ដំណើរនៃការបង្កើតនិមិត្តសញ្ញាជាតិវៀតណាម

(VOVWORLD) -  ដំណើរនៃការរចនានិងជ្រើសរើសនិមិត្តសញ្ញាជាតិវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការតាំងពិព័រណ៍ “ព្រាងគំនូរនៃនិមិត្តសញ្ញាជាតិវៀតណាម របស់វិចិត្រករ Bui Trang Chuoc” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម (អាគា លេខ ៦៦ វិថី Nguyen Thai Hoc នៃទីក្រុងហាណូយ) ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ ខែកញ្ញាឆ្នាំ ២០២០)។ នេះជាលើកដំបូងដែលមានការតាំងពិព័រណ៍អំពីនិមិត្តសញ្ញាវៀតណាម ត្រូវបានឧទ្ទេសនាមដល់សាធារណជន។

ដំណើរនៃការបង្កើតនិមិត្តសញ្ញាជាតិវៀតណាម - ảnh 1និមិត្តសញ្ញាជាតិវៀតណាមត្រូវបានប្រើប្រាស់សព្វថ្ងៃ  

និមិត្តសញ្ញាគឺជានិមិត្តរូបផ្លូវការនិងពិសិដ្ឋរបស់ប្រជាជាតិនីមួយៗ ដែលបង្ហាញពីអំណាចរបស់រដ្ឋ។ និមិត្តសញ្ញាជាតិវៀតណាមមានរាងមូល ដោយមានផ្ទៃខាងក្រោយពណ៌ក្រហម នៅចំកណ្ដាលគឺជាផ្កាយមាសធំមួយ ដែលជានិមិត្តរូបនៃប្រវត្តិសាស្រ្តបដិវត្តរបស់ប្រទេសជាតិ គួរស្រូវមាសចំនួន ២ គួរនៅអមសងខាង ជានិមិត្តរូបនៃកសិកម្ម នៅពីក្រោមគឺមានរូបស្ពឺគ្រឿងចក្រពាក់កណ្តាល តំណាងឱ្យឧស្សាហកម្មនិងចារិកអក្សរ វៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ (ឥឡូវត្រូវបានប្តូរទៅជា សាធារណរដ្ឋសង្គមនិយមវៀតណាម)។

វិចិត្រករ  Bui Trang Chuoc (១៩១៥ - ១៩៩២) ដែលមានឈ្មោះពិតគឺ Nguyen Van Chuoc កើតនៅទីក្រុងហាណូយ គឺជាអ្នកជំនាញខាងសិល្បៈក្រាហ្វិចរបស់វៀតណាម។ និមិត្តសញ្ញាជាតិរបស់វៀតណាមគឺជាស្នាដៃខ្ពស់និងជាតំណាងសិល្បៈឆ្នើមរបស់លោក។ លោកស្រី Nguyen Thi Minh Trang ជាកូនស្រីរបស់វិចិត្រករ Bui Trang Chuoc បានឲ្យដឹងថា៖ “ក្នុងកំឡុងពេលគូនិមិត្តសញ្ញាជាតិវៀតណាម ឪពុកខ្ញុំបានរចនាឡើងនិមិត្តសញ្ញាជាតិវៀតណាមជាង ១០០ រូបពីព្រាងគូដោយខ្មៅដៃទៅជាពណ៌វិញ។ រដ្ឋាភិបាលចង់កែលើចំណុចមួយចំនួន។ លោកប្រធានហូជីមិញមានប្រសាសន៍ថា ប្រទេសយើងបានផ្លាស់ប្តូរទៅជាឧស្សាហកម្មទំនើប ដូច្នេះឪពុកខ្ញុំបានគិតនិងផ្លាស់ប្តូររូបភាពស្ពឺគ្រឿងចក្រឧស្សាហកម្មទំនើប ជំនួសឱ្យរូបចម្លាក់សិប្បកម្មបុគ្គល។ ឪពុកខ្ញុំបានរចនាគំរូនិមិត្តសញ្ញាជាតិក្នុងរយៈពេល ២ ឆ្នាំ។ ឪពុកខ្ញុំបានទៅស្វះស្វែងព័ត៌មានលំអិតនៃរូបភាពទាំងអស់នៅក្នុងនិមិត្តសញ្ញាជាតិវៀតណាម ពីគួរស្រូវ ផ្កាយមាស សំបក់កង់ និងសូត្រ។ ពោលគឺត្រូវព្រាងថ្មីច្រើនទើបជ្រើសរើសបាននិមិត្តសញ្ញាជាតិ ចំនួន ១៥ ក្រោយមក ត្រូវកែប្រែទម្រង់ ចុងក្រោយត្រូវបានរដ្ឋសភាអនុម័ត”។

ដំណើរនៃការបង្កើតនិមិត្តសញ្ញាជាតិវៀតណាម - ảnh 2វិចិត្រករ Bui Trang Chuoc  

វត្ថុតាងចំនួន ២០០ ដែលបានដាក់តាំងបង្ហាញនៅពិព័រណ៍ “ព្រាងគំនូរនៃនិមិត្តសញ្ញាជាតិវៀតណាម របស់វិចិត្រករ Bui Trang Chuoc” បានជួយឱ្យសាធារណជន យល់ច្បាស់ពីដំណើរនៃការបង្កើតនិងជ្រើសរើសនិមិត្តសញ្ញាជាតិវៀតណាម ចាប់តាំងពីផ្តើមចេញរូបភាពដំបូងរហូតដល់មានការទទួលស្គាល់និងប្រើជានិមិត្តសញ្ញាជាតិផ្លូវការរបស់ វៀតណាម។ នៅឆ្នាំ ១៩៥១ ការប្រកួតបង្កើតគំរូនិមិត្តសញ្ញាជាតិត្រូវបានរដ្ឋាភិបាលបំផុសឡើង ដែលទាក់ទាញសិល្បករមួយចំនួនធំនៅទូទាំងប្រទេស។ លោក Dang Thanh Tung ប្រធាននាយកដ្ឋានបណ្ណសារនិងតម្កល់ទុកឯកសាររដ្ឋបានសង្កត់ធ្ងន់ថា៖ “ដំណើររចនានិងជ្រើសរើសនិមិត្តសញ្ញាជាតិវៀតណាមគឺជារឿងពិសេសអំពីការច្នៃប្រឌិតរបស់វិចិត្រករ Bui Trang Chuoc ក៏ដូចជាការអភិរក្សស្នាដៃសិល្បៈរបស់លោកនិងក្រុមគ្រួសារ។ ព្រាងគំនូរនិមិត្តសញ្ញាជាតិរបស់វិចិត្រករ Bui Trang Chuoc គឺជាស្នាដៃសិល្បៈពិសេស ដែលមានលក្ខណៈវិសេសវិសាល ទាំងខ្លឹមសារនិងសោភ័ណ្ឌភាព និងជាសក្ខីភាពបញ្ជាក់ពីការងារសិល្បៈដ៏វិចិត្រករឆ្នើមរូបនេះ។ និមិត្តសញ្ញាជាតិវៀតណាមគឺជាគឺជាផលិតផលច្នៃប្រឌិត ជានិមិត្តរូបបង្រួញពេញលេញនិងសង្ខេបនៃប្រទេសនិងប្រជាជនវៀតណាម។ អាចនិយាយបានថា និមិត្តសញ្ញាជាតិ វៀតណាមគឺស្រស់ស្អាត ទាំងរូបរាងនិងខ្លឹមសារមិនចាញ់ប្រទេសណាលើពិភពលោកនោះឡើយ”។

ព្រាងគំរូនិមិត្តសញ្ញាជាតិចំនួន ១១២ ផ្ទាំងរបស់វិចិត្រករ Bui Trang Chuoc មានគ្រប់ប្រភេទ ចាប់ពីរូបរាងបញ្ឈរ រឺរាងពងក្រពើ ពីការគូដោយខ្មៅដៃ ដល់គូដោយពណ៌រហូតដល់គំនូរព្រាងត្រូវបានសម្រេចរួចរាល់។ ក្នុងនោះព្រាងគំរូចំនួន ១៥ នៃនិមិត្តសញ្ញាជាតិនៃវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យរបស់វិចិត្រ Bui Trang Chuoc ត្រូវបានគណៈកម្មការវិចិត្រសិល្បៈនិងសិល្បៈមជ្ឈឹមជ្រើសរើស ហើយបញ្ជូនទៅក្រសួងឃោសនាដើម្បីបញ្ជូនទៅនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៅខែតុលាឆ្នាំ ១៩៥៤។ ដល់ថ្ងៃទី ១៤ ខែមករាឆ្នាំ ១៩៥៦ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើក្រិត្យលេខ ២៥៤- SL ស្តីពីការផ្សព្វផ្សាយជាសាធារណៈគំរូនិមិត្តសញ្ញាជាតិរបស់វៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ដែលរចនាដោយវិចិត្រករ Bui Trang Chuoc។ បណ្ឌិត Nguyen Anh Minh នាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា៖  “ការអនុម័តលើនិមិត្តសញ្ញាជាតិវៀតណាម គឺត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់លោកប្រធានហូជីមិញនិងរដ្ឋវៀតណាម។ គំរូនិមិត្តសញ្ញាជាតិវៀតណាមគឺជាការលះបង់រួមរបស់ពិភពសិល្បៈវៀតណាម រួមទាំងគុណូបការៈរបស់វិចិត្រករ Bui Trang Chuoc ទៀតផង។  វិចិត្រករ Bui Trang Chuoc គឺជាទេពកោសល្យឆ្នើមមួយនៃពិភពវិចិត្រកម្មវៀតណាម។ វិចិត្រករ Bui Trang Chuong ធ្លាប់បានគេអញ្ជើញឱ្យគូរគំរូក្រដាសប្រាក់នៅឯធនាគារ និងរចនាប័ណ្ឌសរសើរ គ្រឿងឥស្សរិយយសសម្រាប់រដ្ឋាភិបាលផង”។

គំរូនិមិត្តសញ្ញាជាតិវៀតណាមដែលរចនាដោយវិចិត្រករ Bui Trang Chuong កំពុងត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិទី ៣ ទីក្រុងហាណូយ។ ដោយផ្សាភ្ជាប់ជាមួយប្រវត្តិសាស្ត្រនៃការតស៊ូបដិវត្តនិងបុព្វហេតុនៃការកសាងនិងការពារមាតុភូមិនោះ និមិត្តសញ្ញាជាតិវៀតណាមគឺជានិមិត្តរូបមួយដែលបង្ហាញពីប្រវត្តិសាស្រ្តជាតិ នយោបាយនិងវប្បធម៌ជាតិ។ ការដាក់តាំងបង្ហាញនូវព្រាងគំរូនិមិត្តសញ្ញាជាតិវៀតណាមបានជួយឱ្យប្រជាជនយល់ច្បាស់ពីអត្ថន័យនិងតួនាទីរបស់ឯកសារនិងវត្ថុបុរាណដ៏មានតម្លៃទាំងនេះនៅក្នុងដំណើរការប្រវត្តិសាស្ត្រជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ