នាំស្នាដៃសិល្បៈល្អឯក កាន់តែខិតមកជិតជាមួយសាធារណៈជន

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិឡើងវិញ (៣០ មេសា ១៩៧៥-៣០ មេសា ២០២០) សារមន្ទីរវិចិត្រសិល្បៈវៀតណាម បាន បើកការតាំងពិព័រណ៍ដោយតាំងបង្ហាញនូវស្នាដៃដ៏វិសេសវិសាលជាច្រើន ក្រោមមូលបទប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិក។ ចំណុចពិសេសមួយ គឺការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំតាមរបៀបថ្មីទាំងស្រុង ដែលជាទម្រង់តាំងពិព័រណ៍តាមអ៊ីនធឺណែត នៅលើគេហទំព័រ vnfam.vn និង facebook នៃសារមន្ទីរវិចិត្រសិល្បៈវៀត ណាម។ ទម្រង់នេះ ត្រូវបានសាធារណៈជនទទួលគាំទ្រយ៉ាងខ្លាំង ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាតត្បាត COVID-19។

នាំស្នាដៃសិល្បៈល្អឯក កាន់តែខិតមកជិតជាមួយសាធារណៈជន - ảnh 1 ស្នាដៃខ្មុកម្រក្សណ៍

ការតាំងពិព័រណ៍ពិសេសដើម្បីអបអរសាមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ បានណែនាំដល់សាធារណជន នូវស្នាដៃដ៏វិសេសវិសាលជាច្រើន ដែលស្ថិតក្នុងសម្រាំងស្រាវជ្រាវរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាម ដោយសិល្បករជាច្រើនជំនាន់ធ្វើឡើង ក្នុងនោះមានទាំងអ្នកដែលមានវត្តមានផ្ទាល់នៅសមរភូមិឬ ឃើញផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសជាតិបានឯកភាពទាំងស្រុង។ ស្នាដៃទាំងនេះ ត្រូវបានវិចិត្រករសម្តែងតាមរយៈសិល្បៈរូបចម្លាក់ គំនូរជា មួយវត្ថុធាតុដើមសម្បូរបែប ដូចជា ឈើ ខ្មុកម្រ័ក្សណ៍ លាបប្រេង និងសូត្រជាដើម ដែលឆ្លុះបញ្ចាំងពីរូបភាពរស់រវើកនៃសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះប្រទេសជាតិទាំងនៅតាមសមរភូមិមុខនិងសមរូមិក្រោយរបស់កងទ័ពនិងប្រជាជនវៀតណាម។

ប្រសិនបើមិនដោយសារ COVID-19 នោះទេ ប្រហែលជា ប៉ុន្មានថ្ងៃនេះ មនុស្សមួយចំនួនធំ នឹងទៅទស្សនាសារមន្ទីរវិចិត្រសិល្បៈវៀតណាមដើម្បីរីករាយនឹងការតាំងពិព័រណ៍នេះជាពុំខាន។ យ៉ាងណាមិញ នាឱកាសថ្ងៃទី ៣០ ខែមេសាឆ្នាំនេះសារមន្ទីរវិចិត្រសិល្បៈវៀតណាម បានសម្រេចចិត្ត ប្តូរពីទម្រង់ប្រពៃណីទៅជាការតាំងពិព័រណ៍តាមអ៊ិនធឺរណែត ដើម្បីបម្រើដល់សាធារណជនដែលស្រឡាញ់សិល្បៈ។ ហេតុដូច្នេះសាធារណជនដែលមានទម្លាប់មកសារមន្ទីរផ្ទាល់ ប៉ុន្តែឥឡូវនេះ អាចរីករាយនឹងស្នាដៃសិល្បៈដ៏មានតម្លៃតាមរយៈអ៊ីនធឺណែតផងដែរ។ លោក Do Thanh Long វិចិត្រករវ័យក្មេងមួយរូបបានចែករំលែកថា៖ “ខ្ញុំឃើញសកម្មភាពបង្ហាញស្នាដៃសិល្បៈតាមអ៊ិនធឺណេតរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាមគឺល្អណាស់។ វិធីសាស្រ្តនេះ បានជួយឱ្យសាធារណៈជនខិតមកជិតជាមួយរូបគំនូរ ដែលត្រឹមតែបានមើលផ្ទាល់ទៅសារ មន្ទីរប៉ុណ្ណោះ។ លើសពីនេះទៅទៀត រូបភាពនីមួយៗ ត្រូវបានណែនាំយ៉ាងលំអិត អំពីបរិបទនិងអ្នកនិពន្ធ ហេតុដូច្នេះ ខ្ញុំក៏យល់កាន់តែច្បាស់អំពីស្នាដៃនោះផងដែរ។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រសិនបើ បានចូលមើលគំនូរផ្ទាល់ភ្នែក ពិតជានឹងប្រសើរជាង”។

នៅក្នុងការតាំងពិព័រណ៍លើកនេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាម បានណែនាំអំពីស្នាដៃដែលបង្ហាញរូបភាពនារីជាភរិយា និងអ្នកម្ដាយវៀតណាមភាគខាងត្បូងជូនស្វាមីនិងកូនៗ ចូលជួរកងទ័ពទៅបំពេញភារកិច្ចនៅសមរភូមិភាគខាងជើងវៀតណាម។ ក្រៅពីនោះ គឺរូបភាពរបស់នារីដ៏ស្វាហាប់ចូលរួមក្នុងជួរទ័ពឈ្លប ត្រៀមដឹកគ្រាប់រំសេវ កាន់កាំភ្លើងនៅដៃដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈស្នាដៃជាច្រើន។ លោកស្រី Tran Thi Thu Hong មកពីទីក្រុងហាណូយបានចែករំលែកនូវអារម្មណ៍របស់លោកស្រី បន្ទាប់ពីបានទស្សនាស្នាដៃ៖ “អ្វីៗ ដែលខ្ញុំចូលចិត្តជាងគេគឺផ្ទាំងគំនូរខ្មុកម្រ័ក្សណ៍មានឈ្មោះថា “បេះដូងនិងកាណុងកាំភ្លើង” ដែលមានភាពរស់រវើក ជាមួយនឹងរូបភាពរបស់បងប្អូនស្រី អ្នកម្តាយដែលឈរយ៉ាងរឹងមាំដោយមិនចុះចាញ់នឹងសត្រូវឡើយ។ ទោះបីបានសម្តែងតាមរយៈគំនូរខ្មុកម្រ័ក្សណ៍ក៏ដោយ ប៉ុន្តែវិចិត្តករ Huynh Van Gam បានបង្ហាញយ៉ាងច្បាស់ ពីបរិយាកាសតស៊ូនិងការប្តេជ្ញាចិត្តរបស់ប្រជាជន”។

តាមរយៈការតាំងពិព័រណ៍នេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាមសង្ឃឹមថា អ្នកទស្សនាអាចចាប់ភ្លឹកនឹកដល់នូវយុទ្ធជ័យដ៏អស្ចារ្យនិងមហិមារនៅក្នុងប្រវត្តិសាស្រ្តនិងបង្ហាញពីក្តីស្រឡាញ់និងការដឹងគុណរបស់មនុស្សជំនាន់បច្ចុប្បន្ន ចំពោះពលីកម្មដ៏អង់អាចក្លាហានរបស់ជីដូនជីតា ដើម្បីឯករាជ្យ សេរីភាពនិងឯកភាពជាតិ។ ការរៀបចំការតាំងពិព័រណ៍តាមរយៈ អ៊ិនធឺណែតគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីសារមន្ទីរបន្តរៀបចំសកម្មភាពរំលឹកពីអត្ថន័យក៏ដូចជាផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសម្រាំងស្រាវជ្រាវដ៏មានតម្លៃ ដល់អ្នកស្រឡាញ់សិល្បៈមួយចំនួនធំនៅក្នុងប្រទេសនិងក្រៅប្រទេស។ លោកស្រី Nguyen Hoang Linh  ជនវៀតណាមមួយរូបនៅអង់គ្លេសបានឲ្យដឹងថា៖ “កម្រងស្នាដៃស្តីពី ការតស៊ូប្រយុទ្ធប្រឆំាងនឹងចក្រពត្តិអាមេរិក ដែលបានតាំងបង្ហាញលើកនេះ គឺមានស្នាដៃល្អឯកជាច្រើន។ ប្រធានបទអំពីសង្រ្គាមដែលខ្ញុំតែងតែបានទស្សនាតាមរយៈខ្សែភាពយន្តនិងគឺតាមរយៈសៀវភៅប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ បានទស្សនាតាមរយៈផ្ទាំងគំនូរ គឺនាំមកនូវអារម្មណ៍ខុសប្លែកខ្លាំងណាស់ ប៉ុន្តែនៅតែបង្ហាញពីស្មារតីប្រយុទ្ធដើម្បីប្រទេសជាតិរបស់កងទ័ពនិងប្រជាជនវៀតណាម។ អ្វីៗដែលខ្ញុំចូលចិត្តជាងគេ គឺ ទោះបីខ្ញុំមិននៅវៀតណាមក៏ដោយ ប៉ុន្តែ នេះជាលើកទី ១ ហើយដែលខ្ញុំបានឃើញការតាំងពិព័រណ៍លើប្រធានបទនៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកពីស្រុកកំណើតរបស់ខ្លួន”។

ជាសារមន្ទីរមួយក្នុងចំណោមសារមន្ទីរមួយភាគតូចនៅវៀតណាម ដែលនៅតែរក្សាបាននូវសកម្មភាពតាំងពិព័រណ៍ក្នុងស្ថានភាពបច្ចុប្បន្ន ហើយសារមន្ទីរវិចិត្រសិល្បៈវៀតណាម បាននាំមកនូវសិល្បៈខិតមកជិតនឹងសាធារណជនប្រកប ដោយជោគជ័យ តាមរយៈមធ្យោបាយថ្មីៗ។ ស្នាដៃទាំងនេះ បាននាំមកនូវចំណាប់អារម្មណ៍ល្អដល់ទស្សនិកជននិងបានធ្វើឱ្យមនុស្សម្នាក់ៗ មានមោទនភាពចំពោះប្រជាជាតិវៀតណាមដ៏វីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ