តម្លៃមនុស្សសាស្ត្ររបស់សំបុត្រនាសម័យសង្គ្រាម

(VOVWORLD) -  សំបុត្រដែលសរសេរយ៉ាងប្រញាប់ប្រញាល់នៅលើ ក្រដាស pelure គឺជារូបភាពនៃគ្រួសារវៀតណាមរាប់លានគ្រួសារ ក្នុងកំឡុងពេលតស៊ូជាច្រើនឆ្នាំដើម្បីបង្រួបបង្រួមប្រទេសជាតិ ការពារឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ តាមរយៈសន្លឹកសំបុត្រទាំងនេះ គោលគំនិត អារម្មណ៍និងឧត្តមគតិបដិវត្តន៍របស់កងទ័ពនិងប្រជា ជនត្រូវបានបង្ហាញតាមរយៈពាក្យពេជន៍សាមញ្ញ ស្មោះត្រង់ ដែលពោរពេញដោយមនោសញ្ចេតនា គឺបង្កប់នូវឆន្ទៈប្រយុទ្ធយ៉ាងខ្លាំងក្លារបស់យុទ្ធជននៅខ្សែប្រុទ្ធជួរមុខផងដែរ។ សំបុត្រនាសម័យសង្គ្រាមទាំងនោះ នាំមកនូវអារម្មណ៍ពិសេសនៅក្នុងថ្ងៃនៃខែកក្កដានេះ នៅពេលដែល ប្រទេសជាតិទាំងមូលកំពុងឆ្ពោះទៅតបស្នងសង់គុណអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។

តម្លៃមនុស្សសាស្ត្ររបស់សំបុត្រនាសម័យសង្គ្រាម - ảnh 1សំបុត្រសម័យសង្គ្រាម ប្រមូលផ្តុំដោយអ្នកនិពន្ធ Dang Vuong Hung (រូបថត៖ laodongxahoi.net)

“ភាគខាងត្បូងនាថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩៦៨!  លោកឪពុក អ្នកម្តាយជាទីគោរព ប្អូនៗជាទីស្រឡាញ់។ ចាប់ពីថ្ងៃដែលកូបត្រូវចាកចេញពីស្រុកកំណើត ឃ្លាតឆ្ងាយពីលោកឪពុកអ្នកម្តាយ នៅពេលដែលកូនទើបមានអាយុក្រោម ១៦ ឆ្នាំប៉ុណ្ណោះ ឥឡូវនេះ កូនបានធំដឹងក្តីក្នុងភ្លើងនិងផ្សែងនៃសង្គ្រាម។ កូនបានចេញទៅប្រយុទ្ធ ដោយភ្ជាប់ជាមួយនឹងការឈឺចាប់ដែលមាតុភូមិរងការបំផ្លិចបំផ្លាញ ដូច្នេះមិនថាកូនជួបការលំបាកនិងការលះបង់ប៉ុន្មានដងទេ កូនបានជំនះពុះពារជាដរាប។ កូនទន្ទឹងរង់ចាំសំបុត្រពីគ្រួសារ។ សំបុត្រនីមួយៗ ដែលកូនទទួលបាន គឺជាកម្លាំងចលករ ជួយឲ្យកូនមានថាមពលបន្ថែមទៀតដើម្បីរស់នៅនិងតស៊ូប្រយុទ្ធ។ សន្យាថា នឹងជួបជាមួយលោកឪពុកអ្នកម្តាយនៅពេលប្រទេសជាតិត្រូវបានបង្រួបបង្រួមឡើងវិញ”។ នេះគឺជាសំណេរដកស្រង់ចេញពីសំបុត្ររបស់យុទ្ធជនពលី Luong Nam Tien ដែលបានផ្ញើរទៅគ្រួសាររបស់គាត់ មុនពេលគាត់ស្លាប់នៅលើសមរភូមិ។  សំបុត្រនេះត្រូវបានណែនាំដល់មិត្តអ្នកអាន ក្នុងសម្រាំងសៀវភៅអក្សរសិល្ប៍ “សំបុត្រនាគ្រាសង្គ្រាមវៀតណាម” ដោយវរសេនីយ៍ឯក អ្នកនិពន្ធ អតីតយុទ្ធជន Dang Vuong Hung ចងក្រងឡើង។ ទំព័រសំបុត្រនីមួយៗ ដែលបង្កប់នូវមនោសញ្ចេតនារបស់អ្នកជាបងប្រុស ជាឪពុក ជាប្តី ជាប្រពន្ធ ជាកូន ជាគ្រូបង្រៀន មិត្តភក្តិនិងជាមនុស្សជាទីស្រឡាញ់របស់ខ្លួនត្រូវបានរក្សាទុកនៅលើទំព័រក្នុងពេលសម្រាក តាមដងផ្លូវទៅសមរភូមិឬក្នុងគ្រាស្ងប់ស្ងាត់ ស្រាប់តែលាន់លឺស្នួរគ្រាប់កាំភ្លើង។

វរសេនីយ៍ឯក Dang Vuong Hung បានឲ្យដឹងថា៖ “សំបុត្រនាគ្រានោះគឺខុសឆ្ងាយពីឥឡូវនេះ។ វត្ថុធាតុដើមជាក្រដាស មានគ្រប់ប្រភេទដោយសរសេរជាមួយប៊ិច ស្ថាបប៉ាកា ព្រោះគ្រាសង្គ្រាមនោះនៅវៀតណាមមានការលំបាកខ្លាំងណាស់។ នៅសម័យនោះ មធ្យោបាយទំនាក់ទំនងភាគច្រើនគឺតាមរយៈសំបុត្រប៉ុណ្ណោះ។ សំបុត្រពី សមរភូមិខាងក្រោយផ្ញើរទៅសមរភូមិខ្សែប្រយុទ្ធជួរមុខគឺជាមធ្យោបាយនៃការផ្លាស់ប្តូរមនោសញ្ចេតនាផ្ទាល់ខ្លួន។   ឥឡូវនេះ ពេលខ្លះមនុស្សរក្សាវាជាភាពសម្ងាត់ព្រោះវាជាបញ្ហាបុគ្គល ប៉ុន្តែកាលនោះ គឺជាទ្រព្យសម្បត្តិរួម ពោលគឺនៅពេលយុទ្ធជននៅខ្សែជួរមុខផ្ញើរសំបុត្រមក អ្នកទាំងអស់នាំគ្នាអានវាជាមួយគ្នាដែរ។ ផ្ទុយទៅវិញ នៅពេលដែលយុទ្ធជននៅខ្សែជួរមុខទទួលបានសំបុត្រពីប្រពន្ធឬគូស្នេហ៍របស់ពួកគេ ក៏នាំគ្នាអានជាមួយគ្នាផងដែរ”។

សំបុត្រភាគច្រើនដែលត្រូវបានផ្ញើចេញពីសមរភូមិតែងតែប្រកបស្ថានភាពពិតនៃការប្រយុទ្ធ ពេលខ្លះគឺជារឿងដែលនិយាយអំពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញប្រឆាំងខ្មាំងសត្រូវទល់មុខនឹងរថក្រោះរបស់សត្រូវ; អំពីការលាក់ខ្លួនក្នុងរណ្តៅសម្ងាត់ជាច្រើនឆ្នាំ; អំពីពលីកម្មរបស់សមមិត្ត; ខណៈពេលដែលត្រូវបានអនុញ្ញាតឱ្យចូលជាបក្ខជន ចំពេលមានទម្លាក់គ្រាប់បែកជាដើម។ ដូច្នេះផ្ទាំងរូបភាពនៃសមរភូមិដ៏កាចសាហាវរវាងការស្លាប់រស់ ត្រូវបានបង្ហាញយ៉ាងពេញលេញនិងការពិតពីអ្នកដែលកំពុងប្រយុទ្ធទាំងយប់ទាំងថ្ងៃ។ វរសេនីយ៍ឯក Dang Vuong Hung បានឲ្យដឹងថែមទៀតថា៖ “សំបុត្រនោះមិនមែនគ្រាន់តែជាសំបុត្រផ្ទាល់ខ្លួននោះទេ ប៉ុន្តែដើរតួជាព្រឹត្តិប័ត្រព័ត៌មាន សូម្បីតែជាកាសែតមួយដែរ ព្រោះវាប្រាប់រឿងរ៉ាវអំពីភូមិស្រុកឬប្រាប់រឿងរ៉ាវពីសមរភូមិមុខ។ ហើយព័ត៌មានសំខាន់ណាស់គឺថា អ្នកនៅសមរភូមិក្រោយដែលទទួលសំបុត្រនោះដឹងថា សាច់ញាតិរបស់ខ្លួននៅសមរភូមិខាងមុខនៅតែមានសុខភាពល្អ ទោះបីមានសំបុត្រដែលបានទទួលបន្ទាប់ពី ៦ ខែឬសំបុត្រដែលចំណាយពេលពី ១ ទៅ ២ ឆ្នាំទើបទទួលក៏ដោយ។ សំបុត្របានដើរតួនាទីយ៉ាងសំខាន់ ជួយយើងឱ្យមានការគាំទ្រខាងស្មារតី មានសេចក្តីសប្បាយរីករាយក្នុងការយកឈ្នះលើការលំបាកលំបិនក្នុងសង្គ្រាមដើម្បីបំពេញភារកិច្ច”។

តម្លៃមនុស្សសាស្ត្ររបស់សំបុត្រនាសម័យសង្គ្រាម - ảnh 2វរសេនីយ៍ឯក អ្នកនិពន្ធអតីតយុទ្ធជន Dang Vuong Hung (រូបថត៖ nhandan.vn)

សំបុត្រមួយសន្លឹកដែលប្រកបអារម្មណ៍ផ្ទាល់ខ្លួនជូនចំពោះគូស្នេហ៍ ចំពោះភរិយា ស្វាមីឬឪពុកម្តាយ តែងតែប្រកបសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ ហើយតែងតែមានស្មារតីទទួលខុសត្រូវចំពោះការងារនិងភារកិច្ចដែលប្រទេសជាតិប្រគល់ជូន។  សំខាន់ជាងនេះទៅទៀតនោះ សំបុត្រផ្ញើរជូនទៅវិញទៅមកដែលបង្កប់ការនឹករលឹកបានក្លាយជាឧត្តមគតិរស់នៅរបស់យុទ្ធជននៃជំនាន់មួយដែរ។ សង្រ្គាមត្រូវបានផុតរលត់ទៅហើយ ប៉ុន្តែលោកស្រី Le Thi Kim Dung នៅតែចងចាំយ៉ាងច្បាស់នូវទំព័រ នៃសំបុត្រដែលគូស្នេហ៍របស់លោកស្រី គឺយុទ្ធជនវ័យក្មេង Pham Xuan Sinh បានផ្ញើមកជូនលោកស្រីជាង ៥០ ឆ្នាំមុន។ លោកស្រី Dung បានចែករំលែកថា៖ “នាគ្រានោះ បើទទួលបានសំបុត្រមួយពិតជារំភើបខ្លាំងណាស់ ព្រោះនៅក្នុងសមរភូមិ ពេលខ្លះត្រូវការពេល ៣ ឬ ៤ ខែទើបទទួលបានសំបុត្រមួយដែរ។ ពេលដែលបានទទួលសំបុត្រមួយដែលដឹងថា មនុស្សជាទីស្រឡាញ់របស់ខ្លួនមានសុវត្ថិភាពគឺពិតជារីករាយណាស់។ ហើយយើងបានសរសេរសំបុត្រមួយផ្ញើជូនអ្នកជាទីស្រឡាញ់របស់ខ្លួនវិញ ដើម្បីបង្ហាញពីការគាំទ្រចំពោះការបន្តដំណើរឆ្ពោះទៅឧត្តមគតិបដិវត្តន៍ តស៊ូដើម្បីមាតុភូមិ”។

សំបុត្រនាគ្រាសង្គ្រាមពិតជាមនោសញ្ចេតនាពិតប្រាកដបំផុតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ ។ ពីរបីទសវត្សរ៍បានកន្លងផុតទៅ ទំព័រសំបុត្របានហើរព័ណ៌ស្នាមទឹកខ្មៅទៅហើយ ប៉ុន្តែតម្លៃមនុស្សសាស្ត្រនៃសំបុត្រសម័យសង្គ្រាមនៅតែស្ថិតស្ថេរដដែល។ ម្ចាស់សំបុត្រនាគ្រាសង្គ្រាមភាគច្រើនត្រូវលាចាកលោកហើយ ហើយអ្នកខ្លះជាយុទ្ធជនពលី។ ហេតុនេះហើយបានជាសំបុត្រដែលសរសេរដោយដៃទាំងនេះ បានក្លាយជាវត្ថុអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនដែលនៅសមរភូមិក្រោយ ដែលជាមរតករួម កត់ត្រានូវស្នាមមេដៃនៃសម័យប្រវត្តិសាស្ត្រដ៏វីរភាពរបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ