កម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម”

(VOVWORLD) -  គណៈកម្មការគ្រប់គ្រងវិថីបុរាណនៃទីក្រុងហាណូយ បានសហការជាមួយក្លឹបសាលាភូមិវៀត បានរៀបចំកម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម” នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ (លេខ ៥០ នៃផ្លូវ Dao Duy Tu  ខ័ណ្ឌ Hoan Kiem នៃរដ្ឋធានីហាណូយ)។ ចូលរួមក្នុងកម្មវិធីសិល្បៈនេះ គឺសិល្បករនៃក្រុមតន្ត្រីនៃក្តីសង្ឈឹម (ក្រុមតន្ត្រី Hy vong)។

កម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម” - ảnh 1 មជ្ឈមណ្ឌលវប្បធម៌នៃវិថីបុរាណហាណូយ

ក្រុមតន្ត្រីនៃក្តីសង្ឃឹមនេះ មានសិល្បករដែលជាជនពិការភ្នែក ជំនាញខាងលេងឧបករណ៍ប្រពៃណីវៀតណាម។ សិល្បករនីមួយៗ គឺជាគំរូចែងចាំងនៃថាមពលនិងសេចក្តីប្រាថ្នា ខិតខំសិក្សារៀនសូត្រនិងយកឈ្នះលើការលំបាកនៃជីវភាពប្រចាំថ្ងៃ។ ក្នុងចំណោមសមាជិកទាំងនេះ  សិល្បករផ្លុំខ្លុយ លោក Nguyen Van Linh ដែលមានស្ថានភាពលំបាកបំផុត ដោយលោកមានបញ្ហាខ្សោយតំរងនោម។ សូម្បីតែ មុនពេលសម្តែង លោកត្រូវទៅមន្ទីរពេទ្យដើម្បីលាងឈាមក៏ដោយ  ប៉ុន្តែលោកនៅតែព្យាយាមចូលរួមក្នុងកម្មវិធីសម្តែងផងដែរ។ លោក Le Xuan Khoa សមាជិកនៃក្រុមសាលាភូមិវៀត និងជាអ្នកដឹកនាំកម្មវិធីសិល្បៈ “ផ្នត់សំឡេងនៃក្តីសង្ឃឹម” បានចែករំលែកថា៖

“ក្រុមតន្ត្រីក្តីសង្ឃឹមត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។ រហូតមកដល់ពេលនេះ ក្រុមនេះមានការប្រគុំតន្ត្រីប្រកបដោយជោគជ័យជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ដែលរួមចំណែកដល់ការផ្សព្វផ្សាយតន្រ្តីប្រពៃណីវៀតណាម។ សម្រាប់សិល្បករដែលពិការភ្នែក ការរៀនតន្រ្តីគឺពិបាកជាង។ អ្នកទាំងនេះជាសិល្បករពិសេស ដែលបាននិងកំពុងទទួលបានការបណ្តុះបណ្តាលជាផ្លូវការ នៅបណ្ឌិតសភាតន្ត្រីជាតិហាណូយ។ យ៉ាងណាមិញ ក្រុមសាលាភូមិវៀត និងគណៈកម្មការគ្រប់គ្រងវិថីបុរាណហាណូយ តែងតែរួមសហការរៀបចំសកម្មភាពសិល្បៈជាប្រចាំ។ ចំណែកឯកម្មវិធី “ខ្សែសំឡេងនៃក្តីសង្ឃឹម” បានជូនដល់ទស្សនិកជននូវសេចក្តីប្រាថ្នានិងក្តីសុបិន្តរបស់ប្រជាជនវៀតណាម”។

នៅក្នុងកម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម” សិល្បករបានណែនាំនូវប្រភេទតន្រ្តីប្រជាប្រិយមួយចំនួន ដូចជាចម្រៀង Cheo, quan ho, chau van និងតន្ត្រីរាជវាំងជាដើម។ ជាពិសេសកម្មវិធីនេះក៏រួមបញ្ចូលទាំងការប្រគុំតន្ត្រីប្រជាប្រិយរបស់ប្រទេសមួយចំនួននៅអាស៊ីទៀតផងដែរ។ លោកស្រី Do Lan Anh ទស្សនិកជនដែលមកទស្សនានៅទីនេះបានចែករំលែកថា “ពេលបានទស្សនាការសម្តែងរបស់សិល្បៈករពិការភ្នែក នាងខ្ញុំមានការចាប់អារម្មណ៍ខ្លាំងណាស់ ពីព្រោះខ្ញុំបានទស្សនាកម្មវីធីនេះជាលើកដំបូង។ ខ្ញុំសូមកោតសរសើរដល់សិល្បករ ពីព្រោះពួកគេពិការភ្នែកក៏ពិតមែន ប៉ុន្តែពួកគេសម្តែងបានល្អប្រកបដោយវិជ្ជាជីវៈ។ ខ្ញុំពិតជាស្រឡាញ់កម្មវិធីនេះណាស់ ហើយសង្ឃឹមថា នឹងមានកម្មវិធីបែបនេះកាន់តែច្រើននាពេលអនាគត ដើម្បីធ្វើឱ្យសាធារណជនបានស្គាល់កាន់តែច្រើនផង”។

តាមរយៈកម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម” ក្រុមសាលាភូមិវៀតមានបំណងបង្កើតទីលានសម្រាប់សិល្បករដែលមានស្ថានភាពលំបាក ជួបប្រាស្រ័យជាមួយគ្នា។ លោក Tran Duc Binh ប្រធានក្លឹបសាលាភូមិវៀតបានឲ្យដឹងថា៖

“កម្មវិធីសិល្បៈនេះគឺស្ថិតនៅក្នុងគោលដៅរបស់ក្រុមសាលាភូមិវៀត សំដៅជំរុញឲ្យសិល្បករនិងសិល្បការិនី ដែលមានចំណង់ចំណូលចិត្តនឹងសិល្បៈប្រពៃណី ដើម្បីជួយអ្នកទាំងនេះមានកំលាំងចិត្ត ក្នុងការបំពេញវិជ្ជាជីវៈ។ យើងខ្ញុំចង់មានការរួមដំណើរពីសហគមន៍បន្ថែមទៀត សម្រាប់ក្រុមក្តីសង្ឃឹមយើងខ្ញុំ ពីព្រោះ សិល្បៈករ សិល្បៈការិនីទាំងនេះ សុទ្ធតែទទួលបានការបណ្តុះបណ្តាលល្អ ហើយអ្នកទាំងនេះមានទាំងចំណង់ចំណូលចិត្តនិងទេពកោសល្យផង”។

កម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម” - ảnh 2 ក្រុមសិល្បៈកំពុងសម្តែងក្នុងកម្មវិធី  “ខ្សែសំឡេងនៃក្តីសង្ឃឹម” 

អស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ ក្រុមសាលាភុមិវៀត និងគណៈកម្មការគ្រប់គ្រងវិថីបុរាណហាណូយ តែងតែសហការគ្នា រៀបចំកម្មវិធីសិល្បៈដ៏ពិសេសជាច្រើន។ ចូលរួមក្នុងកម្មវិធីសិល្បៈទាំងនេះ មានសិល្បករ សិល្បការិនីល្បីឈ្មោះ ក្នុងនោះមាន សិល្បករ សិល្បការិនីនៃក្រុមតន្ត្រីក្តីសង្ឃឹមផង។ លោកស្រី Tran Thi Thuy Lan អនុប្រធាន គណៈកម្មការគ្រប់គ្រងវិថីបុរាណទីក្រុងហាណូយបានចែករំលែកថា៖

“យើងខ្ញុំបានសហការជាមួយសមាជិកនៃក្រុមតន្ត្រីក្តីសង្ឃឹម អស់រយៈពេលជាច្រើនឆ្នាំ ដែលធ្លាប់បានសម្តែងនៅវិហារ Bach Ma, វិហារ Quan De និងវិថីបុរាណនៃទីក្រុងហាណូយ។ បន្ទាប់ពីការសម្តែងប្រកបដោយអត្ថន័យទាំងនោះ គណកម្មការគ្រប់គ្រងវិថីបុរាណ ក៏មានស្តីសង្ឃឹម រួមសហការជាមួយក្រុមតន្ត្រីប្រពៃណីជាច្រើនថែមទៀត ដើម្បីរួមចំណែកផ្សព្វផ្សាយតន្ត្រីប្រពៃណីទៅកាន់ប្រជាជន ជាពិសេស គឺមជ្ឈដ្ឋានវ័យក្មេង”។

 “ខ្សែសំឡេងនៃក្តីសង្ឃឹម” គឺជាកម្មវិធីសិល្បៈដំបូងគេ ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណនៃទីក្រុងហាណូយ បន្ទាប់ពីរយៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដោយជំងឺរាតត្បាតកូវីដ១៩។  កម្មវិធីសម្តែងសិល្បៈនេះបានចូលរួមចំណែកអភិរក្សបេតិកភណ្ឌវប្បធម៌នៃតន្រ្តីប្រពៃណីវៀតណាម ក៏ដូចជាលើកតម្កើងសិល្បករ សិល្បការិនីនៃក្រុមតន្ត្រីក្តីសង្ឃឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ