ស្ត្រីម្នាក់ដែលរួមចំណែកថែរក្សាសម្លៀកបំពាក់របស់នារីជនជាតិ Mong

(VOVWORLD) - មកដល់ភូមិឃុំជនជាតិ Mong នៅតំបន់ខ្ពង់រាប ភាគពាយ័ព្យ លោកអ្នកច្រើនតែប្រទះឃើញរូបភាពលោកយាយ ម្ដាយ និងក្រមុំជនជាតិ Mong ឆ្លៀតពេលទំនេរ អង្គុយប៉ាក់ កាត់ដេរសម្លៀកបំពាក់ជនជាតិ។ ហើយមានស្ត្រីជនជាតិ Mong ដែលចេះទាញយកប្រយោជន៍ពីការងារនេះ ដោយបណ្តាក់ទុនបើកហាងកាត់ដេរសម្លៀកបំពាក់ជនជាតិ ដើម្បីបង្កើតប្រាក់ចំណូលដោយស្ថិរភាពសម្រាប់គ្រួសារ ព្រមទាំងរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួន ក្នុងនោះមាន អ្នកស្រី Mua Thi Tong ជនជាតិ Mong នៅភូមិ Na Phieng ឃុំ Chieng Kheo ស្រុក Mai Son ខេត្ត Son La។

ស្ត្រីម្នាក់ដែលរួមចំណែកថែរក្សាសម្លៀកបំពាក់របស់នារីជនជាតិ Mong - ảnh 1អ្នកស្រី Mua Thi Tong ដេរសម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិ Mong។ 

ក្នុងនាមជាកុលធីតាជនជាតិ Mong ដែលចេះប៉ាក់និងដេរនោះ នៅឆ្នាំ ២០១៩ អ្នកស្រី Mua Thi Tong បានសម្រេចចិត្តបើកហាងកាត់ដេរសម្លៀកបំពាក់ស្ត្រី Mong។ ដំបូងឡើយ ភាគច្រើននាងដេរប៉ាក់សម្រាប់បម្រើគ្រួសារនិងប្រជាជនក្នុងភូមិតែប៉ុណ្ណោះ។ អ្នកស្រី Tong បានឲ្យដឹងថា៖ កាលពីមុន សម្លៀកបំពាក់របស់នារីជនជាតិ Mong ដូចជាអាវ សំពត់ និងខោ គឺធ្វើឡើងដោយ ដៃទាំងស្រុងពីវត្ថុធាតុដើមធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ របៀបធ្វើនេះចំណាយកម្លាំងនិងពេលវេលាច្រើន (ប្រហែល៤ដល់៥ខែ) ដើម្បីប៉ាក់ ដេរដោយដៃយ៉ាងល្អិតល្អន់ទើបសម្រេចបានសម្លៀកបំពាក់ស្ត្រីសាមញ្ញមួយឈុត រួមមាន៖ អាវ សំពត់ អាវអៀម មួក ដោយមានតម្លៃលក់ចន្លោះពី៥០ដល់៦០ម៉ឺនដុង ចំណែកឈុតស្អាតៗ ស្មុគស្មាញនិងចម្រុះពណ៌ គឺចំណាយពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ដោយមានតម្លៃលក់ចន្លោះពី១ដល់២លានដុង។

ដោយខ្វល់ខ្វាយថា ត្រូវធ្វើយ៉ាងណាកាត់បន្ថយពេលវេលានិងកម្លាំង មនុស្សក្នុងការផលិតសម្លៀកបំពាក់ជនជាតិផង ព្រមទាំងតាមទាន់និន្នាការម៉ូដ ថ្មីៗ ខណៈពេលដែលនៅតែរក្សាបាននូវលក្ខណៈប្រពៃណីទៀតផង អ្នកស្រី Tong បានបំពាក់គ្រឿងម៉ាស៊ីនយ៉ាងគ្រប់គ្រាន់ជាបណ្តើរៗ ហើយប្រើប្រាស់ក្រណាត់ឧស្សាហកម្ម ជាមួយនឹងក្បូរក្បាច់រចនា លំនាំជាច្រើន ហើយកែលម្អរបៀបដេរផងដែរ។ អ្នកស្រី Tong បានឲ្យដឹងថា៖ “ដើម្បីដេរបានឈុតស្អាតៗ ខ្ញុំត្រូវតែរៀនសូត្របទពិសោធន៍ របៀបប៉ាក់ដេរ រៀបចំក្បូរក្បាច់រចនាឲ្យសមស្រប ទាក់ភ្នែកនិងថ្មីថ្មោង។ ខ្ញុំសិក្សាស្រាវជ្រាវដោយខ្លួនឯង តាមបទពិសោធន៍ផ្ទាល់ខ្លួន គួបផ្សំជាមួយរបៀបប៉ាក់ដេរបែបប្រពៃណី ហើយរៀនតាមអ៊ីនធឺណិតអំពីរបៀបដេរសម្លៀកបំពាក់របស់ជនជាតិ Mong នៅតាមតំបន់នានា ដើម្បីមានម៉ូដែលផ្សេងៗគ្នា ឆ្លើយតបនឹងតម្រូវការរបស់អតិថិជនម្នាក់ៗ”។
ការងារកាត់ដេរសម្លៀកបំពាក់ជនជាតិទាមទារឲ្យមានភាពឧស្សាហ៍ព្យាយាម ឆ្លៀតពេលវេលា ធ្វើរឿងមួយនេះរួច ស្រាប់តែដល់រឿងមួយទៀត ពេញមួយថ្ងៃមិនឈប់សម្រាកទេ។ ដើម្បីមានសម្លៀកបំពាក់ស្អាត បំពេញតម្រូវការរបស់នារីម្នាក់ៗ គឺការប៉ាក់ដេរលម្អិតនីមួយៗក៏ត្រូវស្អាតដែរ ហើយចេះផ្សំសាច់ក្រណាត់ ប៉ាក់ក្បូរក្បាច់រចនាលើសម្លៀកបំពាក់ មួក ជាពិសេសសម្លៀកបំពាក់សម្រាប់ពិធីជប់លៀងនិងការសម្តែងសិល្បៈតាមការរចនាខុសប្លែក ជាមួយនឹងការច្នៃប្រឌិតតាមទិសសិល្បៈទំនើប។ ការដេរសម្លៀកបំពាក់មួយឈុតត្រូវចំណាយពេលចន្លោះពី២ដល់៣ថ្ងៃ ចំណែកការប៉ាក់ប្រហែល២សប្តាហ៍ ឈុតស្មុគ្រស្មាញណាមួយត្រូវចំណាយពេលរហូតដល់មួយខែ។
ទោះជាយ៉ាងនេះក្តី ប៉ុន្តែបើប៉ាក់ដេរតាមរបៀបថ្មីនេះ អ្នកស្រី Tong លក់ ផលិតផលបានច្រើនជាង ហើយប្រាក់ចំណូលរបស់នាងក៏ខ្ពស់ជាងកាលពីមុនផងដែរ ជាមធ្យមនាងលក់សម្លៀកបំពាក់បានប្រហែល២៥ឈុតជារៀងរាល់ខែ រកចំណូលបានជិត២០លានដុង/ខែ។ មិនត្រឹមតែបម្រើបងប្អូននារីនៅក្នុងភូមិប៉ុណ្ណោះទេ ផលិតផលនៃហាងកាត់ដេររបស់អ្នកស្រី Tong ក៏ត្រូវបានមនុស្សជាច្រើននៅតាមភូមិឃុំផ្សេងទៀតស្គាល់ដល់ហើយមកបញ្ជាទិញផងដែរ។ អ្នកស្រី Mua Thi Tong បានឲ្យដឹងបន្ថែមទៀតថា៖ “ចាប់តាំងពីមានជម្ងឺរាតត្បាតកូវីដ-១៩ មក មានភ្ញៀវទេសចរតិចណាស់ ដោយសារការរក្សាគម្លាតសង្គម ហើយពិធីបុណ្យក៏មានតិចតួចដែរ ដូច្នេះបងប្អូននារីនៅក្នុងភូមិត្រឹមតែធ្វើផលិតផលតូចៗមួយចំនួនដូចជា អាវ សំពត់សម្រាប់កុមារី ស្លៀកពាក់នៅផ្ទះ ឬទៅសាលារៀន”។
ស្ត្រីម្នាក់ដែលរួមចំណែកថែរក្សាសម្លៀកបំពាក់របស់នារីជនជាតិ Mong - ảnh 2សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិ Mong។
អ្នកស្រី Mua Thi Tong ក៏បានចំណាយពេលសម្រាប់ចែករំលែកបទពិសោធន៍ ណែនាំនារីចំនួន ៥ នាក់នៅភូមិ ឃុំផ្សេងទៀត ពីរបៀបដេរប៉ាក់សម្លៀកបំពាក់ជនជាតិ ដើម្បីរកចំណូលបន្ថែមនៅពេលទំនេរ។ អ្នកស្រី Giang Thi Co នៅឃុំ Na Chit ស្រុក Mai Son ដែលត្រូវបានអ្នកស្រី Tong បង្រៀនជំនាញប៉ាក់ ដេរសម្លៀកបំពាក់ជនជាតិ ឥឡូវនេះបានបើកហាងកាត់ដេរផ្ទាល់ខ្លួន បានឲ្យដឹងថា៖ “អ្នកស្រី Tong ជាមនុស្សសកម្ម តែងតែមានគំនិតផ្ដួចផ្ដើម របៀបប៉ាក់ ដេរ និងតុបតែងសម្លៀកបំពាក់ស្អាតណាស់។ ខ្ញុំត្រូវបានគាត់បង្រៀនជំនាញប៉ាក់ ដេរសម្លៀកបំពាក់របស់ជនជាតិខ្លួន ហើយបច្ចុប្បន្ននេះខ្ញុំបានចេះកាត់ដេរ ហើយបើកហាងកាត់ដេរក្នុងស្រុក។ ក្រៅពីការចំណាយជារៀងរាល់ខែ ខ្ញុំក៏រកចំណូលបានជិត១០លានដុងពីការលក់ផលិតផលខាងលើ។ សូមអរគុណអ្នកស្រី Tong ច្រើនណាស់”។
ដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួន អ្នកស្រី Mua Thi Tong និងបងប្អូននារីជនជាតិ Mong នៅតាមភូមិឃុំខ្ពង់រាប Son La កំពុងរួមចំណែករក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត និងសម្លៀកបំពាក់ដ៏ពិសេសដោយឡែករបស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ