អ្នកស្រី Vu Thi Dung - អ្នកម្តាយរបស់កុមារកំព្រា ៤០០ នាក់ និងដំណើរនៃសេចក្តីប្រាថ្នា
(VOVWORLD) - ដោយបោះបង់ការងារស្ថិរភាពជាមួយប្រាក់ចំណូលល្អ អ្នកស្រី Vu Thi Dung អាយុ ៤៧ ឆ្នាំ នៅទីក្រុងហាណូយ បានធ្វើដំណើរស្ងាត់ស្ងៀមទៅស្វែងរកកុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាកពិសេស នៅទូទាំងប្រទេសដើម្បីជួយទំនុកបម្រុងប្អូនៗទាំងការហូបចុកនិងការសិក្សា។ រួមដំណើរជាមួយកុមារកំព្រា កុមារពិការ និងកុមារក្រីក្រក្នុងអំឡុងពេលជាង១០ឆ្នាំកន្លមក មូលនិធិ សេចក្ដីប្រាថ្នា ដែលផ្តួចផ្តើមដោយអ្នកស្រី Dung បានបណ្ដុះក្ដីសុបិនរបស់សិស្សា នុសិស្សចំនួន ៤០០នាក់ នៅតាមខេត្ត-ក្រុងជាង ៣០។
អ្នកស្រី Vu Thi Dung និងកូនចិញ្ចឹម ដែលជាកុមារកំព្រា។ (រូបថត៖ VOV) |
មុនពេលជួបអ្នកស្រី Dung កាលពី១០ឆ្នាំមុន កញ្ញា Nguyen Thi Thuong នៅស្រុក Thach That ទីក្រុងហាណូយ មានស្ថានភាពលំបាកយ៉ាងខ្លាំង ដោយសារតែទាំងម្តាយ និងបងស្រីរបស់គាត់ មានជំងឺសរសៃប្រសាទ។ នៅពេលនោះ Thuong ទើបតែរៀនថ្នាក់ទី៦ប៉ុណ្ណោះ។ ទោះបីជាជីវភាព
ជួបការលំបាកយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែ Thuong រៀនពូកែណាស់ ហើយឧស្សាហព្យាយាមជួយការងារផ្ទះ។ ដោយដឹងពីរឿងរបស់ Thuong អ្នកស្រី Dung បានឧបត្ថម្ភប្អូនប្រាក់ដើម្បីទ្រទ្រង់ជីវិតនិងបន្តការសិក្សា។ ក្រោមការគាំពារ និងសេចក្ដីស្រឡាញ់របស់អ្នកស្រី Dung និងមូលនិធិ សេចក្ដីប្រាថ្នា បច្ចុប្បន្ននេះ កញ្ញា Nguyen Thi Thuong បានក្លាយទៅជានិស្សិតឆ្នាំទី ៣ ជំនាញចិត្តវិទ្យា សាកលវិទ្យាល័យអន្តរជាតិ Full Bright វៀតណាម។ នាងក៏ជាមនុស្សវ័យក្មេងបំផុតដែលចូលរួមក្នុងកម្មវិធី Future For Women ដែលបណ្តុះបណ្តាលនិងបង្វឹកស្ត្រីក្នុងការចាប់ផ្ដើមអាជីវកម្ម គាំពារដោយមូលនិធិ Echidna Giving របស់អាមេរិកផងដែរ។ កញ្ញា Thuong បានចែករំលែកថា៖
“ពីមុន ខ្ញុំអៀនអន់ណាស់ហើយមិនមានទំនុកចិត្តលើខ្លួនឯងទេ។ រហូតដល់ថ្នាក់ទី១០ ទើបខ្ញុំបើកទូលាយចិត្តបន្តិចម្ដងៗជាមួយម៉ែ Dung ព្រោះម៉ែអត់ធ្មត់ណាស់ដើម្បីសំណេះសំណាលជាមួយខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍គ្រួសារ នេះជាអ្វីដែលខ្ញុំខ្វះខាត។ ខ្ញុំឃើញការខិតខំប្រឹងប្រែងរបស់ខ្លួន របស់ម៉ែ Dung និងមូលនិធិសេចក្ដីប្រាថ្នាទៀតផង។ ជំហាននីមួយៗរបស់ខ្ញុំ សុទ្ធតែមានម៉ែ Dung ជួយគាំទ្រ មានមូលនិធិសេចក្ដីប្រាថ្នាតាមដាន ដែលផ្តល់ឱ្យខ្ញុំនូវឱកាសដ៏ល្អបំផុតដើម្បីពង្រីកសក្ដានុពលផ្ទាល់ខ្លួន ហើយសម្រេចបានក្ដីសុបិនរបស់ខ្ញុំផងដែរ”។
កម្មវិធីជំរុំវិស្សមកាលរដូវក្តៅនៃផ្ទះសេចក្ដីប្រាថ្នា។ (រូបថត៖ VOV) |
រឿងរ៉ាវរបស់កញ្ញា Nguyen Thi Thuong គ្រាន់តែជាកុមារកំព្រាម្នាក់ ក្នុងចំណោមកុមារកំព្រា កុមារដែលមានស្ថានភាពលំបាក និងកុមារពិការចំនួន ៤០០ នាក់ នៅខេត្តក្រុងជាច្រើនទូទាំងប្រទេស ដែលបានជំនះលើជោគវាសនារបស់ខ្លួន អាស្រ័យដោយមានការជួយឧបត្ថម្ភពីអ្នកស្រី Dung និងមូលនិធិសេចក្តីប្រាថ្នា។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការងាររបស់អ្នកស្រី Dung ទទួលបានការរួមដំណើររបស់សប្បុរសជនជាច្រើននៅទូទាំងប្រទេស ដោយបានរួមដៃគ្នាជួយឧបត្ថម្ភកុមារអភ័ព្វក្នុងជីវភាព បន្តបណ្ដុះក្ដីសុបិនរបស់ខ្លួន។ រួមដំណើរជាមួយអ្នកស្រី Dung អស់រយៈពេលច្រើនឆ្នាំកន្លងមក អ្នកស្រី Nguyet Minh នៅរដ្ឋធានីហាណូយបានឲ្យដឹងថា៖
“ឃើញកូនៗតាំងពីដើមដំបូងមក ពេលនោះទឹកមុខពួកគេក្រៀមក្រំយ៉ាងម៉េច ក្រែងរអែងនឹងស្ថានភាពរបស់ខ្លួនយ៉ាងម៉េច ខ្លាច តូចចិត្តយ៉ាងម៉េច ហើយក្រោយមក ពេលធំដឹងក្ដី កូនៗបានត្រឡប់មកជួយមូលនិធិ ហើយរួមដំណើរជាមួយប្អូនៗ។ ខ្ញុំបានឃើញរូបភាពទាំងអស់នេះពិតជារំភើបចិត្តខ្លាំងណាស់។ នៅពេលដែលអ្នកអាចបំផុសសេចក្តីប្រាថ្នាសម្រាប់កូនៗ ហើយផ្តល់ជំនឿជាក់ដល់ពួកគេ នោះនឹងជាកម្លាំងចលករសម្រាប់ពួកគេឈានឡើង”។
ដំណើរនៃសេចក្តីប្រាថ្នាបានបើកអនាគតសម្រាប់កុមារជាច្រើន ហើយជាពិសេសបានបញ្ឆេះភ្លើងនៃជំនឿជាក់ សេចក្តីស្រឡាញ់ជីវិត និងកម្លាំងខាងក្នុងគ្មានដែនកំណត់ចំពោះម្ចាស់អនាគតរបស់ប្រទេសជាតិទាំងនេះ។ អ្នកស្រី Dung បានឲ្យដឹងថា នាពេលខាងមុខ កុមារដែលរងការខ្វះខាតបំផុត នឹងត្រូវបាននាំមកផ្ទះរួមនៃសេចក្ដីប្រាថ្នា ដែលកំពុងសាងសង់នៅស្រុក Thanh Thuy ខេត្ត Phu Tho ដែលគេនឹងទទួលបានការថែទាំពិសេស ដើម្បីឲ្យអនាគតរបស់គេមានសុវត្ថភាព ហើយទទួលបានសេចក្តីស្រឡាញ់យ៉ាងពេញលេញ។ អ្នកស្រី Vu Thi Dung បានចែករំលែកថា៖
“អ្វីៗទាំងអស់ដែលមូលនិធិសេចក្ដីប្រាថ្នាធ្វើគឺការរួមដៃគ្នា។ សេចក្ដីប្រាថ្នា គឺជាអង្គការមួយ ប៉ុន្តែអ្វីដែលបង្កើតឡើងសេចក្ដីប្រាថ្នា គឺជាកម្លាំងរបស់សហគមន៍ទាំងមូល ដើម្បីនាំមកជូនកុមារនូវអនាគតជីវិតដ៏មានតម្លៃ រស់នៅប្រកបដោយសេចក្ដីសប្បុរស និងនាំមកនូវផលប្រយោជន៍ដល់សង្គម។ ខ្ញុំក៏មានបំណងថា មូលនិធិសេចក្ដីប្រាថ្នា នឹងបន្តដំណើររបស់ខ្លួន ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់សង្គម និងប្រទេសជាតិ ដោយពលរដ្ឋល្អៗ។ ខ្ញុំក៏ចង់រីកសាយភាយគំរូនេះ ដើម្បីឲ្យក្រុម អង្គការ បុគ្គល និងសហគមន៍នានាអាចចូលរួមចំណែក ឆ្ពោះទៅរកគុណភាពមនុស្ស”។
រួមជាមួយនឹងសប្បុរសជន និងអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ អ្នកស្រី Vu Thi Dung បានផ្តល់កម្លាំងចិត្ត សាបព្រួសក្តីសង្ឃឹមសម្រាប់គ្រាប់ពូជបៃតងជាច្រើននៅក្នុងផ្ទះនៃសេចក្តីប្រាថ្នា។ បំណងប្រាថ្នារបស់នាងគឺ នាពេលខាងមុខនេះ កុមារអភ័ព្វរាប់ពាន់នាក់ផ្សេងទៀតនឹងមានឱកាសទទួលបានសុភមង្គល ទទួលបានការអប់រំ ហើយឈានដល់ក្តីសុបិនរបស់ខ្លួនក្នុងផ្ទះរួមដោយមានឈ្មោះថា សេចក្ដីប្រាថ្នា៕