សូរសំឡេងនៃចង្វាក់បទភ្លេងរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រនៅក្នុងការចងចាំរបស់តន្ត្រីករ

(VOVWORLD) - នៅក្នុងលំហូរនៃប្រវត្តិសាស្ត្រតន្ត្រីវៀតណាម តន្ត្រីបដិវត្តន៍មានតួនាទីសំខាន់ ពិសេសនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ តន្ត្រីករបានប្រើសំឡេងនិងទំនុកច្រៀងដើម្បីកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏វីរភាពនិងការតស៊ូរបស់ប្រជាជាតិក្នុងកិច្ចការពារនិងកសាងប្រទេសជាតិ។ សូមអញ្ជើញមិត្តអ្នកស្តាប់ទទួល យកនូវអារម្មណ៍ ស្មារតីបដិវត្តន៍ពុះកញ្ជ្រោល តាមរយៈស្នាដៃតន្ត្រីដែលបានរក្សាទុកក្នុងការចងចាំរបស់តន្រ្តីករ Nguyen Dinh Thi និងតន្ត្រីករ Xuan Oanh កាលលោកទាំងពីរនៅរស់។

សូរសំឡេងនៃចង្វាក់បទភ្លេងរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រនៅក្នុងការចងចាំរបស់តន្ត្រីករ - ảnh 1តន្ត្រីករ Nguyen Dinh Thi (១៩២៤-២០០៣)  (រូបថត៖ baicadicungnamthang.net)

នៅខែសីហាឆ្នាំ ១៩៤៥ បរិយាកាសបដិវត្តន៍របស់ប្រជាជនគ្រោកឈរឡើងដណ្តើមរដ្ឋអំណាចនៅរដ្ឋធានីហាណូយនិងមូលដ្ឋាននានាលើទូទាំងប្រទេសប្រព្រឹត្តទៅ យ៉ាងប្រញាប់ប្រញាល់ណាស់។ នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ១៩៤៥ សន្និសីទទូទាំងប្រទេសរបស់បក្ស ត្រូវបានប្រារព្ធធ្វើឡើងនៅ Tan Trao (ខេត្ត Tuyen Quang) បានចេញសេចក្តីសម្រេច៖ ចាប់ផ្តើមបំផុសការក្រោកឈរឡើងទូទាំងប្រទេសដើម្បីដណ្តើមរដ្ឋអំណាច។ នៅយប់នោះ គណៈកម្មាធិការជាតិ បះបោរក្រោកឈរឡើងទូទាំងប្រទេសត្រូវបានបង្កើតឡើងនិងចេញបញ្ជាយោធាលេខ ១ ដោយបញ្ជាឱ្យចាប់ផ្តើមគ្រោកឈរឡើង។ ក្នុងរយៈពេលតែ ១៥ ថ្ងៃប៉ុណ្ណោះប្រជាជនជាង ២០ លាននាក់ពីខាងជើងទៅខាងត្បូងបានដំណើរការការគ្រោកឈរឡើងទូទាំងប្រទេសប្រកបដោយជោគជ័យ។

នៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ១៩៤៥ ជាលើកដំបូងហើយដែលមិត្តអ្នកស្តាប់នៅទូទាំងប្រទេសបានលឺស្នូរសំឡេងតន្ត្រីសម្គាល់ (nhạc hiệu) របស់វិទ្យុសំឡេងវៀតណាមបន្លឺឡើង។ នោះគឺជាតន្ត្រីនៃចម្រៀង “កំចាត់ហ្វាស៊ីសនិយម” ដែលនិពន្ធដោយតន្ត្រីករ Nguyen Dinh Thi ចំថ្ងៃរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្រ្តឆ្នាំ ១៩៤៥។ នេះគឺជាពាក្យសំណេះសំណាលរបស់តន្ត្រីករ Nguyen Dinh Thi កាលនៅរស់ ដែលត្រូវបានថតទុកនៅលើខ្សែអាត់នៃវិទ្យុសំឡេងវៀតណាម៖ “កាលនោះ ខ្ញុំបានចូលរួមសន្និសីទស្តីពីវប្បធម៌សង្រ្គោះជាតិដើម្បីសរសេររបាយការណ៍សម្រាប់មហា សន្និបាត Tan Trao។ យប់នោះជិះកង់ត្រឡប់មកពី Duc Tu ឆ្លងកាត់ស្ពានទន្លេ Cai ខ្យល់បក់ខ្លាំង។ ស្រាប់តែគិតនឹកអំពីប្រទេស ហើយស្រាប់តែក្នុងចិត្តផុសចេញប្រយោគថា “វៀតណាម វៀតណាម វៀតណាម”។ ដូច្នេះប្រយោគដំបូងដែលបង្ហាញនៅក្នុងអត្ថបទ “កំចាត់ហ្វាស៊ីស” គឺជាប្រយោគទាំងនោះ។ ខ្ញុំបានសរសេរអត្ថបទ “កំចាត់ហ្វាស៊ីស” យ៉ាងលឿន។ បន្ទាប់ពីខ្ញុំបានសរសេរចប់ ខ្ញុំបានសរសេរដោយដៃជូនមិត្តម្នាក់ មិនបានបោះពុម្ពវានៅកន្លែងណាទេ។ បន្ទាប់មក បទចម្រៀងនេះបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបានរីកសុះសាយ ដាលបន្តិចម្តងៗ ហើយក្លាយជាបទចម្រៀងនៃការគ្រោកឈរឡើងរបស់ហាណូយ”។

សូរសំឡេងនៃចង្វាក់បទភ្លេងរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រនៅក្នុងការចងចាំរបស់តន្ត្រីករ - ảnh 2តន្ត្រីករ Xuan Oanh (១៩២៣-២០១០) (រូបថតឯកសារ) (ប្រភព៖ dangcongsan.vn)

កាលនោះ បទចម្រៀង “ថ្ងៃដប់ប្រាំបួនសីហា” ត្រូវបានតន្រ្តីករ Xuan Oanh និពន្ធឡើង ខណៈពេលដែលលោកនិងប្រជាជនកំពុងធ្វើកូបកម្ម ដូច្នេះនៅក្នុងទំនុកនៃបទចម្រៀង ដំណើរថ្មើរជើងរបស់មហាជន មានការស្រែកហោរសប្បាយរីករាយរបស់មហាជន។ អនុស្សាវរីយ៍នៅតែដិតជាប់ក្នុងអារម្មណ៍និងនៅដដែលអំពីថ្ងៃ ១៩ សីហា ១៩៤៥ ជាប្រវត្តិសាស្ត្រ ដែលបទ ចម្រៀងដែលមានប្រយោគតែ ១០ ប៉ុន្តែចង្វាក់ច្រៀងគឺងាយចំាខ្លាំងណាស់។  ពីរបីថ្ងៃបន្ទាប់ មក បទចម្រៀងនេះត្រូវបានវិទ្យុសំឡេងវៀតណាមថតហើយចាក់ផ្សាយនៅសប្តាហ៍ក្រោយក្នុងឱកាសដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ដូច្នេះបទចម្រៀងនេះកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ តន្ត្រីករ Xuan Oanh កាលនៅរស់លោកធ្លាប់រំលឹកថា៖ “មុននោះ ខ្ញុំបានដឹងថា បរិយាកាសនៃថ្ងៃគ្រោកឈរឡើងទូទាំងប្រទេសដណ្តើមរដ្ឋអំណាចនឹងមកដល់ ដូច្នេះ ខ្ញុំមានគំនិតចង់សរសេរ បទចម្រៀងអំពីបដិវត្តន៍ ប៉ុន្តែខ្ញុំមិនទាន់គិតថា នឹងសរសេរពីអ្វី។ ខ្ញុំជាកម្មាភិបាលមួយរូបនៃរណសិរ្សវៀតមិញ រួមដំណើរជាមួយប្រជាជនធ្វើបាតុកម្ម។ បទចម្រៀងត្រូវបានសរសេរឡើងនៅពេលខ្ញុំចូលរួមបាតុកម្ម ហើយដើរបណ្តើរខ្ញុំសរសេរបណ្តើរ សរសេរបានប្រយោគណាខ្ញុំច្រៀងឡើងប្រយោគនោះ។  នៅពេលដែលច្រៀងបានប្រយោគណា គឺប្រជាជនច្រៀងតាមក្រោយ  សរសេរបានប្រយោគណាគឺច្រៀងបន្តប្រយោគនោះ រហូតដល់ពេលដែលហ្វូងបាតុករបានទៅដល់រោងមហោស្រពគឺបទចម្រៀងត្រូវបានបញ្ចប់ផងដែរ។ បទចម្រៀងនេះ បាននិពន្ធឡើងនៅក្នុងអំឡុងពេលទៅធ្វើបាតុកម្ម ហើយបរិយាកាសបាតុកម្មបានចាប់កំណើតបទចម្រៀងនោះ ចំនឹងថ្ងៃទី ១៩ ខែសីហាតែម្តង។ ដូច្នេះ អាចមានអារម្មណ៍ថា នៅក្នុងបទចម្រៀងមានចង្វាក់និងថ្មើរជើងដើរតាមក្បួនរបស់មហាជន រួមទាំងការសម្រែកហោររបស់មហាជនទៀត ផង។ មហាជនត្រូវបានរំដោះ មហាជនងើបឡើងដើម្បីដណ្តើមរដ្ឋអំណាច។ ទំនុកច្រៀងគឺ សាមញ្ញណាស់ “ប្រជាជនវៀតណាមទាំងអស់ ក្រោកឈរឡើងហើយរួមចំណែកនៅថ្ងៃតែមួយ”។ បទចម្រៀងនេះរៀបរាប់ពីថ្ងៃទី ១៩ ខែសីហាដែលជាថ្ងៃប្រវត្តិសាស្ត្រផងនិងជាការបោះជំហានរបស់មហាជនផង”។

បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញាបានក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប។ គ្រាដ៏ពិសិដ្ឋទាំងនោះត្រូវបានតន្ត្រីករជាច្រើនរូបរក្សាទុកនៅក្នុងចម្រៀងបដិវត្តន៍ដ៏ល្បីល្បាញដែលរស់នៅជារៀងរហូត ជាមួយប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម។ បទចំរៀង “កំចាត់ពួកហ្វាស៊ីស” និង “ថ្ងៃដប់ប្រាំបួនសីហា” ត្រូវបានគេកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូបដិវត្តន៍របស់ប្រជាជាតិវៀតណាម ដែលបានចារឹកយ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ៗគ្នា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ