“លោក Le Thanh” - អ្នកដែលរួមចំណែកផ្លាស់ប្តូរមុខមាត់ទីក្រុងកំពង់ផែ Hai Phong
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុង Hai Phong មានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លានិងគួរឲ្យកត់សម្គាល់; ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ។ សម្រាប់ប្រជាជនទីក្រុង Hai Phong អតីតឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh ដែលជាអតីតលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong គឺជាអ្នកដែលរួមចំណែកក្នុងការផ្លាស់ប្តូរដ៏ធំធេងនោះ ដោយសារតែការសម្រេចចិត្តរបស់ “លោក Thanh” គឺដើម្បីប្រជាជនជានិច្ច។ មរណភាពដោយរោគាពាធរបស់លោក បានបន្សល់ទុកនូវការសោកស្ដាយសម្រាប់ប្រជាជន Hai Phong និងប្រទេសជាតិទាំងមូល។
ស្ពាន Hoang Van Thu ជាសំណង់មួយដែលផ្សារភ្ជាប់ជាមួយសញ្ញាសម្គាល់របស់ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh នៅទីក្រុង Hai Phong។ (រូបថត៖ VOV) |
ស្ពានឆ្លងសមុទ្រ Tan Vu - Lach Huyen ដែលជានិមិត្តសញ្ញានៃឆន្ទៈ និងសេចក្តីប្រាថ្នាឈានទៅមុខរបស់ទីក្រុង Hai Phong; ស្ពាន Hoang Van Thu; ស្ពាន Dang; ស្ពាន Han; ស្ពានទន្លេ Hoa ដែលតភ្ជាប់ Hai Phong ជាមួយ Thai Binh; អគារខុនដូ Dong Quoc Binh; ផ្លូវ World Bank...សុទ្ធតែជាគម្រោងសំខាន់ៗដែលបានរួមចំណែកផ្លាស់ប្តូរមុខមាត់ទីក្រុង Hai Phong។ នៅពេលនិយាលដល់គម្រោងទាំងនេះម្ដងៗ ប្រជាជនទីក្រុង Hai Phong តែងតែនឹកដល់ លោក Le Thanh ជាឈ្មោះស្និទ្ធស្នាលដែលប្រជាជនទីក្រុងកំពង់ផែ ហៅអតីតឧបនាយករដ្ឋមន្ត្រី អតីតលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong លោក Le Van Thanh ។
ក្នុងអាណត្តិ ២០១៥-២០២០ នៅពេលដែលលោក Le Van Thanh កាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong ទីក្រុងកំពង់ផែនេះបានសាងសង់ផ្លូវអន្តរខេត្ត អន្តរស្រុករាប់សិប រួមទាំងស្ពានចំនួន ៤៦ គ្រប់ប្រភេទ ដែលរួមចំណែកក្នុងការផ្លាស់ប្តូរជាមូលដ្ឋាននូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទីក្រុង។ មុខមាត់ទីក្រុង ពីនគរដល់ជនបទសុទ្ធតែធំទូលាយជាង; ជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរជាវិជ្ជមាន៖
“នៅពេលដែលលោក Le Van Thanh ក្លាយជាលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong មុខមាត់ទីក្រុងបានផ្លាស់ប្តូរជាច្រើន និងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការងារសន្តិសុខសង្គម ការកសាងស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែង។ ជាក់ស្ដែង អគារខុនដូរខ្ពស់ៗ និងលំនៅដ្ឋានសង្គមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស… ប្រជាជនទីក្រុង Hai Phong ស្រឡាញ់រាប់អានលោកច្រើនណាស់។
“លោក Le Van Thanh ធ្វើបានការងារល្អណាស់ជូនប្រជាជនខេត្ត Hai Phong តាំងពីផ្លូវថ្នល់ ស្ពាន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងៗ។ លោកយកចិត្តទុកដាក់ដល់ប្រជាជន ដល់បរិស្ថានរស់នៅ សកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជន តាំងពីសួនផ្កា ទីលានលេងសម្រាប់សិស្សានុសិស្ស មន្ទីរពេទ្យ... លោកជានិច្ចកាលគាំទ្រប្រជាជន”។
"លោក Le Thanh" - អ្នកដែលបានរួមចំណែកផ្លាស់ប្តូរមុខមាត់ទីក្រុងកំពង់ផែ Hai Phong។ (រូបថត៖ VOV) |
មុននឹងកាន់តំណែងឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ធ្លាប់បានកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីក្រុង Hai Phong ដូចជា៖ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជន និងលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong។ ដោយមានការត្រិះរិះយុទ្ធសាស្ត្រថា “ពង្រឹងវិន័យក្នុងការប្រមូលនិងការចំណាយថវិកា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមរបស់ទីក្រុង និងធានាសន្តិសុខសង្គម” លោកបានធ្វើឱ្យទីក្រុង Hai Phong មានជំហានលោតផ្លោះគួរឲ្យកត់សម្គាល់។ អត្រាកំណើននៃផលិតផលក្នុងស្រុកសរុបនៃទីក្រុង Hai Phong (GRDP) សម្រេចបានកម្រិតខ្ពស់ជាបន្តបន្ទាប់ ដោយកម្រិតជាមធ្យម ១៤% ក្នុងមួយឆ្នាំក្នុងដំណាក់កាល ២០១៦-២០២០។ នេះក៏ជាដំណាក់កាលដែលទីក្រុង Hai Phong ទទួលបានលំហូរទុនវិនិយោគបរទេសដ៏ធំ ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុនពហុជាតិជាច្រើនលើពិភពលោក។ លោក Vu Van Trong ប្រធានក្លឹប Trung Dung - ប្តេជ្ញាឈ្នះនៃទីក្រុង Hai Phong បានបញ្ជាក់ថា៖
“សម្រាប់លោក Le Van Thanh អាចសង្ខេបបានដូចតទៅ៖ មនុស្សម្នាក់ដែលហ៊ានគិត ហ៊ានធ្វើ ធ្វើដោយមានប្រសិទ្ធភាព ធ្វើយ៉ាងប្ដូរផ្ដាច់ និយាយតិចតែធ្វើច្រើន។ គុណបំណាច់របស់លោកសម្រាប់ការអភិវឌ្ឍទីក្រុង Hai Phong ត្រូវបានទទួលស្គាល់និងគោរពយ៉ាងខ្លាំងពីប្រជាជនទាំងអស់។ ខ្ញុំឃើញថា នៅពេលដែលលោក Le Van Thanh ធ្វើជាលេខា លោកបានទទួលមរតក និងពង្រីកសមិទ្ធិផលរបស់ជំនាន់មុនៗ ហើយមានជំហានអភិវឌ្ឍន៍ថ្មី គួរឲ្យកត់សម្គាល់ និងគ្រប់ជ្រុងជ្រោយជាពិតប្រាកដ”។
ដោយមានទស្សនៈថា “គោលនយោបាយសន្តិសុខសង្គមត្រូវតែដើរទៅមុខមួយជំហានបើធៀបនឹងការអភិវឌ្ឍសេដ្ឋកិច្ច” ទីក្រុង Hai Phong តាំងពីសម័យលោកលេខាគណៈកម្មាធិការបក្សទីក្រុង Le Van Thanh មក ជានិច្ចកាលយកចិត្តទុកដាក់ និងផ្ដល់ធនធានជាច្រើនដើម្បីថែទាំជីវភាពរស់នៅរបស់ប្រជាជន។ សេចក្ដីសម្រេចចិត្ត និងគោលនយោបាយជាបន្តបន្ទាប់របស់ទីក្រុង Hai Phong ដូចជា៖ ការកសាង និងជួសជុលអគារខុនដូរចាស់; ជួយឧបត្ថម្ភជាស៊ីម៉ងត៍ដើម្បីជួសជុល និងកែលម្អផ្លូវជនបទ និងទីក្រុង; ជួយឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះជូនគ្រួសារដែលមានការលំបាកខាងលំនៅឋាន... បានពង្រីកប្រសិទ្ធភាពពិតប្រាកដក្នុងជីវភាពប្រចាំថ្ងៃ។ Hai Phong ក៏ជាមូលដ្ឋានដំបូងគេដែលឧបត្ថម្ភថ្លៃសិក្សាទាំងស្រុងដល់សិស្សានុសិស្សគ្រប់កម្រិតផងដែរ។ លោក Nguyen Van Quyn អតីតលេខាស្រុក Vinh Bao ទីក្រុង Hai Phong បានអះអាងថា៖
“លោក Le Van Thanh ជាកម្មាភិបាលដែលមានបេះដូងផង និងសមត្ថភាពផង ជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រឌិត និងចក្ខុវិស័យយុទ្ធសាស្ត្រ។ ទីមួយ ទស្សនៈ និងការត្រិះរិះរបស់លោកគឺអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងរឹងមាំ។ ទី២ គឺការកសាងជនបទថ្មី និងការលើកសោភ័ណ្ឌភាពទីក្រុងឲ្យបានស្រស់បំព្រង ដោយគួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមក្នុងទីក្រុង ក៏ដូចជាជនបទ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ៗ ហើយអាចនិយាយបានថា ប្រជាជនទីក្រុងបានគាំទ្រយ៉ាងពេញទំហឹង។ ទី៣ ដែលមានអត្ថន័យដ៏ធំធេងនោះគឺសន្តិសុខសង្គម គោលនយោបាយសម្រាប់ជនមានគុណូបការៈក៏ជាចំណុចភ្លឺរបស់ប្រទេសជាតិទាំងមូលផងដែរ”។
នាថ្ងៃទី ២២ ខែសីហា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានទទួលមរណៈភាពដោយរោគាពាធ។ បំណងប្រាថ្នាជាច្រើនរបស់លោកចំពោះប្រទេសជាតិ ជាពិសេសការអភិវឌ្ឍនៃទីក្រុង Hai Phong ដែលជាស្រុកកំណើតរបស់លោក នៅតែមិនទាន់សម្រេចនៅឡើយ... គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុង Hai Phong សព្វថ្ងៃកំពុងបន្តអនុវត្តន៍បំណងប្រាថ្នារបស់លោក គឺកសាង និងអភិវឌ្ឍន៍ទីក្រុង Hai Phong ដ៏ស៊ីវិល័យ ទំនើប ហើយក្លាយជាទីក្រុងដ៏ឈានមុខគេនៅអាស៊ី៕