ខ្លួនឯងថា "ភ្នែកខ្ញុំខ្វាក់ ប៉ុន្តែបញ្ញាខ្ញុំភ្លឺ"។ ខ្ញុំតែងតែជឿជាក់លើខ្លួនឯង។ ខ្ញុំគិតថាដើម្បីទទួលបានជោគជ័យគឺមានរឿងជាច្រើនដែលត្រូវធ្វើ ប៉ុន្តែប្រការដើមដំបូង និងជាមូលដ្ឋានបំផុតគឺត្រូវរក្សាទំនុកចិត្តជានិច្ច ជឿជាក់លើខ្លួនឯង ជឿជាក់លើសមត្ថភាព និងចំណេះដឹងរបស់ខ្លួនផងដែរ”។

ទោះបីជានៅក្មេងក៏ដោយប៉ុន្តែTran Viet Hoang តែងតែមានបំណងប្រា “តបស្នងសងគុណជីវិត”។ ចំពោះHoang នោះគឺជាពាក្យតបស្នងសងគុណ និងអរគុណដល់សហគមន៍ និងសង្គមដែលបានផ្តល់ពន្លឺដល់គាត់ហើយឱ្យកាត់មានជីវិតរស់នៅដ៏មានអត្ថន័យ។ បច្ចុប្បន្ននេះ Hoang ជាម្ចាស់ឆានែល Tiktok "Coding the Light" - (សរសេរកម្មវិធីកុំព្យូទ័រពន្លឺ) ជាមួយនឹងខ្លឹមសារបំផុសគំនិតវិជ្ជមានជាច្រើនអំពីជីវិតដល់មនុស្សនៅជុំវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ