ពិព័រណ៍ “បឹងដាវ ផ្លូវប្រសពខាងកើត-ខាងលិច” បង្ហាញឡើងវិញនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃទីក្រុងហាណូយបុរាណ

(VOVWORLD) - “បឹងដាវ ផ្លូវប្រសពខាងកើត-ខាង លិច” គឺជាឈ្មោះការតាំងពិព័រណ៍ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌បឹងដាវ (Ho Guom) និងកន្លែងវិថីដើរថ្មើរជើងនៅផ្លូវ Le Thai To នៃទីក្រុងហាណូយ។ តាមរយៈការតាំងពិព័រណ៌នេះ សាធារណជនយល់កាន់តែច្បាស់អំពីការផ្លាស់ប្តូររូបរាងរបស់ទីក្រុងហាណូយបុរាណ ដំណាក់កាលនៅចុងសតវត្សទី ១៩ និងពាក់កណ្តាលសតវត្សទី ២០ រវាងលោកខាងកើត និងលោកខាងលិច រវាងបុរាណកាល និងសម័យទំនើប។ ការតាំងពិព័រណ៌ក៏រំលឹកសាធារណជនអំពីអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើន អំពីវប្បធម៌រាប់ពាន់ឆ្នាំរបស់ទីក្រុងហាណូយ។

 
 

ចូលដល់ទីធ្លានៃមជ្ឈមណ្ឌលព័ត៌មានវប្បធម៌បឹងដាវ លេខ ២ វិថី Ly Thai To ទីក្រុងហាណូយ អ្នកទស្សនាមានចំណាបអារម្មណ៍ភ្លាមនូវផ្ទាំងរូបថតសខ្មៅខ្នាតធំ ដែលកត់ត្រាពីរូបរាងបឹងដាវ ក្នុងឆ្នាំ ១៨៧៣ និង ១៨៨៤។  ខុសប្លែកពីភាពរស់រវើក និង ទេសភាពដ៏គួរឱ្យទាក់ទាញនាពេលបច្ចុប្បន្ននេះ បឹងដាវនៅកាលនោះ នៅតែ "មានរូបរាងនៃបឹងបួរដែលមានស្ពានឆ្លងកាត់តូចមួយសម្រាប់បម្រើតម្រូវការនៃជីវភាពប្រចាំថ្ងៃ។ នៅជុំវិញបឹង ខ្ទមជនជាតិដើមភាគតិចនៅជាប់ៗគ្នា ប្រសិនបើចង់ចុះទៅដល់បឹង ប្រជាជនត្រូវជ្រៀតចូលតាមផ្លូវតូចចង្អៀត…” (នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលបណ្ណសារជាតិ)។ នៅជិតនោះគឺជារូបភាពហាងលក់ផ្កាដោយជនជាតិបារាំងបង្កើតឡើងនៅជ្រុងមួយនៃបឹងដាវ។ មានមនុស្សតិចណាស់អាចស្រមៃថា នោះគឺវិថី Hang Khay - Dinh Tien Hoang សព្វថ្ងៃនេះ ដែលមានហាងនៅជាប់ៗគ្នា។ ទាំងនោះគឺគ្រាន់តែជាឯកសារចំនួនពីរក្នុងចំណោមឯកសារ រូបភាព គំនូររចនា និងផែនទីផែនការ ទាំង ១០០ ដែលត្រូវបានបង្ហាញនៅការតាំងពិព័រណ៍ “បឹងដាវ-ផ្លូវប្រសពខាងកើតលិច”។

ពិព័រណ៍ “បឹងដាវ ផ្លូវប្រសពខាងកើត-ខាងលិច” បង្ហាញឡើងវិញនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃទីក្រុងហាណូយបុរាណ - ảnh 1ការតាំងពិព័រណ៌បាននាំមកជូនសាធារណជននូវការចងចាំដ៏ស្រស់ស្អាតជាច្រើនទីក្រុងហាណូយវប្បធម៌រាប់ពាន់ឆ្នាំ។ រូបថត៖ VOV

ដោយមានប្រធានបទសំខាន់ៗចំនួន៣៖ ដំណើរការផ្លាស់ប្តូររូបរាងបឹងដាវ; អភិរក្សលំហប្រវត្តិសាស្ត្រ និងវប្បធម៌នៃបឹងដាវ; បឹងដាវ- មជ្ឈមណ្ឌលសេវាកម្ម និងវប្បធម៌កម្សាន្ត  ការតាំងពិព័រណ៍បានផ្តល់ព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់អ្នកទស្សនា។  លោក Tran Doan Lam អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានឲ្យដឹងថា លោកបានរកឃើញឯកសារដ៏មានតម្លៃនៅទីនេះ ដែលមុននោះមិនទាន់មាននរណាស្គាល់ដល់ឡើយ៖ “ការតាំងពិព័រណ៌គឺជាឱកាសមួយសម្រាប់ខ្ញុំដើម្បីស្វែងយល់ឡើងវិញនូវបេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងប្រពៃណីនៃទឹកដីដ៏ជាទីគោរពបំផុត នោះគឺរដ្ឋធានីហាណូយ។ មិនសូវមានអ្នកដែលមានឱកាសស្គាល់ដល់ឯកសារចាស់ៗនោះទេ ជាពិសេសឯកសារតាមរយៈរូបថតដូចនៅការតាំងពិព័រណ៍នេះឯង”។

បឹងដាវ - ស្នាក់ស្នាមនៃទន្លេចាស់ Nhi Ha  គឺជារមណីដ្ឋានដ៏ល្បីល្បាញរបស់រដ្ឋធានី។ ជាមួយនឹងទីតាំងសំខាន់ កន្លែងនេះត្រូវបានជនជាតិបារាំងជ្រើសរើស ដើម្បីក្លាយជាមជ្ឈមណ្ឌលក្នុងការជួសជុលទីក្រុងហាណូយ នៅពេលដែលពួកគេចាប់ផ្តើមបោះជំហានឈរជើងនៅលើទឹកដីនេះភ្លាមៗ។ នៅក្រោមការរៀបចំផែនការរបស់ជនជាតិបារាំង បឹងដាវ ប្រៀបបាននឹងចំនុចប្រសព្វមួយ ដែលជាចំណុចតភ្ជាប់លក្ខណៈស្ថាបត្យកម្ម និងវប្បធម៌បូព៌ា និងខាងលិច ដែលជាការផ្លាស់ប្តូរតំបន់ប្រជុំជនរវាងសង្កាត់តានៅភាគខាងជើង និងសង្កាត់ខាងលិចនៅភាគខាងត្បូង។ ទន្ទឹមនឹងទំនៀមទម្លាប់ចាស់ និងទម្លាប់រស់នៅបែបប្រពៃណីរបស់ប្រជាជនហាណូយ រូបរាងថ្មីនៃទីក្រុងហាណូយ បាននាំមកនូវរបៀបរស់នៅថ្មីថ្មោងរបស់ប្រជាជន។

ប៉ុន្មានឆ្នាំមកនេះ រដ្ឋធានីហាណូយមានការផ្លាស់ប្តូរជាច្រើន។ ក្នុងនោះ បឹងដាវ បានក្លាយទៅជាមជ្ឈមណ្ឌលរដ្ឋបាល ជំនឿ ពាណិជ្ជកម្ម សេវាកម្ម និងវប្បធម៌កម្សាន្តយ៉ាងឆាប់រហ័ស ដែលជាចំណុចប្រសព្វ - ចំណុចតភ្ជាប់ស្ថាបត្យកម្ម និងវប្បធម៌ខាងកើត - ខាងលិច។ លោកស្រី Tran Thi Mai Huong នាយកមជ្ឈមណ្ឌលបណ្ណសារជាតិ ១ បានមានប្រសាសន៍ថា៖ “ចំណុចប្រសព្វខាងកើត-លិចបង្ហាញពីការរួមបញ្ចូលវប្បធម៌រវាងបូព៌ា និងលោកខាងលិច មុនពេលដែលបារាំងចូល ហើយនៅពេលដែលបារាំងចូល គឺបាននាំមកនូវវប្បធម៌លោកខាងលិច។ ដូច្នេះ សូម្បីតែសំណង់ស្ថាបត្យកម្មជុំវិញបឹងដាវក៏បង្គប់នូវស្ថាបត្យកម្មនោះផងដែរ។ នោះហើយជាមូលហេតុដែលយើងដាក់ឈ្មោះដូចនេះ ដើម្បីជំរុញឱ្យស្គាល់ និងបញ្ចេញនូវអារម្មណ៍របស់មនុស្សដែលធ្លាប់រស់នៅក្នុងសម័យកាលដែលទីក្រុងហាណូយបានផ្លាស់ប្តូររូបរាង ជាពិសេសបឹង Hoan Kiem។ យើងក៏ចង់ឱ្យសាធារណជនបានដឹងអំពីបណ្ណសារដែលនៅតែរក្សាបាននូវរាល់រូបភាពជាចំណាប់របស់សាធារណជនអំពីទីក្រុងហាណូយក្នុងសរទរដូវដូចនេះ”។

ពិព័រណ៍ “បឹងដាវ ផ្លូវប្រសពខាងកើត-ខាងលិច” បង្ហាញឡើងវិញនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃទីក្រុងហាណូយបុរាណ - ảnh 2ប្រជាជនទីក្រុងហាណូយមកទស្សនាការតាំងពិព័រណ៍។ រូបថត៖ VOV

តាមរយៈរូបភាព និងឯកសារនៅឯការតាំងពិព័រណ៌ សាធារណជនអាចវិលត្រឡប់មករកអតីតកាល រំលឹកឡើងវិញនូវបេតិកភណ្ឌប្រវត្តិសាស្ត្រ និងទេសភាពនៃបឹង Hoan Kiem រួមជាមួយនឹងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើននៅក្នុងការចងចាំរបស់ពួកគេ។ ភាពស្រដៀងគ្នារវាងស្ថាបត្យកម្ម និងវប្បធម៌បូព៌ា និងខាងលិច បានបង្កើតនូវសញ្ញាសម្គាល់ដោយឡែកសម្រាប់បឹង Hoan Kiem និងវិថីបុរាណនា បច្ចុប្បន្ននេះ។ ដោយឃើញការផ្លាស់ប្តូរនៃតំបន់រមណីដ្ឋាននេះតាមរយៈពេលវេលា ភ្ញៀវទេសចរ និងអ្នករស់នៅក្នុងរដ្ឋធានីជាច្រើន មានការភ្ញាក់ផ្អើល និងរំជួលចិត្តខ្លាំង។ អ្នកថតរូប Nguyen Huu Bao ចែករំលែក៖

“ផ្ទះដែលខ្ញុំកំពុងស្នាក់នៅមានចម្ងាយប្រហែល ១០០ ម៉ែត្រពីបឹង Hoan Kiem។ ដូច្នេះហើយ បឹង Hoan Kiem ប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំដែរ។ ខ្ញុំបានរស់នៅទីនេះអស់រយៈពេល ៧០ ឆ្នាំហើយ។ រាល់ពេលដែលខ្ញុំឃើញឯកសារអំពីបឹង Hoan Kiem ដូចជាការតាំងពិពណ៌នេះ ការផ្លាស់ប្តូរពីអតីតកាលបានវិលត្រលប់មកវិញ ហើយធ្វើអោយខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រោះខ្ញុំងាកទៅមើលរបស់ដែលខ្ញុំធ្លាប់ឃើញ ប៉ុន្តែលែងមានទៀតហើយ សូម្បីតែរឿងដែលខ្ញុំមិនដឹងក៏ដោយ ព្រោះវាមានតាំងពីយូរមកហើយ មុនពេលខ្ញុំកើតមក។ អានព័ត៌មាននេះម្តងទៀត ខ្ញុំបានស្វែងយល់បន្ថែមអំពីអ្វីដែលគេហៅថា “វប្បធម៌បឹងដាវ”។

មិនថាក្នុងអតីតកាល បច្ចុប្បន្ន ឬអនាគតនោះទេ បឹង Hoan Kiem តែងតែដើរតួនាទីជាមជ្ឈមណ្ឌល ជាកន្លែងសម្រាប់សកម្មភាពប្រពៃណី កន្លែងសម្រាប់ធ្វើជាសាក្សី និងទទួលការឡើងចុះនៃប្រវត្តិសាស្ត្ររបស់ទីក្រុង និងប្រជាជននៅទីនេះ។ តាមរយៈគំនូរចំនួន ២២ និងឯកសារមានតម្លៃជាង ១០០ ដោយមជ្ឈមណ្ឌលបណ្ណសារជាតិ   ផ្តល់មក ការចងចាំអំពីបឹង Hoan Kiem ដ៏ស្រស់ស្អាត និងទីក្រុងហាណូយបុរាណ ត្រូវបានបង្កើតឡើងវិញដោយស្មោះត្រង់ ជាមួយនឹងរូបភាពដែលធ្លាប់ស្គាល់អំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនហាណូយនិយាយរួមនិងប្រជាជននៅជុំវិញបឹងដាវនិយាយដោយឡែក។ លោកស្រី Tran Thi Thuy Lan អនុប្រធានគណៈកម្មការគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយបានឲ្យដឹងថា៖ “យើងសង្ឃឹមថា ឯកសារជាង ១០០ នឹងជួយឲ្យសាធារណជនយល់កាន់តែច្បាស់អំពីសម័យកាលដែលជនបារាំងចូលមកវៀតណាម មកហាណូយ។ ជនបារាំងធ្លាប់មានគម្រោងដែលរហូតមកដល់សព្វថ្ងៃនេះ រូបភាព និងសំណង់ចាស់ៗទាំងនោះនៅតែមានក្នុងលំហជំវិញបឹង Hoan Kiem។ តាមរយៈសកម្មភាពតាំងពិព័រណ៍ទាំងនេះ យើងសង្ឃឹមថា គ្រប់គ្នានឹងរួមដៃគ្នាថែរក្សា និងអភិរក្សតម្លៃបេតិកភណ្ឌរបស់រដ្ឋធានី”។

ឯកសារ និងវត្ថុបុរាណនានា បន្ទាប់ពីត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៌ “បឹងដាវ ចំណុចប្រសព្វខាងកើត – ខាងលិច” (ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៣១ ខែតុលា) គ្រោងនឹងត្រូវបានគណៈកម្មាធិការគ្រប់គ្រង បឹង Hoan Kiem និងគណៈគ្រប់គ្រងវិថីបុរាណហាណូយ ដាក់បញ្ចូលទៅសាលារៀននៅក្នុងខ័ណ្ឌ Hoan Kiem និយាយដោយឡែក និងរដ្ឋធានីហាណូយនិយាយរួម។ សកម្មភាពនេះមានគោលបំណងជួយសិស្សានុសិស្ស និងសាធារណជនមានឱកាសទទួលបាន និងស្វែងយល់កាន់តែស៊ីជម្រៅអំពីឯកសារដ៏មានតម្លៃរបស់រដ្ឋធានីហាណូយ។ តាមរយៈនោះ រួមចំណែកតម្រង់ទិសសហគមន៍លើការយល់ដឹងអំពីការអភិរក្ស និងរបៀបប្រព្រឹត្តិចំពោះបេតិកភណ្ឌវប្បធម៌របស់ថាំងឡុង ហាណូយ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ