Dong bao Viet phuc- គម្រោងតភ្ជាប់សេចក្តីស្នេហាជាតិ
(VOVWORLD) - “Dong bao Viet phuc” (សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម) គឺជាគម្រោងសៀវភៅរួមបញ្ចូលជាមួយនឹងបច្ចេក វិទ្យា AR (augmented reality) បង្ហាញពីសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាម ដែលកំពុងបំផុសភាពទាក់ទាញលើបណ្តាញសង្គម។ ប្រការគួរឱ្យចាប់អារម្មណ៍ត្រង់ថា ទំព័រនីមួយៗរបស់សៀវភៅមិនត្រឹមតែបង្ហាញអំពីសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានអំពីប្រភពដើម សម្ភារៈ រចនាបទ ក៏ដូចជារបៀបស្លៀកពាក់ដែលទាក់ទងនឹងពិធីបុណ្យ ទំនៀមទម្លាប់របស់ក្រុមជនជាតិនីមួយៗ ទៀតផង។
ទំព័រនីមួយៗនៃសៀវភៅមិនត្រឹមតែណែនាំអំពីសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានអំពីប្រភពដើម សម្ភារៈ រចនាបទ ក៏ដូចជារបៀបស្លៀកពាក់ដែលទាក់ទងនឹងពិធីបុណ្យប្រពៃណី ឬទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិនីមួយៗផងដែរ (រូបថត៖ daibieunhandan.vn) |
ដំបូងឡើយ គម្រោង “Dong bao Viet phuc” គ្រាន់តែជាគម្រោងបញ្ចប់ការសិក្សារបស់និស្សិតចំនួន ៣ នាក់គឺ Tram Minh Thao, Le Vu Huyen Tran និង Dang Thao Nhi ជំនាញផ្នែករចនាក្រាហ្វិក នៃសាកលវិទ្យាល័យ FPT Can Tho។ ក្រុមបានបង្កើតប្រធានបទទៅជាបណ្តុំសៀវភៅសិល្បៈ (Artbook) ដោយមានរូបភាពចំនួន ១០៨សន្លឹក, ២០០ ទំព័រ (ប្លង់ដូចគេហទំព័រ) បង្ហាញយ៉ាងរស់រវើកនូវសំលៀកបំពាក់ប្រពៃណីរបស់បុរសនិងស្ត្រីនៃជនជាតិទាំង ៥៤ នៅវៀត ណាម។ អ្នកស្រី Tram Minh Thao ដែលទទួលបន្ទុករៀបចំគម្រោង “Dong bao Viet phuc” បានឲ្យដឹងថា៖ “នេះជាប្រធានបទដែលមានមនុស្សតិចណាស់ចាប់អារម្មណ៍ ដូច្នេះ បរិមាណចំណេះដឹង និងព័ត៌មានដែលមានស្រាប់គឺតិចតួចណាស់ យើងព្យាយាមស្វែងរកព័ត៌មានផ្សេងៗជាច្រើន ដើម្បីស្វែងរកលក្ខណៈទូទៅបំផុត ហើយដាក់បញ្ចូលក្នុងសៀវភៅ ដើម្បីបង្ហាញឡើងវិញ។ សរុបទាំងអស់គឺមានរូបភាពចំនួន ១០៨។ យើងមានតែរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ដើម្បីធ្វើការគូររូប ចង់ក្រងសៀវភៅ និងធ្វើកាត ពោលគឺចំនួនការងារច្រើនណាស់”។
ដោយមានចំណង់ចំណូលចិត្តចំពោះវប្បធម៌និងប្រពៃណីជាតិ ដោយមានការណែនាំពីសាស្ត្រាចារ្យ ក្រុមរបស់អ្នកស្រី Tram Minh Thao បានរាយការណ៍ដោយជោគជ័យនូវគម្រោងបញ្ចប់ការសិក្សារបស់ខ្លួន។ បន្ទាប់ពីពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សាសិល្បៈ គម្រោង “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម” បានក្លាយជាគម្រោងសហគមន៍ រួមចំណែកផ្សព្វផ្សាយភាពស្រស់ស្អាតនៃសំលៀកបំពាក់ប្រពៃណីរបស់វៀតណាម។ លោក Nguyen Son Tung នាយកច្នៃប្រឌិតនៃគម្រោង “សម្លៀកបំពាក់របស់ជនជាតិវៀតណាម” បានចែករំលែកថា៖ “នៅពេលដែលចាប់ផ្តើមគម្រោងនេះ ខ្ញុំពិតជាសង្ឃឹមថា នឹងនាំមកនូវអ្វីៗ បន្តិចបន្តួច ដែលជាស្មារតីនៃសាមគ្គីភាពនិងភាពស្អិតរមួតរវាងក្រុមជនជាតិដែលរស់នៅជាមួយគ្នា ក្នុងទឹកដីរាងអក្សរ “S” របស់វៀតណាម។ ខ្ញុំក៏ចង់នាំយកនូវវប្បធម៌របស់បណ្តាជនជាតិទៅកាន់មនុស្សគ្រប់រូប ដល់សហគមន៍ ហើយជាពិសេសគឺទៅកាន់មិត្តភក្តិអន្តរជាតិ”។
សមាជិកម្នាក់ៗនៃគម្រោង “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម” មានជំនាញក្នុងដំណាក់កាលមួយ អ្នកខ្លះគូសវាសរចនា អ្នកខ្លះជាអ្នករចនាក្រាហ្វិក អ្នកខ្លះដំណើរការកម្មវិធី អ្នកខ្លះទទួលបន្ទុកផ្នែកសំឡេង សំ វីដេអូ។ល។ គ្រាន់តែបើកកាមេរ៉ាទូរសព្ទ ស្កែនលេខកូដ QR នៅលើទំព័រសៀវភៅ អ្នកមើលនឹងឃើញរូបភាពអណ្តែតរបស់តួអង្គ និងអាចធ្វើអន្តរកម្មភ្លាមៗ នៅលើអេក្រង់តាមរយៈរូបភាពនិងសំឡេងរស់រវើកនៅលើកម្មវិធី។ គម្រោងនេះកំពុងទាក់ទាញយុវជនឱ្យចូលរួមកាន់តែច្រើនឡើង។ លោក Tran Thai Thanh អ្នកជំនាញរចនាក្រាហ្វិកនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ដោយចៃដន្យខ្ញុំបានស្គាល់អំពីគម្រោង “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម” នៅលើបណ្តាញសង្គម។ ខ្ញុំមានការចាប់អារម្មណ៍ភ្លាមៗ នឹងគម្រោងនេះ។ រូបភាពអំពីសំលៀកបំពាក់របស់បណ្តាជនរួមជាតិមានច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនេះជាលើកទីមួយហើយដែលខ្ញុំបានឃើញការរួមផ្សំជាមួយនឹងបច្ចេកវិទ្យា augmented reality។ លើកដំបូងដែលស្គាល់ពីគម្រោងនេះ ខ្ញុំបានរកឃើញគម្រោងរស់រវើសណាស់ សម្រាប់អ្នកចូលចិត្តស្វែងយល់ដូចខ្ញុំ សៀវភៅនេះពិតជាមានប្រយោជន៍។ ខ្ញុំអាចរក្សាទុកព័ត៌មានអំពីជនជាតិដែលខ្ញុំចូលចិត្ត។
រូបភាពសំលៀកបំពាក់បណ្តាជនជាតិដែលផលិតដោយក្រុម “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម” (រូបថត៖ sggp.org.vn)
|
គម្រោង “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម” បច្ចុប្បន្នមានសមាជិកចំនួន ១៥ នាក់ ដែលជានិស្សិតទើបបញ្ចប់ការសិក្សា រស់នៅរាយប៉ាយតាមបណ្តាតំបន់ ដោយបែងចែកជា ២ ក្រុម គឺក្រុមរចនានិងក្រុមទីផ្សារ។ រាល់សប្តាហ៍ ក្រុមតែងតែបើកកិច្ចប្រជុំតាមអ៊ីនធឺណិត ដោយចាត់សមាជិកម្នាក់ឱ្យរៀបចំផែនការគំនិត និងខ្លឹមសារការងារសម្រាប់សប្តាហ៍បន្ទាប់។ ដោយកត់ សម្គាល់ ពីប្រសិទ្ធភាពជាក់ស្តែងនៃគម្រោង អ្នកស្រាវជ្រាវវប្បធម៌ Nham Hung បានវាយតម្លៃថា៖ “គម្រោងនេះគឺមានអត្ថន័យជ្រាលជ្រៅណាស់។ ក្រុមយុវជនអាចធ្វើការងារអភិរក្សនូវតម្លៃប្រពៃ ណី ហើយខ្ញុំវាយតម្លៃខ្ពស់ចំពោះការងារដ៏សកម្មនេះ។ ខ្ញុំសង្ឃឹមថា គម្រោងបានរីកសាយភាយ ហើយបន្តរីកសាយភាយកាន់តែទូលំទូលាយនិងបំពេញតម្រូវការស្រាវជ្រាវអំពីប្រភពដើម និងសមិទ្ធិផលរបស់បុព្វបុរស។ ទន្ទឹមនឹងនេះ ក៏មានមោទនភាពចំពោះវប្បធម៌ជាតិ ជាពិសេសវប្បធម៌សំលៀកបំពាក់ផងដែរ”។
កម្រងរូបភាពទាំង ១០៨ សន្លឹកបញ្ជាក់ពីសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិចំនួន ៥៤ ត្រូវបានក្រុមបង្ហោះនៅលើទំព័រហ្វេសប៊ុក “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម”។ អត្ថបទដែលមានភាពវៃឆ្លាត ការណែនាំយ៉ាងជិតស្និទ្ធ ទាក់ទាញអ្នកទស្សនាយ៉ាងច្រើន និងទទួលបានមតិយោបល់ និងមតិជាវិជ្ជមានពីសាធារណជន។ គម្រោង “សម្លៀកបំពាក់របស់បណ្តាជនជាតិវៀតណាម” បានរួមចំណែកថែរក្សា និងលើកតម្កើងសម្លៀកបំពាក់ប្រពៃណីរបស់បណ្តាជនជាតិវៀតណាម៕