“ផ្កាកុលាបចិត្តដែកថែប” នៃវិស័យវះកាត់សរសៃប្រសាទ

(VOVWORLD) - អ្នកជំងឺជាច្រើននៅដេប៉ាតឺម៉ង់វះកាត់សសរសៃប្រសាទ មន្ទីរពេទ្យ Cho Ray បានស៊ាំនឹងរូបភាពរបស់វេជ្ជបណ្ឌិតស្ត្រីតែម្នាក់គត់ក្នុងការវះកាត់ខួរក្បាល។ នោះគឺលោកស្រីវេជ្ជបណ្ឌិត Tran Thi Mai Linh អាយុ ៣៩ ឆ្នាំ ប៉ុន្តែមានបទពិសោធន៍ការងារអស់រយៈពេល ១៤ ឆ្នាំមកហើយ។ មនុស្សម្នាហៅលោកស្រីថា "ផ្កាកុលាបចិត្តដែកថែប" ដោយសារតែការស៊ូទ្រាំនឹងសម្ពាធការងារនិងឬទ្ធានុភាពរបស់លោកស្រីក្នុងអាជីព ប៉ុន្តែក៏ដោយសារតែលោកស្រីមានក្រអៅបេះដូងដ៏កក់ក្តៅ ដែលជាទីបង្អែកសម្រាប់អ្នកជំងឺនៅមាត់ទ្វារមរណៈ។

“ផ្កាកុលាបចិត្តដែកថែប” នៃវិស័យវះកាត់សរសៃប្រសាទ - ảnh 1លោកស្រីវេជ្ជបណ្ឌិត Tran Thi Mai Linh - “ផ្កាកុលាបចិត្តដែកថែប" ជំនាញវះកាត់សរសៃប្រសាទ

តាំងពីនៅជានិស្សិតហាត់ការម្នាក់ លោកស្រីវេជ្ជបណ្ឌិត Mai Linh បានជក់ចិត្តនឹងផ្នែកវះកាត់សសៃប្រសាទ ហើយជ្រើសរើសជំនាញផ្នែកវះកាត់ខួរក្បាល។ សម្រាប់លោកស្រី ខួរក្បាលមានភាពទាក់ទាញជាមួយនឹងអាថ៌កំបាំងជាច្រើន ដោយសារតែទោះជាមានវិទ្យាសាស្ត្រជឿនលឿនហើយក៏ដោយ ប៉ុន្តែមានរឿងជាច្រើនអំពីខួរក្បាលដែលមិនអាចពន្យល់បានពេញលេញតាមបែបវិទ្យាសាស្ត្របានឡើយ ហើយនៅតែត្រូវបន្តស្រាវជ្រាវ។ ក្រៅពីការលើកកំពស់ជំនាញ គ្រូពេទ្យវះកាត់ខួរក្បាលត្រូវតែហាត់ពត់លត់ដំយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីសម្រេចបាននូវភាពល្អិតល្អន់និងភាពប៉ិនប្រសប់។

“នៅទីនេះ គ្រូពេទ្យវះកាត់ភាគច្រើនទៅធ្វើការតាំងពីព្រឹកព្រលឹម ប៉ុន្តែត្រឡប់មកផ្ទះវិញយឺតណាស់ ប្រហែលជាមិនបានឃើញពន្លឺព្រះអាទិត្យផង។ ព្រោះថា ជាធម្មតាក្រោយពីវះកាត់រួចរាល់ ត្រូវតាមដានអ្នកជំងឺ បើមានវឌ្ឍនភាពពទើបយើងអាចនឹងនរចិត្តត្រឡប់មកផ្ទះវិញ។ នៅទីនេះ ការវះកាត់មិនត្រូវបានគណនាដោយម៉ោងនោះទេ ប៉ុន្តែតាមការវះកាត់ម្ដងៗ ប្រសិនបើស្ថានភាពអ្នកជំងឺមានស្ថិរភាពហើយ ទើបគ្រូពេទ្យទៅផ្ទះបាន”។

នៅមន្ទីរពេទ្យ Cho Ray ជាមធ្យម មានការវះកាត់ដុំសាច់ខួរក្បាលក្នុងចន្លោះ ពី២០ដល់៣០ករណីក្នុងមួយសប្តាហ៍។ លើសពីនេះទៅទៀត នៅមានការវះកាត់ជាច្រើនដោយសារតែការរងរបួសនិងជំងឺផ្សេងទៀត ដូច្នេះហើយការងារតែងតែមានច្រើនលើសលុប។ យោងតាមលោកស្រីសាស្ត្រាចារ្យរង វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត Huynh Le Phuong ប្រធានដេប៉ាតឺម៉ង់វះកាត់សរសៃប្រសាទ មន្ទីរពេទ្យ Cho Ray សម្រាប់ករណីពិបាក ការវះកាត់អាចអូសបន្លាយពី៧ដល់៨ ម៉ោង ករណីសាមញ្ញក៏ចំណាយពេលពី ៣ ទៅ ៤ ម៉ោងផងដែរ។ សម្រាប់វេជ្ជបណ្ឌិតស្ត្រី គឺពិបាកជាងបុរសក្នុងការស៊ូទ្រាំនឹងភាពតានតឹងក្នុងរយៈពេលវែង ប៉ុន្តែវេជ្ជបណ្ឌិត Mai Linh បានជំនះលើការលំបាកទាំងនេះ អាស្រ័យដោយមានការខិតខំព្យាយាមប្រដេញតាមការជក់ចិត្ត។ លោកស្រីវេជ្ជបណ្ឌិត Huynh Le Phuong បានឲ្យដឹងថា៖

“ក្រោយពីបានបញ្ចប់ការសិក្សា ហើយមកធ្វើការនៅដេប៉ាតឺម៉ង់វះកាត់សរសៃប្រសាទ វេជ្ជបណ្ឌិត Mai Linh មានកិច្ចខិតខំប្រឹងប្រែងជាច្រើនណាស់។ ក្រៅពីចូលរួមក្នុងការងារព្យាបាលប្រចាំថ្ងៃ Mai Linh ក៏ចូលរួមក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងដេប៉ាតឺម៉ង់ផងដែរ។ ខ្ញុំវាយតម្លៃវេជ្ជបណ្ឌិត Mai Linh មានសក្តានុពលដ៏ធំធេង ហើយជាវេជ្ជបណ្ឌិតម្នាក់ដែលនឹងអភិវឌ្ឍន៍បានល្អនាពេលអនាគត។ ករណីភាគច្រើនដែលវេជ្ជបណ្ឌិត Mai Linh វះកាត់បានទទួលជោគជ័យមែនទែន”។

ដោយមានកម្រិតជំនាញខ្ពស់និងការលះបង់ដោយអស់ពីចិត្តដើម្បីអ្នកជំងឺ លោកស្រីវេជ្ជបណ្ឌិត Mai Linh ត្រូវបានអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេប្រៀបប្រដូចជាអ្នកមានគុណម្នាក់ដែលបានជួយសង្រ្គោះអាយុជីវិតពួកគេឲ្យរួចផុតពីខ្លោងទ្វារមរណៈ។ លោកស្រី Nguyen Thi Tam នៅខេត្ត Kien Giang សមាជិកគ្រួសារអ្នកជំងឺម្នាក់បានចែករំលែកថា៖ រយៈពេល ២ ឆ្នាំបានកន្លងផុតទៅហើយ តាំងពីវេជ្ជបណ្ឌិត Mai Linh វះកាត់ដុំសាច់ខួរក្បាលដោយផ្ទាល់សម្រាប់ប្ដីរបស់គាត់ រហូតមកដល់ពេលនេះ ក្រុមគ្រួសារអ្នកជំងឺនៅតែដឹងគុណលោកស្រី Mai Linh យ៉ាងច្រើណាស់។ នៅពេលចូលមន្ទីរពេទ្យពិនិត្យឡើងវិញម្ដងៗ គាត់និងប្ដីតែងតែទន្ទឹងរង់ចាំជួបវេជ្ជបណ្ឌិត Mai Linh ដើម្បីសំណេះសំណាលពីសុភមង្គលបន្ទាប់ពីបានជាសះស្បើយ។

“គ្រូពេទ្យព្យាបាលយ៉ាងសកម្មណាស់។ ក្នុងរយៈពេលរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត ខ្ញុំបានទូរស័ព្ទទៅ ២៤/២៤ ដើម្បីសុំជំនួយ ប៉ុន្តែគ្រូពេទ្យសុទ្ធតែលើកទូរស័ព្ទ ហើយណែនាំខ្ញុំឲ្យចេះថែទាំប្ដីនៅហ្នឹងផ្ទះ”។

លោកស្រីវេជ្ជបណ្ឌិត Tran Thi Mai Linh គឺជាវេជ្ជបណ្ឌិតស្ត្រីដ៏កម្រម្នាក់ក្នុងវិស័យវះកាត់សរសៃប្រសាទ។ ធ្វើការអស់រយៈពេលជិត ១៤ ទៅហើយ ឆ្លងកាត់ភាពតានតឹងជាច្រើនជាមួយនឹងករណីអ្នកជំងឺផ្សេងៗគ្នា ប៉ុន្តែការឃើញអ្នកជំងឺបានជាសះស្បើយយ៉ាងឆាប់រហ័ស គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់វេជ្ជបណ្ឌិត Mai Linh ជំនះលើការលំបាក ដើម្បីបន្តប្រដេញតាមការជក់ចិត្តនឹងអាជីពគ្រូពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ