ការតាំងពិព័រណ៍វត្ថុតាងដែលបង្ហាញឡើងវិញមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមទាំង ១២ លើក

(VOVWORLD) -  ការតាំងពិព័រណ៍ក្រោមប្រធានបទ “បក្សកុម្មុយ និស្តវៀតណាម - ពីមហាសន្និបាតមួយទៅមហាសន្និបាតមួយ” កំពុងប្រព្រឹត្តទៅនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិលេខ ២៥ វិថី Tong Dan នៃទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ សារមន្ទីរប្រវត្តិសាស្ត្រជាតិ សម្របសម្រួលជាមួយនាយកដ្ឋានបណ្ណសារនៃខុទ្ទកាល័យមជ្ឈឹមបក្ស ដើម្បីអបអរសាទរមហាសន្និ បាត លើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

ការតាំងពិព័រណ៍វត្ថុតាងដែលបង្ហាញឡើងវិញមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមទាំង ១២ លើក - ảnh 1ពិធីកាត់ខ្សែបូបើកការតាំងពិព័រណ៍ (រូបថត៖ Ngoc Anh)

ការតាំងពិព័រណ៍ក្រោមប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតមួយទៅមហាសន្និបាតមួយ” បានបើកឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២១ រហូតដល់ចុងខែឧសភាឆ្នាំ ២០២១។  ដោយមានវត្ថុតាង ឯកសារនិងរូបភាពជាង ២០០ ការតាំងពិព័រណ៍នេះបានបែងចែកទៅជា ៣ ផ្នែក៖ នោះគឺ  ការចាប់បដិសន្ធិរបស់បក្សកុម្មុយនិស្ត វៀតណាម; បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតមួយទៅមហាសន្និបាតមួយ និងឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។

បក្សកុម្មុយនិស្តវៀតណាមគឺជាកត្តាសម្រេចកំណត់រាល់ជ័យជំនះរបស់បដិវត្តវៀតណាម។ ចាប់តាំងពីបានចាប់បដិសន្ធិ នៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៣០ មក បក្សកុម្មុយនិស្តវៀតណាមបានឆ្លងកាត់មហាសន្និបាតចំនួន ១២ លើក។ ហើយមហាសន្និបាតនីមួយៗ គឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដោយបូកសរុបនូវសមិទ្ធិផល មេរៀនបទពិសោធន៍ ក៏ដូចជា ដាក់ចេញគោលមាគ៌ានិងសេចក្តីសម្រេចចិត្តនានាសម្រាប់បក្សដឹកនាំប្រទេស នៅក្នុងដំណាក់កាលបន្ត។ លោកស្រី Nguyen Thi Thu Hoan នាយករងនៃសារមន្ទីរប្រវត្តិសាស្ត្រជាតិបានសង្កត់ធ្ងន់ថា៖“ពិព័រណ៍នេះបានធ្វើការពិនិត្យឡើងវិញរាល់សម័យប្រជុំនៃមហាសន្និបាតនីមួយ ៗ ពោលគឺ ចាប់ពីមហាសន្និបាតលើកទី ១ រហូតដល់មហាសន្និបាតលើកទី ១២របស់បក្ស។ មហាសន្និបាតលើកទី ១, ទី ២, ទី ៣, ទី ៤ មានចន្លោះពីគ្នា ពី ១០ ទៅ ១៥ ឆ្នាំ ទើបរៀបចំបានមហាសន្និបាតបក្សម្តង ពីព្រោះប្រទេសជាតិកាលនោះ នៅតែស្ថិតក្នុងសង្គ្រាមនៅឡើយ។ ប៉ុន្តែចាប់ផ្តើមពីសម័យផ្លាស់ប្តូរថ្មី ឆ្នាំ ១៩៨៦ រហូតមកដល់ពេលនេះ មហាសន្និបាតបក្ស ត្រូវបានរៀបចំឡើងរៀងរាល់ ៥ ឆ្នាំម្តង។ នៅពេលដែលសាធារណជនបានស្គាល់ដល់ទិដ្ឋភាពទូទៅនៃមហាសន្និបាតបក្សទាំង ១២ ហើយបានមើលឃើញការអភិវឌ្ឍរបស់បក្ស តាមរយៈមហា សន្និបាតនីមួយ”។

រូបភាព ឯកសារ វត្ថុតាង ដែលដាក់តាំងបង្ហាញរួមមាន៖ របាយការណ៍ សុន្ទរកថាឯកសារនិងសេចក្តីសម្រេចចិត្តរបស់បក្ស; ច្បាប់ព្រាងអត្ថបទ និងបទសំណេះសំណាលរបស់បណ្តាអគ្គលេខាបក្ស។ រួមជាមួយគ្នានោះ ជាផ្លាកសញ្ញានិងអាំងស៊ីងសញ្ញារបស់ប្រតិភូដែលចូលរួមមហា សន្និបាតបក្ស បដាផ្សព្វផ្សាយតាមរយៈមហាសន្និបាត; អំណោយពីប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជូនដល់បក្សកុម្មុយនីស្តវៀតណាមតាមរយៈមហាសន្និបាតនីមួយៗ។ ជាពិសេស នៅទីនេះថែមទាំងមាន ស្នាដៃ រូបថត  និងអត្ថបទសំណេះសំណាល អត្ថបទអំពីការងារកសាងនិងធ្វើនិយ័តកម្មបក្ស ការបណ្តុះបណ្តាលកម្មាភិបាលរបស់លោកប្រធានហូជីមិញជាដើម។ លោកស្រី Nguyen Thi Thu Huong អនុប្រធាននាយកដ្ឋានប័ណ្ណសារនៃខុទ្ទកាល័យមជ្ឈឹមបក្ស បានឲ្យដឹងថា៖ “យើងខ្ញុំបានបង្ហាញសុន្ទរកថាមួយចំនួន ជាពិសេសឯកសារនៅឯ សម័យប្រជុំនៃមហាសន្និបាតបក្សមួយចំនួន ដែលមានភ្ជាប់នូវ ស្នាមសរសេររបស់ថ្នាក់ដឹកនាំ បក្សដែលបានផ្តល់សច្ចាប័នដោយផ្ទាល់ទៅលើឯកសារទាំងនោះ មុនពេលដាក់ជូនសភា។ នោះគឺជាចំណុចថ្មីនិងជាចំណុចលេចធ្លោនៃការតាំងពិព័រណ៍នេះ។  មហាសន្និបាតនីមួយៗ មានសញ្ញាសម្គាល់ផ្ទាល់ខ្លួន។ ជាពិសេស ឆ្ពោះទៅមហាសន្និបាតលើកទី ១៣ របស់បក្ស យើងបានសង្កត់ធ្ងន់លើការងារកសាងបក្ស រួមទាំងឯកសារជាលាយលក្ខណ៍អក្សរនិងវត្ថុតាង បង្ហាញពីការងារពង្រឹង ការកសាងនិងការធ្វើនិយ័តកម្មបក្ស តាំងពីការបង្កើតបក្សរហូតដល់មហាសន្និបាតបក្សលើកទី ១៣នេះ”។

ការតាំងពិព័រណ៍វត្ថុតាងដែលបង្ហាញឡើងវិញមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមទាំង ១២ លើក - ảnh 2រូបភាពនៅពិព័រណ៌ៈសន្និសីទបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ១៩៣០ (វិចិត្រករ Phi Hoanh) (រូបថត៖ Ngoc Anh)

ដើម្បីផ្តល់នូវព័ត៌មានកាន់តែប្រសើរនិងទាក់ទាញសម្រាប់អ្នកទស្សនា សារមន្ទីរប្រវត្តិសាស្រ្តជាតិបានអនុវត្តបច្ចេកវិទ្យាបញ្ជាំងទំនើប។ ទស្សនាការសម្តែងលោក Pham Mai Hung សាស្ត្រាចារ្យរង - បណ្ឌិត អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមមានអារម្មណ៍ថា៖ “ខ្ញុំឃើញថា បច្ចេកវិទ្យាជួយឱ្យយើងមើលឃើញពីភាពរស់រវើកនិងលក្ខណៈជាព្រឹត្តិការណ៍។ វីដេអូ / ឃ្លីបចំនួន ២ នៅខាងមុខនិងខាងចុងនៃពិព័រណ៍  ត្រូវបានបង្ហាញពីទឹកចិត្តរបស់ប្រជាជនចំពោះបក្ស តាមរយៈសកម្មភាពជាក់ស្តែង។ ឯកសារទាំងនេះត្រូវបានបង្ហាញដូចជាស្នាដៃភាពយន្ត។ ដូច្នេះ ការតាំងពិព័រណ៍នេះគឺមានភាពរស់រវើកជាង មិនគ្រាន់តែមើលរូបភាពនិងវត្ថុតាំងថេរប៉ុណ្ណោះ”។

ការតាំងពិព័រណ៍ប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតមួយទៅមហាសន្និ បាតមួយ” គឺជាឱកាសសម្រាប់ប្រជាជនវៀតណាមជំនាន់ក្រោយ មានមោទនភាពចំពោះប្រពៃណីស្នេហាជាតិនិងការតស៊ូបដិវត្តជាច្រើនជំនាន់របស់បុព្វបុរស ដែលបានពលីជីវិតដើម្បីមាតុភូមិ គឺជាសក្ខីភាពមួយបង្ហាញពីដួងចិត្តរបស់ប្រជាជន បក្ខជន ប្តេជ្ញាដើរតាមមាគ៌ារបស់បក្ស។ ការតាំងពិព័រណ៍នេះចូលរួមចំណែកជួយដល់សាធារណៈជន ជាពិសេសកម្មាភិ បាលវ័យក្មេង និងបក្ខជនវ័យក្មេង ដើម្បីមើលឃើញកាន់តែច្បាស់នូវទំនួលខុសត្រូវរបស់ខ្លួនក្នុងបុព្វហេតុកសាងប្រទេសជាតិសម្បូររុងរឿងប្រកបដោយសន្តិភាពនិងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ