“ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” - ការលាយបញ្ចូលគ្នារវាងសិល្បៈល្ខោនប្រពៃណី
(VOVWORLD) - ដោយយកលំនាំពីរឿង “នាង To Thi” - ដែលជាស្ត្រីម្នាក់ទន្ទឹងរង់ចាំប្តីរហូតដល់ក្លាយទៅជាដំសិលានោះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky បានសរសេរឡើងរឿងល្ខោនអក្សរសាស្ត្រមួយ ក្រោមចំណងជើងថា “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍”។ រឿងល្ខោននេះត្រូវបានបង្ហាញដល់ទស្សនិកជនដោយបានរួមបញ្ចូលគ្នានៃសិល្បៈប្រជាប្រិយ ៤ ប្រភេទ។ រីករាយនឹងការសម្តែងនេះ អ្នកទស្សនាហាក់ដូចជាបណ្តោយអារម្មណ៍ក្នុងវប្បធម៌ពោរពេញទៅដោយព្រលឹងជាតិវៀតណាមផងដែរ។
ឈុតសម្តែងក្នុងរឿង “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” |
“ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” ត្រូវបាននិពន្ធនិងសម្របសម្រួលដោយសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky, អគ្គនាយកវិទ្យុសម្លេងវៀតណាម ហើយសិល្បករ Hoang Song Viet និងសិល្បការិនីប្រជាជន Thanh Ngoan សម្រួលទៅជាល្ខោនច្រៀង។ អ្នកនិពន្ធ Nguyen The Ky បានសរសេរស្នាដៃនេះ ដែលយកលំនាំពីរឿងនិទាន រឿងព្រេងនិទាន ស្តីពីសិលាចាំប្តី ពោលគឺអំពីនាង To Thi បីកូនដើរទៅរកប្តី ហើយសាច់រឿងក៏បានស្ងើចសរសើរពីទឹកចិត្តស្មោះត្រង់របស់នារីវៀតណាមទៀតផង។
សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky មានប្រសាសន៍ថា៖ “នាង To Thi ជានិមិត្តរូបដែលត្រូវបានប្រជាប្រិយប្រឌិតឡើង ដោយប្រែដុំថ្មមួយ អោយមានវិញ្ញាណ និងមានឈ្មោះជាក់លាក់។ ប៉ុន្តែសិលាមួយដុំនោះ ឈរនៅព្រំដែននៃប្រទេសជាតិដែលធ្វើអោយមនុស្សគិតថាអាចជាបុព្វបុរស ឬស្ត្រីកំពុងរងចាំគូស្រករអញ្ជឹង។ ខ្ញុំគិតថាសិលាអ្នកម្តាយបីកូននៅព្រំដែនមាតុប្រទេសគឺជាប្រពន្ធរង់ចាំប្តីរបស់នាងដែលកំពុងឈរជើងនៅសមរភូមិ ដើម្បីការពារព្រំដែននៃមាតុប្រទេស”។
ចាប់ផ្តើមបើកឆាកជាមួយនឹងសំលេងពូពេកូនពិរោះរណ្តំរបស់នាង To Thi នោះ “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” បានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនដែលទស្សនាផងដែរ។ បង្កប់នៅក្នុងសម្លេងបំពេរកូននោះគឺជាអារម្មណ៍ដែលទន្ទឹងរង់ចាំដំណើរស្វាមីរបស់នាង។ ដូច្នេះនៅពេលដែលនាងបានលឺព័ត៌មានថាប្តីរបស់នាងបានស្លាប់នៅក្នុងសមរភូមិនោះ នាង To Thi បានសម្រេចចិត្តឱបកូនដើរឆ្លងកាត់ព្រៃ ឆ្លងកាត់ជ្រោះ ដើម្បីស្វែងរកស្វាមីដោយមានជំនឿថា ប្តីរបស់ខ្លួនកំពុងនៅកន្លែងណាមួយដែលមិនទាន់ធ្វើមាតុភូមិនិវត្តន៍។ ហើយដំណើរនោះ បានបំផុសគំនិត ដើម្បីសិល្បករច្នៃប្រឌិតតាមរយៈសាច់រឿងដែលយើងទាំងអស់គ្នាបានទស្សនា។
លោកស្រី Tran Thi Thu Hoai អ្នកទស្សនានៅទីក្រុងហាណូយបានចែករំលែកថា៖ “បើយោងទៅតាមរឿងព្រេងនិទាន បន្ទាប់ពីបានដឹងដំណឹងថាប្តីរបស់នាងចូលរួមសមរភូមិនាហើយមិនត្រលប់មកវិញនោះ នាងបីកូន ទន្ទឹងរងចាំប្តីដោយអារម្មណ៍ក្រហល់ក្រហាយ។ ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងរឿងល្ខោននេះ អ្នកនិពន្ធបានបំផុសគំនិត តាមលំហូរនៃការច្នៃប្រឌិតដោយជំនឿនិងសេចក្តីស្រឡាញ់យ៉ាងមុតមាំថាប្តីរបស់នាងមិន ស្លាប់ទេ ហើយប្តីរបស់នាងកំពុងនៅកន្លែងណាមួយដែរ ដែលនាងរកមិនទាន់ឃើញ។ ក្នុងអំឡុងពេលធ្វើដំណើរដើម្បីស្វែងរកស្វាមី នាងបានជួបមនុស្សជាច្រើន នៅតាមតំបន់ជាច្រើន ពោលគឺតំបន់មានវប្បធម៌ផ្សេងៗគ្នា។ ជួបនរណា នាងក៏បានសួរអំពីកន្លែងស្នាក់នៅរបស់ប្តីនាងដែរ។ ហើយចម្លើយនិមួយៗត្រូវបានផ្តល់ជាទម្រង់សិល្បៈប្រជាប្រិយ ពីចម្រៀង Cai luong ការច្រៀង cheo និងចុងក្រោយគឺចម្រៀង Hue ផងដែរ”។
ឈុតសម្តែងក្នុងរឿង “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” |
មិនត្រឹមតែមានភាពទាក់ទាញទាក់ទងអំពីខ្លឹមសារប៉ុណ្ណោះទេ រឿងល្ខោនសម្តែង “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” ក៏ធ្វើអោយអ្នកទស្សនាជក់ចិត្តផងដែរ នៅពេលដែលបញ្ចូលគ្នារវាងទម្រង់សិល្បៈច្រៀង cheo, cai luong, ច្រៀង Xam និងច្រៀងចម្រៀងប្រជាប្រិយ Hue តែម្តង។
តាមរយៈបទពិសោធន៍របស់ខ្លួន អ្នកដឹកនាំរឿងល្ខោនសម្តែងទាំងពីរ គឺសិល្បករប្រជាជន Thanh Ngoan និងសិល្បករឆ្នើមលោក Trieu Trung Kien ដែលបានរួមបញ្ជូលការច្នៃប្រឌិត ដើម្បីបង្ហាញអោយបានលក្ខណៈពិសេសបំផុតទម្រង់សិល្បៈ ប្រពៃណីវៀតណាម ក្នុងការធ្វើដំណើរស្វែងរកស្វាមីរបស់នាង To Thi។ តាមរយៈសាច់រឿងនោះ ក៏បានបង្ហាញរូបភាពប្តីរបស់នាងគឺ Tran Khoi រួមទាំងលក្ខណៈវប្បធម៌ផ្សេងៗ លើទឹកដីនីមួយៗដែលនាងបានឆ្លងកាត់។ សិល្បករ Trieu Trung Kien នាយករងមហោស្រព Cai Luong វៀតណាម ដែលដឹកនាំរឿងសម្តែងនេះបានអោយដឹងថា៖ “យើងខ្ញុំត្រូវគណនាយ៉ាងម៉ត់ចត់ ដើម្បីអោយសាច់រឿងមានភាពរលូន ដោយមិនធ្វើអោយអ្នកទស្សនាមានអារម្មណ៍ធុញទ្រាន់នៅឡើយ។ ពោលគឺ យើងបានប្រើភាពសាមញ្ញទាំងនេះដើម្បីបង្កើតរឿងអោយរលូន។ ក្នុងរយៈពេលតែ ១ ម៉ោងនិង ៣០ នាទី សាធារណជនអាចមើលឃើញពីភាពស្រស់ស្អាតនៃទម្រង់សិល្បៈចំនួន ៤ ក្នុងពេលតែមួយ ក្នុងរឿងតែមួយ។ នេះក៏ជាកត្តាដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ផងដែរ”។
ទន្ទឹមនឹងភាពវិសេសវិសាលអំពីសិល្បៈ ឆាកសម្តែងក៏ត្រូវបានវិនិយោគយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយបំពាក់បច្ចេកវិទ្យាទំនើបបំផុត នៅក្នុងការសម្តែង ដូចជាបច្ចេកវិទ្យា 3D ដើម្បីបង្កើតឡើងឆាកសម្តែងដ៏ស្រស់ស្អាតគួរទាក់ទាញនិងធ្វើអោយអ្នកទស្សនារំជួលចិត្តយ៉ាងខ្លាំង។ ទស្សនិកជនហាក់ដូចជារួមដំណើរជាមួយនាង To Thi ក្នុងដំណើរទៅស្វែងរកប្តីរបស់នាង ពីព្រៃរហូតដល់ល្បាក់ទឹកជ្រោះ។ ទស្សនិកជន Le Thi Bich Hong បានសំណេះសំណាលថា៖ “រឿងល្ខោនសម្តែអនេះ ពិតជារំជួលចិត្តណាស់ ដោយបានប្រមូលផ្តុំទម្រង់សិល្បៈជាច្រើនប្រភេទ។ សាច់រឿងជាការរួមបញ្ចូលគ្នាដើម្បីស្ងើចសរសើរភាពស្រស់ស្អាតនៅក្នុងរឿងសម្តែងមួយដែរ។ ជាលើកដំបូងដែលខ្ញុំបានឃើញការរួមបញ្ចូលសិល្បៈដ៏ល្អឥតខ្ចោះ។ សម្រស់ស្រស់ស្អាត ភាពស្មោះត្រង់ ត្រូវបានបង្ហាញតាមរយៈទម្រង់សិល្បៈទាំង៤នេះ”។
សម្តែងក្នុងរយៈពេល ៩០ នាទី រៀងល្ខោនសម្តែង “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” មានការចូលរួមពីសិល្បករជាង ៦០ នាក់នៃមហោស្រព Cai Luong វៀតណាម, រោងមហោស្រព cheo វៀតណាម រួមជាមួយតារាសម្តែង និងវង់តន្រ្តីជាតិមួយចំនួន។ រឿងល្ខោនសម្តែង “ពពកពណ៌សរាប់ពាន់ឆ្នាំ” គឺជាបទពិសោធន៍ដ៏សក្ដិសមសម្រាប់អ្នកដែលតែងតែស្វែងរកលក្ខណៈថ្មីថ្មោង និងភាពច្នៃប្រឌិតក្នុងសិល្បៈ៕