សោភ័ណភាពនៃល្បាក់ទឹក Dai Yem

VOVWORLD_ល្បាក់ទឹកធ្លាក់ Dai Yem ​នៅទីរួមស្រុក Moc Chau ខេត្ត​ Son la 
ប៉ែក​ពាយ័ព្យ​វៀតណាម។ ល្បាក់ទឹកនេះនៅមានឈ្មោះ២ផ្សេងទៀតគឺ Nang និង 
​Ban Va​t​ សំដៅ ប្រៀបសោភ័ណភាពនៃ​ល្បាក់ទឹកនេះជាមួយនឹង​សម្រស់​ស្រស់
ត្រកាលរបស់នារី​ទើប​នឹងពេញវ័យមួយរូប។  មានចំងាយផ្លូវប្រមាណ១០គីឡូ
ម៉ែត្រពីទីរួមស្រុក Moc Chau​ ល្បាក់ទឹកធ្លាក់ Dai Yem ​បានទាក់ទាញភ្ញៀវទេសចរ
ជាច្រើនកុះករមកទស្សនា។ 

      ពីកំពស់១០០ម៉ែត្រ ទឹកធ្លាក់ទៅក្រោមបង្កើតបានជាពពុះទឹកសៗបែកផ្កា
ត្រែង។ នៅជំវិញ ល្បាក់ទឹក​នេះជារុក្ខជាតិខៀវស្រងាត់រាយប៉ាយប្រៀបដូចជាគំនូរ
ធម្មជាតិយ៉ាងប្រណិត។​ ល្បាក់ទឹកធ្លាក់​ Dai Yem ចាប់ប្រភពពីជ្រោះទឹក២គឺ Bo
Co Nam និង​ Bo Ta Chau ។ ទឹកពី​ប្រភពក្នុងភ្នំហូរចេញបង្កើតជាអូរ Vat មាន​ប្រវែង
៥គីឡូម៉ែត្ររួច​ប្រសព្វគ្នាជាមួយអូរ Bo Sap ដែលជាប់ប្រទល់ព្រំដែន​វៀតណាម​
ឡាវហើយមកដល់ទឹកដី Yen Chau វាក៏ក្លាយជាល្បាក់​ទឹកធ្លាក់ដ៏មហិមា។ ស្ដីអំពី
ឈ្មោះនៃ​ល្បាក់​នេះ​លោក​Pham Minh Chien ជាមគ្គុទេស​ទេសចរណ៍​​របស់ក្រុម
ហ៊ុនទេសចរណ៍ Khanh Sinh​ បានឲ្យដឹងថា

   “ ក្រៅពីឈ្មោះ Dai Yem វានៅមានឈ្មោះមួយទៀតហៅថា Ta Let ។ ក្នុង
ភាសានៃ​ជនជាតិ ​Thai Ta Let មានន័យថារអិល។ ហេតុអ្វីល្បាក់នេះមានឈ្មោះ
Dai Yem ?នោះ​គឺនៅរដូវ​វស្សា​ ​ទឹកពីលើធ្លាក់មកក្រោមប្រៀបដូចជាអំបោះសំរាប់
ត្បាញអៀម។ ​ម្យ៉ាងទៀត​វាក៏ទាក់ទិន​នឹងរឿងព្រេងមួយដែរ។ នោះគឺមាននារីម្នាក់
មកលេងកំសាន្តនៅល្បាក់ទឹកធ្លាក់​នេះស្រាប់តែឃើញកំឡោះមួយរូបត្រូវទឹកកួច
ទៅ។ នារីនោះក៏បោះអៀមឲ្យកំឡោះតោងទើបរួចពីគ្រោះ​ថ្នាក់”។

សោភ័ណភាពនៃល្បាក់ទឹក Dai Yem - ảnh 1
ល្បាក់ទឹកធ្លាក់ Dai Yem នៅទីរួមស្រុក Moc Chau ខេត្ត Son la ប៉ែកពាយ័ព្យវៀតណាម

 ឈរនៅលើកំពូលល្បាក់ទឹកគយគន់ទេសភាព អ្នកទេសចរនឹងឃើញព្រៃ
ព្រឹក្សាបៃតង់ខ្ចី។ នៅជើងភ្នំគឺបឹងទឹកធំល្វឹងល្វើយជាមួយនឹងផ្ទាំងថ្មរដិបរដុបនៅ
តាមមាត់ជ្រោះ។ ចរន្តទឹកល្បាក់ចែកជា២ផ្លូវដែលនៅឆ្ងាយដាច់ពីគ្នា៥០ម៉ែត្រ។ 
ល្បាក់ទឹកទីមួយមានផ្ទៃ៤០០០មែត្រក្រឡា កំពស់១០០ម៉ែត្រ។​ ល្បាក់ទឹកទីពីរមាន
ផ្ទៃ៣០០០ម៉ែត្រក្រឡា។ ល្បាក់ទឹកធ្លាក់ Dai Yem​ ​ស្អាតបំផុតនៅចន្លោះខែមេសា
និងខែតុលាជារៀងរាល់ឆ្នាំដោយសារពេលនោះទឹកហូរ​មក​ខ្លាំង​ហើយធ្លាក់ចុះទៅ
ក្រោមមើលទៅប្រៀបដូចជាក្រណាត់ពណ៌សមួយផ្ទាំងដ៏ធំអស្ចារ្យ។​ លោក Vu
Thanh Cong ជាភ្ញៀវ​ទេសចរមកពីរដ្ឋធានីហាណូយបានឲ្យដឹងថា

       “នៅតំបន់នេះមាន៤រដូវតែល្បាក់ទឹកនេះមានរូបភាពខុសគ្នាសំខាន់នៅ២រដូវ
គឺរដូវប្រាំងនិងរដូវវស្សា។ នៅរដូវភ្លៀងទឹកធ្លាក់យ៉ាងខ្លាំងបង្កើតបានជាពពុះទឹក
សៗ។ រីឯនៅរដូវប្រាំងទឹកធ្លាក់តិចមើលទៅប្រៀបដូចជាសសៃអំបោះស្រាល
ស្រទន់និងគួរឲ្យទាក់ទាញបំផុត”។

          មកទស្សនាល្បាក់ទឹកធ្លាក់ Dai Yem អ្នកទេសចរនឹងបានកលេងកំសាន្ត ​
ងូតទឹក​ គយ​គន់ទេសភាពស្រស់ឆើត ស្រូបយកខ្យល់បរិសុទ្ធ។ ទន្ទឹមនឹងនោះ
គេក៏មានឱកាសទស្សនាភូមិឃុំរបស់ប្រជាជនគ្រប់ជនជាតិនៅខេត្ត Son la
 ដើម្បីស្វែងយល់អំពីវប្បធម៌ផងដែរ៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ