រោងមហោស្រពអនឡាញ-និន្នាការសម្តែងសិល្បៈថ្មី

(VOVWORLD) -  នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងម្តងទៀតនៅវៀតណាម គឺសកម្មភាពសម្តែងសិល្បៈក៏ត្រូវបានជាប់គាំងម្តងទៀតដែរ។ ការសាងសង់រោងមហោស្រពអនឡាញ ដើម្បីបង្កើតជាស្ពានតភ្ជាប់រវាងសិល្បៈនិងទស្សនិកជន នៅតែបន្តជាបញ្ហាគួរឲ្យចាប់អារម្មណ៍ដោយមានបម្រែបម្រួលជាច្រើន។ រឿងនេះ មិនត្រឹមតែជាដំណោះស្រាយបណ្តោះអាសន្ន នៅពេលរោងមហោស្រពជាក់ស្តែងត្រូវ “បង្កក” ប៉ុណ្ណោះទេ ហើយតាមនិន្នាការនៃយុគសម័យថ្មី គឺចាំបាច់ត្រូវមានយុទ្ធសាស្រ្តវិនិយោគយ៉ាងត្រឹមត្រូវនិងមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។

រោងមហោស្រពអនឡាញ-និន្នាការសម្តែងសិល្បៈថ្មី - ảnh 1កម្មវីធីប្រគុំតន្រ្តី “VNSO Season openning concert” ដោយបានចាក់ផ្សាយផ្ទាល់លើឆានែល Youtube 

ដើម្បីធានាសុវត្ថិភាពនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នោះ វង់ភ្លេងមហោរីវៀតណាម កាលពីខែសីហាឆ្នាំ ២០២០ បានលុបចោលការសម្តែងនៅឯរោងមហោស្រពល្ខោនហាណូយតាមការគ្រោងទុក និងអនុវត្តភ្លាមៗនូវកម្មវីធីប្រគុំតន្រ្តី “VNSO Season openning concert” ដោយបានចាក់ផ្សាយផ្ទាល់លើឆានែល Youtube និង Facebook។ បន្ទាប់ពីព្រឹត្តិការណ៍នេះ វង់ភ្លេងមហោរីវៀតណាម បានជួសជុលយ៉ាងឆាប់រហ័ស កន្លែងហាត់ប្រាណទៅជាសាលប្រគុំតន្ត្រីស្តង់ដារ សម្រាប់បម្រើសកម្មភាពសម្តែងតាមអ៊ិនធឺរណែតវិញ។ ហើយមុននេះមួយខែ វង់តន្រ្តីមានកម្មវិធីដើម្បីបើកដំណើរការសាលប្រគុំតន្ត្រីនិងទម្រង់ប្រគុំតន្រ្តីតាមអ៊ិនធឺរណែត។

ក្នុងនិន្នាការនេះដែរ មហោស្រពយុវជន រោងមហោស្រពល្ខោនវៀតណាម មហោស្រពល្ខោនអាយ៉ង Thang Long និងរោងមហោស្រពល្ខោនតន្រ្តីវៀតណាម រួមទាំងអង្គភាពសិល្បៈជាច្រើនទៀត បានបង្កើតឆានែល  Youtube និង Facebook នាពេលថ្មីៗនេះ ដើម្បីចាក់ផ្សាយកម្មវិធីដែលបានថតទុក និងវីដេអូណែនាំវណ្ណកម្ម និងរៀបចំផែនការសម្រាប់ការសម្តែងតាមអ៊ិនធឺរណែតរយៈពេលវែង។ ជាទូទៅ សិល្បករវៀតណាមសុទ្ធតែគាំទ្រផែនការសម្តែងសិល្បៈតាមអ៊ិនធឺណែតនេះ។ ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់សិល្បៈករ សិល្បៈការិនី៖

“ការសម្តែងតាមអ៊ិនធឺរណែតមានគុណប្រយោជន៍យ៉ាងខ្លាំងណាស់។ តាមរយៈការសម្តែងនេះបានសរឲ្យឃើញថា មានទស្សនិកជនចុចមើលច្រើន អាចថាច្រើនជាងបពេលសម្តែងនៅលើឆាកទៀតផង។ ហើយកេរ្តិ៍ឈ្មោះរបស់យើងនិងរីកសាយភាយកាន់តែទូលំទូលាយជាង”។

“នេះគឺជាឱកាសមួយទៀតសម្រាប់ពួកយើង ដើម្បីផ្សព្វផ្សាយតន្រ្តី វិធីកំសាន្តតន្ត្រី និងរីករាយជាមួយតន្ត្រីតាមរបៀបផ្សេង”។

“យើងមានទំនាក់ទំនងកាន់តែច្រើនជាមួយទស្សនិកជន។ បណ្តាញសង្គមឥឡូវនេះគឺជាបណ្តាញផ្សព្វផ្សាយល្អនៅក្នុងនិន្នាការទូទៅ។ ហើយសិល្បករ សិល្បការិនីយើងក៏ស្ថិតក្នុងនិន្នាការនោះដែរ”។

ក្នុងនាមជាទស្សនិកជនដែលទស្សនាកម្មវិធីសិល្បៈតាមអ៊ិនធឺរណែតនាពេលថ្មីៗជាច្រើនដូចជា៖ “ជំនឿជាក់” “សម្លេងតភ្ជាប់” “Music home” “វៀតណាមមាំមួន” “ការរស់រានមានជីវិតឡើងវិញ” និងថ្មីៗនេះគឺ “VNSO Season openning concert” អ្នកស្រី Vu Thanh Thuy នៅទីក្រុងហាណូយបានឲ្យដឹងថា “ការសម្តែងតាមអ៊ិនធឺរណែតកាន់តែមានលក្ខណៈពេញលេញនិងបានសំដែងដោយវិជ្ជាជីវៈ។ ចំណែកខ្លួនវិញ សិល្បៈករឆ្នើម Hoang Tung នៃមហោស្រពវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖ “ខ្ញុំគិតថា នៅក្នុងយុគសម័យឌីជីថល ការសម្តែងអនឡាញគឺជាទិសដៅថ្មីសម្រាប់សិល្បករ ហើយបណ្តាញសង្គមទាំងមូលឥឡូវនេះគឺជាបណ្តាញផ្សព្វផ្សាយល្អបំផុតសម្រាប់និន្នាការទូទៅ។ នេះគឺជានិន្នាការដែលធ្វើឱ្យយើងត្រូវផ្លាស់ប្តូររូបភាពនិងវិធីសាស្រ្តទាក់ទងផ្ទាល់ជាមួយទស្សនិកជន”។

រោងមហោស្រពអនឡាញ-និន្នាការសម្តែងសិល្បៈថ្មី - ảnh 2 ទស្សនិកជនទស្សនាកម្មវិធីសិល្បៈតាមអនឡាញ 

នៅចំពោះមុខការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ រួមជាមួយនឹងការស្នើឲ្យមានការផ្លាស់ប្តូរថ្មីការសម្តែងសិល្បៈនាពេលអនាគត ហេតុដូច្នេះ នៅខែឧសភាមុននេះអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Ta Quang Dong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនាយកដ្ឋានសិល្បៈសម្តែងស្តីពីការអភិវឌ្ឍរោងមហោស្រពអនឡាញ ដើម្បីណែនាំនូវកម្មវិធីសិល្បៈពិសេសដល់សាធារណជន លើមូលដ្ឋានឌីជីថល។  ចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន នាយកដ្ឋានសិល្បៈសម្តែងនិងអង្គភាពសិល្បៈផ្សេងៗទៀត បានជួបពិភាក្សាគ្នានិងគ្រោងសាងសង់នូវគំរូនេះ។ ទាក់ទិននឹងគោលការណ៍នេះ សិល្បករប្រជាជន Nguyen Tien Dung នាយករោងមហោស្រពល្ខោនអាយ៉ងវៀតណាមបានបញ្ជាក់ថា៖ “ខ្ញុំទន្ទឹងរង់ចាំមានរោងល្ខោនតាមអនឡាញរបស់ក្រសួងវប្បធម៌ឬនាយកដ្ឋានសិល្បៈសម្តែង ដូចទៅនឹងម៉ាកយីហោនៃល្ខោនវៀតណាមអញ្ជឹង។ រោងមហោស្រពល្ខោនសិល្បៈមួយដែលក្នុងនោះមានសិល្បៈច្រើនប្រភេទ ត្រូវបានណែនាំដល់ទស្សនិកជន ដោយនិក្ខិត្តសញ្ញារបស់នាយកដ្ឋានសិល្បៈសម្តែងតែម្តង ដូចជាភស្តុតាង បង្ហាញថា ស្នាដៃនិងកម្មវិធីសិល្បៈនៅទីនេះពិតជាត្រឹមត្រូវ ហើយសិល្បៈករ សិល្បៈការិនីប្រកបជំនាញវិជ្ជាជីវៈ”។

សិល្បករប្រជាជន Tong Toan Thang អនុប្រធានសហព័ន្ធសៀកវៀតណាមបានចាត់ទុកថា ការបង្កើតរោងមហោស្រពតាមអ៊ិនធឺរណែតគឺពិតជាសមស្របខ្លាំងណាស់នាពេលនេះ ដើម្បីថែរក្សានិងពង្រឹងទំនាក់ទំនងរវាងសិល្បៈនិងទស្សនិកជន។ យោងតាមនាយករងវង់ភ្លេងមហោរីវៀតណាម លោក Kim Xuan Hieu ថា សិល្បករអាជីពតែងតែមានសមត្ថភាពផ្លាស់ប្តូរនិងសម្របខ្លួនដើម្បីឆ្លើយតបបានល្អបំផុត។ ការស្ថាបនានិងការអភិវឌ្ឍល្ខោនអនឡាញមិនប៉ះពាល់ដល់ការសម្តែងល្ខោនផ្ទាល់នោះទេ តែថែមទាំងនាំមកនូវសិល្បៈ កាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនច្រើនជាងទៀត។ ហេតុដូច្នេះក្រសួងវប្បធម៌កីឡានិងទេសចរណ៍ចាំបាច់ត្រូវមានយុទ្ធសាស្ត្រក្នុងការបង្កើតរោងល្ខោនអនឡាញ សមស្របនឹងការអភិវឌ្ឍន៍សកម្មភាពល្ខោនផ្ទាល់ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ