លោក Vang A Pao ខិតខំខ្នះខ្នែងបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅក្នុងភូមិ
(VOVWORLD) - ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែលោក Vang A Pao នៅភូមិ Sa Lai ឃុំ Chieng Xuan ស្រុក Van Ho ខេត្ត Son La នៅតែខិតខំខ្នះខ្នែងចុះទៅតាមផ្ទះ នីមួយៗ ជួបអ្នកភូមិគ្រប់រូប ដើម្បីឃោសនា ណែនាំពួកគេអំពីរបៀបបង្ការជំងឺឆ្លង កូវីដ-១៩។ អាស្រ័យដោយមានការតាមដានស្ថានភាពយ៉ាងដិតដល់នោះ លោក Vang A Pao បានរាយការណ៍ទាន់ពេលវេលាដល់អាជ្ញាធរខេត្តដើម្បីទទួលនិងជូនពលករ រាប់សិបនាក់មកពីចិន ទៅដាក់ឲ្យនៅដាច់ដោយឡែក តាមនោះរួមចំណែកបង្ការទប់ស្កាត់ជំងឺឆ្លងនៅមូលដ្ឋាន។
លោក Vang A Pao (ខាងឆ្វេង) ខិតខំខ្នះខ្នែងចុះទៅតាមផ្ទះ នីមួយៗ ជួបអ្នកភូមិគ្រប់រូប ដើម្បីឃោសនា ណែនាំពួកគេអំពីរបៀបបង្ការជំងឺឆ្លង កូវីដ-១៩។ (រូបថត៖ VOV) |
បន្ទាប់វិលត្រឡប់មកភូមិវិញក្រោយពីបញ្ចប់រយៈពេលដាក់នៅដាច់ដោយឡែកនៅសាលាយោធាខេត្ត Son La លោក Vang A So រួមជាមួយមនុស្ស១០នាក់ទៀត នៅភូមិ Sa Lai ឃុំ Chieng Xuan ស្រុក Van Ho នៅតែមានការរំភើបចិត្តចំពោះការ ថែទាំអស់ពីចិត្តពីថ្លើមរបស់បណ្ដាយុទ្ធជននៅតំបន់ដាក់នៅដាច់ដោយឡែកនោះ។ ពួកគេត្រូវបានទទួលទានអាហារ៣ពេលក្នុងមួយថ្ងៃ ហើយមានឧបករណ៍ប្រើប្រាស់ ចាំបាច់គ្រប់គ្រាន់ដូចជាសាប៊ូដុសខ្លួន សាប៊ូកក់សក់ និងទឹកផឹក ជាដើម។ កាលពីដើមខែមីនាកន្លងទៅ ពេលដែលក្រុមលោក So កំពុងធ្វើការឲ្យគេនៅ ប្រទេសចិន បានឃើញជំងឺឆ្លងរីករាលដាលកាន់តែទូលំទូលាយ ហេតុដូច្នេះពួកគេទាំងអស់ គ្នាវិលត្រឡប់មកស្រុកកំណើតវិញ។ ពេលជិះឡានក្រុងពីខេត្ត Lao Cai ទៅ Son La លោក Vang A Pao បានទូរស័ព្ទយ៉ាងញឹកញាប់ដើម្បីសាកសួរសុខទុក្ខ លើក ទឹកចិត្តនិងធ្វើការបញ្ចុះបញ្ចូលឲ្យគេមិនវិលត្រឡប់មកភូមិវិញ ក៏ប៉ុន្តែទុកឲ្យអាជ្ញាធរខេត្ត ទទួលនិងជូនទៅតំបន់ដាក់នៅដាច់ដោយឡែកដើម្បីតាមដានសុខភាព។ លោក Vang A So បានរៀបរាប់ថា លោក Vang A Pao ត្រូវធ្វើការបញ្ចុះបញ្ចូលច្រើនណាស់ទើប ធ្វើឲ្យមនុស្សទាំង១១នាក់នឹងនរចិត្តចូលក្នុងតំបន់ដាក់នៅដាច់ដោយឡែក។
“យើងខ្ញុំព្រួយបារម្ភខ្លាំងណាស់ ក៏ប៉ុន្តែបង Pao ប្រាប់យើងខ្ញុំថា ឥឡូវនេះ បងប្អូនមិនទាន់វិលត្រឡប់មកភូមិវិញ មិនមានន័យថា អ្នកភូមិស្អប់ខ្ពើមបងប្អូននោះទេ ប៉ុន្តែយើងខ្ញុំត្រឹមតែមានបំណងចង់ឲ្យមានភាពល្អៗចំពោះភូមិនិងអ្នកភូមិគ្រប់រូបប៉ុណ្ណោះ។ មិនមែនត្រឹមតែប្រទេសយើងទេ ប៉ុន្តែ ប្រទេសដទៃទៀតក៏ដាក់ឲ្យនៅ ដាច់ដោយឡែកចំពោះអ្នកមកពីតំបន់កើតជំងឺអញ្ចឹងដែរ។ ហេតុនេះហើយ សុំឲ្យ បងប្អូនយល់ស្របទៅកន្លែងដាក់នៅដាច់ដោយឡែកជាមុនសិន មិនត្រូវតែ ព្រួយបារម្ភ អ្វីទេ។ ស្ដាប់បង Pao និយាយអញ្ចឹង យើងខ្ញុំសុទ្ធតែយល់ស្របហើយនឹងនរចិត្ត ទៅកាន់តំបន់ដាក់នៅដាច់ដោយឡែក១៤ថ្ងៃ”។
ជាកម្មាភិបាលសុខាភិបាលក្នុងភូមិជាច្រើនឆ្នាំមក លោក Vang A Pao យល់ច្បាស់ភាពភ័យខ្លាចរបស់ជនរួមជាតិ Mong នៅពេលនិយាយដល់ការដាក់ ឲ្យនៅដាច់ដោយឡែក។ ហេតុដូច្នេះ ពេលទូរស័ព្ទឲ្យលោក So និងអ្នកផ្សេងៗ លោក Pao បានអះអាងជាបន្តបន្ទាប់ថា ការដាក់ឲ្យនៅដាច់ដោយឡែកគឺសំដៅ តាមដានសុខភាពនិងធានាសុវត្ថិភាពសម្រាប់ភូមិទាំងមូល មិនមែនជាការឃុំខ្លួន នោះឡើយ។ លោក Vang A Pao បានថ្លែងថា៖
“ដោយឃើញពួកគេវិលត្រឡប់មកពីចិន ដែលជាតំបន់កើតជំងឺ ខ្ញុំបានរាយ ការណ៍ដល់គណៈកម្មាធិការឃុំដើម្បីចាត់វិធានការដាក់ឲ្យនៅដាច់ដោយឡែក ភ្លាមៗ។ ប្រសិនបើចាំគេមកដល់ផ្ទះទើបដាក់ឲ្យនៅដាច់ដោយឡែកគឺយឺតពេលហើយ ព្រោះថាគេបានធ្វើដំណើរពីចម្ងាយ ហើយប៉ះពាល់ជាមួយអ្នកផ្សេងជាច្រើន ទៀត គឺបង្កឡើងការលំបាកសម្រាប់ការងារបង្ការទប់ស្កាត់ជំងឺ។ បងប្អូនក្នុងភូមិ មិនធ្លាប់បានទៅដាក់ឲ្យនៅដាច់ដោយឡែកនៅឡើយទេ អញ្ចឹងមានការព្រួយ បារម្ភខ្លាំងណាស់។ ខ្ញុំរួមជាមួយកម្មាភិបាលឃុំ ស្រុក បានទៅកាន់តំបន់ដាក់នៅ ដាច់ដោយឡែកដើម្បីលើកទឹកចិត្តបងប្អូនឲ្យនឹងនរចិត្តប្រតិបត្តិតាមបទបញ្ញត្តិ”។
នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុក Van Ho លោក Nguyen Quoc Tuan បានអះអាងថា ការងាររបស់លោក Pao នាគ្រានោះ គឺទាន់ពេលវេលាដែល រួមចំណែកបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងការឃ្លាំ មើលយ៉ាងដិតដល់របស់ឃុំស្រុកទាំងនោះ ដើម្បីមានភាពស្និទ្ធស្នាលបំផុតជាមួយ ជនរួមជាតិភាគតិច គឺត្រូវការមានជួរកម្មាភិបាលសុខាភិបាលនៅតាមភូមិនីមួយៗ ដូចលោក Pao ទើបការងារបង្ការទប់ស្កាត់ជំងឺអាចទទួលប្រសិទ្ធភាពបាន។ លោក Tuan បានបន្ថែមទៀតថា៖
“សំខាន់បំផុតគឺរកឃើញតាំងពីដំបូង ព្រោះថា ប្រសិនបើមានអ្នកឆ្លងកូវីដ ម្នាក់វិលមក សហគមន៍ គឺជំងឺនឹងឆ្លងយ៉ាងលឿនណាស់។ ផ្ទុយទៅវិញ ប្រសិន បើយើងអាចរាំងខ្ទប់ចាប់ពីពេលដែលគេទើបតែវិលត្រឡប់មកពីតំបន់កើតជំងឺនោះ គឺមានប្រសិទ្ធភាពល្អបំផុត។ ហេតុដូច្នេះ អាចឃើញថា ជួរកម្មាភិបាលសុខា ភិបាលនៅតាមភូមិឃុំ ជាពិសេសគឺលោក Pao ពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការបង្ការទប់ស្កាត់ជំងឺតាំងពីគ្រាដំបូង។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះស្មារតី ក្លៀវក្លារបស់លោក Pao។ សូមអរគុណគាត់ច្រើនណាស់”។
ក្រៅពីការងារធម្មតាប្រចាំខែដូចជាធ្វើជំរឿន តាមដានអត្រាកំណើតទារក ស្ត្រីមាន ផ្ទៃពោះ និងថែទាំកុមារនោះ គឺឥឡូវនេះ កម្មាភិបាលសុខាភិបាលភូមិលោក Vang A Pao តែងតែជាប់មមាញឹកនឹងការងារឃោសនា ណែនាំអ្នកភូមិបង្ការទប់ស្កាត់ ជំងឺឆ្លងជារៀងរាល់ថ្ងៃ។ ភូមិ Sa Lai មានប្រជាជនចំនួន៨០គ្រួសារដែលរស់នៅ ឆ្ងាយពីគ្នាតាមជ្រោះទឹកនិងជាយព្រៃ ប៉ុន្តែលោក Pao បានមិនចេះនឿយណាយ ជំនះពុះពារលើការលំបាកទៅដល់ផ្ទះនីមួយៗដើម្បីឃោសនា លើកទឹកចិត្ត ប្រជាជនឲ្យនឹងនរចិត្តចូលរួមការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩៕