មហាសេដ្ឋីកសិករនៅតំបន់ខ្ពង់រាប Yen Chau

(VOVWORLD) - ដោយមានប្រាក់ចំណូលរាប់សិបពាន់លានដុងក្នុងមួយឆ្នាំពីគំរូសេដ្ឋកិច្ចចម្រុះ ប្រកបដោយគុណភាពខ្ពស់ លោក Tran Nhu Kien នៅភូមិ Pha Cung ឃុំ Long Phieng ស្រុក Yen Chau (ខេត្ត Son La) គឺជាកសិករគំរូម្នាក់ដោយមានឆន្ទៈឈានឡើងក្លាយជាអ្នកមាន។ លោក Tran Nhu Kien គឺជា កសិករមួយរូបក្នុងចំណោម “កសិករឆ្នើមវៀតណាម” ទាំង ៦៣ រូប ដែលត្រូវបានលើកតម្កើងដោយគមជ្ឈិមសមាគមកសិករវៀតណាមក្នុងឆ្នាំ២០២១។

ប្រសូត្រនិងធំដឹងក្ដីនៅស្រុក Binh Luc ខេត្ត Ha Nam កាលពីឆ្នាំ ១៩៩៣ ដែលទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ លោក Tran Nhu Kien បានសម្រេចចិត្តទៅកាន់តំបន់ Yen Chau ខេត្ត Son La ដើម្បីចាប់អាជីព ក្នុងគោលបំណងចង់រួចផុតពីភាពក្រីក្រ។ លោកនិងមិត្តភក្តិ បានទៅគ្រប់ច្រកល្ហក គ្រប់ភូមិឃុំនៃស្រុក Yen Chau ដើម្បីធ្វើការស៊ីឈ្នួលជាជាងឈើ និងសាងសង់ផ្ទះជូនប្រជាជន។ សន្សំសម្ចៃបានដើមទុនបន្តិចក្រោយប៉ុន្មានឆ្នាំ លោកបានសម្រេចចិត្តទិញដីដាំពោត ដំឡូង និងដំឡូងមី។ លោក Kien ចែករំលែកថា៖

“ក្រោយរយៈពេលមួយ ខ្ញុំយល់ថា បើធ្វើការស៊ីឈ្នួលជារៀងរហូត ខ្ញុំមិនអាចក្លាយជាអ្នកមានបានទេ ហើយបើខ្ញុំបន្តដាំពោត ដាំដំឡូងបែបនេះ តើពេលណាទើបមានប្រសិទ្ធភាពសេដ្ឋកិច្ច? ពេលនោះ ខ្ញុំបានរកឃើញរឿងចិញ្ចឹមជ្រូក ទីមួយគឺបង្កើតការងារសម្រាប់គ្រួសារ ទីពីរគឺខ្ញុំយកកាកសំណល់ទាំងនោះមកធ្វើជីសម្រាប់ដំណាំ ទាំងការពារបរិស្ថានបានផង ទាំងថែទាំដំណាំបានយ៉ាងល្អផង ហើយខ្ញុំឃើញថា មានប្រសិទ្ធភាពខ្ពស់ណាស់”។

មហាសេដ្ឋីកសិករនៅតំបន់ខ្ពង់រាប Yen Chau - ảnh 1លោក Tran Nhu Kien និងហ្វូងជ្រូករបស់ខ្លួន។ (រូបថត៖ VOV)

នៅឆ្នាំ ២០០៨ លោក Kien បានបញ្ចាំទ្រព្យសម្បត្តិ ដើម្បីខ្ចីប្រាក់ចំនួន ៣០០ លានដុងនៅធនាគារ Agribank ស្រុក Yen Chau យកមកបណ្តាក់ទុនសាងសង់ទ្រុងជ្រូកមួយ និងទិញជ្រូកមេចំនួន ១០ ក្បាល និងជ្រូកយកសាច់ជិត ១០០ ក្បាល មកចិញ្ចឹមតាមវិធីសាស្ត្រជីវសុវត្ថិភាព។ ពេលដែលហ្វូងជ្រូកមេកើតកូនដំបូង ក៏ជាពេលដែលលោក Kien លក់ហ្វូងជ្រូកសាច់ចេញទៅទីផ្សារដែរ។ នៅពេលនោះ បន្ទាប់ពីដកការចំណាយរួច លោកទទួលបានប្រាក់ចំណេញជិត ៧០០ លានដុង។ បន្តសន្ទុះឈ្នះ លោកបានប្រើប្រាក់ចំណេញនោះ វិនិយោគឡើងវិញ ដើម្បីបង្កើនហ្វូងជ្រូកមេឡើងដល់ ៤០ ក្បាល និងជ្រូកសាច់ ៥០០ ក្បាល; ហ្វូងជ្រូកបន្ទាប់ លោករកបានប្រាក់ចំណេញឡើងដល់ទៅ ១,៥ ពាន់លានដុង។ រហូតមកដល់ពេលនេះ ហ្វូងជ្រូកសរុបនៅក្នុងកសិដ្ឋានរបស់លោក តែងតែត្រូវបានរក្សានៅកម្រិតជាង ១.២០០ ក្បាលដែលចិញ្ចឹមតាមដំណើរការបិទជិត នាំមកនូវទិន្នផលប្រចាំឆ្នាំចន្លោះពី ៣៥ ដល់ ៤០ តោន ប្រាក់ចំណូលជាង ១០ ពាន់លានដុង ហើយបង្កើតការងារប្រកបដោយស្ថេរភាពសម្រាប់ពលករស្រុក ៧ នាក់ ដោយមានប្រាក់ខែចំនួន ៤លានកន្លះក្នុងមួយខែឡើងទៅ។

នៅឆ្នាំ ២០១៩ នៅពេលដែលទីផ្សារមានភាពចលាចល ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក លោក Kien បានចាប់យកស្ថានភាពទីផ្សារយ៉ាងឆាប់រហ័ស ដោយកែសម្រួលបរិមាណជ្រូកសម្រាប់លក់ ឲ្យបានស្របតាមស្ថានភាពជាក់ស្តែង ដែលជួយក្រុមគ្រួសារ និងសមាជិកសហករណ៍ មិនខាតបង់នោះទេ ប៉ុន្តែថែមទាំងទទួលបានជ័យជំនះដ៏ធំទៀតផង តាមនោះបង្ហាញពីឫទ្ធានុភាពរបស់កសិករក្នុងសម័យកាលថ្មី។ លោក Kien បានរំលឹកថា៖

“នៅដើមឆ្នាំ ២០១៩ ខ្ញុំមើលកាសែតដឹងព័ត៌មានថា នៅអាកាសយានដ្ឋានតៃវ៉ាន់បានរកឃើញ អ្នកដំណើរយកតាមនំប៉័ងមួយដុំ ដែលគេបានធ្វើតេស្តហើយរកឃើញវីរុសជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺខ្ញុំមានអារម្មណ៍មិនល្អហើយ លើសពីនេះ អ្នកដំណើរនោះមកពីទីក្រុងហូជីមិញ។ ដូច្នេះ ខ្ញុំបានហៅបងប្អូនទាំងអស់ក្នុងតំបន់ចិញ្ចឹមមកពិភាក្សា ហើយប្រាប់បងប្អូនថា តាមស្ថានភាពបែបនេះ មិនដល់ ៧ថ្ងៃទៀតទេ នៅវៀតណាមនឹងប្រកាសជំងឺរាតត្បាត។ នៅពេលនោះ តម្លៃជ្រូកថ្លៃណាស់ យើងខ្ញុំលក់ទាំងអស់ ទីមួយគឺដើម្បីរក្សាតម្លៃ ទី២គឺដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯង។ ហើយការទាយទុករបស់ខ្ញុំមិនខុសទេ ក្រោយរយៈពេល ៥ថ្ងៃ វៀតណាមយើងបានប្រកាសពីជំងឺប៉េស្តជ្រូកអាហ្រ្វិក តម្លៃជ្រូកនៅពេលនោះធ្លាក់ចុះទាបណាស់ ពេលនោះយើងខ្ញុំផ្តោតលើការពង្រឹងជីវសុវត្ថិភាពដើម្បីការពារហ្វូងជ្រូក”។

មហាសេដ្ឋីកសិករនៅតំបន់ខ្ពង់រាប Yen Chau - ảnh 2សួនចម្ការដាំដើមមៀនរបស់លោក Kien។

ក្រៅពីការចិញ្ចឹមជ្រូក លោក Kien ក៏មានទំហំផ្ទៃដី ៧ ហិកតាសម្រាប់ដាំដើមមៀន និងជាង ១ ហិកតា សម្រាប់ដាំដើមស្វាយសម្បកខៀវ ហើយដើមឈើហូបផ្លែទាំងអស់ត្រូវបានដាំដុះតាមស្តង់ដារ VietGAP។ ដោយឡែកក្នុងឆ្នាំ ២០២២ នេះ ប្រាក់ចំណូលពីការដាំដើមឈើហូបផ្លែរបស់គ្រួសារលោក បានកើនដល់ជាង៧០០លានដុង។ មិនត្រឹមតែធ្វើសេដ្ឋកិច្ចល្អប៉ុណ្ណោះទេ លោក Tran Nhu Kien ថែមទាំងជួយឧបត្ថម្ភគ្រួសារជួបការលំបាក ដែលជាសមាជិកកសិករនៅក្នុងភូមិ ឃុំ អំពីបច្ចេកទេសចិញ្ចឹមសត្វនិងដាំដុះទៀតផង។ លោកបានបង្កើតសហករណ៍ Phuong Nam ដែលមានសមាជិកចំនួន ១០ នាក់ រហូតមកដល់ពេលនេះ សហករណ៍មានផ្ទៃដីជាង ១០០ ហិកតា ដាំដើមឈើហូបផ្លែ ជ្រូកពាណិជ្ជកម្មចំនួន ២.៥០០ ក្បាល ក្រោមដំណើរការចិញ្ចឹមបិទជិត ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ១៥ ពាន់លានដុងក្នុងមួយឆ្នាំ។ លោក Lu Van Duong នៅឃុំ Chieng Sang ស្រុក Yen Chau ខេត្ត Son La សមាជិកនៃសហករណ៍បានឲ្យដឹងថា៖

“មុននេះ ខ្ញុំមិនធ្វើតាមបទដ្ឋាននោះទេ ដូច្នេះមិនសូវមានផលិតភាព ប៉ុន្តែចាប់តាំងពីខ្ញុំចូលសហករណ៍ ធ្វើតាមក្រុម តាមផែនការមេ អញ្ចឹងផលិតភាពក៏ខ្ពស់ជាងបើធៀបនឹងពេលដែលខ្ញុំមិនទាន់ចូលសហករណ៍។ កាលពីមុនខ្ញុំត្រូវតែរកធាតុចូលដោយខ្លួនឯង ប៉ុន្តែឥឡូវនេះឈ្មួញមកដល់ចម្ការផ្ទាល់ដើម្បីប្រមូលទិញ។ ឥឡូវនេះ ខ្ញុំក៏នឹងនរចិត្តជាមួយនឹងរបរដាំដើមមៀននេះហើយ”។

ជាមួយនឹងការខិតខំប្រឹងប្រែង ហ៊ានគិត ហ៊ានធ្វើ ហើយក្លាយជាមហាសេដ្ឋីកសិករ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា លោក Tran Nhu Kien ទទួលបានប័ណ្ណសរសើរពីគ្រប់លំដាប់ថ្នាក់ អាស្រ័យដោយមានស្នាដៃល្អៗក្នុងការធ្វើផលិតកម្ម អាជីវកម្ម ការជួយឧបត្ថម្ភសមាជិកសមាគមកសិករក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ហើយបង្កើតការងារជូនពលករស្រុកជា
ច្រើន។ នៅឆ្នាំ ២០២១ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាកសិករមួយក្នុងចំណោមកសិករឆ្នើមបំផុតទាំង ៦៣ នាក់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ