ពិធីបុណ្យសែនត្រីពិន្ទង- វប្បធម៌ខាងវិញ្ញាណរបស់អ្នកនេសាទ Phu Yen

(VOVWORLD) - ពិធីបុណ្យសែនត្រីពិន្ទង មានសារៈ សំខាន់ជាពិសេសក្នុងជីវភាពខាងវិញ្ញាណ និងខាងជំនឿរបស់អ្នកនេសាទនៅភូមិនេសាទមាត់សមុទ្រនៅភូមិភាគកណ្តាលប៉ែកខាងត្បូង ជាពិសេសនៅខេត្ត Phu Yen។ ពិធីបុណ្យនេះត្រូវបានបង្ហាញឡើងតាមរយៈពិធី ដ៏វិសេសវិសាល និងប្រភេទសម្តែងប្រជាប្រិយដ៏សម្បូរបែបជាច្រើនទៀត។

ពិធីបុណ្យសែនត្រីពិន្ទង- វប្បធម៌ខាងវិញ្ញាណរបស់អ្នកនេសាទ Phu Yen - ảnh 1ទីសក្ការៈបូជាត្រីអុង នៅទីប្រជុំជន  Phu Tho  ២  សង្កាត់ Hoa Hiep Trung ទីរួមខេត្ត  Dong Hoa ខេត្ត Phu Yen ដែលជាកន្លែងគោរពបូជាត្រីអុង Nam Hai  (រូបថត៖ VOV)

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ នៃខែទី ៦ (ពិសាខ) តាមច័ន្ទគតិ ប្រជាជននៅទីប្រជុំជន Phu Tho ២ សង្កាត់ Hoa Hiep Trung ទីរួមខេត្ត Dong Hoa ខេត្ត Phu Yen តែងតែនាំគ្នារៀបចំពិធីបុណ្យសែនត្រីពិន្ទង  (Cau Ngu)។ គ្មាននរណាម្នាក់ដឹងថាពិធីបុណ្យនេះមានវត្តមានកាលពីពេលណានោះទេ គ្រាន់តែដឹងថា នេះគឺជាពិធីបុណ្យមួយដែលបង្កប់ទៅដោយភាពស្រស់ស្អាតនៃវប្បធម៌ប្រជា ប្រិយនិងជា "ម្ហូបអាហារខាងវិញ្ញាណ" ដែល មិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ និងជំនឿខាងព្រលឹងវិញ្ញាណរបស់ប្រជានេសាទដែលផ្សាភ្ជាប់ជីវភាពរស់នៅរបស់ខ្លួនទៅនឹងសមុទ្រដ៏ធំល្វឹងល្វើយ។ តាមលោក Tran Van Sang ប្រធានក្រុមនេសាទនៃទីប្រជុំជន Phu Tho ២ ថា  ពិធីបុណ្យសែនត្រីពិន្ទងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់គោរពបូជាត្រីអុង Nam Hai (ត្រីអុង សម្រាប់ហៅឈ្មោះត្រីបាឡែន ឬត្រីធំជាទូទៅ) ដែលជាឈ្មោះដ៏គួរឱ្យគោរពរបស់អ្នកនេសាទសម្រាប់ត្រីពិសិដ្ឋ។  តាមទស្សនៈរបស់អ្នកនេសាទ ត្រីអុង Nam Hai គឺជាទេវតា ដែលតែងតែប្រទានពរជួយមនុស្សឱ្យយកឈ្នះលើគ្រោះថ្នាក់នៅពេលរសាត់អណ្តែត លើសមុទ្រ។ ដូច្នេះ ត្រីអុងទទួលបានការគោរពបូជាហើយមានទីតាំងពិសេសមួយនៅក្នុងអារម្មណ៍ខាងវិញ្ញាណរបស់អ្នកនេសាទ។

“ពិធីបុណ្យមានលក្ខណៈប្រពៃណីដែលបានជីដូនជីតាបន្សល់ទុកមកពីអតីតកាល។ បងប្អូនប្រជាជនរៀបចំពិធីបុណ្យនេះឡើងគឺសំដៅរំលឹកគុណជីដូនជីតា ដែលបានបង្កើតទឹកដី; រំលឹកដល់អ្នកនេសាទ និងអ្នកដែលបានទៅបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាពសមុទ្រ និងកោះសម្រាប់មាតុភូមិ និងប្រទេសជាតិ។ ពិធីបុណ្យនេះក៏មានគោលបំណងបួងសួងសុំសេចក្តីសុខដល់ភូមិ ឃុំ និងបួងសួងសុំ សេចក្តីសុខដល់ប្រជានេសាទផងដែរ។ ពិធីនេះធ្វើនៅព្រះចេតិយ ចំណែកឯផ្នែកបុណ្យវិញ ប្រារព្ធនៅខាងក្រៅឆាកដោយមានសកម្មភាពកម្សាន្តយ៉ាងសប្បាយរីករាយជូនប្រជាជនដែលចូលរួមក្នុងពិធីបុណ្យ”។

លោក Sang បានឲ្យដឹងថា ពិធីបុណ្យសែនត្រីពិន្ទងនៅទីប្រជុំជន Phu Tho ២ បានប្រារព្ធឡើងយ៉ាងឱឡារិករយៈពេល ៣-៥ ថ្ងៃ។ ជាពិសេសនៅរសៀលថ្ងៃដំបូង (ថ្ងៃទី ១១ខែពិសាខ តាមច័ន្ទគតិ) បានប្រព្រឹត្តទៅពិធីបុណ្យដ៏សំខាន់បំផុត  គឺពិធីដង្ហែត្រីអុង។ ប្រជានេសាទបានដង្ហែស្នែងទៅមាត់សមុទ្រ ហើយឡើងទូកនេសាទតាមទិសល្អ (ដោយបានជ្រើសរើសតាមឆ្នាំនីមួយៗ) ដើម្បីដង្ហែអុង និងពពួកព្រះគង្គារទៅកាន់ទីសក្ការៈបូជា។  នៅព្រឹកព្រលឹមនៃថ្ងៃទី ២ ពិធីបុណ្យត្រូវបានបន្តដោយការថ្វាយបង្គំ តង្វាយ យញ្ញបូជា   និងប្រគេនស្រា។ ពេលរសៀលដល់ល្ងាច ជាពេលរៀបចំពិធីសែនពពួកព្រះគង្គារ។  

ពិធីបុណ្យសែនត្រីពិន្ទង- វប្បធម៌ខាងវិញ្ញាណរបស់អ្នកនេសាទ Phu Yen - ảnh 2គណៈកម្មាធិការជលផល Lach នៃសង្កាត់ Phu Tho ២ រៀបចំពិធីសែនត្រីអុង  (រូបថត៖ VOV)

នៅថ្ងៃបន្ទាប់ នឹងមានពិធីបុណ្យមួយ រួមទាំងការសម្តែងល្បែងប្រជាប្រិយ ដូចជា៖  ការច្រៀងចម្រៀង Choi ការប្រណាំងទូក ការយោលកន្ត្រក ការដើរដង្ហែ ទាញព្រ័ត្រ សិល្បៈក្បាច់គុនបុរាណ និងសកម្មភាពផ្សេងៗទៀត ដើម្បីបំពេញតម្រូវការកម្សាន្ត របស់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យ។

មុនថ្ងៃប្រព្រឹត្តទៅពិធីបុណ្យសែនត្រីពិន្ទង ប្រជាជននៅក្នុងទីប្រជុំជនមិនថាប្រកបមុខរបរនេសាទឬទេ សុទ្ធតែត្រៀមគ្រឿងសែន ដើម្បីប្រគេនត្រីអុង Nam Hai។ ទន្ទឹមនឹងការទៅចូលរួមពិធីនេះ ប្រជាជនក្នុងតំបន់ក៏មានអារម្មសប្បាយរីករាយ ក្នុងការចូលរួមសម្ដែងច្រៀងចម្រៀងប្រជាប្រិយ។ ជារៀងរាល់ឆ្នាំដែលបានសម្របខ្លួនក្នុងបរិយាកាសនៃពិធីបុណ្យ ធ្វើឱ្យគ្រប់គ្នាមានសុទិដ្ឋិនិយមក្នុងជីវិត ដោយព្រោះពួកគេជឿថា ត្រីអុង Nam Hai   នឹងប្រទានពរជ័យឲ្យប្រជាជនគ្រប់គ្នាក្នុងភូមិ។ លោក Le Van Giong ប្រធានទីប្រជុំជន Phu Tho ២ បានឲ្យដឹងថា៖ “ពិធីបុណ្យនេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ ព្រោះពិធីបុណ្យ នាំប្រជាជនក្នុងទីប្រជុំជនកាន់តែជិតស្និទ្ធ បង្កើតទំនាក់ទំនង និងជាកន្លែងសម្រាប់ក្មេងជំនាន់ក្រោយស្គាល់ដល់ពិធីបុណ្យប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។ ជំនាន់មុនបានកសាងទំនៀមទំលាប់ ពួកយើងជាកូនចៅជំនាន់ក្រោយ បន្តលើកតម្កើង និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌របស់ជាតិ ដើម្បីអភិវឌ្ឍន៍ជីវភាពសហគមន៍”។

ជំនឿនៃការគោរពបូជាត្រីអុងនិងពិធីបុណ្យសែនត្រីពិន្ទង គឺផ្សាភ្ជាប់ទៅនឹងទីសក្ការៈគោរពបូជាត្រីអុង។  នៅតាមតំបន់មាត់សមុទ្រនៃខេត្ត Phu Yen មានទីសក្ការៈគោរពបូជាត្រីអុងចំនួន ៤១ កន្លែង។ កន្លែងណាមានទីសក្ការៈបូជាត្រីអុង គឺទីកន្លែងនោះនឹងប្រព្រឹត្តទៅពិធីបុណ្យសែនត្រីពិន្ទងជាប្រចាំឆ្នាំ។ ទីតាំងដែលមានទីសក្ការៈបូជាត្រីអុង មានរូបរាងជាសាលាភូមិមួយដែរ  ដែលបានសាងសង់នៅជិតទន្លេ សមុទ្រ និងបែរមុខទៅទិសខាងកើត។ ទីសក្ការៈបូជាត្រីអុង នៅទីប្រជុំជន Phu Tho  ២ មានស្លាក់ស្នាមស្ថាបត្យកម្ម     ដែលបង្ហាញថា ទីនេះត្រូវបានសាងសង់តាំងពីយូរយារណាស់មកហើយ រហូតដល់រាជវង្ស Nguyen នៅដើមសតវត្សទី ១៩ ត្រូវបានជួសជុលឡើងវិញ។ ជាច្រើនជំនាន់មកហើយ កន្លែងនេះបានក្លាយជាទីបង្អែកខាងព្រលឹងវិញ្ញាណរបស់អ្នកនេសាទក្នុងតំបន់។

ពិធីបុណ្យសែនត្រីពិន្ទងនៅខេត្ត Phu Yen និយាយដោយឡែក និងតាមតំបន់សមុទ្រនិយាយរួម មិនត្រឹមតែបង្កើនស្មារតីសាមគ្គីភាពសហគមន៍ប៉ុណ្ណោះទេ ថែមទាំងពង្រឹងជំនឿ និងបំពេញកម្លាំងចិត្តដល់អ្នកនេសាទដែលនៅជាប់សមុទ្រទាំង យប់ទាំងថ្ងៃ រួមចំណែកក្នុងការអភិរក្សសមុទ្រ ការពារអធិបតេយ្យភាពនៃសមុទ្រដ៏ពិសិដ្ឋ និងកោះនៃមាតុភូមិ។ ជាមួយនឹងតម្លៃ និងអត្ថន័យដ៏ពិសិដ្ឋ ពិធីបុណ្យសែនពិន្ទង ខេត្ត Phu Yen ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ