អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan៖ អ្នកដែលរួមចំណែកយ៉ាងធំធេងក្នុងដំណើរការសមាហរណកម្មរបស់វៀតណាម

(VOVWORLD) - អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Khoan កម្មាភិបាលម្នាក់ដែលចាប់អាជីពពីផ្នែកការទូត បានទទួលមរណភាពនៅថ្ងៃទី ២១ ខែមិថុនា កន្លងទៅ ក្នុងជន្មាយុ ៨៦ ឆ្នាំ។ ជីវិតរបស់លោកផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនរបស់ប្រទេសជាតិ ក្នុងនោះមានសម័យបើកទ្វារនិងសមាហរណកម្មនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សមុន។ ដោយធ្លាប់កាន់តំណែងជាអ្នកដឹកនាំសំខាន់ៗជាច្រើន ជាមួយនឹងបទពិសោធន៍ និងឫទ្ធានុភាពរបស់ខ្លួន លោកជាអ្នកត្រួសត្រាយផ្លូវក្នុងការកែទម្រង់ ផ្លាស់ប្ដូរថ្មី បើកទ្វារចំហ និងដំណើរការសមាហរណកម្មរបស់វៀតណាមតាំងពីប៉ុន្មានឆ្នាំដំបូង។

អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan៖ អ្នកដែលរួមចំណែកយ៉ាងធំធេងក្នុងដំណើរការសមាហរណកម្មរបស់វៀតណាម - ảnh 1អតីតឧបនាយករដ្ឋមន្រ្ដី លោក Vu Khoan បានលះបង់អស់មួយជីវិតដើម្បីផ្នែកការទូតនិយាយដោយឡែកនិងការអភិវឌ្ឍរបស់ប្រទេសជាតិនិយាយរួម។ (រូបថត៖ VGP)

ពេលនៅរស់ លោក Vu Khoan មានចំណេះដឹងដ៏ទូលំទូលាយ ហើយត្រូវបានចាត់តាំងការងារផ្សេងៗគ្នា ប៉ុន្តែមិនថាភារកិច្ចណា លោកក៏បំពេញដោយជោគជ័យ។ ក្នុងឋានៈជាកម្មាភិបាលការទូត ហើយថ្នាក់ដឹកនាំក្រសួងការបរទេស ក្រោយមកពេលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏លោកបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។ ក្នុងដំណើរការដែលវៀតណាមធ្វើការចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក៏ដូចជាការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប (ASEM) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)… ភារកិច្ចណា លោកក៏បំពេញដោយជោគជ័យ មិនត្រឹមតែដោយសារចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងដោយសារលោកជានិច្ចកាលដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិជាអាទិភាពចម្បងបង្អស់ ដូចដែលអ្វីៗដែលលោកធ្លាប់បានចែករំលែកថា៖

“ធ្វើអ្វីក៏ដោយ ក៏ដើម្បីផលប្រយោជន៍ល្អបំផុតសម្រាប់ប្រជាជាតិ។ នោះគឺជាប្រការដែលឥតងាករេ ជំនាន់របស់យើងខ្ញុំ ឬបច្ចុប្បន្នក៏ដូចគ្នាផងដែរ។ មិនថាការចរចាលំបាក តឹងរ៉ឹងយ៉ាងណាទេ ក៏ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ជាក់ស្ដែងគឺផលប្រយោជន៍អភិវឌ្ឍន៍”។

ក្នុងការចងចាំរបស់អ្នកជំនាញសេដ្ឋកិច្ច លោកស្រី Pham Chi Lan លោក Vu Khoan គឺជាមេម្នាក់ក្នុងការចរចា ការចុះហត្ថលេខា ជាអ្នកដែលចេះប្រើភាសាយ៉ាងប៉ិនប្រសប់ដើម្បីកែសម្រួលបរិយាកាសឱ្យកាន់តែជិតស្និទ្ធ ប៉ុន្តែមានប្រសិទ្ធភាពបំផុតជាមួយដៃគូ។ លោកស្រី Pham Chi Lan បានរំលឹកថា៖

“ដំណើរមួយដែលខ្ញុំបានចូលរួមនិងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋ
អាមេរិកនៅចុងឆ្នាំ ២០០១ នៅពេលដែលគណៈប្រតិភូវៀតណាមទៅសហរដ្ឋអាមេរិកដើម្បីចុះហត្ថលេខាលើឯកសារនានាដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អាមេរិក (BTA) ។ ក្នុងពិធីជប់លៀងនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Vu Khoan បានអញ្ជើញឡើងថ្លែងមតិ។ លោកបានញញឹមយ៉ាងស្រស់ស្រាយហើយនិយាយដោយក្ដីសប្បាយថា៖ "យប់មិញខ្ញុំមានក្ដីសុបិន្តមួយ។ ខ្ញុំសុបិនថាមិត្តអាមេរិកនៅទីនេះ ថ្ងៃនេះ នឹងពាក់អាវដែលបានដេរនៅវៀតណាម ទទួលទានបង្គានាំចេញពីវៀតណាម ហើយផឹកកាហ្វេ តែឆ្ងាញ់ពីវៀតណាមផងដែរ"។ ភ្ញៀវទាំងអស់ភ្ញាក់ផ្អើលណាស់ ហើយទះដៃអបអរសាទរយ៉ាងសប្បាយរីករាយ។ មិត្តភក្តិ អាមេរិក បានឆ្លើយតបដោយក្ដីរីករាយថា "សុបិននោះប្រាកដថា នឹងក្លាយជាការពិតក្នុងពេលឆាប់ៗជាក់ជាពុំខាន"។

ក្រោយពីចូលនិវត្តន៍ លោក Vu Khoan នៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថានភាពប្រទេសជាតិ ហើយបានផ្តល់មតិយោបល់យ៉ាងជ្រាលជ្រៅ ប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់ចំពោះបក្ស និងរដ្ឋ។ លោកបានចូលរួមសិក្ខាសាលា កិច្ចសន្ទនាជាច្រើនដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងមេរៀនដ៏មានតម្លៃទាក់ទងនឹងផ្នែកការទូត និងការងារសមាហរណកម្ម និង ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ការថ្លែងរបស់លោកងាយយល់ ច្បាស់លាស់ ជួយឲ្យអ្នកស្តាប់ងាយក្រេបយក៖

“មានសមិទ្ធិផលនានាក្នុងដំណើរការសមាហរណកម្មដែលអាចវាស់វែងបាន ប៉ុន្តែក៏មានលទ្ធផលដែលមើលមិនឃើញ ប៉ុន្តែមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះតើនោះជាអ្វី? ខ្ញុំគិតថា ទីមួយគឺជាភាពឯកឆន្ទសង្គមលើការធ្វើសមាហរណកម្ម។ ទីពីរគឺការយល់ដឹងអំពីពិភពលោក។ កាលពីមុន ចំនួនមនុស្សដែលយល់ដឹងអំពីពិភពលោក ជាពិសេសពិភពមូលធននិយមគឺមានតិចតួចណាស់ សូម្បីតែយើងខ្ញុំជាអ្នកការទូតក៏ដឹងតិចតួចដែរ ដោយសារលក្ខខណ្ឌសត្យានុម័ត។ បច្ចុប្បន្ននេះ បានប្រទេសទាំងមូលក្លាយជាពលរដ្ឋសកលហើយ ពិតណាស់ថាមានកម្រិតផ្សេងៗគ្នា ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលខ្លាំងទៀតទេ។ ប្រការនោះក៏សំខាន់ផងដែរ ពេលយើងទៅផ្សារ បើយើងមិនយល់ពីរបៀបជួញដូរនៅផ្សារ តើយើងអាចលក់ទិញទំនិញដោយរបៀបណា។ អីចឹងការយល់ដឹងពីពិភពលោក នោះគឺជាអំណាចទន់ទីពីរ។ លទ្ធផលទីបីដែលមិនអាចវាស់វែងបានគឺឋានៈរបស់វៀតណាម។ កាលពីមុន គេត្រឹមតែស្គាល់ដល់ប្រទេសវៀតណាមក្នុងសង្គ្រាមប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ ប្រទេសជាច្រើនបានចាត់ទុកវៀតណាមជាគូប្រជែងហើយ”។

លោក Vu Khoan គឺជាអ្នកដឹកនាំគំរូមួយរូប ដែលបានលះបង់អស់មួយជីវិតដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាពិសេស លោក Vu Khoan បានរួមចំណែកមិនត្រឹមតែក្នុងការកសាងគោលនយោបាយធំៗប៉ុណ្ណោះទេ ថែមទាំងក្នុងការងារជាក់លាក់ជាច្រើនទៀតផង។ អាស្រ័យដោយការត្រួសត្រាយផ្លូវក្នុងគំនិតនិងសកម្មភាពកិច្ចការបរទេសរបស់លោក អង្គការអន្តរជាតិធំៗដូចជា ធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានមកដំណើរការនៅវៀតណាម ជំរុញយ៉ាងខ្លាំងក្លាដល់បុព្វហេតុអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ជាមួយនឹងការលះបង់ដោយមិនចេះនឿយណាយអស់មួយជីវិតខ្លួន លោក Vu Khoan ត្រូវបានបក្ស និងរដ្ឋប្រគល់ជូនកិត្តិនាមដ៏ថ្លៃថ្នូជាច្រើន៕

ប្រវត្តិការងាររបស់អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan៖

-ឆ្នាំ ១៩៥៦៖ ចាប់ផ្តើមអាជីពនៅក្រសួងការបរទេស។

-ឆ្នាំ ១៩៩០៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស។

-ឆ្នាំ២០០០៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម; អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។

-ឆ្នាំ ២០០២៖ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ប្រធានគណៈកម្មាធិការរដ្ឋដឹកនាំកិច្ចការសិទ្ធិមនុស្ស ប្រធានគណៈកម្មាធិការរដ្ឋដឹកនាំកិច្ចការសមុទ្រខាងកើតនិងកោះ ប្រធានគណៈកម្មាធិការរដ្ឋដឹកនាំកិច្ចការទេសចរណ៍។

- ឆ្នាំ ២០០៦៖ បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស។

ប្រតិកម្មទៅវិញ

ផ្សេងៗ