លោក Mai Duc Chung - គ្រូបង្វឹកជើងចាស់នៃកីឡាបាល់ទាត់នារីវៀតណាម

(VOVWORLD) - គ្រូបង្វឹក Mai Duc Chung ទើបតែជួយក្រុមបាល់ទាត់នារីវៀតណាមការពារមេដាយមាសដោយជោគជ័យនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលជាមេដាយមាសទី ៤ ជាប់ៗគ្នា និងជាមេដាយមាសទី ៨ របស់ក្រុមនៅការប្រកួតស៊ីហ្គេម។ នេះគឺជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនមករបស់ក្រុមបាល់ទាត់នារីវៀតណាម ក៏ដូចជាគ្រូបង្វឹក Mai Duc Chung ផ្ទាល់ខ្លួននៅទីធ្លាប្រកួតថ្នាក់តំបន់ ដែលបង្ហាញថា លោកពិតជាគ្រូបង្វឹកចំណាននៃកីឡាបាល់ទាត់នារីវៀតណាម។

លោក Mai Duc Chung - គ្រូបង្វឹកជើងចាស់នៃកីឡាបាល់ទាត់នារីវៀតណាម - ảnh 1គ្រូបង្វឹក Mai Duc Chung។ (រូបថត៖ Duong Thuat)

ក្រុមបាល់ទាត់នារីវៀតណាមបានយកឈ្នះក្រុមបាល់ទាត់នារីមីយ៉ាន់ម៉ាក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃស៊ីហ្គេម ៣២ ដើម្បីដណ្ដើមបានជ័យលាភីជើងឯកជាលើកទី ៤ ជាប់ៗគ្នា និងជាលើកទី ៨ ក្នុងប្រវត្តិសាស្ត្រ។ ក្នុងការប្រកួតលើកនេះ ក្រុមនារីវៀតណាមរងសម្ពាធខ្លាំងដោយសារកីឡាការិនីជាច្រើនបានរងរបួស។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យដោយការដឹកនាំដ៏ឈ្លាសវៃរបស់គ្រូបង្វឹក Mai Duc Chung បានជួយ "នារីមាស" បានដណ្ដើមជ័យជម្នះចុងក្រោយ។ លោក Mai Duc Chung បានសំណេះសំណាលថា៖

“រហូតមកដល់ពេលនេះ ខ្ញុំនៅតែមានអារម្មណ៍និងការរំភើបចិត្តដដែល។ នៅពេលដែលយើងចាប់ផ្តើមចូលរួមការប្រកួត វាជាទំនួលខុសត្រូវរបស់គ្រូបង្វឹក យើងខ្ញុំខ្វល់ខ្វាយថា ធ្វើយ៉ាងណាដើម្បីក្រុមប្រកួតបានល្អបំផុត។ ហើយសម្រាប់រូបខ្ញុំផ្ទាល់ មុនចូលរួមការប្រកួត ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់។ តើខ្ញុំអាចការពារមេដាយមាសដូចលើកមុនៗបានទេ? ហើយនេះគឺជាពេលវេលាប្រវត្តិសាស្ត្រណាស់សម្រាប់ក្រុមនារីរបស់យើង ដែលជាមេដាយមាសលើកទី៤ជាប់ៗគ្នារបស់យើង។ ប្រាកដណាស់ថា នៅអាស៊ីអាគ្នេយ៍ មិនទាន់មានក្រុមនារីណាដែលអាចដណ្ដើមបានមេដាយមាសចំនួន ៤ លើកជាប់ៗគ្នាដូចយើងនោះទេ។ ប៉ុន្តែយើងសម្រេចបាន នេះពិតជាសមិទ្ធិផលដ៏អស្ចារ្យណាស់”។

លោក Mai Duc Chung - គ្រូបង្វឹកជើងចាស់នៃកីឡាបាល់ទាត់នារីវៀតណាម - ảnh 2ក្រុមបាល់ទាត់នារីវៀតណាមដណ្ដើមបានមេដាយមាសស៊ីហ្គេមលើកទី ៤ ជាប់ៗគ្នា។

ដើម្បីបង្កើតឡើងកំណត់ត្រាជើងឯកស៊ីហ្គេម៤លើកជាប់ៗគ្នា សមិទ្ធិផលនេះគឺជារបស់សមូហភាពទាំងមូល ប៉ុន្តែសញ្ញាសម្គាល់ដ៏ធំបំផុតនៅតែជាគ្រូបង្វឹក Mai Duc Chung។ ជាមួយនឹងមេដាយមាសនៅស៊ីហ្គេមលើកទី៣២ គ្រូបង្វឹក Mai Duc Chung បានដណ្ដើមមេដាយមាសទី ៨ របស់ខ្លួននៅការប្រកួតនេះ។ គ្រូបង្វឹកអាយុ ៧៤ ឆ្នាំរូបនេះបានក្លាយជាអ្នកយុទ្ធសាស្ត្រដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ក៏ដូចជាប្រវត្តិសាស្ត្របាល់ទាត់នារីវៀតណាមផងដែរ។

គ្រូបង្វឹក Mai Duc Chung បានឈ្នះមេដាយមាសស៊ីហ្គេមចំនួន ៨ គ្រឿងក្នុងរយៈពេល ២០ ឆ្នាំ (ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២៣) ដែលជាភាពស្វិតស្វាញដ៏មិនគួរឲ្យជឿ។ ក្នុងអំឡុងពេលនោះ លោក Chung បានដឹកនាំកីឡាការិនីវៀតណាមជាច្រើនជំនាន់ ដោយឆ្លងកាត់ការឡើងចុះជាច្រើន។ សូម្បីតែ កូនសិស្សខ្លះរបស់លោកឥឡូវនេះក៏ទទួលបានជោគជ័យក្នុងតួនាទីជាគ្រូបង្វឹកហើយ ប៉ុន្តែដោយមានក្តីស្រឡាញ់ និងភាពក្លៀវក្លាចំពោះកីឡាបាល់ទាត់នារី គ្រូបង្វឹក Mai Duc Chung នៅតែលះបង់ដើម្បីជួយបាល់ទាត់នារីវៀតណាមបន្តឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍។

“វាប្រហែលជាភាពក្លៀវក្លា។ ខ្ញុំនៅតែខ្វល់ខ្វាយដើម្បីការអភិវឌ្ឍនៃកីឡាបាល់ទាត់នារីជាតិ។ ខ្ញុំគ្រាន់តែចង់ចូលរួមចំណែកកម្លាំងបន្តិចបន្តួចរបស់ខ្លួនប៉ុណ្ណោះ។ ខ្ញុំក៏ត្រឹមតែជាសត្វត្រចៀកកាំតូចមួយប៉ុណ្ណោះដែលចង់ចូលរួមចំណែកកម្លាំងរបស់ខ្លួនដើម្បីការអភិវឌ្ឍនៃកីឡាបាល់ទាត់នារីរបស់ប្រទេសជាតិ”។

សមិទ្ធិផលកំពូលក្នុងអាជីពរបស់លោក Mai Duc Chung គឺនៅដើមឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់លោក ក្រុមបាល់ទាត់នារីជម្រើសជាតិបានឈ្នះសំបុត្រចុងក្រោយចូលទៅលេងនៅ World Cup នារីឆ្នាំ ២០២៣។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលក្រុមបាល់ទាត់ជម្រើសជាតិ
វៀតណាមនិយាយរួមនិងក្រុមនារីនិយាយដោយឡែក មានវត្តមានក្នុងការប្រកួតលំដាប់ពិភព
លោក។ គួរឲ្យកត់សម្គាល់ជាងនេះទៅទៀត សមិទ្ធិផលនេះត្រូវបានបង្កើតឡើង នៅពេលដែលក្រុមរបស់លោក ទទួលរងកង្វះខាតជាច្រើនទាក់ទឹងនឹងកម្លាំងដោយសារផលប៉ះពាល់នៃជំងឺរាត
ត្បាត។ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម ៣២ លោកគ្រូ Mai Duc Chung និងកូនក្រុម នឹងបន្តហ្វឹកហាត់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៃ World Cup នារីឆ្នាំ២០២៣។ លោក Mai Duc Chung បានឲ្យដឹងថា៖

“ក្នុងនាមជាគ្រូបង្វឹក យើងខ្ញុំត្រូវទទួលរងសម្ពាធទាំងអស់ មិនថាតូចឬធំទេ។ នេះគឺជាទីធ្លាលេងលំដាប់ពិភពលោកហើយ ដូច្នេះវាមានសម្ពាធផ្សេងៗទៀត។ ខណៈដែលក្រុមបាល់ទាត់នារីវៀត
ណាមចូលរួមជាលើកដំបូង សមត្ថភាពមិនអាចប្រៀបធៀបនឹងក្រុមធំៗបានទេ។ យ៉ាងណាមិញ នេះជាឱកាសដ៏ល្អណាស់សម្រាប់ក្រុមរបស់យើង នៅពេលបានប្រកួតជាមួយក្រុមធំៗលើឆាកអន្តរជាតិ។ ការច្រៀងភ្លេងជាតិ ការគោរពទង់ជាតិវៀតណាមនៅលើទឹកដីប្រទេសមិត្ត ក៏ជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមរបស់យើងហើយ”។

ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន គ្រូបង្វឹក Mai Duc Chung សក្តិសមជានិមិត្តរូប និងជាគ្រូបង្វឹកព្រេងនិទាននៃកីឡាបាល់ទាត់នារីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ