ក្លឹប Sac Cham - ផ្សព្វផ្សាយចង្វាក់ចម្រៀងថែនពីភូមិស្រុក
(VOVWORLD) - ដោយមានសមាជិកជាង ៦០ នាក់ ដែលក្នុងនោះសមាជិកក្មេងជាងគេមានអាយុទើបតែ ១៣ ឆ្នាំនិងសមាជិកចាស់ជាងគេមានអាយុជាង ៧០ ឆ្នាំ បន្ទាប់ពីបង្កើតបានជាង ៣ ឆ្នាំមក ក្លឹបច្រៀងចម្រៀងថែន ចាប៉ី tinh Sac Cham បានក្លាយជាក្លឹបចម្រៀងថែន ចាប៉ី tinh ដែលមានទ្រង់ទ្រាយធំជាងគេនៅខេត្ត Bac Kan រួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ដ៏វិសេសវិសាលនេះនៅក្នុងជីវភាពរស់នៅ។
ក្លឹបច្រៀងចម្រៀងថែន ចាប៉ី tinh ក្នុងកម្មវិធីចម្រៀងប្រជាប្រិយតំបន់ព្រៃភ្នំភាគខាងជើងនៅខែធ្នូឆ្នាំ ២០២០ (រូបថត៖ VOV) |
ក្លឹបចម្រៀងថែន Sac Cham ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ មានសមាជិកជាង ៦០ នាក់នៅក្នុងស្រុកនិងក្រុងនានានៃខេត្ត Bac Kan។ សិប្បករ Ma Thi Day ប្រធានក្លឹបថែន Sac Cham បានចែករំលែកថា៖ សមាជិកនៃក្លឹបមិនប្រកាន់អាយុឡើយ ឲ្យតែសមាជិកទាំងអស់នេះមានចំណង់ចំណូលចិត្តនិងមានសេចក្តីស្រឡាញ់វប្បធម៌ប្រពៃណីជាតិរបស់ខ្លួន។
“ប្រការដំបូងបង្អស់គឺអ្នកទាំងអស់គ្នាត្រូវតែមានស្មារតីការពារ អភិរក្សនិងពង្រីកកេរដំណែលនៃការច្រៀងចម្រៀងថែននិងចាប៉ីទិញ។ ទន្ទឹមជាមួយគ្នានេះដែរ ចាំបាច់ក្នុងការបង្ហាត់បង្រៀននិងណែនាំក្មេងៗ ឱ្យស្គាល់ដល់ចម្រៀងថែន ចាប៉ី tinh ដើម្បីប្អូនៗចេះស្រឡាញ់ចម្រៀងថែននិងចាប៉ី tinh។ ប្រសិនបើអ្នកចូលចិត្តបទចម្រៀងថែន ការអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិ Tay នឹងកាន់តែប្រសើរជាង”។
ជាមធ្យមម្តងក្នុងមួយសប្តាហ៍ ពេលចេញពីធ្វើការឬបន្ទាប់ពីទៅស្រែចំការ សំឡេងចាប៉ី tinh និងចង្វាក់ចម្រៀងថែនបានលាន់លឺតាមសាលភូមិ ពេលខ្លះនៅក្រុមគ្រួសារសមាជិកនៅក្នុងក្លឹប។ ដោយសារសមាជិកដែលចូលរួមគឺជាកម្មាភិបាល អ្នកខ្លះជាសោធននិវត្តន៍ អ្នកខ្លះជាកសិករហើយអ្នកខ្លះទៀតជានិស្សិត ដូច្នេះពេលវេលាសម្រាប់ហ្វឹកហាត់និងសកម្មភាពអាស្រ័យលើការរៀបចំរបស់សមាជិកខ្លួនឯង។ វគ្គបហ្វឹកហាត់ត្រូវបានបែងចែកទៅតាមប្រធានបទនិងការណែនាំជាក់ស្តែងកំណត់ដោយគណៈប្រធាន។ សមាជិកទាំងអស់ សុទ្ធតែមានជំនាញជាមូលដ្ឋាន ដូច្នេះការអនុវត្តមិនពិបាកទេ។ លោកស្រី Trieu Hoang Tham សមាជិកក្លឹប Sac Cham បានឲ្យដឹងថែមទៀតថា៖ “រាល់ពេលដែលក្លឹបមានកម្មវិធីឬសកម្មភាពអ្វីៗមួយ អ្នកគ្រប់គ្នាចូលរួមយ៉ាងសកម្ម។ ក្នុងកំឡុងពេលធ្វើសកម្មភាព ដោយសារតែសមាជិកនៅរាយប៉ាយតាមតំបន់នោះ ក្លឹបបានយល់ព្រមចាត់តាំងអ្នកតំណាងតាមស្រុកនីមួយៗ ហើយរាល់ពេលដែលក្លឹបមានកម្មវិធីអ្វី ពួកគេនឹងហាត់ជាក្រុម ដល់ថ្ងៃសម្តែងនឹងជួបជុំគ្នាដើម្បីហ្វឹកហាត់រួមលើកចុងក្រោយ”។
ពីក្លឹបមួយត្រឹមតែមានលក្ខណៈចលនាប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន ក្លឹប Sac Cham បានក្លាយទៅជាលក្ខណៈអាជីពហើយ។ ជាពិសេស នៅខែធ្នូឆ្នាំ ២០២០ ក្លឹបបានរៀបចំកម្មវិធីផ្លាស់ប្តូរការច្រៀងចម្រៀងថែន ចាប៉ី Tinh និងចម្រៀងប្រជាប្រិយប្រចាំតំបន់ភ្នំភាគខាងជើង ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងទាំងទ្រង់ទ្រាយនិងគុណភាពនៃការរៀបចំផងដែរ។ ក្រៅពីនេះសមាជិកក្លឹបក៏តំណាងឱ្យខេត្ត Bac Kan ទៅចូលរួមមហោស្រពតន្ត្រីប្រជាប្រិយជាច្រើនទាំងក្នុងនិងក្រៅខេត្តទៀតផង។
សិប្បករ Ma Thi Day (កណ្ដាល) ចូលរួមក្នុងការបង្ហាត់បង្រៀនចម្រៀងថែន ចាប៉ីទិញ ដល់កុមារ (រូបថត៖ VOV) |
មិនត្រឹមតែចូលរួមក្នុងកម្មវិធីសិល្បៈក្នុងតំបន់ ក្នុងអំឡុងពេលមានពិធីបុណ្យទាន ឬព្រឹត្តិការណ៍វប្បធម៌ នយោបាយប៉ុណ្ណោះទេ ក្លឹបថែមទាំងចូលរួមសកម្មភាពសម្តែងបម្រើជូនអ្នកទស្សនាផងដែរ ដែលជាការរួមចំណែកលើកស្ទួយវប្បធម៌ក្នុងតំបន់។ នេះក៏ជាទិសដៅយូរអង្វែងរបស់ក្លឹបនៅពេលដែលខេត្ត Bac Kan បានកំណត់អត្តសញ្ញាណទេសចរណ៍បឹង Ba Be ផ្សាភ្ជាប់នឹងការដកបទពិសោធន៍វប្បធម៌។ លោក Nong Van Le សមាជិកក្លឹបបានឲ្យដឹងថា៖ “ចូលរួមជាសមាជិកក្លឹប ពីព្រោះរូបខ្ញុំក៏ចេះច្រៀងចម្រៀងថែនដែរ លើសពីនេះទៅទៀត ដោយសារចំណង់ចំណូលចិត្តនិងការស្រឡាញ់ចំពោះប្រភេទសិល្បៈនេះ។ ចូលរួមជាមួយក្លឹប រូបខ្ញុំផ្ទាល់អាចរស់នៅដោយចំណង់ចំណូលចិត្ត បន្ទាប់មកបម្រើភ្ញៀវទេសចរ រួមចំណែកលើកស្ទួយវប្បធម៌របស់ជនជាតិ Tay ផងដែរ”។
ដោយខិតខំប្រឹងប្រែងក្នុងការច្នៃប្រឌិតនិងការស្វែងយល់ សិប្បករ Mã Thi Dạy និងសមាជិកក្លឹបតែងតែស្វែងរកសិប្បករជើងចាស់និងអ្នកស្រាវជ្រាវវប្បធម៌ជនជាតិល្បីៗ ដើម្បីរៀនសូត្របន្ថែមនូវចង្វាក់ថែនបុរាណ បទចម្រៀង ថែនថ្មី និងក្រេបយកវប្បធម៌របស់ជនជាតិ Tày-Nùng។ សមាជិកឆ្នើមនៃក្លឹបក៏បានចូលរួមក្នុងការបង្ហាត់បង្រៀនសិស្សជាង ៣០០ នាក់នៅទូទាំងខេត្ត រួមជាមួយគម្រោងដែលរៀបចំដោយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ Bac Kan, ចំនួនអ្នកចូលរួមបានកើនឡើងរហូតដល់ជិត ៥០០ នាក់ ហើយប្រការល្អនោះគឺសិស្សភាគច្រើនជាយុវជនក្នុងតំបន់។ សិប្បករ Mã Thị Dạy បានឲ្យដឹងថា៖ “ក្លឹបក៏បានជួបជាមួយសិប្បករដែលមានបទពិសោធន៍ជាច្រើន ដើម្បីស្វែងយល់បន្ថែមអំពីចង្វាក់ថែននៃតំបន់។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏ចង់បើកវគ្គបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់សមាជិកក្នុងក្លឹប។ យើងនឹងមានការច្នៃប្រឌិតថ្មីជានិច្ច ទាំងកម្មវិធីសម្តែង ក៏ដូចជាបម្រើដល់ក្រុមអ្នកទេសចរផងដែរ នេះក៏ជាវិធីមួយសម្រាប់សមាជិកក្លឹប សិក្សានិងស្គាល់ពីចង្វាក់ថែនឲ្យបានច្រើនថែមទៀត”។
សកម្មភាពរបស់ក្លឹបច្រៀងចម្រៀងថែន លេងចាប៉ី tinh ដូចជាក្លឹប Sac Cham ជាមួយសមាជិកដែលមានចំណង់ចំណូលចិត្តបាននិងកំពុងនាំមកនូវខ្យល់ថ្មីនៅក្នុងវប្បធម៌ និងសិល្បៈប្រជា ប្រិយ។ ទាំងអស់នេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ដើម្បីចង្វាក់ថែន និងសូរសព្ទអាចលាន់លឺរន្ទឺជារៀងរហូតតាមព្រៃភ្នំ Viet Bac៕