វីរៈបុរស La Van Cau - ពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ ២០១៩

(VOVWORLD) -  គំរូវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន  La Van Cau ដែលល្បីឈ្មោះ ឈានចូលក្នុងប្រវត្តិ សាស្ត្រ។ ទោះបីជាលោកមានអាយុ ៨៩ ឆ្នាំហើយក៏ដោយ ប៉ុន្តែ វីរៈបុរសរូបនេះ នៅតែមានគំនិតថា ដរាបណា បេះ ដូងរបស់លោកកំពុងដើរ មានន័យថា លោកនៅតែចង់លះបង់ ដើម្បីមាតុភូមិជានិច្ច។ លោកទើបតែត្រូវបានផ្តល់កិត្តយស ក្នុងនាមជាពលរដ្ឋឆ្នើមមួយរូប ក្នុងចំណោមពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ ២០១៩ ទាំង ១០រូបផងដែរ។

វីរៈបុរស La Van Cau - ពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ ២០១៩ - ảnh 1វីរៈបុរស La Van Cau - ពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ ២០១៩ 

វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន La Van Cau (ដែលលោកមានឈ្មោះពិតថា Sam Phuc Huong) កើតនៅឆ្នាំ ១៩៣១ ជាជនជាតិ Tay មានស្រុកកំណើតនៅខេត្ត Cao Bang។ លោកជានាយទាហាននៃកងទ័ពប្រជាជនវៀតណាម ដែលមានឋានៈជាវរសេនីយ៍ឯក ហើយទទួលបានគ្រឿងឥស្សរិយយសយោធា លំដាប់ទី២, ទី៣ និងគ្រឿងឥស្សរិយយសតស៊ូថ្នាក់ទី១។

កាលនៅវ័យអាយុ ១៧ឆ្នាំ លោក La Van Cau បានចូលរួមក្នុងជួរកងទ័ព និងចូលរួមការប្រយុទ្ធនៅឯកងអនុសេនាធំលេខ ៦៧១ កងវរៈសេនាធំទី ៣១៦ នៃកងពលធំ លេខ ៣១៦ ហើយ ទទួលបានយុទ្ធជ័យជាច្រើន ក្នុងការតស៊ូប្រឆាំងនិងការឈ្លាន ពានរបស់អាណានិគមនិយមបារាំង។ នៅក្នុងសមរភូមិ Dong Khe នៃយុទ្ធនាការ នាឆ្នាំ ១៩៥០ ទោះបីជាត្រូវគ្រាប់កាំភ្លើងសត្រូវ បាញ់ចំដៃម្ខាងក៏ដោយ ប៉ុន្តែ លោក La Van Cau បានសុំអោយយុទ្ធមិត្តរួមក្រុម កាត់ដៃនោះចេញ កុំអោយវារំខាន ហើយបន្តការប្រយុទ្ធ សូម្បីតែខ្លួនកំពុងឈឺចាប់ក៏ដោយ។ វរៈសេនីយ៍ឯក លោក La Van Cau បានរំលឹកឡើងវិញថា៖ “លោកប្រធានហូជីមិញនិងនាយឧត្តមសេនីយ៍ Vo Nguyen Giap បានបញ្ជាដោយផ្ទាល់អោយយើងខ្ញុំ នៅឯប្រយុទ្ធ Dong Khe ដើម្បីចាប់ផ្តើមយុទ្ធនាការ Thu Dong ឆ្នាំ ១៩៥០។ Dong Khe គឺជាមូលដ្ឋានដ៏សំខាន់មួយ ស្ថិតរវាងខេត្តទាំងពីរ គឺខេត្ត Cao Bang និងខេត្ត Lang Son។ សត្រូវបោះទ័ពនៅទីនោះច្រើនណាស់ ដោយមានទាំងកងទ័ពនិងអាវុធផងដែរ។ លោកប្រធានហូជីមិញបានផ្ញើលិខិត លើកទឹកចិត្តដល់កងទ័ពទាំងមូលថា ការប្រយុទ្ធនេះ គឺមានសារៈសំខាន់ណាស់ ហើយត្រូវតស៊ូ ដើម្បីយកឈ្នះជាដាច់ខាត។ ខ្ញុំជាអ្នកដឹកនាំក្រុមទម្លាក់គ្រាប់បែកមីនមួយ ហើយមានក្រុមចំនួន៥ ក្រុមមួយមានសមាជិកចំនួន ២៥នាក់។ ការប្រយុទ្ធជាប្រវត្តិសាស្ត្រនេញ គឺនៅព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ១៩៥០”។

សង្ខេបព្រឹត្តិការណ៍យុទ្ធនាការ Thu Dong (រដូវស្លឹកឈើជ្រុះ-រដូវរងារ) ឆ្នាំ ១៩៥០ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានកោតសរសើរដល់យុទ្ធជនវ័យក្មេង La Van Cau ដែលជា “អ្នកត្រួសត្រាយផ្លូវក្នុងចលនាតស៊ូប្រយុទ្ធជាមួយសត្រូវ”។ លោក La Van Cau និងយុទ្ធជនមួយចំនួនបានជួបជាមួយលោកប្រធានហូជីមិញនៅក្នុងសមរភូមិ Viet Bac។ នៅឆ្នាំ ១៩៥២ លោក La Van Cau ត្រូវបានផ្តល់កិត្តយស ក្នុងនាមជាយុទ្ធជនម្នាក់ ក្នុងចំណោមយុទ្ធជនកងទ័ពប្រជាជនវៀតណាមទាំង ៧ នាក់ដំបូង ដែលទទួលបានកិត្តនាមជា “វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន”។ សម្រាប់ជនជាតិវៀតណាមជាច្រើនជំនាន់ វរៈសេនីយ៍ឯក វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន លោក La Van Cau បានក្លាយទៅជារឿងព្រេង ដោយសារតែស្មារតីក្លាហានរបស់ខ្លួនក្នុងការប្រយុទ្ធ។

លោកស្រី Nguyen Hue Chi ជនហាណូយមួយរូបមានការរំជួលចិត្តយ៉ាងខ្លាំង ពេលនឹកដល់លោក៖ “កាលនៅក្មេង ខ្ញុំបានរៀននៅក្នុងសៀវភៅសិក្សាថា វីរៈបុរស La Van Cau គឺជាយុទ្ធជនក្លាហានមួយរូប។ នៅពេលដែល លោករងរបួស លោកបានស្នើសុំះអោយមិត្តរួមក្រុមកាត់ដៃគាត់ចេញ កុំអោយរំខានដល់ការប្រយុទ្ធ ការពារមាតុភូមិរបស់លោក។ ក្នុងចំណោមមនុស្ស ១០នាក់ ដែលជាពលរដ្ឋឆ្នើមនៃរដ្ឋធានីហាណូយឆ្នាំ ២០១៩នោះ ក្នុងវិស័យយោធា មានតែវីរៈបុរស La Van Cau ប៉ុណ្ណោះ។ វីរៈបុរស La Van Cau សក្តិសមនឹងទទួលបានឋានៈជាពលរដ្ឋឆ្នើម នៃរដ្ឋធានីហាណូយ។ វីរៈបុរស La Van Cau គឺជាគំរូដ៏ល្អសម្រាប់យុវជនដូចជាយើងខ្ញុំ ដើម្បីសិក្សារៀនសូត្រនិងធ្វើតាម”។

ចាប់ពីឆ្នាំ ១៩៨៣មក លោក La Van Cau បានឆ្លាស់ទៅទីក្រុងហាណូយ បំពេញការងារនៅអគ្គនាយកដ្ឋាននយោបាយ បន្ទាប់មក ផ្លាស់ទៅបំពេញការងារនៅសារមន្ទីរយោធា។ លោកក៏បានកាន់តួនាទីជាសមាជិកគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម។ នៅឆ្នាំ ១៩៩៦ លោកបានចូលនិវត្តន៍ ហើយបានស្នាក់នៅលំនៅដ្ឋាន លេខ ៧ សង្កាត់ Quang Trung ខ័ណ្ឌ Dong Da នៃទីក្រុងហាណូយ។ នៅតាមមូលដ្ឋាន លោកតែងតែធ្វើជាគំរូ នៃការពង្រីកនូវគុណសម្បត្តិនៃកងទ័ពលោកអ៊ំហូ។

លោក La Van Cau បានសំណេះសំណាលថា៖ “ឥឡូវនេះ ខ្ញុំចូលរួមក្នុងការកែលម្អដងវិថី ដោយចូលរួមចំណែកធ្វើអោយរដ្ឋធានី មានពណ៌បៃតងកាន់តែស្រស់ស្អាត។ ជាធម្មតា នៅម៉ោង ៥ ព្រឹក ខ្ញុំបានងើបពីដំណេក ហើយស្អាតផ្លូវ ខណៈពេល អ្នកជិតខាងមិនទាន់ភ្ញាក់ផង។ ខ្ញុំឃើញថា ខ្លួនខ្ញុំជាអ្នកការពារបរិស្ថានមួយរូបដែរ។ សុភមង្គលដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ គឺបានធ្វើជាកងទ័ពរបស់លោកអ៊ំហូ។ តាមពិតទៅ ធ្វើអ្វីមួយដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ ខ្ញុំសុខចិត្តធ្វើវាទាំងអស់ ហើយខ្ញុំនៅតែធ្វើវាជារៀងរាល់ថ្ងៃ”។

ទោះបីជាលោកនៅមានជីវិតនៅឡើយក្តី ប៉ុន្តែ ឈ្មោះលោក La Van Cau ត្រូវបានគេប្រើដើម្បីដាក់ឈ្មោះសាលាជាច្រើន នៅតាមខេត្ត និងទីក្រុងមួយចំនួននៅទូទាំងប្រទេស។ ផ្លូវមួយនៅរដ្ឋធានីហាណូយ ផ្លូវមួយនៅក្នុងទីក្រុង Vung Tau, ផ្លូវមួយនៅទីក្រុង Nam Dinh និងផ្លូវមួយទៀត នៅក្រុង Nam Sach ស្រុក Nam Sach ខេត្ត Hai Duong ក៏បានយកឈ្មោះរបស់លោកផងដែរ។

សង្គ្រាមបានកន្លងផុតជាច្រើនឆ្នាំមកហើយ ប៉ុន្តែ រឿងរ៉ាវអំពីវីរៈបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន La Van Cau តែងតែដិតជាប់ក្នុងគំនិតរបស់មនុស្សជំនាន់ក្រោយជាច្រើន។ ឆន្ទៈតស៊ូនិងស្មារតីដ៏អង់អាចក្លាហានរបស់លោក តំណាងអោយគុណសម្បត្តិរបស់កងទ័ពលោកអ៊ំហូជាច្រើនជំនាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ