ផ្សព្វផ្សាយវប្បធម៌អានក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យសកម្មភាពវប្បធម៌ជាច្រើនត្រូវបានផ្អាក។ ថ្វីត្បិតដូច្នេះក៏ដោយ ភាពស្ងៀមស្ងាត់នេះនាំមកនូវឱកាសមួយដើម្បីផ្សព្វផ្សាយទម្លាប់អានសៀវភៅជុំវិញពិភពលោកនិយាយរួមនិងវៀតណាមនិយាយដោយឡែក។ មិនត្រឹមតែលក្ខណៈបុគ្គលប៉ុណ្ណោះទេ ថែមទាំងអង្គភាពជាច្រើនក៏អនុវត្តន៍ទម្លាប់ដ៏មានប្រយោជន៍នេះយ៉ាងសកម្មផងដែរ។

ផ្សព្វផ្សាយវប្បធម៌អានក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ - ảnh 1កម្មវិធី “សៀវភៅប្រគល់ដល់ដៃសម្រាប់ថ្ងៃអនុវត្តន៍ការរក្សាគម្លាត” ត្រូវបានប្រជាជនជាច្រើនក្នុងទីក្រុងហូជីមិញឆ្លើយតប (រូបថត៖ VOV)

ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង មានវិធានការជាច្រើនសម្រាប់បង្ការប្រយុទ្ធប្រឆាំងជំងឺត្រូវបានអនុវត្តន៍ដូចជា ការបិទខ្ទប់ និងរក្សាគម្លាតសង្គម ហើយមនុស្សមួយភាគធំបានត្រឡប់ទៅរកទម្លាប់អានសៀវភៅវិញនៅពេលទំនេរដែរ។ ថ្មីៗនេះ នាយកដ្ឋានបណ្ណាល័យ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានផ្សព្វផ្សាយកម្មវិធី "អានសៀវភៅជាមួយលោកអ្នក" ដោយមានសកម្មភាពផ្សព្វផ្សាយបង្កើនជំនាញនិងវិធីសាស្រ្តក្នុងការអាន។ ក្រៅពីនេះ សកម្មភាពណែនាំសៀវភៅតាមអនឡាញរបស់បណ្តាបណ្ណាល័យទូទាំងប្រទេសក៏ត្រូវបានផ្សព្វផ្សាយផងដែរ។ បណ្ណាល័យជាច្រើនផ្តល់ជូននូវគំនិតផ្តួចផ្តើមដើម្បីបម្រើមិត្តអ្នកអានឲ្យឱ្យកាន់តែប្រសើរឡើង ដូចជាការទទួលយកសំណើកម្ចីសៀវភៅតាមអ៊ីមែល និងការផ្ញើសៀវភៅផ្ទាល់ទៅកាន់ផ្ទះរបស់អ្នកអាន; បើកសេវាកម្មអានសៀវភៅដោយឥតគិតថ្លៃសម្រាប់និស្សិតនិងសិស្សក្នុងអំឡុងពេលថ្ងៃដែលប្អូនៗឲ្យនៅផ្ទះ ឬណែនាំមិត្តអ្នកអានឱ្យប្រើបណ្ណាល័យអនឡាញ។

គ្រួសាររាប់ពាន់នៅទីក្រុងហូជីមិញត្រូវបានប្រគល់សៀវភៅនិងទស្សនាវដ្ដីពីកម្មវិធី “ប្រគល់សៀវភៅសម្រាប់អានក្នុងកំពុងពេលរក្សាគម្លាតសង្គម” ដែលរៀបចំដោយសម្ព័ន្ធយុវជនទីក្រុងហូជីមិញសហការជាមួយសមាគមបោះពុម្ពវៀតណាម មន្ទីរព័ត៌មាន និងផ្សព្វផ្សាយទីក្រុងហូជីមិញ និងក្រុមហ៊ុនសៀវភៅផ្លូវទីក្រុងហូជីមិញ។ លោក Le

Hoang អនុប្រធានសមាគមបោះពុម្ពវៀតណាមបានឲ្យដឹងថា៖ “សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ធ្វើចត្តាឡីស័ក តម្រូវការសម្រាប់ការអានគឺកាន់តែច្រើនឡើង ដូច្នេះ យើងបំផុសយុទ្ធនាការប្រគល់សៀវភៅនេះ។ យើងបានចលនារឲ្យគ្រឹះបោះពុម្ពផ្សាយ ក្រុមហ៊ុនសៀវភៅរួមចំណែកផ្តល់សៀវភៅក្រដាស សៀវភៅអេឡិចត្រូនិក និងសៀវភៅជាសារសំឡេង (Video book) ចែកចាយសៀវភៅទាំងអស់នេះដល់ប្រជាជនដែលស្ថិតក្នុងតំបន់ត្រូវបិទខ្ទប់ឬអនុវត្តន៍ការរក្សាគម្លាត។ រហូតមកដល់ពេលនេះ សៀវភៅជាង ១០ម៉ឺនក្បាល សៀវភៅវីដេអូចំនួន ២ពាន់ក្បាល និងសៀវភៅអេឡិចត្រូនិចជាង១០០ក្បាល ត្រូវបានចែកចាយដល់ប្រជាជន។ ប្រភេទសៀវភៅរបស់យើងភាគច្រើនជាសៀវភៅវិទ្យាសាស្ត្រ សៀវភៅចំណេះដឹង រឿងប្រលោមលោក សៀវភៅបំណិនជីវិត សៀវភៅអក្សរសិល្ប៍ សៀវភៅកំប្លែង… ដែលសមស្របសម្រាប់មិត្តអ្នកអានគ្រប់វ័យអាយុ។ យើងបានផ្តល់សៀវភៅដល់គ្រួសារដោយមានសៀវភៅល្អពី ៣ ទៅ ៥ ក្បាលក្នុងគ្រួសារមួយ ឬផ្តល់ឱ្យពួកគេនូវតំណភ្ជាប់សម្រាប់អានផងដែរ”។

ការនាំយកសៀវភៅទៅដល់ផ្ទះនីមួយៗក្នុងអំឡុងពេលរក្សាគម្លាត គឺជាសកម្មភាពដ៏មានអត្ថន័យ ជួយប្រជាជនឱ្យមានអាហារខាងស្មារតីកាន់តែច្រើនក្នុងអំឡុងពេលថ្ងៃនៃការស្នាក់នៅផ្ទះប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកស្រី Nguyen Kim Oanh នៅស្រុក Binh Thanh មានសេចក្តីសោមនស្សរីករាយជាខ្លាំង នៅពេលដែលសមាជិកសហជីពបានមកផ្ទះរបស់គាត់ដើម្បីចែកសៀវភៅនិងទស្សនាវដ្ដីក្នុងកំឡុងថ្ងៃដែលនៅរក្សាគម្លាតសង្គម។

“ខ្ញុំគិតថា ពេលទំនេរ ការអានគឺជាសកម្មភាពដ៏មានអត្ថន័យណាស់។ ខ្ញុំនាងខ្ញុំចង់ឲ្យប្អូនៗ កុមារអានសៀវភៅ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែចំណាយពេលពីរបីម៉ោងដើម្បីអានសៀវភៅជាមួយកូនរបស់ខ្ញុំ ដោយបង្រៀនឲ្យកូនមានទម្លាប់អាន”។

ផ្សព្វផ្សាយវប្បធម៌អានក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ - ảnh 2សៀវភៅគឺជាឱសថខាងស្មារតី ជួយមនុស្សឱ្យមានអារម្មណ៍ស្ងប់ និងមានទំនុកចិត្តបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត(រូបថត៖ VOV)

ការអានសៀវភៅនៅថ្ងៃរក្សាគម្លាត គឺជាសកម្មភាពមួយដែលត្រូវបានប្រជាជនជាច្រើនឆ្លើយតប។ នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស មិត្តអ្នកអានមួយភាគធំបានបង្កើតក្រុមមិត្តអ្នកអានតាមបណ្តាញ facebook។ ពួកគេចែកគ្នាអានសៀវភៅល្អៗ សៀវភៅគួរតែចង់អាន។ សម្រាប់អ្នកស្រី Nguyen Thi Hong រស់នៅទីក្រុង Lao Cai ក្នុងអំឡុងពេលនេះ លោកស្រីមិនសូវរវល់ជាមួយការងារទេ ដូច្នេះការអានក៏កាន់តែចាប់អារម្មណ៍ជាង។

“បន្ទាប់ពីអានសៀវភៅរួច យើងអនុវត្តន៍វាក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះវាមានប្រយោជន៍ខ្លាំងណាស់។ ខ្ញុំបង្ហោះសៀវភៅតាមហ្វេសប៊ុកឲ្យសិស្សចូលមើល ឪពុកម្ដាយរបស់ប្អូនៗឃើញក៏រៀបចំឲ្យកូនៗខ្ចីសៀវភៅមកអាន។ ពីព្រោះ នៅផ្ទះសិស្សរៀនតាមអនឡាញ ដូច្នេះកំឡុងពេលនេះ សិស្សអានសៀវភៅគឺល្អណាស់។ ការអានសៀវភៅជួយឱ្យយល់កាន់តែច្បាស់ បង្កើនជំនាញក្នុងជីវិតផងដែរ”។

នៅពេលទំនេរ មនុស្សជាច្រើនជ្រើសរើសនៅផ្ទះដើម្បីអានសៀវភៅ រួមចំណែកជំរុញជំនឿលើវប្បធម៌អាន មុនពេលភ័យខ្លាចបាត់បង់វប្បធម៌អានក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ។ ជាគ្រូបង្រៀនមួយរូបនៅទីក្រុងហាណូយ លោក Vu Quang Tan តែងតែអានសៀវភៅនិងកាសែត ដើម្បីចាប់យកព័ត៌មានសម្រាប់បង្រៀន។ ក្នុងអំឡុងពេលសម្រាកនៅផ្ទះដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត លោកអានសៀវភៅច្រើន ហើយចាត់ទុកសៀវភៅជាមិត្តរបស់ខ្លួនអញ្ជឹងដែរ។

“ខ្ញុំបានបញ្ជាទិញសៀវភៅដែលខ្ញុំមិនទាន់បានអាន។ នៅពេលដែលយើងមានពេលទំនេរ យើងចាប់ផ្តើមគិតគូរពីជីវិតរបស់យើង ការងារនាពេលអនាគត ការអប់រំកូនៗ របស់យើង...។ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ខ្ញុំកាន់តែចាប់អារម្មណ៍សៀវភៅអំពីការរក្សាសុខភាព”។

ភាពរីករាយនៃការអានមិនត្រឹមតែធ្វើឱ្យពេលវេលារក្សាគម្លាតសង្គមមិនសូវធុញទ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការបណ្តុះចំណេះដឹង និងបម្រើការរៀនសូត្រកាន់តែប្រសើរឡើងផងដែរ។ Nguyen Thuy Duong និស្សិតម្នាក់នៅទីក្រុងហាណូយបានចែករំលែកថា៖

“នាងខ្ញុំឃើញថា ការអានសៀវភៅជួយពង្រីកចំណេះដឹង និងចំណងមិត្តភាពជាមួយបងប្អូន។  អានសៀវភៅ ក៏ដូចជាការចាក់វ៉ាក់សាំងដើម្បីការពារជំងឺ បង្កើនសុទិដ្ឋិនិយម ដើម្បីកំចាត់ជំងឺនេះ”។

ការអានសៀវភៅនៅផ្ទះកំឡុងពេលរក្សាគម្លាតសង្គមគឺជាការងារដ៏មានប្រយោជន៍ដែលមិនត្រឹមតែរួមចំណែកកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណេះដឹងរបស់មនុស្សគ្រប់គ្នាទៀតផង។ សៀវភៅគឺជាឱសថខាងស្មារតី ជួយមនុស្សឱ្យមានអារម្មណ៍ស្ងប់ និងមានទំនុកចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេស បំពាក់ឲ្យមនុស្សយើងនូវចំណេះដឹង ដើម្បីការពារខ្លួនពីជំងឺរាតត្បាត រួមចំណែកផ្សព្វផ្សាយវប្បធម៌អាននៅក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ