ម្ចាស់អាជីវកម្មប្រមូលទិញកសិផលសម្រាប់ធ្វើការងារសប្បុរសធម៌
(VOVWORLD) - នៅពេលដែលទីក្រុង Can Tho អនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Tran Vu Truong កើតនៅឆ្នាំ១៩៨៣ នាយកក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត រថយន្ត Truong Dung នៅសង្កាត់ Thuong Thanh ខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានសម្រេចចិត្តបញ្ឈប់អាជីវកម្មសេវាដឹកជញ្ជូនដើម្បីធ្វើការងារសប្បុរសធម៌។ សកម្មភាពរបស់ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានរីកសាយភាយដល់មនុស្សជាច្រើន ហើយទាក់ទាញសប្បុរសជនផ្សេងៗរួមដៃគ្នាជួយឧបត្ថម្ភប្រជាជនដែលកំពុងជួបការលំបាក។
លោក Tran Vu Truong (ខាងឆ្វេង) ជួយប្រមូលទិញកសិផលសម្រាប់កសិករ។ (រូបថត៖ VOV) |
ប្រសូត្រនៅក្នុងគ្រួសារកសិករសុទ្ធសាធនៅឃុំ Vinh Phong ស្រុក Vinh Thuan ខេត្ត Kien Giang ដូច្នេះលោក Truong មានការយោគយល់នឹងការលំបាកលំបិនរបស់ប្រជាកសិករ។ លោកបានចែករំលែកថា ជាធម្មតានៅពេលគ្មានជម្ងឺរាតត្បាត ប្រសិនបើកសិផលចូលក្នុងរដូវប្រមូលផល តែគ្មានធាតុចេញគឺលំបាកហើយ។ ឥឡូវជម្ងឺរាតត្បាតមកដល់ កសិផលនៅកកស្ទះ បានបង្កឡើងការលំបាកបន្ថែមទៀតដល់ប្រជាជន។ ហេតុដូច្នេះ ទោះបីជាក្រុមហ៊ុនកំពុងធ្វើការរឹតត្បិតលើការចំណាយដោយសារត្រូវបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែលោកនៅតែតាំងចិត្តប្រមូលទិញកសិផលដើម្បីជួយប្រជាកសិករ។
“ខ្ញុំបានឃើញ កុមារតូចៗយកប្រាក់សន្សំពីកូនជ្រូកដីដើម្បីជួយឧបត្ថម្ភដល់ប៉ូស្តិ៍គ្រប់គ្រងជម្ងឺរាតត្បាតនិងប្រជាជនក្រីក្រ ហើយមនុស្សចាស់ជរាយកបន្លែផ្លែឈើធ្វើជាអំណោយ។ ហើយខ្ញុំឃើញថា ខ្លួនជាអាជីវកម្ម ក៏ជួបការលំបាកពិតមែន ប៉ុន្តែនៅតែប្រសើរជាងគ្រួសារក្រីក្រនិងបងប្អូនពលករឯករាជ្យដទៃទៀត។ ដូច្នេះហើយ ខ្ញុំបានសម្រេចចិត្តមិនធ្វើអាជីវកម្មទៀតឡើយ បិទក្រុមហ៊ុនដើម្បីធ្វើកម្មវិធីឧបត្ថម្ភប្រជាជនក្រីក្រ”។
លោក Tran Vu Truong ប្រគល់អំណោយជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។
(រូបថត៖ VOV) |
ដំបូងឡើយ លោក Tran Vu Truong គ្រោងនឹងចំណាយទឹក់ប្រាក់តែ១០០ដល់២០០លានដុងសម្រាប់សកម្មភាពសប្បុរសធម៌នេះតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីឃើញថា មានមនុស្សជាច្រើនរងទុក្ខលំបាកខ្លាំងពេក លោកបានសម្របសម្រួលជាមួយសម្ព័ន្ធយុវជនទីក្រុង Can Tho តាមរយៈកម្មវិធី “ដំណើរតភ្ជាប់សេចក្ដីស្រឡាញ់” ដើម្បីប្រមូលទិញឲ្យបានច្រើនថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បានឧបត្ថម្ភរថយន្តធុនធំនិងធម្យមចំនួន៧គ្រឿងដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទៀតផង។ ជារៀងរាល់៣ថ្ងៃម្ដង លោកស្ម័គ្រចិត្តចំណាយលុយផ្ទាល់ខ្លួនដើម្បីធ្វើតេស្តកូវីដ-១៩រហ័សសម្រាប់ខ្លួនឯងនិងអ្នកបើកបរ។
សកម្មភាពដ៏ជាក់ស្ដែង ទាន់ពេលវេលារបស់លោក Truong បាននាំមកនូវក្ដីសប្បាយរីករាយដល់ប្រជាកសិករនិងម្ចាស់ចម្ការជាច្រើនក្រោយពីភាពជាប់គាំងជារៀងរាល់ថ្ងៃ។ ប្រការពិសេសគឺ កសិផលទាំងស្រុងដែលត្រូវបានប្រមូលទិញ សុទ្ធតែត្រូវបានប្រគល់ជូនផ្ទះបាយនៅតាមមន្ទីរពេទ្យបណ្ដោះអាសន្ន ប្រជាជននៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់ និងពលករក្រីក្រក្នុងតំបន់។
“ផ្សារបិទទាំងអស់ហើយ មិនទៅលក់បានទេ។ អាជីវករក៏មិនមកទីនេះប្រមូលទិញទៀតដែរ”។
“ពូបន្តផលិតទៅ ខ្ញុំនិងសម្ព័ន្ធយុវជននឹងបន្តជួយឧបត្ថម្ភប្រជាជនជួយសង្គ្រោះកសិផល។ ជារៀងរាល់ថ្ងៃ ខ្ញុំជួយទិញ៥០០គីឡូក្រាមឲ្យពូ ខ្ញុំសូមសន្យាអញ្ចឹង”។
លោក Nguyen Phuong Tung ប្រធានគណៈយុវជន កម្មករនគរនិងជនបទ នៃសម្ព័ន្ធយុវជន Can Tho បានឲ្យដឹងថា ចាប់តាំងពីចូលរួម “ដំណើរតភ្ជាប់សេចក្ដីស្រឡាញ់” លោក Truong បានជួយប្រមូលទិញបន្លែផ្លែឈើចំនួនជាង៦០តោន ដោយការចំណាយជិត៧០០លានដុង។ មិនត្រឹមតែជួយឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ លោកថែមទាំងបើកឡានដោយខ្លួនឯងដើម្បីទៅប្រមូល ទិញ ហើយរួមដំណើរទៅប្រគល់អំណោយជូនប្រជាជនទៀតផង។
“លោក Truong ជាម្ចាស់អាជីវកម្ម ហើយក៏ជាអង្គភាពដែលបានរួមដំណើរដោយផ្ទាល់ជាមួយកម្មវិធី “ដំណើរតភ្ជាប់សេចក្ដីស្រឡាញ់” ក្នុងរយៈពេលរក្សាគម្លាតសង្គម ក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការ ប៉ុន្តែលោកបានខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីមានថវិកាជួយប្រជាកសិករ”។
ក្រៅពីការទិញកសិផលដើម្បីជួយប្រជាកសិករ លោក Truong ក៏ផ្ដល់អំណោយរាប់រយចំណែកជូនដល់និស្សិតក្រីក្រដែលត្រូវជាប់គាំងនៅទីក្រុង Can Tho; ឧបត្ថម្ភប្រាក់ជូនអ្នកជម្ងឺក្រីក្រ; ប្រគល់អង្ករនិងរបស់របរចាំបាច់សម្រាប់ជនក្រីក្រនិងប៉ុស្តិ៍គ្រប់គ្រងជម្ងឺរាតត្បាតនៅខេត្ត Vinh Long Hau Giang និង Can Tho ទៀតផង។
ទឹកចិត្តដ៏សប្បុរសរបស់លោក Truong បានរីកសាយភាយសកម្មភាពសប្បុរសធម៌ទៅកាន់មនុស្សគ្រប់គ្នា រីកសាយភាយសេចក្ដីស្រឡាញ់ក្នុងសហគមន៍ដើម្បីជួយឲ្យជីវភាពកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕