វិចិត្រករ Vu Thai Binh ជាមួយនឹងចំណង់ចំណូលចិត្តនឹងក្រដាស do
(VOVWORLD) - នៅក្នុងវិស័យវិចិត្រសិល្បៈ ក្រដាស do ជាវត្ថុធាតុដើមដែលបង្កើតឡើងនូវគំនូរប្រជាប្រិយចំនួនពីរប្រភេទដ៏ល្បីឈ្មោះរបស់វៀតណាម នោះគឺគំនូរ Hang Trong និងគំនូរ Dong Ho។ ការគូរលើក្រដាស do ទាមទារឲ្យមានបច្ចេកទេសខ្ពស់ ដែលមិនមែនថា វិចិត្រករណាក៏អាចគូរបានឡើយ។ វិចិត្រករ Vu Thai Binh បានខិតខំប្រឹងប្រែងស្រាវជ្រាវនិងទទួលបានជោគជ័យលើវត្ថុធាតុដើមប្រពៃណីដោយរួមបញ្ចូលជាមួយវិចិត្រសិល្បៈសម័យកាល។
វិចិត្រករ Vu Thai Binh |
វិចិត្រករ Vu Thai Binh កើតនៅឆ្នាំ ១៩៧៦ នៅខេត្ត Hung Yen។ មជ្ឈដ្ឋានវិចិត្រករស្គាល់ដល់គំនូរគូរលើក្រដាស do របស់វិចិត្រករ Vu Thai Binh ដោយសារលោកប្រហែលជា ជាអ្នកដែលមានការជក់ចិត្តបំផុតចំពោះក្រដាស do។ លោក Vu Thai Binh ធ្លាប់សាកល្បងប្រើវត្ថុធាតុដើមផ្សេងៗជាច្រើនក្នុងការគូគំនូរ ប៉ុន្តែនៅឆ្នាំ ២០១៣ ពេលដែលលោកបានសាកល្បងគូលើក្រដាស do ទើបលោកដឹងខ្លួនថា ក្រដាស do ជាព្រលឹង ជាការជក់ចិត្តបំផុតរបស់ខ្លួន។ លោកបានបើកតាំងពិព័រណ៍ចំនួន ២ គឺ “ពណ៌របស់ក្រដាស do ទី ១” នៅឆ្នាំ ២០១៦ និង “ពណ៌របស់ក្រដាស do ទី២” នៅឆ្នាំ ២០១៨ នៅទីក្រុងហាណូយ ដែលធ្វើឱ្យអ្នកសិល្បៈជាច្រើនកោតសរសើរយ៉ាងខ្លាំង។ លោកគ្រោងនឹងបើកតាំងពិព័រ “ពណ៌របស់ក្រដាស do ទី៣” នៅឆ្នាំ ២០២១ ផងដែរ។
ក្រដាស do ជាប្រភេទក្រដាសដែលបានផលិតចេញពីសំបកដើម do ដែលមានលក្ខណៈស្វិតនិងរក្សាទុកបានរយៈពេលយូរ។ មុខរបរធ្វើក្រដាស do នៅវៀតណាមបានប្រសូត្រឡើងរាប់ពាន់ឆ្នាំមកហើយ ហើយក្រដាសនេះត្រូវបានប្រើប្រាស់សម្រាប់បោះពុម្ពអត្ថបទគម្ពីរ សរសេរអក្សរ Han, Nom, បោះពុម្ភគំនូរប្រជាប្រិយ រួមទាំងត្រូវបានប្រើក្នុងរាជវង្សសក្ដិភូមិវៀតណាមទៀតផង។ ដើម្បីមានបច្ចេកទេសស្ទាត់ជំនាញសម្រាប់រគូរលើក្រដាស do វិចិត្រករ Vu Thai Binh ត្រូវតែធ្វើការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ហើយពេលខ្លះក៏បានធ្វើឲ្យលោកនឿយណាយដែរ។ ពេលដែលលោកគូរ លោកឃើញថា ការគូរកាន់តែពិបាក នៅពេលបង្ហាញស្នាដៃ តម្រូវឱ្យសិល្បករប្រមូលផ្តុំអារម្មណ៍ឱ្យបានម៉ត់ចត់។ វិចិត្រករ Vu Thai Binh បានសំណេះ សំណាលថា៖ “គូរលើក្រដាស do គឺពិបាកណាស់។ កាលពីមុន ក្រដាស do ត្រឹមតែជាឯកសារសម្រាប់កត់ត្រាប៉ុណ្ណោះ ក្រោយមកប្រជាជនបានប្រើរូបភាពដែលបានបោះពុម្ពដូចជាផ្ទាំងគំនូរ Hang Trong និង Dong Ho ជាដើម។ ខ្ញុំចង់បានសាច់ក្រដាស do មិនត្រឹមតែដូចមុនទេ ពោលគឺ ត្រូវមានដង្ហើមថ្មីនិងមានការច្នៃប្រឌិតទៀតផង។ ខ្ញុំចង់អោយក្រដាស do ត្រូវបានពង្រីកផង។ ពេលបានគូរលើក្រដាស do នោះ ខ្ញុំមានអារម្មណ៍ពេញចិត្ត អ្វីៗគ្រប់យ៉ាងខ្ញុំបានលាតត្រដាងនៅលើក្រដាស។ ម្យ៉ាងមួយទៀត ខ្ញុំកំពុងគូរគំនូរលើវត្ថុធាតុដើមប្រពៃណី ហើយខ្ញុំចង់រក្សាវប្បធម៌ប្រពៃណីលើសាច់ក្រដាសនេះ”។
គំនូរដែលតាំងបង្ហាញក្នុងតាំងពិព័រ នាឆ្នាំ ២០១៨ របស់វិចិត្រករ Vu Thai Binh |
វិចិត្រករ Vu Thai Binh បានរកឃើញបច្ចេកទេសនិងភាសារដោយឡែករបស់ក្រដាស do។ សម្រាប់រូបលោក ការគូរលើក្រដាស do មិនចាំបាច់ប្រើដៃធ្ងន់ពេកទេ ត្រឹមតែត្រូវការភាពទន់ភ្លន់ប៉ុណ្ណោះបានហើយ។ ស្នាដៃរបស់លោកតែងតែមានទំហំធំ សម្បូរទៅដោយប្រធានបទដូចជា៖ ទេសភាព មនុស្ស សត្វ និងស្រុកស្រែជាដើម។ ស្ថាបត្យករលោក Doan Van Tuan បានឲ្យដឹងថា៖ “ពេលទស្សនាគំនូររបស់លោក Vu Thai Binh ខ្ញុំបានឃើញថា លោកស្ទើរតែបានរៀបចំយ៉ាងមានវិទ្យាសាស្ត្រតាមលក្ខណៈជាប្រព័ន្ធ។ គំនូររបស់លោក Binh គឺបច្ចេកទេសរួមបញ្ចូលជាមួយសិល្បៈនិងសិល្បៈរួមបញ្ចូលជាមួយបច្ចេកទេស។ កត្តាទាំងពីរដែលលាយបញ្ចូលគ្នាជាមួយវិជ្ជាជីវៈស្ថាបត្យកម្ម ហើយតាមពិតធ្វើឱ្យកត្តាទាំងពីរនេះដំណើរការទន្ទឹមជាមួយគ្នាគឺពិបាកខ្លាំងណាស់។ បើនិយាយរួម បាតុភូតដដែល វត្ថុធាតុដើមដដែល ប៉ុន្តែពេលទស្សនាផ្ទាំងគំនូររបស់លោក Binh អ្នកទស្សនាមានអារម្មណ៍ថា មានភាពបត់បែននិងភាពរស់រវើក”។
វិចិត្រករ Vu Thai Binh បានចំណាយពេលជាច្រើនដើម្បីស្រាវជ្រាវនិងសាកពិសោធនូវវិធីផ្សេងៗ លើក្រដាស do។ នៅពេលទស្សនាផ្ទាំងគំនូររបស់វិចិត្រករ Vu Thai Binh អ្នកទស្សនាតែងតែមានអារម្មណ៍ថា លោកជាអ្នកវិទ្យាសាស្រ្តសិល្បៈព្រោះថា ក្រដាសមានលក្ខណៈស្តើងយ៉ាងនេះ ប៉ុន្តែលោកនៅតែគូរបាននូវគំនូរយ៉ាងល្អិតល្អន់គួរឲ្យចាប់អារម្មណ៍ណាស់។ វិចិត្រករ Minh Phuong បានឲ្យដឹងថា៖ “ដូចអ្នកបានដឹងស្រាប់ ក្រដាស do គឺស្តើងណាស់ ប្រសិនបើយើងមិនស្ទាត់ជំនាញគូរទេ គឺពេលគូរខុសហើយមិនអាចគូរឡើងវិញបានទេ។ មិនត្រឹមតែប៉ុណ្ណោះ យើងគូរធ្ងន់ដៃពេកក៏ធ្វើឲ្យក្រដាសរហែកដែរ។ យ៉ាងណាមិញ គូរលើក្រដាស do គឺស្រស់ស្អាតនិងទុកបានយូរ ពោលគឺ ដល់មានអាយុកាល ៥០ ឆ្នាំគំនូរនៅតែថ្មីដដែល”។
ពេលទស្សនាផ្ទាំងគំនូររបស់វិចិត្រករ Vu Thai Binh ទើបឃើញកម្លាំងសិល្បៈរបស់លោកគឺគ្មានដែនកំណត់ឡើយ។ ផ្ទាំងគំនូររបស់លោកហាក់ដូចជា នាំអ្នកទស្សនាទៅដល់កន្លែងរស់នៅសាមញ្ញនិងនាំមកនូវអារម្មណ៍ស្រស់ស្រាយដែលសិល្បករតិចតួចធ្វើបាន។ វិចិត្រករ Vu Thai Binh បានយកគំនូរគូរលើក្រដាស do ឡើងដល់កម្រិតថ្មីមួយ។ ទាំងនេះគឺជាស្នាដៃដែលមិនត្រឹមតែស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទាំងបង្គប់នូវជីវភាពប្រចាំថ្ងៃហើយនឹងដូងព្រលឹងរបស់មនុស្សទៀតផង៕