ការស្ដារឡើងវិញគំនូរប្រជាប្រិយ Kim Hoang - ការអភិរក្សវប្បធម៌តំបន់ដីថាំងឡុង
(VOVWORLD) - ប្រសិនបើរំលឹកអំពីភូមិរបរធ្វើគំនូរប្រជាប្រិយរបស់វៀតណាម គឺអ្នកទេសចរច្រើនតែនឹកដល់ភូមិរបរគំនូរ Dong Ho នៅខេត្ត Bac Ninh ឬគំនូរវិថី Hang Trong នៃទីក្រុងហាណូយ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងថា ក្នុងរដ្ឋធានីហាណូយនេះឯង នៅមានប្រភេទគំនូរប្រជាប្រិយឈ្មោះ Kim Hoang នៅឃុំ Van Canh ស្រុក Hoai Duc ផងដែរ។ ឆ្លងកាត់ដំណើរការឡើងចុះនៃប្រវត្តិសាស្ត្រជាច្រើនមក គំនូរប្រជាប្រិយ Kim Hoang ពេលខ្លះហាក់ដូចជាត្រូវបានគេបំភ្លេចចោលហើយ ប៉ុន្តែដោយមានការប្តេជ្ញាចិត្តក្នុងការថែរក្សានិងស្តារឡើងវិញនូវវប្បធម៌នៃស្រុកកំណើតនោះ ឥឡូវនេះ ប្រជាជនឃុំ Van Canh កំពុងធ្វើឱ្យរស់ឡើងវិញនូវប្រភេទគំនូរដ៏វិសេសវិសាលនេះ។
ចាស់ទុំនៃភូមិ Kim Hoang កំពុងស្តារឡើងវីញគំនូរប្រជាប្រិយ Kim Hoang |
គំនូរប្រជាប្រិយ Kim Hoang ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលនៃសតវត្សទី ១៨។ ប្រជាជននៅភូមិ Kim Hoang ភាគច្រើនជាជនភៀសខ្លួនពីខេត្ត Thanh Hoa ទៅកាន់តំបន់ខាងជើងតាំងពីឆ្នាំ ១៧០១ មក រួមមានភូមិពីរគឺភូមិ Kim Bang និងភូមិ Hoang Bang។ ដោយអ្នកភូមិគេបានយល់ឃើញថា គំនូរ Dong Ho, Hang Trong ត្រឹមតែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អតិថិជននៅទីក្រុងហាណូយ, ខេត្ត Bac Giang និង Hai Duong ក៏ដូចមិនសមស្របសម្រាប់ប្រជាកសិករ ទាំងសោភ័ណ្ឌភាពនិងតម្លៃ ហេតុដូច្នេះ ប្រជាជនភូមិ Kim Hoang បានប្តេជ្ញាចិត្តដើម្បីបង្កើតប្រភេទគំនូរថ្មី ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា - សិល្បៈពីប្រភេទគំនូរទាំងពីរដួចដែលបានពោលខាងលើ។ ត្រកូល Nguyen Sy និងត្រកូល Nguyen The ជាត្រកូលពីរដែលត្រួសត្រាយផ្លូវក្នុងការធ្វើគំនូរ។ នៅសតវត្សទី ១៩ គំនូរ Kim Hoang មានការរីកចម្រើន ប៉ុន្តែបានចាប់ផ្តើមសាបសូន្យ បន្ទាប់ពីទឹកជំនន់នៅឆ្នាំ ១៩១៥ ពោលគឺ ពុម្ភសម្រាប់ធ្វើគំនូរក្នុងភូមិជាច្រើនត្រូវរសាត់បាត់អស់តាមទឹក។ រហូតដល់ឆ្នាំ ១៩៤៥ គ្មានអ្នកណាម្នាក់ នៅក្នុងភូមិ Kim Hoang ប្រកបមុខរបរធ្វើគំនូរទៀតឡើយ។
លោក Nguyen Sy Tien បច្ចុប្បន្នមានអាយុជិត ៦០ ឆ្នាំបានចែករំលែកថា៖ “មុខរបរធ្វើគំនូរបែបប្រពៃណីនេះមានតាំងពីយូរយារណាស់មកហើយ។ តាំងពីខ្ញុំនៅតូច ខ្ញុំបានលឺចាស់ទុំប្រាប់អំពីររបៀបធ្វើគំនូរ Kim Hoang។ ក្រុមគ្រួសាររបស់ខ្ញុំបានចាប់ផ្តើមបង្កើតឡើងប្រភេទគំនូរនេះ។ កាលនោះ នៅឆ្នាំ ១៩៤៥ ភាពក្រីក្ររីករាលដាល ហើយពុម្ភសម្រាប់ធ្វើគំនូរត្រូវរសាត់បាត់អស់តាមទឹកជំនន់ រហូតដល់បាត់បង់របរតែម្កង”។
ដោយមានបំណងចង់ស្តារឡើងវិញនូវប្រភេទគំនូរដែលត្រូវបាត់បង់ជាងកន្លះសតវត្សរ៍កន្លងមកនេះ ហេតុដូច្នេះ ប្រជាជនភូមិ Van Canh បានរួមសហការជាមួយសារមន្ទីរវិចិត្រសិល្បៈវៀតណាម ដើម្បីអនុវត្តន៍គម្រោង “ស្តារឡើងវិញនូវផ្ទាំងគំនូរប្រជាប្រិយ Kim Hoang”។ លោក Dao Dinh Trung ជាសិប្បករធ្វើគំនូរ Kim Hoang ដែលជាមនុស្សដំបូងគេ បានចាក់គ្រឹះក្នុងការស្តារឡើងវិញប្រភេទគំនូរ Kim Hoang បានចែករំលែកថា៖ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក លោកនិងមនុស្សគ្រប់គ្នា បានធ្វើវិធានការជាច្រើន ដើម្បីស្តារឡើងវិញនូវប្រភេទគំនូរនេះ។ ផ្តើមពីគំនូរបុរាណត្រូវបានរក្សាទុកនៅសារមន្ទីរវិចិត្រសិល្បៈវៀត ណាមនិងពីគំនូររបស់អ្នកស្រាវជ្រាវមួយរូបនៅប្រទេសបារាំង លោកនិងសហការីមានគំនិត ស្ដារឡើងវិញនូវប្រភេទគំនូរ ដែលមិនមានភាពខុសគ្នាច្រើនពីលំនាំប្រជាប្រិយចាស់តាំងពីបុរាណកាលមកនោះឡើយ។ លោក Dao Dinh Trung បានអោយដឹងថា៖ “មានផ្ទាំងគំនូរផ្សេងៗគ្នា ប្រហែលជា ៦០ ផ្ទាំងដែរ។ ដំបូង យើងបានស្តារជាបណ្តើរៗ ប៉ុន្តែអាទិភាពស្តារផ្ទាំងគំនូរមាន់ ជ្រូក មុនសិន ពីព្រោះគំនូរនេះ ត្រូវបាត់បង់កាលពីពេលមុន ដើម្បីបម្រើដល់អតិថិជន។ ដើម្បីស្តារបានល្អ ខ្ញុំត្រូវស្វែងយល់យ៉ាងលំអិតពីលក្ខណៈនីមួយៗសម្រាប់បង្កើតបានគំនូរ Kim Hoang មួយផ្ទាំង បន្ទាប់មកមើលថា តើវាខុសពីគំនូររបស់ភូមិដទៃទៀតទេ ប៉ុន្តែនៅពេលដែលខ្ញុំសិក្សាផ្ទាំងគំនូររបស់ភូមិខ្ញុំដោយប្រុងប្រយ័ត្នហើយប្រៀបធៀបជាមួយគំនូររបស់ភូមិដទៃទៀតខ្ញុំបានឃើញគំនូរ Kim Hoang គឺមានលក្ខណៈខុសប្លែកជាច្រើនដែរ”។
លោក Dao Dinh Trung ជាសិប្បករធ្វើគំនូរ Kim Hoang |
ការជួសជុលពុម្ភឈើសម្រាប់ធ្វើគំនូរ Kim Hoang តម្រូវឱ្យមានភាពល្អិតល្អនហើយក្រុមការងារបានជួសជុល ស្តារប្រភេទគំនូរនេះឡើងវិញ ដោយមានការរួមសហការពីសិប្បករជាង ៣០ នាក់ មកពីភូមិគំនូរប្រជាប្រិយបុរាណដទៃទៀត ដោយត្រូវធ្វើ ផ្អែកលើរូបភាពមួយចំនួនដែលរក្សាទុកនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ទើបស្តារឡើងវិញបានតិចតូចណាស់ បើប្រៀបនឹងគំនូរ Kim Hoang កាលពីមុនបាត់បង់។
មិនដូចទៅនឹងគំនូរ Dong Ho និងគំនូ Hang Trong ដែលត្រូវបានបោះពុម្ពលើក្រដាសសឬក្រដាសធម្មតាទេ ប៉ុន្តែគំនូរ Kim Hoang ត្រូវបានបោះពុម្ពលើ ក្រដាសពណ៌ក្រហម ដែលជាចំណុចលេចធ្លោបំផុតរបស់គំនូរ Kim Hoang បើប្រៀបធៀបទៅនឹងគំនូរប្រជាប្រិយដទៃទៀត។ ម្យ៉ាងវិញទៀត ប្រធានបទនៃគំនូរKim Hoang គឺសម្បូរបែបណាស់ ដែលជិតស្និទនឹងជីវភាពជនបទ។ ប្រភេទគំនូរនេះ បំពេញបានចំណង់ចំណូលចិត្តរបស់អ្នកទិញ ដោយគេចាត់ទុកព្យួរប្រភេទគំនូរនេះក្នុងផ្ទះដូចជានាំមកភាពស្រស់ស្រាយជូនក្រុមគ្រួសារអញ្ចឹង។
សូមជម្រាបថា កាលពីខែសីហាឆ្នាំ ២០១៦ នៅឯតាំងពិព័រណ៍ “តាំងបង្ហាញគំនូរប្រជាប្រិយវៀតណាម ចំនួន ១២ ប្រភេទ” នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម ជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សរ៍មក ប្រជាជនទីក្រុងនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកទស្សនាដើម្បីគយគន់ប្រភេទគំនូរប្រជាប្រិយ Kim Hoang។ អ្នកទេសចរដែលចង់ស្វែងយល់អំពីប្រភេទគំនូរនេះ អាចទៅទស្សនានៅអាគាប្រពៃណីនៃ Van Canh ក្នុងនោះមានមជ្ឈមណ្ឌលស្តារគំនូរ Kim Hoang ដែលស្ថិតក្នុងបរិវេណ ១.៥០០ ម៉ែត្រការ៉េ។ ការស្ដារឡើងវិញនូវប្រភេទគំនូរ Kim Hoang គឺជាការបំពេញបន្ថែមដ៏សំខាន់នៃឃ្លាំងសិល្បៈនិងវប្បធម៌ប្រជាប្រិយដែលជាមរតកដ៏មានតម្លៃនិងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕