ព្រះតេជគុណ ថាច់ ហួន លះបង់អស់ពីចិត្តដើម្បីសហគមន៍
(VOVWORLD) - ព្រះតេជគុណ ថាច់ ហួន ជនជាតិខ្មែរ ឆ្នាំនេះមានព្រះជន្មាយុ ៧៩ វស្សា។ ព្រះអង្គធ្លាប់ជាសមាជិករដ្ឋសភានីតិកាលទី១៣ អាណត្តិ២០១១-២០១៦ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង អនុប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាខេត្តសុកត្រាំង និងជាអនុប្រធានគណៈកម្មាធិការផ្សព្វផ្សាយព្រះធម៌មជ្ឈិម។ បច្ចុប្បន្ននេះ ព្រះតេជគុណ ថាច់ ហួន ជាព្រះចៅអធិការវត្តព្រៃជប់ (ឃុំ Lai Hoa ទីរួមខេត្ត Vinh Chau ខេត្តសុកត្រាំង)។ ដោយមានរបៀបរស់នៅល្អទាំងផ្លូវលោកផ្លូវធម៌ ព្រះតេជព្រះគុណ ថាច់ ហួន មានការរួមចំណែកជាច្រើនក្នុងការងារសង្គម ហើយត្រូវបានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគោរពរាប់អាន។
ព្រះតេជគុណ ថាច់ ហួន។ |
អស់រយៈពេលច្រើនឆ្នាំមកនេះ ព្រះតេជគុណ ថាច់ ហួន បានខិតខំព្យាយាមថែរក្សាភាសានិយាយនិងភាសាសរសេរ របស់ជនរួមជាតិខ្មែរ។ ដូច្នេះហើយ ជារៀងរាល់រដូវក្តៅមកដល់ វត្តព្រៃជប់ តែងតែបើកថ្នាក់បង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃដល់សិស្សពីថ្នាក់ទី ១ ដល់ទី ៣។ ព្រះតេជគុណក៏បានចលនាសប្បុរសជនជួយឧបត្ថម្ភនូវថវិកា សៀវភៅ និងឧបករណ៍សម្ភារៈសិក្សាដល់សិស្សក្រីក្រ ផ្ដល់រង្វាន់ជូនសិស្សដែលមានស្នាដៃសិក្សាឆ្នើម; ជូនអំណោយនិងពិនិត្យសុខភាពដោយឥតគិតថ្លៃដល់គ្រួសារក្រីក្រ ដែលមានតម្លៃរាប់រយលានដុង។ វត្តព្រៃជប់ក៏ទទួលគាំពារ ចិញ្ចឹមបីបាច់កុមារមួយចំនួនដែលមានស្ថានភាពរស់នៅលំបាកពិសេសផងដែរ។ ដោយមានការរៀបចំយ៉ាងញឹកញាប់នូវសកម្មភាពសង្គម សប្បុរសធម៌ និងកិត្យានុភាពរបស់ព្រះតេជគុណ ថាច់ ហួន ផ្ទាល់ វត្តព្រៃជប់បានក្លាយទៅជាកន្លែងប្រជុំជីវភាពវប្បធម៌ដ៏លេចធ្លោមួយក្នុងតំបន់ជាយូរមកហើយ ដែលទាក់ទាញការចូលរួមកាន់តែច្រើនឡើងៗពីពុទ្ធបរិស័ទ និងប្រជាជន។ លោក Tran Ngo ជនជាតិខ្មែរនៅឃុំ Lai Hoa បានឲ្យដឹងថា៖
“ព្រះតេជគុណ ថាច់ ហួន តែងតែជួយឧបត្ថម្ភជនក្រីក្រយ៉ាងសកម្ម។ ព្រះអង្គជួយជាសម្ភារៈ ដូចជាចែកអង្ករ ជូនទឹកប្រាក់ ហើយឃោសនាដល់ពុទ្ធបរិស័ទអំពីគោលនយោបាយសាមគ្គីភាពរបស់បក្ស និងរដ្ឋ។ ព្រះអង្គមានចិត្តស្លូតបូត និងមានកិត្យានុភាពនៅភូមិស្រុក ដូច្នេះប្រជាជនគ្រប់រូបសុទ្ធតែគោរព និងធ្វើតាមពុទ្ធដីការបស់ព្រះអង្គ”។
ដោយពង្រីកតួនាទីជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ ព្រះតេជគុណ ថាច់ ហួន តែងតែរួមជាមួយរណសិរ្សមាតុភូមិ គណៈកម្មការ សមូហភាពមូលដ្ឋាននិង ប៉ុស្តិ៍ការពារព្រំដែន Lai Hoa ធ្វើការឃោសនា ចលនាប្រជាជន ក៏ដូចជាពុទ្ធបរិស័ទ ឲ្យអនុវត្តបានល្អនូវគោលមាគ៌ា គោលជំហររបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ ព្រះតេជគុណ ថាច់ ហួន មានពុទ្ធដីកាថា៖
“ប្រជាជន មិនថាកាន់ឬមិនកាន់សាសនា ក៏ត្រូវតែគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ។ វត្តបានផ្សព្វផ្សាយនិងពន្យល់ឲ្យជនរួមជាតិប្រតិបត្តិតាមអំពើត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យជីវភាពប្រជាជន កាន់តែប្រសើរឡើង។ ខ្ញុំទៅកាន់ផ្ទះនីមួយៗ ភូមិស្រុកនីមួយៗ ដើម្បីផ្សព្វផ្សាយព្រះធម៌ឲ្យជនរួមជាតិយល់ដឹងបានច្បាស់ ហើយមានអ្វីៗដែលជនរួមជាតិនៅតែមិនទាន់យល់ ខ្ញុំនឹងរកវិធីជួយពួកគេ។ មូលដ្ឋាន និងវត្តតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពុទ្ធបរិស័ទក្នុងការប្រជុំជីវភាពសាសនា”។
វិមានធំនៅក្នុងវត្តព្រៃជប់។ |
ព្រះតេជគុណ ថាច់ ហួន ក៏បានកៀរគរប្រជាពលរដ្ឋបរិច្ចាគដី ដើម្បីពង្រីកផ្លូវគមនាគមន៍នៅជនបទ សាងសង់សំណង់សុខុមាលភាពសង្គម និងសាលារៀន។ ថ្មីៗនេះ ក្នុងឆ្នាំ ២០១៧ ព្រះតេជគុណ ថាច់ ហួន និងវត្តព្រៃជប់ បានបរិច្ចាគដីទំហំ ១៦.៥០០ ម៉ែត្រការ៉េ នៅភូមិព្រៃជប់ B ឃុំ Lai Hoa ដល់អាជ្ញាធរមូលដ្ឋានដើម្បីសាងសង់សាលារៀន។ ព្រះតេជគុណក៏បានឃោសនាដល់ប្រជាពលរដ្ឋឲ្យធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស
ជឿនលឿនក្នុងផលិតកម្ម រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រះតេជគុណ ថាច់ ហួន ទទួលបានការគោរពរាប់អានរបស់ពុទ្ធបរិស៍ទ និងជាគំរូដ៏ភ្លឺស្វាងនៃព្រះពុទ្ធសាសនាថេរវាទខ្មែរ។ លោក តាំង ហ៊ុម ទីប្រឹក្សាគណៈគ្រប់គ្រងវត្តព្រៃជប់ បានឲ្យដឹងថា៖
“ព្រះតេជគុណ ថាច់ ហួន បានបួសរៀននៅក្នុងវត្តព្រៃជប់តាំងពីកុមារភាព។ ព្រះអង្គជាអ្នកមានកិត្យានុភាពនៅខេត្តសុកត្រាំង។ លោកជាប្រធានគណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាទីរួមខេត្ត Vinh Chau ប្រធានសមាគមព្រះពុទ្ធសាសនាថេរវាទខ្មែរទីរួមខេត្ត Vinh Chau និងជាអតីតសមាជិករដ្ឋសភានីតិកាលទី១៣។ ព្រះអង្គមានគុណធម៌ល្អ ទឹកព្រះទ័យមេត្តាករុណា ចូលព្រះទ័យធ្វើការងារសប្បុរសធម៌ ជួយជនក្រីក្រ យកចិត្តទុកដាក់ ជួយឧបត្ថម្ភពុទ្ធបរិស័ទ និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម។ ព្រះអង្គតែងតែអំពាវនាវឲ្យប្រជាពលរដ្ឋរ៉ៃអង្គាសកសាងផ្លូវថ្នល់ សាលារៀន បរិច្ចាគដីជូនរដ្ឋ ដើម្បីកសាងសាលារៀន”។
ដោយមានការរួមចំណែកយ៉ាងសកម្មសម្រាប់សហគមន៍ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ព្រះតេជគុណ ថាច់ ហួន ត្រូវបាននាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងនគរបាល ប្រធានគណៈ
កម្មាធិការប្រជាជនខេត្ត Soc Trang និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនប្រគល់ជូនប័ណ្ណសរសើរ ដោយមានស្នាដៃឆ្នើមក្នុងការងារសង្គម សប្បុរសធម៌ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់៕