លោកស្រីអតីតយុទ្ធជន "ត្រួសត្រាយផ្លូវ" សម្រាប់ទេសចរណ៍កោះនៅ Mong Cai ខេត្ត Quang Ninh

(VOVWORLD) - ចាកចេញពីជួរកងទ័ពវិលត្រឡប់ទៅជីវភាពធម្មតាវិញ អតីតយុទ្ធជន លោកស្រី Tran Thi Son នៅទីក្រុង Mong Cai ខេត្ត Quang Ninh បានសិក្សាស្រាវជ្រាវហើយបង្កើតក្រុមហ៊ុនចំកាត់អភិវឌ្ឍន៍សេដ្ឋកិច្ច Ka Long ដែលធ្វើអាជីវកម្មក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍។ លោកស្រីក៏ជាអ្នកត្រួសត្រាយផ្លូវសម្រាប់វិស័យទេសចរណ៍នៅតំបន់ព្រំដែនភាគឦសានប្រទេសជាតិផងដែរ នៅពេលដែលបើកខ្សែផ្លូវទេសចរណ៍ទៅកាន់ឃុំកោះព្រំដែនចំនួន២ពីរគឺ Vinh Trung និង Vinh Thuc។

លោកស្រីអតីតយុទ្ធជន អតីតយុទ្ធជន Tran Thi Son បានរួមចំណែកធ្វើឱ្យ Vinh Thuc ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅលើផែនទីទេសចរណ៍កោះនៃខេត្ត Quang Ninh។ (រូបថត៖ VOV)

អស់រយៈពេល ៨ ឆ្នាំមកនេះ ចាប់តាំងពីបើកខ្សែទេសចរណ៍ចំនួនពីរទៅកាន់កោះ Vinh Trung និង Vinh Thuc ជារៀងរាល់ថ្ងៃ ទោះបីព្រះអាទិត្យមិនទាន់រះក៏ដោយ ក៏លោកស្រី Tran Thi Son អតីតយុទ្ធជនអាយុ ៦៨ឆ្នាំ នាយិកាក្រុមហ៊ុនចំកាត់អភិវឌ្ឍន៍សេដ្ឋកិច្ច Ka Long តែងតែមានវត្តមាននៅកំពង់ផែ Mui Ngoc ដើម្បីទទួលស្វាគមន៍អ្នកដំណើរទៅកាន់ឃុំកោះទាំងពីរនេះ។

ក្នុងឆ្នាំ ២០០៦ លោកស្រី Son និងមិត្តភ័ក្តិ យុទ្ធមិត្តមួយចំនួន បានបង្កើតក្រុមហ៊ុន Ka Long ដែលប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍។ ក្រោយពីការអភិវឌ្ឍអស់រយៈពេល ១០ ឆ្នាំ មក ម៉ាកយីហោតាក់ស៊ី Ka Long បានក្លាយជាអាស័យដ្ឋានគួរឲ្យទុកចិត្តនិងស្និទ្ធស្នាលសម្រាប់ប្រជាជននៅទីក្រុង Mong Cai និងភ្ញៀវទេសចរ។ ក្រុមហ៊ុនរបស់លោកស្រី Son បានរួមចំណែកបង្កើតការងារធ្វើដល់ពលករប្រមាណ ១០០ នាក់ ដែលភាគច្រើនជាកូនចៅរបស់អតីតយុទ្ធជន ដោយមានប្រាក់ចំណូលពី ៦ ទៅ ៧ លានដុង (២៥០-៣០០ ដុល្លារអាមេរិក/នាក់/ខែ។ លោកស្រី Tran Thi Son បានឲ្យដឹងថា៖

“ខ្ញុំបានបង្កើតក្រុមហ៊ុនរួចហើយ ដូច្នេះត្រូវតែខិតខំព្យាយាម ធ្វើការរបស់ខ្លួនផង ហើយបង្កើតការងារសម្រាប់មនុស្សម្នាផង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងណាស់”។

ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនចំកាត់អភិវឌ្ឍន៍សេដ្ឋកិច្ច Ka Long បានសម្រេចចិត្តវិនិយោគលើឧបករណ៍ និងយានជំនិះដឹកជញ្ជូន ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរដែលមកទស្សនា និងសម្រាកលំហែកាយនៅលើកោះ Vinh Thuc - Vinh Trung ហើយធ្វើដំណើរកម្សាន្តទទួលបទពិសោធន៍នៅ Bac Son-Hai Son (ទីក្រុង Mong Cai )។ ក្រៅពីការវិនិយោគលើយានជំនិះ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព រួមមាន៖ រថយន្តអគ្គិសនី និងរថយន្ត; ពង្រីកផ្ទៃដីតំបន់កំពង់ផែ កន្លែងរង់ចាំ ផ្ទះបាយ និងតំបន់រមណីយដ្ឋាននៅ Ben Hen (ឃុំ Vinh Trung) ដើម្បីបម្រើភ្ញៀវទេសចរ។ លោកស្រី Tran Thi Son បានចែករំលែកថា ការកសាងផែនការផលិតផលទេសចរណ៍ដើម្បីជូនភ្ញៀវទេសចរទៅកាន់ផ្លូវកោះ Mong Cai គឺជាប្រការដែលលោកស្រីពេញចិត្តបំផុត។ ព្រោះថានៅពេលនោះ ការបើកសេវាកម្មទេសចរណ៍ទៅកាន់កោះ Vinh Thuc ត្រូវបានចាត់ទុកថា ប្រថុយប្រថាននិងពិបាកទទួលបានជោគជ័យ៖

“នៅពេលដែលខ្ញុំទទួលយកគម្រោងធ្វើទេសចរណ៍ទៅកាន់កោះ ខ្ញុំគិតថាវាងាយស្រួល ប៉ុន្តែពេលចាប់ផ្តើមធ្វើហើយ ឃើញថាវាពិបាកខ្លាំងណាស់ ជាពិសេសសម្រាប់ស្ត្រីដែលធ្វើសេវាកម្មដឹកជញ្ជូនដែលមិនយល់អ្វីអំពីនាវានិងទន្លេសមុទ្រនោះឡើយ។ ចាប់ពីពេលនោះមក ខ្ញុំធ្វើការបណ្ដើរ រៀនបណ្ដើរពីបងប្អូននៅទីនេះ”។

លោកស្រី Pham Thi Oanh ប្រធានផ្នែកវប្បធម៌និងព័ត៌មានទីក្រុង Mong Cai បានឲ្យដឹងថា នៅពេលដែលទីក្រុងអំពាវនាវឲ្យអាជីវកម្មបណ្តាក់ទុននៅឃុំកោះ Vinh Thuc មានអាជីវកម្មតិចតួចណាស់ដែលយកចិត្តទុកដាក់។ ទោះជាយ៉ាងនេះក្ដី លោកស្រី Tran Thi Son បានស្រាវជ្រាវ ហើយសម្រេចចិត្តវិនិយោគ និងដាក់ពង្រាយគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅលើកោះ Vinh Thuc៖

“នៅពេលនោះ ឃុំកោះ Vinh Thuc នៅតែមានការលំបាកខ្លាំងណាស់។ លោកស្រី Son ត្រូវប្រមូលផ្ដុំថវិកាទាំងស្រុង ដើម្បីទិញរថយន្តរត់លើកោះ ទូក កាណូត និងរថយន្តអគ្គិសនី ជាពិសេសត្រូវស្វែងរកអ្នកជំនួញដែលជាប្រជាពលរដ្ឋនៅឃុំកោះ។ ចាប់ពីឆ្នាំ ២០១៦ មក លោកស្រី Tran Thi Son បានរួមចំណែកជាច្រើនដល់ខ្សែផ្លូវទេសចរណ៍ទៅកាន់កោះ”។

ក្រោយរយៈពេល ៨ ឆ្នាំខិតខំព្យាយាមជំនះលើការលំបាក និងបញ្ហាប្រឈមជាច្រើន អតីតយុទ្ធជនជើងចាស់ លោកស្រី Tran Thi Son បានរួមចំណែកនាំ Vinh Thuc ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅលើផែនទីទេសចរណ៍តាមកោះសមុទ្រនៃខេត្ត Quang Ninh។ អាស្រ័យដោយមានទេសចរណ៍រីកចម្រើនបែបនេះ ជីវភាពរស់នៅរបស់ប្រជាជននៅឃុំកោះ Vinh Thuc កាន់តែប្រសើរឡើងៗ។ លោក Hoang Van Tang ពលរដ្ឋនៅកោះ Vinh Thuc បានចែករំលែកថា៖

“មុនពេលមីង Son បើកសេវាកម្ម Vinh Thuc រហោស្ថានមែនទែន គ្រាន់តែមានផ្លូវលំ ហើយបាក់ដីទៀត មិនមានផ្លូវបេតុងស្អាតបាតដូចសព្វថ្ងៃនេះទេ។ មីង Son វិនិយោគយ៉ាងច្រើន កសាងផ្លូវបេតុង កំពង់ផែប្រកបដោយភាពងាយស្រួល អ្នកដំណើរអាចធ្វើដំណើរដោយសុវត្ថិភាព ដូច្នេះប្រជាជនសប្បាយរីករាយយ៉ាងក្រៃលែង។ ខ្សែផ្លូវទេសចរណ៍កាន់តែពង្រីក ហើយប្រជាជនមានប្រាក់ចំណូលស្ថិរភាព”។

ទន្ទឹមនឹងការអភិវឌ្ឍអាជីវកម្ម បង្កើតការងារប្រកបដោយស្ថិរភាពសម្រាប់ពលកររាប់រយនាក់ លោកស្រី Son តែងតែយកចិត្តទុកដាក់ និងចែករំលែកជាមួយអ្នកមានស្ថានភាពរស់នៅលំបាកតាមរយៈសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌នៅទីក្រុង Mong Cai និងមូលដ្ឋាននានាក្នុងខេត្ត។ សម្រាប់លោកស្រី មិនថាក្នុងសម័យសង្រ្គាម ឬក្នុងសម័យសន្តិភាពនោះទេ ការរួមចំណែកកសាងស្រុកកំណើត និងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ជានិច្ចកាលជាភារកិច្ចដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជន និងយុទ្ធជនម្នាក់ក្នុងសម័យសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ